លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតអាស៊ាន (ASEAN) បញ្ជាក់ថា របបសឹកភូមា មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅចុងខែកក្កដា នេះទេ។ ចំណែកអ្នកឃ្លាំមើលសង្គម លោក ម៉ែន ណាត ទិតៀនថា ប្រធានអាស៊ានប្តូរវេន {លោក ហ៊ុន សែន} ធ្វើឲ្យកម្ពុជា បាក់មុខ អស់កិត្តិយស និងបាត់បង់នូវតម្លៃរបស់ខ្លួនលើឆាកអន្តរជាតិ ក្នុងរឿងវិបត្តិនៅភូមា។ (អត្ថបទបន្ថែម ៖ CWCI Cambodia)
The Cambodia Daily
24-7-2022
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន អះអាងថា សមាជិកអាស៊ាន ទាំង ៩ មិនអនុញ្ញាតឱ្យតំណាងរបបសឹកភូមា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ នៅចុងខែ កក្កដា ឆ្នាំ២០២២ នេះទេ ដោយសារតែភូមា មិនទាន់បានអនុវត្តនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ានដែលបានសម្រេចនាពេលកន្លងមក។
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២ ថា ដោយមានការបដិសេធពីសមាជិកអាស៊ាន រដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានសម្រេចមិនអញ្ជើញតំណាងរបបសឹកភូមា លោក វ៉ុនណា ម៉ោងល្វីន ឲ្យមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងទីក្រុងភ្នំពេញ នៅចុងខែកក្កដា ឆ្នាំ ២០២២ នេះទេ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសមាជិកអាស៊ាន ទាំង៩ បានសម្រេចជាឯកច្ឆន្ទ បដិសេធមិនឱ្យតំណាងរបបសឹកភូមា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ របស់ខ្លួននាពេលខាងមុខនេះ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមានសន្និសីទ ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំអាស៊ានបូក ៣ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១២ និងវេទិកាតំបន់អាស៊ាន លើកទី២៩ ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី ៣១ ខែកក្កដា រហូតដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២២ នៅក្នុងទីក្រុងភ្នំពេញដោយផ្ទាល់ នាពេលខាងមុខនេះ។
លោក ប្រាក់ សុខុន បានអះអាងថា ចម្លើយរបស់របបសឹកភូមា គឺនៅតែដូចមុនដដែល ថា ពួកគេនឹងមិនតែងតាំងអ្នកតំណាងមិនមែនកម្រិតនយោបាយ ឲ្យមកចូលរួមកិច្ចប្រជុំទាំងនេះទេ។ លោកបន្ថែមថា ទោះបីជាយ៉ាងនេះក្តី កៅអីរបស់មីយ៉ាន់ម៉ា នៅអាស៊ាន គឺនៅតែរក្សាវត្តមានដដែល មិនត្រូវបានដកចេញនោះឡើយ។
រដ្ឋមន្ត្រីការបរទេសកម្ពុជារូបនេះ អះអាងថា កម្ពុជានឹងរកវិធីយកប្រទេសភូមា មកចូលក្នុងអាស៊ានវិញឱ្យបាន បើទោះបីជាភូមា បានសម្រេចមិនបញ្ជូនតំណាងរបស់ខ្លួន ឱ្យមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងទីក្រុងភ្នំពេញ នៅចុងខែកក្កដា ឆ្នាំ២០២២ នេះក៏ដោយ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ កក្កដា ដោយរំឭកថា កាលពីលោក ប្រាក់ សុខុន ទៅទស្សនកិច្ចនៅប្រទេសភូមា កាលពីដើមខែកក្កដា ឆ្នាំ២០២២ គាត់អះអាងថា ដំណើរការចរចាសន្តិភាព ដើម្បីបញ្ចប់វិបត្តិនៅប្រទេសភូមា គឺមានក្តីសង្ឃឹមហើយ ប៉ុន្តែនៅពេលនេះ គាត់បែរជានិយាយថា របបសឹកភូមា មិនទាន់បានអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន ដែលបានសម្រេចឲ្យបានជឿនលឿនទៅវិញ។
លោក ម៉ែន ណាត លើកឡើងថា ការនិយាយដែលគ្មានភាពពិតប្រាកដរបស់ លោក ប្រាក់ សុខុន បែបនេះ គ្រាន់តែជាមូលហេតុនាំឲ្យកម្ពុជា អស់កិត្តិយស និងបាត់បង់នូវតម្លៃរបស់ខ្លួន លើឆាកអន្តរជាតិប៉ុណ្ណោះ ហើយការនិយាយបែបនេះ គឺស្មើនឹងការកុហកពលរដ្ឋខ្មែរ កុហកពលរដ្ឋភូមា ព្រមទាំងកុហកមេដឹកនាំអាស៊ានដទៃទៀត ដែលផ្តល់ក្តីសង្ឃឹមលើកម្ពុជា ក្នុងការចូលទៅដោះស្រាយវិបត្តិភូមា នៅពេលនេះផងដែរ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះ រិះគន់ថា លទ្ធផលនៃការដឹកនាំអាស៊ានរបស់កម្ពុជា អស់រយៈពេលប្រមាណជាកន្លះឆ្នាំមកនេះ បានត្រឹមតែបង្ហាញពីភាពកម្សោយនៃ នយោបាយការទូតរបស់ខ្លួន ទៅកាន់មេដឹកនាំអាស៊ានដទៃទៀត និងពិភពលោកប៉ុណ្ណោះ ដែលបញ្ហាបានបំបាក់មុខប្រទេសកម្ពុជា លើឆាកអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន មានតួនាទីត្រូវសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនាអាស៊ាន ត្រូវផ្តល់ជំនួយមនុស្សធម៌ តាមរយៈមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA) និងគោលការណ៍ចុងក្រោយ គឺតម្រូវឱ្យប្រេសិតពិសេសអាស៊ាន ធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ផងដែរ ប៉ុន្តែកិច្ចព្រមព្រៀងទាំង ៥ ចំណុចនេះ មិនត្រូវបានអនុវត្តនៅឡើយ៕