អត្ថបទ PMD
20-12-2021
ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (The People Movement for Democracy – PMD) បានចេញសេចក្តីថ្លែងការណ៍មួយ ដែលចុះហត្ថលេខាដោយលោក ទូច វិបុល ប្រធានប្រតិបត្តិនៃចលនាពលរដ្ឋនេះ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១។ សូមអានឬទាញត្រង់នេះនូវ សេចក្តីថ្លែងការណ៍ (Download)។
សេចក្ដីថ្លែងការណ៍
រដ្ឋាភិបាលកម្ពុជា ត្រូវតែទាមទារប្រទេសវៀតណាម គោរពច្បាប់សមុទ្រ១៩៨២ ដើម្បីការពារផលប្រយោជន៍ប្រជាជាតិខ្មែរ
ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ សូមអំពាវនាវដល់លោក ហ៊ុន សែន ប្រមុខនៃរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន គួរបង្ហាញសេចក្ដីក្លាហាន ស្នើទៅប្រធានាធិបតីនៃប្រទេសវៀតណាម លោក Nguyen Xuan Phuc ដែលមកបំពេញទស្សនកិច្ច ផ្លូវការនៅថ្ងៃទី២១ ដល់ ២២ ខែឆ្នូ ឆ្នាំ២០២១ នៅកម្ពុជា ដូចខាងក្រោម ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ជាមិត្តជិតខាងល្អ ៖
(១) រដ្ឋាភិបាលវៀតណាម ត្រូវតែទទួលយកជនជាតិរបស់ខ្លួន ដែលចូលមករស់នៅខុសច្បាប់នៅប្រទេសកម្ពុជា ឲ្យត្រទ្បប់ទៅប្រទេសវៀតណាមវិញ។
(២) រដ្ឋាភិបាលវៀតណាម ត្រូវតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញ គ្រប់ទម្រង់លើពលរដ្ឋខ្មែរ នៅកម្ពុជាក្រោម ដែលជាម្ចាស់ទឹកដី កំណើតកម្ពុជាក្រោម ហើយត្រូវគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោម តាមគោលការណ៍ធានាការពារ ដោយអង្គការសហប្រជាតិ។
(៣) រដ្ឋាភិបាលវៀតណាម ត្រូវតែគោរពច្បាប់សមុទ្រ ឆ្នាំ១៩៨២ ឬហៅកាត់ថា UNCLOS 1982 ដោយប្រគល់មកឲ្យប្រទេសកម្ពុជាវិញនូវ កោះត្រល់ ចង្កោមកោះក្រចកសេះ និងទំហំផ្ទៃទឹកសមុទ្រទាំងអស់របស់កម្ពុជា ដែលវៀតណាម កំពុងគ្រប់គ្រងទាំងខុសច្បាប់ ដូចដែលរដ្ឋាភិបាលវៀតណាម បានទាមទារឲ្យប្រទេសចិន គោរពច្បាប់សមុទ្រឆ្នាំ១៩៨២ ដែរ។
(៤) រដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន ត្រូវតែហ៊ានប្រកាសប្រាប់ប្រទេសវៀតណាមថា ក្នុងស្ថានភាពកម្ពុជា ពុំមានឯកភាពជាតិ ប្រទេសកម្ពុជាត្រូវការផ្អាកការបោះបង្គោលព្រំដែនគោក ដែលនៅសល់ជាមួយវៀតណាមសិន និង ក៏រក្សាសិទ្ធិសើរើឡើងវិញ លើបង្គោលព្រំដែន ដែលបានបោះរួចហើយដែរ។
ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ យល់ឃើញថា ក្នុងឋានៈកម្ពុជា ជាប្រធានអាស៊ាន នៅឆ្នាំ២០២២ និងការប្តេជ្ញាចិត្តរបស់លោក ហ៊ុន សែន នឹងខិតខំសម្របសម្រួលក្នុងចំណោមប្រទេសសមាជិកអាស៊ាន ជាមួយប្រទេសចិន ក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង ដោយឈរលើក្រមប្រតិបត្តិមួយសម្រាប់សមុទ្រចិនខាងត្បូង ឬហៅកាត់ថា COC (Code of Conduct for the South China Sea) និងច្បាប់សមុទ្រ១៩៨២ ឬហៅកាត់ថា UNCLOS 1982 ដែលប្រទេសវៀតណាម ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការតតាំងជាមួយប្រទេសចិន។ នេះជាឱកាសល្អបំផុតសម្រាប់កម្ពុជា បញ្ជាក់អំពីជំហរច្បាស់លាស់ ដើម្បីការពារផលប្រយោជន៍របស់កម្ពុជា ទោះបីជាត្រូវធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធដល់ជម្រៅយ៉ាងណាជាមួយវៀតណាមក៏ដោយ។
ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ បន្តផ្កោលទោសប្រទេសវៀតណាម ដែលបន្តរំលោភអធិបតេយ្យភាពនៃកម្ពុជា និង ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ហើយយើងខ្ញុំសូមលើកទឹកចិត្តលោក ហ៊ុន សែន ត្រូវហ៊ានប្រាប់មេដឹកនាំវៀតណាមវិញ អំពីកាតព្វកិច្ចរដ្ឋាភិបាលកម្ពុជា ដែលត្រូវការពារប្រយោជន៍របស់ប្រជាជាតិខ្មែរ ជាចាំបាច់តាមគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍ ឆ្នាំ ១៩៩១ និងយុត្តាធិការច្បាប់អន្តរជាតិ។
ទូច វិបុល (ហត្ថលេខា)
ប្រធានប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ

