The Cambodia Daily
22-10-2023

អ្នកជំនាញ​ខាង​កិច្ចការ​ព្រំដែន ព្រមាន​ថា ការ​បោះបង់​ចោល​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ ដែល​កំពុង​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​ស្មើ​នឹង​បោះបង់​អធិបតេយ្យភាព ឯករាជភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ដូច្នោះ​ដែរ។

អ្នកជំនាញ​រូប​នោះ​អះអាង​ថា កងទ័ព​វៀតណាម​ប្រមាណ ២​សែន​នាក់​ ដែល​បាន​ឈ្លានពាន​ចូល​ទៅ​គ្រប់គ្រង​ទឹកដី​កម្ពុជា​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ព្រម​ដក​ថយ​ទៅ​ប្រទេស​វៀតណាម វិញ ក៏​ដោយសារតែ​វត្តមាន​នៃ​កិច្ចសន្យា​អន្តរជាតិ​នេះ ​នៅ​ឆ្នាំ​១៩៩១ ដែរ។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៩ តុលា នេះ​ថា មុន​នឹង​មាន​ការ​ចរចា​បង្កើត​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​​ទីក្រុង​​ប៉ារីស​​ឆ្នាំ​១៩៩១ លោក ហ៊ុន សែន ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ការបរទេស​របស់​កម្ពុជា នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ខុស​ច្បាប់​នានា ​ក្នុង​បំណង​កាត់​ទឹកដី​ខ្មែរ​ ឱ្យ​ទៅ​ប្រទេស​វៀតណាម ដោយ​បំពាន​លើ​អធិបតេយ្យភាព​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ដូចជា សន្ធិសញ្ញា​ខុស​ច្បាប់​ឆ្នាំ​១៩៨២ ឆ្នាំ​១៩៨៣ និង​ឆ្នាំ​១៩៨៥ ព្រមទាំង​ការ​អនុវត្ត​ផែនការ «ក​៥» របស់​វៀតណាម ជាដើម។

លោក អ៊ុំ សំអាន រៀបរាប់​ថា ដោយសារតែ​បែប​នេះ​ហើយ​ទើប​នៅ​ចុង​ឆ្នាំ​១៩៨៥ កងទ័ព​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​នៅ​ពេល​នោះ ប៉ុន្តែ​ក្រោយ​ការ​បង្កើត​ឡើង​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ កិច្ចសន្យា​ខុស​ច្បាប់​ដែល​លោក ហ៊ុន សែន បាន​លួច​ចុះហត្ថលេខា​ជាមួយ​វៀតណាម ត្រូវ​អស់​សុពលភាព​ទាំងស្រុង ខណៈ​វៀតណាម ​ក៏​មិន​ព្រម​បញ្ឈប់​មហិច្ឆតា​របស់​ពួកគេ​ផង​ដែរ​នោះ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ដើម្បី​បំពេញ​តាម​ការ​ចង់​បាន​របស់​វៀតណាម លោក ហ៊ុន សែន បាន​បង្កើត​សន្ធិសញ្ញា​បំពេញ​បន្ថែម​ក្នុង​ឆ្នាំ​២០០៥ ដើម្បី​ធានា​សុពលភាព​សន្ធិសញ្ញា​ ដែល​គាត់​បាន​ចុះហត្ថលេខា​ជាមួយ​វៀតណាម អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ក្លាយ​ជា​សន្ធិសញ្ញា​ស្រប​ច្បាប់​ឡើងវិញ​ទាំងអស់ ប៉ុន្តែ​លើកដំបូង សន្ធិ​សញ្ញា​​នេះ​ មិន​ត្រូវ​បាន​ឯកភាព និង​យល់ព្រម​ឡាយ​ព្រះហស្តលេខា​ពី​ព្រះមហាក្សត្រ​ខ្មែរ​ សម្តេច​ព្រះ​បរមនាថ សីហមុនី នោះ​ទេ ដោយសារ​លោក ហ៊ុន សែន គំរាម​រំលាយ​របប​រាជា​និយម ដោយ​ប្តូរ​ទៅ​ជា​របប​សាធារណរដ្ឋ​វិញ ដែល​នាំ​ឲ្យ​ព្រះមហាក្សត្រ ​ត្រូវ​បង្ខំ​ព្រះទ័យ​យល់ព្រម​ឡាយ​ព្រះហស្តលេខា​ តាម​ការ​គំរាម​របស់​លោក ហ៊ុន សែន តែម្តង។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ​បញ្ជាក់​ថា មាត្រា​ជាច្រើន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ចែង​យ៉ាង​ច្បាស់​អំពី​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា​ ក្នុង​ដែនដី ​ដែល​មិន​អាច​រំលោភ​បាន​ក្នុង​ផែនទី​ខ្នាត ១ លើ ១០០​ពាន់ ដែល​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ ដល់​ឆ្នាំ​១៩៥៣ ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ​១៩៦៩។ ចំណុច​នេះ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រង់​មាត្រា​២

