វិទ្យុ VOA / ដោយ សើ ដាវី
23-10-2023
ភ្នំពេញ — អង្គការសង្គមស៊ីវិលមួយចំនួន បានអំពាវនាវដល់អ្នកនយោបាយក្នុងប្រទេសកម្ពុជា ឱ្យអនុវត្តស្មារតីបង្រួបបង្រួមជាតិ និងបង្រួបបង្រួមគ្រប់ភាគីនយោបាយ ដែលជាផ្នែកមួយនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩១។
នេះជាការលើកឡើងរបស់សមាគម សហជីព សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល ប្រមាណ ២០ស្ថាប័ន នៅចំថ្ងៃនៃការប្រារព្ធខួប ៣២ឆ្នាំនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា។ ក្រុមអង្គការទាំងនោះ មានដូចជាអង្គការលីកាដូ សមាគមអាដហុក ខុមហ្រ្វែល និងសមាគមសង់ត្រាល់ ជាដើម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី២២ ខែតុលា អង្គការទាំងនោះ បានស្នើឱ្យបញ្ឈប់ការចោទប្រកាន់នយោបាយ ហើយអនុវត្តស្មារតីបង្រួបបង្រួមគ្នា។ អង្គការទាំងនោះ ស្នើឱ្យធានាសិទ្ធិរបស់ពលរដ្ឋ បើកលំហសេរីភាពឱ្យប្រជាពលរដ្ឋ ដាក់ទោសអ្នកដែលបំពានសិទ្ធិ និងបំបិទសេរីភាពពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។
សេចក្តីថ្លែងការណ៍បន្ថែមថា ៖ «សូមឱ្យរាជរដ្ឋាភិបាល បើកលំហប្រជាធិបតេយ្យ ប្រកបដោយអត្ថន័យ សេរីភាពបញ្ចេញមតិដល់ពលរដ្ឋ និងបញ្ឈប់ការយាយីអ្នកហ៊ានងើបតវ៉ា ដើម្បីការពារសិទ្ធិមនុស្ស ការពារបរិស្ថាន និងការពារធនធានធម្មជាតិ»។
សេចក្តីថ្លែងការណ៍បន្ថែមទៀតថា ៖ «សូមឱ្យម្ចាស់ហត្ថលេខីនៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រួមទាំងរាជរដ្ឋាភិបាលកម្ពុជា ធានានូវការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសនេះ ឱ្យបានពេញលេញ ស្របតាមស្មារតី និងកាតព្វកិច្ចនៃកិច្ចព្រមព្រៀងនេះ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃ អង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថាការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅកម្ពុជា មិនទាន់មានភាពពេញលេញនៅឡើយ ខណៈកិច្ចព្រមព្រៀងនេះបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ លោកបន្តថា សេរីភាពសារព័ត៌មាន លំហសេរីភាពនយោបាយ និងសេរីភាពសមាគមអង្គការសង្គមស៊ីវិល នៅមិនទាន់ធានាឱ្យបានពេញលេញ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងនេះនៅឡើយទេ។
លោកថ្លែងថា៖ «កន្លងមកអ្នកការពារសិទ្ធិមនុស្ស សកម្មជនការពារបរិស្ថាន មេដឹកនាំសហជីព សកម្មជនសហជីព ឬសកម្មជនការពារសង្គម ឬសកម្មជននយោបាយផ្សេងៗ ដែលគាត់អនុវត្តសិទ្ធិ និងសេរីភាពជាមូលដ្ឋានក្នុងកិច្ចការពារ និងចូលរួមទៅលើសកម្មភាពទាំងអស់នេះ។ ប៉ុន្តែត្រូវបានរងការចោទប្រកាន់ ហើយជាប់ពន្ធនាគារទៅវិញ ដោយសារតែអនុវត្តសិទ្ធរបស់ខ្លួន។ ចំណុចនេះហើយ បានជាមានការរិះគន់ច្រើន»។
លោកបន្ថែមទៀតថា ដើម្បីទទួលបាននូវការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសគឺរដ្ឋាភិបាល។
លោកលើកឡើងថា៖ «ភាគីដែលត្រូវអនុវត្តឱ្យបានពេញលេញ គឺយើងឃើញថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាមួយរដ្ឋធម្មនុញ្ញ មានកាតព្វកិច្ចបំពេញមុនគេនោះគឺ រាជរដ្ឋាភិបាល ព្រោះ ទីមួយ គាត់ត្រូវមានការគោរព ទីពីរ ការការពារ និង ទីបីគឺ បំពេញបន្ថែម និងត្រូវគោរពលើគោលការណ៍ទាំងអស់នេះ។ រីឯពលរដ្ឋ និងភាគីដទៃទៀត ក៏ចូលរួមក្នុងការអនុវត្ត ដើម្បីឱ្យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏ដូចជា ការអនុវត្តតាមរដ្ឋធម្មនុញ្ញនេះ បានពេញលេញ»។
ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គម X ឬ Twitter នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ថា ៣២ឆ្នាំក្រោយចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កម្ពុជាព្រមទាំងប្រជាជនរបស់ខ្លួន បានបោះជំហានយ៉ាងឆ្ងាយ ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច។ ស្ថានទូតបារាំង ក៏ជំរុញឱ្យកម្ពុជាបើកលំហសេរីភាពនយោបាយ និងប្រជាធិបតេយ្យពហុបក្ស។
ស្ថានទូតបារាំង បញ្ជាក់ក្នុងន័យដើមថា៖ «បារាំងជំរុញឱ្យកម្ពុជា បើកទូលាយលំហពលរដ្ឋ និងនយោបាយ ហើយពង្រឹងលទ្ធិប្រជាធិបតេយ្យ ដែលគោរពសិទ្ធិមនុស្ស នៅក្នុងចំណុចស្នូលនៃកិច្ចព្រមព្រៀង»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា រួចទៅហើយ។ លោកអះអាងថា ការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា មានភាពពេញលេញ ស្របទៅតាមរដ្ឋធម្មនុញ្ញ។
លោកថ្លែងថា៖ «សរុបមក នៅក្នុងប្រទេសកម្ពុជាយើង នៅក្នុងការបញ្ចេញមតិ នៅក្នុងក្របខណ្ឌនៃការគោរពច្បាប់ គោរពគ្នាទៅវិញទៅមក ការរិះគន់តាមបែបស្ថាបនាគ្រប់បែបយ៉ាងទាំងអស់ គឺត្រូវបានបើកទូលាយ និងត្រូវបានគោរព។ ក៏ប៉ុន្តែការបញ្ចេញមតិទាំងឡាយណាដែលលើសពីហ្នឹង បានន័យថា ជាការជេរប្រមាថ ជាការមូលបង្កាច់ ជាការបំផ្លើសបំភ្លៃ នោះគឺជារឿងមួយផ្សេង ដែលច្បាប់បានហាមឃាត់ បាទ»។
គួរបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០២០ មក រដ្ឋាភិបាលបានសម្រេចលុបចោលថ្ងៃ ២៣ តុលា សម្រាប់ការឈប់សម្រាកជាសាធារណៈ៕