អត្ថបទចលនា​​​ពលរដ្ឋ PMD

ចលនា​​​ពលរដ្ឋ​ដើម្បី​​ប្រជា​​ធិបតេយ្យ (The People Movement for Democracy – PMD) គាំទ្រ​​របាយការណ៍​​ស្តី​ពី​នីតិរដ្ឋ ឆ្នាំ​​២០២១ នៃ​​អង្គការ​គម្រោង​​យុត្តិធម៌​ពិភពលោក (World Justice Project – WJP) ដែលដាក់កម្ពុជាមាននីតិរដ្ឋទាប។ នេះបើតាមសេចក្តី​​ថ្លែងការណ៍​​ ចុះ​​​ហត្ថលេខា​​ដោយ​​លោក ទូច វិបុល ​​ប្រធាន​​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​នេះ ​ចេញ​​​ផ្សាយ​​​នៅ​​​ថ្ងៃទី ១៨ ខែ​​​តុលា ឆ្នាំ​២០២១។

សូម​អាន ឬ​ទាញ​ត្រង់នេះនូវ​សេចក្តី​ថ្លែងការណ៍

សេចក្ដីថ្លែងការណ៍៖ គាំទ្រ​របាយការណ៍​ស្តីពី​នីតិរដ្ឋ ឆ្នាំ​២០២១ នៃ​{អង្គការ}គម្រោង​យុត្តិធម៌​ពិភពលោក

ចលនាពលរដ្ឋ​ដើម្បី​ប្រជា​ធិបតេយ្យ សូម​គាំទ្រ​ការ​ចេញ​ផ្សាយ របាយការណ៍​ស្តីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានីវ៉ាស៊ិនតុន​ ឌីស៊ី នៃ​សហរដ្ឋ​អាមេរិក ដឹកនាំ​ដោយ​លោក William C. Hubbard អតីត​ប្រធាន​សមាគម​ច្បាប់​អាមេរិកាំង រួម​នឹង​សហការី​ជំនាញ​ច្បាប់​នៅ​ជុំវិញ​ពិភពលោក។

របាយការណ៍​ស្តីពីនី​តិរដ្ឋ​ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក បាន​រក​ឃើញ​កម្ពុជា​ នៅ​ចំណាត់​ថ្នាក់​លេខ​ទី ១៣៨ ក្នុង​ចំណោម​ ១៣៩ ប្រទេស ដែល​អនុវត្តនី​តិរដ្ឋ​អាក្រក់​ជាងគេ ហើយ​ចំណាត់​ថ្នាក់​នេះ ពុំ​មាន​ការ​ប្រែប្រួល ប្រៀប​ធៀប​ទៅ​នឹង​របាយការណ៍​ស្តីពី​នីតិរដ្ឋ​ឆ្នាំ​២០២០។ ស្ថានភាព​នីតិរដ្ឋ​​កម្ពុជា​អន់​បំផុត បើ​ប្រៀប​ធៀប​នឹង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ ដូចជា​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ចំណាត់​ថ្នាក់​ទី​​៦៨, ថៃ ទី​៨០, វៀតណាម ទី​៨៨, ហ្វីលីពីន ទី​១០២ និង​ប្រទេស​ភូមា ជាប់​ចំណាត់​ទី​១២៨។

របាយការណ៍ស្តីពីនីតិរដ្ឋ​នេះ គូស​បញ្ជាក់​ថា ការ​រឹត​បន្តឹង​លើ​អំណាច​រដ្ឋាភិបាល (កុំ​ឲ្យ​ហួង​ហែង​លើ​ប្រព័ន្ធ​ដឹកនាំ​ជាតិ), ការ​ទប់​ស្កាត់​អំពើ​ពុករលួយ, ការ​ដឹកនាំ​ជាតិ​ដោយ​បើក​ចំហ, ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន (របស់​ពលរដ្ឋ​ខ្មែរ), បរិយាកាស​ជា​បញ្ញត្តិ (បញ្ញត្តិ​ប្រតិបត្តិ​នានា​របស់​រដ្ឋាភិបាល), យុត្តិធម៌​សម្រាប់​ប្រជា​ពលរដ្ឋ និង យុត្តិធម៌​ផ្នែក​ព្រហ្មទណ្ឌ កត្តា​ទាំង​អស់​នេះ នៅ​មាន​កំរិត​ទាប​បំផុត​សម្រាប់​កម្ពុជា ទោះ​បី​សណ្ដាប់​ធ្លាប់​និង​សន្តិសុខ​សង្គម មាន​កំរិត​លើ​មធ្យម​បន្តិច។

