The Cambodia Daily
02nd-11-2023
អង្គការសមាគមធាងត្នោត អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា អនុវត្តតាមការប្ដេជ្ញាចិត្តរបស់ខ្លួន តាមរយៈសន្និបាតទិវាទីក្រុងពិភពលោក ដើម្បីអភិវឌ្ឍទីក្រុង ប្រកបដោយនិរន្តរភាព ក្នុងគោលបំណងលើកកម្ពស់ការរស់នៅរបស់ពលរដ្ឋក្នុងទីក្រុង និងស្វែងរកវិធីកែលំអទីក្រុង ឱ្យកាន់តែប្រសើរឡើងនាថ្ងៃអនាគត។
អង្គការសមាគមធាងត្នោត បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដើម្បីចូលរួមទិវាទីក្រុងពិភពលោក កាលពីថ្ងៃអង្គារ ទី៣១ តុលា ថា ប្រទេសកម្ពុជា បានទទួលយកនូវរបៀបវារៈចំនួន ១៧ ក្នុងការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងគោលបំណងអភិវឌ្ឍទីក្រុង ប្រកបដោយនិរន្តរភាព។
ប្រភពដដែលបន្ថែមថា ការអភិវឌ្ឍទីក្រុង និងសហគមន៍ប្រកបដោយនិរន្តរភាព គឺជាគោលការណ៍មួយដ៏សំខាន់ក្នុងចំណោមគោលការណ៍ផ្សេងទៀត ដែលប្រទេសកម្ពុជាបានប្ដេជ្ញាចិត្តនោះ។
អង្គការសមាគមខាងលើ លើកឡើងថា ដើម្បីឆ្លើយតបទៅនឹងរបៀបវារៈ ដែលប្រទេសកម្ពុជា បានប្ដេជ្ញាចិត្តសម្រាប់ទិវាទីក្រុងពិភពលោក ឆ្នាំ២០២៣ នេះ រដ្ឋាភិបាលត្រូវតែលើកទឹកចិត្ត ឱ្យមានការចូលរួមពីសាធារណជន ជាពិសេសសហគមន៍ក្រីក្រ ដែលងាយរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នានា ឱ្យពួកគេអាចចូលរួមដំណើរការនៃការអភិវឌ្ឍទីក្រុង ដោយមិនទុកពួកគេចោល។
អង្គការសមាគមធាងត្នោត ទាមទារឱ្យអ្នកបង្កើតគោលនយោបាយ និងអ្នកធ្វើផែនការអភិវឌ្ឍន៍ទីក្រុង ចាំបាច់ត្រូវតែឱ្យមានការចូលរួមពីសហគមន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀត ដោយមានលក្ខណៈជាប្រព័ន្ធ និងយុទ្ធសាស្ត្រ ព្រមទាំងមានយន្តការតាមដាន ដើម្បីបង្កើតទីក្រុងប្រកបដោយភាពល្អត្រឹមត្រូវ ដែលនឹងទទួលបានផលប្រយោជន៍ទាំងសងខាង ទាំងពលរដ្ឋ និងរាជរដ្ឋាភិបាលសម្រាប់ថ្ងៃអនាគត។
ថ្ងៃទី៣១ ខែតុលា គឺជាទិវាទីក្រុងពិភពលោក ដែលត្រូវបានបង្កើតឡើងជាលើកដំបូង កាលពីឆ្នាំ២០១៣ ដោយមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងគោលបំណងលើកកម្ពស់ការរស់នៅ របស់ពលរដ្ឋក្នុងទីក្រុង ហើយក៏ជាថ្ងៃដែលបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងទីក្រុងនានា នៅលើសកលលោកផងដែរ ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។
ទាក់ទិននឹងបញ្ហានេះ ទិន្នន័យសង្គមស៊ីវិលបានលាតត្រដាងថា កម្ពុជាដែលក្រោមការដឹកនាំរបស់រដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យមានកំណើនសំណង់អគារខ្ពស់ៗ ដូចជា អគារខុនដូ បុរី និងទីក្រុងរណបនានា ក្នុងទីក្រុងភ្នំពេញសព្វថ្ងៃនេះ។
ប៉ុន្តែ បើទោះបីជាការអភិវឌ្ឍរំលេចចេញនូវ អគារច្រើនស្អេកស្កះក៏ដោយ ក៏រាជធានីភ្នំពេញ នៅតែមានសហគមន៍ក្រីក្រងាយរងគ្រោះប្រមាណជិត ២០០ ទីតាំងនៅឡើយ (១៩១ ទីតាំង) ក្នុងឆ្នាំ២០២៣ នេះ ដែលពួកគេមិនបានទទួលផលប្រយោជន៍ ពីការអភិវឌ្ឍរបស់រដ្ឋាភិបាលឡើយ។ ជាក់ស្តែង សហគមន៍ក្រីក្រទាំងនេះ មិនមានលំនៅឋានសមរម្យ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជា ទឹកស្អាតសម្រាប់ប្រើប្រាស់ បង្គន់អនាម័យ និងសុវត្ថិភាពដីធ្លី ជាដើម។
កាលពីឆ្នាំ២០១៥ អង្គការ យូនីសេហ្វ (UNICEF CAMBODIA) បានរកឃើញសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញមានចំនួនជាង ៥០០ កន្លែង (៥១៦ កន្លែង) ប៉ុន្តែនៅអំឡុងឆ្នាំ២០១៧ អង្គការសមាគមធាងត្នោត បានរកឃើញថា សហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ បានថយចុះមកនៅត្រឹម ២៧៧កន្លែង ខណៈឆ្នាំ២០២៣ នេះ គឺបានថយចុះមកនៅត្រឹម ១៩១ កន្លែងប៉ុណ្ណោះ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ វិច្ឆិកា នេះថា ការថយចុះនូវសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ មិនមែនដោយសារការអភិវឌ្ឍក្រុងរបស់រដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យជីវភាពរបស់ពលរដ្ឋក្នុងសហគមន៍ក្រីក្រទាំងនោះ ប្រែទៅជារីកចម្រើនទេ ប៉ុន្តែគឺដោយសារតែពួកគេ ត្រូវបានបណ្តេញចេញពីលំនៅឋាន ហើយទីតាំងដែលពួកគេធ្លាប់រស់នៅទាំងនោះ ត្រូវរដ្ឋាភិបាលចាក់ដីលុប ដើម្បីយកទៅជួលឱ្យក្រុមហ៊ុនឯកជន ធ្វើការវិនិយោគប៉ុណ្ណោះ។
ជាក់ស្តែង កាលពីអំឡុងឆ្នាំ២០០៧ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន នៅពេលនោះ បានរំលោភយកដីបឹងកក់ ទៅជួលឱ្យក្រុមហ៊ុនឯកជនរយៈពេល ៩៩ ឆ្នាំ និងបានបណ្តេញប្រជាសហគមន៍ក្រីក្រ ដែលរស់នៅជាប់បឹងនោះ ទាំងបង្ខំដោយគ្មានសំណង ដូចជាសហគមន៍បុរីកីឡា សហគមន៍សំបុកចាប សហគមន៍បឹងកក់ និងសហគមន៍ជាច្រើនផ្សេងៗទៀត ដែលធ្វើឱ្យពួកគេចាកចេញពីទីតាំង ដែលខ្លួនធ្លាប់រស់នៅដោយរប៉ាត់រប៉ាយ ទៅតាំងទីលំនៅក្នុងទីតាំងផ្សេងរៀងៗខ្លួន ដោយគ្មានជម្រកសមរម្យ ហើយសហគមន៍ទាំងនោះ ក៏ត្រូវលុបបាត់លែងរាប់បញ្ចូលរហូតដល់ពេលនេះ ដូច្នេះហើយបានជាសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ ត្រូវបានកាត់បន្ថយបែបនេះ។
លោក ម៉ែន ណាត បញ្ជាក់ថា ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានធ្វើការអភិវឌ្ឍទីក្រុងក្នុងរាជធានីភ្នំពេញ ដោយបណ្តេញសហគមន៍ក្រីក្រ ចេញពីលំនៅឋាន ដូចសហគមន៍ក្រីក្រ ក្នុងតំបន់បឹងកក់ដែរ ក្រោមលេសអភិវឌ្ឍ ដូចជាប្រជាសហគមន៍ក្រីក្រ ដែលរស់នៅជុំវិញបឹងកប់ស្រូវ ឬបឹងតាមោក កាលពីថ្មីៗនេះ ជាដើម។ ជាងនេះទៀត ប្រជាសហគមន៍ក្រីក្រ ដែលកំពុងរស់នៅជុំវិញបឹងនានា ក្នុងរាជធានីភ្នំពេញផ្សេងទៀត ក៏កំពុងរងនូវការគំរាមកំហែង ពីការបណ្តេញដូចគ្នាដែរ សព្វថ្ងៃនេះ៕