លោក អ៊ុំ សំអាន អះអាង​ថា ដោយសារតែ​លោក ហ៊ុន សែន ចង់​បំពេញ​តាម​មហិច្ឆតា​របស់​វៀតណាម គាត់​ក៏​បាន​ប្រើ​ផែនទី​ខ្នាត ១ លើ ១០០​ពាន់​ផង និង​ផែនទី​យូធីអឹម ខ្នាត ១ លើ ៥០​ពាន់​ផង ក្នុង​ការ​កំណត់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម រហូត​ភាគី​ទាំង​ពីរ​ បាន​សហការ​គ្នា​ចុះ​កិច្ចព្រមព្រៀង​ប្រើ​ផែនទី​ខ្នាត ១ លើ ២៥​ពាន់ តាម​ការ​ទាមទារ​របស់​វៀតណាម​ថែម​ទៀត ខណៈ​ផែនទី​យូធីអឹម ខ្នាត ១ លើ ៥០​ពាន់ និង​ផែនទី​ខ្នាត ១ លើ ២៥​ពាន់ មិន​ត្រូវ​បាន​កំណត់​ឱ្យ​ប្រើប្រាស់​ ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ។

លោក​បញ្ជាក់​ថា តាមរយៈ​សកម្មភាព​របស់​លោក ហ៊ុន សែន ដែល​ដឹកនាំ​ប្រទេស​កម្ពុជា​អស់​រយៈពេល ៤​ទសវត្សរ៍​កន្លង​មក​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​រំលោភ​លើ​ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​ការ​ចុះ​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​នានា​ជាមួយ​ប្រទេស​វៀតណាម ដែល​ជា​ហេតុ​នាំ​ឱ្យ​ទឹកដី​របស់​កម្ពុជា ​រង​នូវ​ការ​រំលោភ​បំពាន​ពី​បរទេស​ឈ្លានពាន​មួយ​នេះ ​រហូត​ដល់​សព្វថ្ងៃ។

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន តែង​អះអាង​ដដែលៗ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ បាន​ស្លាប់​ជា​ខ្មោច​បាត់​ហើយ ព្រោះ​ថា​ភាគី​ខ្មែរក្រហម និង​សហភាព​សូវៀត ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​ កិច្ចព្រមព្រៀង​នេះ​ បាន​រលំ​រលាយ​អស់​ទៅ​ហើយ ដូច្នេះ​បើ​ចង់​ឱ្យ​កិច្ចព្រមព្រៀង​នេះ​រស់​ឡើងវិញ ទាល់​តែ​ឱ្យ​ភាគី​ខ្មែរក្រហម​រស់​ឡើងវិញ​ដូច​គ្នា​ដែរ ទើប​ជា​រឿង​ត្រឹមត្រូវ

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris Peace Accords) គឺជា​កិច្ចព្រមព្រៀង​មួយ​ ស្ដីពី​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ក្នុង​គោលបំណង​ឈាន​ទៅ​រក​ការ​បង្រួប​បង្រួម​ជាតិ គោរព​សិទ្ធិមនុស្ស ឯករាជភាព បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ​កម្ពុជា ដែល​នៅតែ​មាន​សុពលភាព ហើយ​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​ មិន​អាច​បដិសេធ​ទៅ​នឹង​កាតព្វកិច្ច​នានា​របស់​ខ្លួន​ ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ឡើយ។

កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ មិន​មែន​ជា​កិច្ចព្រមព្រៀង​តែ​មួយ​នោះ​ទេ គឺ​មាន​កិច្ចព្រមព្រៀង​ពីរ និង​សេចក្តី​ថ្លែងការណ៍​មួយ ក្នុង​នោះ​កិច្ចព្រមព្រៀង​ទី​១ គឺ​ស្តីអំពី​ការ​ដោះស្រាយ​ជម្លោះ​នៅ​កម្ពុជា ខណៈ​កិច្ច​ព្រម​ព្រៀង​​ទី​២ គឺ​ស្តីអំពី​ការ​គោរព​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​អព្យាក្រឹតភាព​របស់​កម្ពុជា ដោយឡែក​សេចក្តី​ថ្លែងការណ៍ គឺ​លើក​ឡើង​អំពី​ការ​កសាង​កម្ពុជា​ឡើង​វិញ

កិច្ចព្រមព្រៀង​នេះ ក៏​បាន​ចែង​ដែរ​ថា វិធានការ​សមស្រប​ដែល​អនុម័ត​ឡើង អាច​ជា​ការ​ប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ ឬ​វិធានការ​ផ្សេងៗ​ទៀត ដែល​មាន​ចែង​ក្នុង​មាត្រា​៣៣ នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ដែល​មាន​យន្តការ​ផ្សេងៗ ដូចជា​ការ​ចរចា ការ​ស៊ើបអង្កេត ការ​សម្របសម្រួល ការ​ផ្សះផ្សា ឬ​ការ​រក​ដំណោះស្រាយ​តាម​ផ្លូវ​តុលាការ ជាដើម។

ចាប់តាំងពី​ឆ្នាំ​១៩៩១ នៃ​ការ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មក ត្រូវ​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​បាន​ដាក់​កិច្ចព្រមព្រៀង​នេះ ​ទៅ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ ឬ​ថ្ងៃ​ពិសេស​ណា​មួយ​សម្រាប់​ដើម្បី​រំឭក​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ឡើយ ខណៈ​នយោបាយ​ឈ្លានពាន​របស់​បរទេស​ជិតខាង​មក​លើ​កម្ពុជា ត្រូវ​លោក ហ៊ុន សែន បើក​ផ្លូវ​ឱ្យ​អនុវត្ត​តាំងពី​ជំនាន់​ដឹកនាំ​របស់​គាត់​រហូត​ដល់​ជំនាន់​ដឹកនាំ​ដោយ​កូន​របស់​គាត់​ថែម​ទៀត។

ជាក់ស្តែង ប្រធាន​រដ្ឋ​វៀតណាម លោក វ៉ វ៉ានធឿង អំឡុង​ពេល​ចូលរួម​វេទិកា ខ្សែក្រវាត់ និង​ផ្លូវ នៅ​ប្រទេស​ចិន កាលពី​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២៣ បាន​ណែនាំ​ឱ្យ​លោក ហ៊ុន ម៉ាណែត បន្ត​យកចិត្ត​ទុកដាក់​បង្កើត​លក្ខខណ្ឌ​កាន់តែ​ងាយស្រួល​សម្រាប់​សហគមន៍​វៀតណាម​នៅ​កម្ពុជា ទាំង​ការ​រស់នៅ ការ​ធ្វើ​ការងារ ព្រមទាំង​ដោះស្រាយ​បញ្ហា​ឯកសារ​ផ្លូវ​ច្បាប់​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត សម្រាប់​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​សព្វថ្ងៃ​នេះ ខណៈ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ក៏​មិន​បាន​បដិសេធ​នឹង​សំណើ​នេះ​ដែរ ហើយ​សំណើ​បែប​នេះ មេដឹកនាំ​វៀតណាម តែងតែ​ស្នើ​ដល់​លោក ហ៊ុន សែន ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​រហូត​មក ក្នុង​នោះ លោក ហ៊ុន សែន ក៏​មិន​ដែល​បដិសេធ​នឹង​សំណើ​របស់​វៀតណាម​ម្តង​ណា​ដែរ៕