ចលនាពលរដ្ឋ​ដើម្បី​ប្រជា​ធិបតេយ្យ មើល​ឃើញ​ថា ចំណុច​ជា​បទដ្ឋាន​វិនិច្ឆ័យ​ទាំង​នេះ ឆ្លុះ​បញ្ចាំង​ពីការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ដែល​អាស្រ័យ​លើ​មាត់​មេដឹកនាំ​ម្នាក់ (ឬ​នីតិ​មាត់) ដើម្បី​ត្រួតត្រា​នីតិរដ្ឋ​នៃ​ប្រទេស​ជាតិ ដោយ​ល្បែង បំភ្លាត់​បំភ្លៃ​តាម​នយោបាយ​បុគ្គល ធ្វើ​ឲ្យ​យុត្តិធម៌​សង្គម​ជាតិ​ នៅ​ក្រោម​បំណង​នយោបាយ​របស់​បុគ្គល។

ការ​រក​ឃើញ​នៃ គម្រោង​យុត្តិធម៌​ពិភពលោក ត្រូវ​នឹង​ភាព​ជាក់ស្តែង​នៅ​ក្នុង​សង្គម​ខ្មែរ ៖

  • ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ការ​បន្ត​បិទ​សិទ្ធិ​នយោបាយ​របស់​គាត់ ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ហាម​ឃាត់​សិទ្ធិ​នយោបាយ​នៃ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ការ​រំលោភ​យក​អាសនៈ​សភា និង​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ ចំនួន​ ៥០០៧​នាក់ របស់​គណ​បក្ស​សង្គ្រោះ​ជាតិ។
  • ការ​បន្ត​ចាប់ខ្លួន ការ​ឃុំ​ខ្លួន និង​ការ​ដាក់​គុក​ដ៏​អយុត្តិធម៌ ទៅ​លើ​សកម្មជន​សង្គម សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ប្រជា​ធិបតេយ្យ ដូចជា លោក រ៉ុង ឈុន លោក សួង សុភ័ណ្ឌ ព្រះសង្ឃ កើត សារ៉ាយ អ្នកស្រី ឈឿន ដារ៉ាវី កញ្ញា អេង ម៉ាឡៃ (ហៅ សូ មេត្តា) លោក មាន ព្រហ្មមុនី លោក មួង សុភក្រ្ត លោក ថា ឡាវី លោក ហ៊ុន វណ្ណៈ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី … ។
  • អំពើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់ បាញ់​សម្លាប់​សកម្មជន​សង្គម ក្រុម​មេដឹកនាំ​សហជីព ព្រះសង្ឃ អ្នកកាសែត និងសិល្បការិនី ដូចជា លោកបណ្ឌិត កែម ឡី លោក ឈុត វុទ្ធី ព្រះសង្ឃ សំ ប៊ុនធឿន លោក ជា វិជ្ជា លោក រស់ សុវណ្ណារេត លោក ហ៊ី វុទ្ធី លោក ឃឹម សំបូរ លោក ធន់ ប៊ុនលី លោក ឈរ ចិត្រធារិទ្ធ អ្នកស្រី ពិសិដ្ឋ ពីលិកា ការបាញ់​ប្រហារ​លើ​កញ្ញា ទូច ស៊ុននិច ព្រមទាំង​ការ​ជះ​ទឹកអាស៊ីដ ទៅ​លើ​អ្នកស្រី តាត ម៉ារ៉ារីណា …។
  • អំពើឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់ បាញ់​សម្លាប់​អ្នក​នយោបាយ សកម្មជន​នយោបាយ ពលទាហាន នាយទាហាន និង​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច រួម​មាន​លោក ហូ សុខ លោក ឱម រដ្ឋសាឌី លោក ចៅ សម្បត្តិ លោក លី សេងហុង លោក ក្រូច យឿម លោក ជា ឫទ្ធីឈុត លោក ម៉ែន ប៊ុនថន … និង​ការ​គប់​គ្រាប់​បែក​ លើ​ក្រុម​បាតុករ​នៅ​ខាង​មុខមន្ទីរ​ដ្ឋសភា ថ្ងៃទី៣០ ខែ​មីនា ឆ្នាំ​១៩៩៧។

ជនរងគ្រោះ​ទាំងអស់​នេះ នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ។ ស្ថានភាព​បែប​នេះ គឺជា​ការ​បំពាន​ដ៏​ធ្ងន់ធ្ងរ រយៈពេល​ ៣០​ឆ្នាំ​មក​នេះ លើ​គោលការណ៍​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស៍ ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១, សេចក្ដី​ប្រកាស​ជាសកល ស្ដីពី​សិទ្ធិ​មនុស្ស, កតិកាសញ្ញា​អន្តរជាតិ ស្ដីពីសិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ព្រមទាំង​រដ្ឋធម្មនុញ្ញ​កម្ពុជា ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣។

