រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ឲ្យដឹងថា កម្ពុជាគ្រោងធ្វើលិខិតការទូត តវ៉ាទៅកាន់ប្រទេសវៀតណាម ករណីយោធាវៀតណាម បានបោះតង់ និងចងអង្រឹងចំនួន ៩ កន្លែង ចូលមកក្នុងទឹកដីខ្មែរ នៅត្រង់ «តំបន់វិវាទ ឬតំបន់ស» នៅចំណុចព្រំដែន ក្នុងស្រុកកោះធំ ខេត្តកណ្តាល ខណៈពេលដែលភាគីយោធាវៀតណាម មិនព្រមរុះរើតង់ ចេញពីទីតាំងទាំងនោះនៅឡើយទេ។ នេះបើតាមវិទ្យុអាស៊ីសេរី ផ្សាយនៅល្ងាចថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០។ យោធាវៀតណាម បានបោះទីតាំងទាំងនោះ នៅថ្ងៃទី២៦ ខែមេសា ក្រោមហេតុផលនៃការទប់ស្កាតជំងឺកូរ៉ូណា ឬកូវីដ១៩។
កាលពីថ្ងៃទី២៦ ខែមេសា អាជ្ញាធរប៉ូលីសខេត្តកណ្តាល ដែលដឹកនាំដោយ លោក ឈឿន សុចិត្ត បានទាមទារឲ្យក្រុមយោធាវៀតណាម រុះរើតង់ និងអង្រឹង ចេញពីទីតាំងទាំង ៩ កន្លែងនោះ តាមការណែនាំរបស់លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈគម្មាធិការព្រំដែនចម្រុះកម្ពុជា។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី លោក មួង សូនី ប្រធានក្រុមការងារ ១០០រាត្រី ដែលបន្តការងារពីបណ្ឌិត កែម ឡី បានបញ្ជាក់ថា «តំបន់ដែលយោធាវៀតណាម បានបោះតង់ទាំងនោះ ជាតំបន់វាលស្រែ និងគ្មានពលរដ្ឋរស់នៅទេ ហើយក៏មិនមែនជាតំបន់ទីប្រជុំជន ដែលត្រូវបារម្ភពីការឆ្លងជំងឺកូវីដ១៩ ទេ»។ លោក សូនី បន្ថែមថា «វៀតណាម មានចេតនាឈ្លានពានទឹកដីខ្មែរយ៉ាងពិតប្រាកដ»។
អតីតសមាជិកសភាពីគណបក្សប្រឆាំង លោក អ៊ុំ សំអាន ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ត្រូវបានវិទ្យុអាស៊ីសេរី ដកស្រង់សំដីថា «នៅតំបន់នោះ បើផ្អែកតាមច្បាប់អន្តរជាតិ និងយកមរតករបស់បារាំង ធ្វើជាមូលដ្ឋាន ក្នុងការបោះបង្គោលព្រំដែន ត្រូវកំណត់យកខ្សែបន្ទាត់តាមគន្លងទឹកជ្រៅ ឬពុះពាក់កណ្ដាលព្រែកស្បូវ ក្នុងស្រុកកោះធំ»។ លោក សំអាន បញ្ចាក់ថា «ចង់ឱ្យយួន (រៀតណាម) រុះរើតង់ទៅវិញ ហើយក្រោយមក ត្រូវកំណត់ព្រំដែន អ្វីដែលជាមរកតរបស់បារាំង បានកំណត់ឱ្យ។ ហើយព្រំដែន ត្រូវកំណត់ពាក់កណ្ដាលព្រែកស្បូវហ្នឹងតែម្តង មិនមែននៅខាងមាត់ព្រែកស្បូវ ៣០០ ទៅ ៤០០ ម៉ែត្រ ដូចសព្វថ្ងៃហ្នឹងទេ។ អាហ្នឹង យើងដោះស្រាយទៅតាមគោលការណ៍ច្បាប់អន្តរជាតិ»។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការព្រំដែន បានទទួលស្គាល់ថា ភាគីវៀតណាម រំលោភសេចក្តីថ្លែងការណ៍រួមស្តីពី «តំបន់ស ឬតំបន់មានជម្លោះ» ដែលធ្វើឡើងកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ១៩៩៥។ លោក គឹមហុង ថ្លែងថា «រដ្ឋាភិបាល ទាមទារខ្សែបន្ទាត់ព្រំដែន ដើរតាមព្រែក ឬពុះចំកណ្ដាលព្រែកស្បូវ អនុលោមតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥»។ លោកបន្តថា «ភាគីប្រទេសទាំងពី ឯកភាពគ្នា យកខ្សែបន្ទាត់ព្រំដែន ដើរតាមផ្លូវខ្សែទឹក មានជាង ១៩២ គីឡូម៉ែត្រ»។ នេះបើតាមវិទ្យុអាស៊ីសេរីដដែល។ លោក វ៉ា គឹមហុង បញ្ជាក់ដូច្នេះថា «ក្នុងករណីដែលខ្សែព្រំដែន ដើរតាមផ្លូវទឹក យើងតែងតែទាមទារយកគោលការណ៍ ច្បាប់អន្តរជាតិ យកមកអនុវត្តខ្សែព្រំដែនធ្វើនាវាចរណ៍បាន។ អាហ្នឹង យើងយកខ្សែជ្រលងទឹកជ្រៅ តែក្នុងករណីដែលធ្វើនាវាចរណ៍មិនបានទេ យើងធ្វើទឹកជាពីរទៅ។ កន្លែងណា ត្រឹមកណ្ដាល យើងគូសខ្សែជាពីរ ជាមួយឡាវ ក៏អ៊ីចឹង ជាមួយថៃ ក៏អ៊ីចឹង ជាមួយវៀតណាម យើងបានជោគជ័យ វៀតណាម នៅឆ្នាំ ២០០៥ វៀតណាមគេព្រមទម្លាក់មកទាំងអស់ នៅពាក់កណ្ដាលព្រែក និងពាក់កណ្ដាលផ្លូវទឹក»។
ចំណែកលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានមូលដ្ឋាននៅប្រទេសន័រវេស៍ បានសាទរចំពោះលោក វ៉ា គឹមហុង ថា «មានសេចក្តីក្លាហាន ហ៊ានលើកឡើងថា វៀតណាម រំលោភសេចក្តីថ្លែងការណ៍រួម ស្តីពី«តំបន់ស ឬតំបន់មានជម្លោះ» ដែលបានធ្វើរួមគ្នា កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ១៩៩៥ នោះ»។ លោក បន្ថែមថា «យើងខ្ញុំក៏សូមកោតសរសើរ ចំពោះចំណាត់ការរបស់អាជ្ញាធរសមត្ថកិច្ច ខេត្តកណ្តាល ចុះរុះរើការបោះតង់ទាំង ៩ កន្លែងរបស់យោធាវៀតណាម ដែលរំលោភចូលក្នុងទឹកដីខ្មែរ នៅតំបន់ព្រំដែន ស្រុកកោះធំ ខេត្តកណ្តាល»។
នៅក្នុងសេចក្តីបញ្ជាក់របស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្ងៃទី ២៩ ខែមេសានេះ លោក ម៉ែន ណាត បានលើកឡើងពីមូលហេតុមួយចំនួន ដែលធ្វើឲ្យភាគីវៀតណាម មិនញញើតក្នុងរំលោភឈ្លានពានកម្ពុជា យ៉ាងដូច្នេះថា «សេចក្តីថ្លែងការណ៍រួម ឆ្នាំ១៩៩៥ នោះ បានធ្វើឡើងចាញ់ប្រៀបភាគីវៀតណាមរួចហើយ ថាជាការដាក់ទឹកដីកម្ពុជាខ្លួនឯង ជា «តំបន់ស» ដោយហាមប្រាមពលរដ្ឋខ្មែរ មិនឲ្យចូលទៅធ្វើស្រែចម្ការរបស់ខ្លួន ដោយទុកលទ្ធភាពឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោះស្រាយបញ្ចប់ជម្លោះជាមុនសិន»។
លោក ម៉ែន ណាត បញ្ជាក់បន្ថែមថា «ការដោះស្រាយជម្លោះព្រំដែននេះ ធ្វើតាមសន្ធិសញ្ញាព្រំដែនថ្មី ឆ្នាំ២០០៥ បានបញ្ចប់ទៅដោយការបោះបង្គោលព្រំដែនថ្មីៗចំនួន ៣១៥ បង្គោល ឬស្មើ ៨៤% ធ្វើឲ្យពលរដ្ឋខ្មែរ បាត់បង់ដីស្រែចំការរបស់ខ្លួន ទៅខាងវៀតណាម»។ ក្នុងសេចក្តីបញ្ជាក់ បន្តថា «ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមរក្សាសិទ្ធិជំទាស់ជាដាច់ខាត ចំពោះកលើកឡើងរបស់លោក វ៉ា គឹមហុង ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ២៨ មេសាថា តំបន់នោះ យើងដាក់ក្នុងតំបន់ ដែលយើងស្នើឱ្យភាគីបារាំង គេមកជួយនៅថ្ងៃក្រោយ ថ្ងៃណាគេមកជួយចម្លងផែនទីបោន [Bonne] ពីខ្នាត ១/១០០ពាន់ ទៅជាផែនទីយូធីអឹម [UTM] ខ្នាត ១/៥០ពាន់»។
លោក ម៉ែន ណាត ថ្លែងថា «ក្នុងស្ថានភាពប្រទេសកម្ពុជា នៅតែគ្មានឯកភាពជាតិដូចសព្វថ្ងៃនេះ រដ្ឋាភិបាលកម្ពុជា មិនត្រូវធ្វើការបោះបង្គោលព្រំដែន និងមិនត្រូវមានការចម្លង ឬបម្លែងខ្នាតផែនទីអ្វីទាំងអស់ ដើម្បីបំពេញបំណងតាមការចង់បានពីភាគីវៀតណាមឡើយ»។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាថា «ជំរុញការដាក់«មោក្ខភាព» នូវសន្ធិសញ្ញាមិនស្មើភាពគ្នា រវាងកម្ពុជា និងវៀតណាម ពោលគឺសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ និងសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០១៩ ដែលបានបំពេញខ្លឹមសារបន្ថែម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ ជាសន្ធិសញ្ញាខុសច្បាប់ ដែលផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា២ និងមាត្រា៥៥ ព្រមទាំងត្រូវលុបចោល នូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលធ្វើឡើងនៅមុនទសវត្សរ៍ទី៩០»។ ក្រុមប្រឹក្សានេះ បន្តជំរុញដល់រដ្ឋាភិបាលកម្ពុជា ត្រូវលើកបញ្ហាជម្លោះព្រំដែនជាមួយវៀតណាម ទៅតាមយន្តការអន្តរជាតិ មានសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងតុលាការយុត្តិធម៌អន្តរជាតិ៕
អត្ថបទដោយ នគរ /៣០ មេសា ២០២០

.
I wanna Hun Sen to complain to International Bodies.