លើសពី​នេះ​ទៀត ការរំលោភ​សិទ្ធិមនុស្ស និង​ការ​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជា នៅ​តែ​បន្ត​ធ្លាក់​ក្នុង​ស្ថានភាព​កាន់​តែ​អាក្រក់ ដូច​ឃើញ​ការ​ប្រព្រឹត្ត​បំពាន​ជាក់​ស្ដែង​ក្នុង​ពេល​បច្ចុប្បន្ន ដោយ​អាជ្ញាធរ​រដ្ឋាភិបាល និង​ចេញ​ពី​មាត់​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល សម្តេច ហ៊ុន សែន ដូចជា​ការ​គំរាម​ប្រមាថ​ជីវិត​ពលរដ្ឋ ការវាយ​រាងកាយ​ធ្ងន់ធ្ងរ ការ​តាម​វាយ​ដល់​ផ្ទះ ការ​វាយ​កម្ទេច​ចោល ការ​វាយ​ខ្នោះ និង ការ​ចាប់​ដាក់​គុក​ជាដើម។

ការគ្រប់គ្រង​​និង​ចាត់​ចែង​ព្រទ្យ​សម្បត្តិ​ជាតិ ត្រូវ​ប្រើប្រាស់​សម្រាប់​តែ​បុព្វហេតុ​ប្រយោជន៍​នយោបាយ​គ្រួសារ​មេដឹកនាំ ក្នុង​ប្រព័ន្ធ​ឧក្រិដ្ឋកម្ម​ពុករលួយ​បក្ខពួក​និយម ហើយ​មិន​បាន​ផល​ដោយ​សមធម៌ ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាម្ចាស់​ប្រទេស​ឡើយ ស្រប​ពេល​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ស្ថិត​នៅ​ក្នុង​ស្ថានភាព​អន្តរាយ​យ៉ាង​ធំ​ធេង។ ស្ថាប័នរដ្ឋ ប្រៀប​ដូច​ជា​ក្រុមហ៊ុន​ដាច់​ថ្លៃ របស់​ប្រមុខ​រដ្ឋាភិបាល ហើយ​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​រាជការ​ទូទៅ ប្រៀប​ដូច​ជា​ឧបករណ៍​របស់​គ្រួសារ​មេដឹកនាំ​ប្រទេស ដូច្នេះ ធ្វើ​ឲ្យប្រទេស​ជាតិ​ធ្លាក់​ខ្សោយ​ដុន​ដាប​គ្រប់​វិស័យ រហូត​ដល់​ជាតិ​កម្ពុជា ដែល​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ ១៦​ លាន​នាក់ ពលរដ្ឋ​ខ្មែរ​ពេញ​កម្លាំង​យ៉ាង​តិច ២ លាន​នាក់ នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក ខ្លះ​ប្រថុយ​ឆ្លងដែន​ខុស​ច្បាប់ ជាពិសេស​ទៅ​ប្រទេស​ថៃ គ្រាន់​តែ​ដើម្បី​ទៅ​រក​ការងារ​ចិញ្ចឹម​ជីវិត​នៅ​ក្រៅ​ប្រទេស និង​ជួយ​ទំនុក​បម្រុង​ជីវភាព​គ្រួសារ​ដ៏​ក្រីក្រ​នៅ​កម្ពុជា។

ចលនាពលរដ្ឋ​ដើម្បី​ប្រជា​ធិបតេយ្យ យល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​នៃ​សម្តេច ហ៊ុន សែន ត្រូវ​លើក​កម្ពស់​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ទ្បើង​វិញ ដើម្បី​ស្តារ​សិទ្ធិ​មនុស្ស និង​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​ស្តារ​មុខ​មាត់​កិត្តិយស​ប្រទេស​ជាតិ ឱ្យ​ដើរ​លើ​ផ្លូវ​នីតិរដ្ឋ​ថ្លៃថ្នូរ ជា​ជាង​ធ្វើ​ប្រតិកម្ម ខឹង​សម្បា​នឹង​របាយការណ៍​វាយតម្លៃ​ប្រកប​ដោយ​បច្ចេកទេស​របស់ គម្រោង​យុត្តិធម៌​ពិភពលោក។

សហរដ្ឋអាមេរិក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១

ទូច វិបុល (ហត្ថលេខា)
ប្រធានប្រតិបត្តិ

.