The Cambodia Daily
06th-7-2022

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន អះអាង​ថា មេ​យោធា​ផ្ដាច់ការ​ភូមា​លោក មីន អ៊ុងឡាំង បដិសេធ​សំណើ​របស់​លោក​ក្នុង​ការ​សុំ​ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី ក្រោម​ហេតុផល​ថា កំពុង​ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ។

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្ដីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ ​របស់​លោក ​ទៅ​កាន់​ប្រទេស​ភូមា កាលពី​ថ្ងៃទី​៤ កក្កដា ថា មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បដិសេធ​មិន​ឲ្យ​លោក​ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ​ដោយសារ​ករណី​របស់​អ្នកស្រី​ កំពុង​ស្ថិត​ក្រោម​នីតិវិធី​តុលាការ។

លោក ប្រាក់ សុខុន បាន​អះអាង​ថា លោក មីន អ៊ុងឡាំង បាន​សន្យា​ថា​ របប​សឹក​របស់​លោក​ នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សន្តិសុខ​ជាតិ​ សម្រាប់​ពលរដ្ឋ​ភូមា។ ជាង​នេះ​ទៀត លោក មីន អ៊ុងឡាំង ក៏​ប្រកាស​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​ឱ្យ​មាន​បទ​ឈប់​បាញ់​ផង​ដែរ។

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ ស្ដីពី​មីយ៉ាន់ម៉ា អះអាង​ថា លោក​ក៏​បាន​ជួប​ជាមួយ​តំណាង​គណបក្ស​ទាំង​៧ នៅ​ភូមា ផង​ដែរ ដែល​ទទួល​បាន​អាសនៈ​ក្នុង​ការ​បោះឆ្នោត​ កាលពី​ឆ្នាំ​២០២០ កន្លងទៅ។ ពួកគេ​បាន​រៀបរាប់​ថា ពួកគេ​ពិត​ជា​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ​ចំពោះ​ផល​ប៉ះពាល់​នៃ​អំពើ​ហិង្សា​លើ​ជនស៊ីវិល ​ដែល​មាន​ការ​ដុត​បំផ្លាញ​ផ្ទះសម្បែង ​នៅ​តាម​ភូមិ​ស្រុក​នានា ដែល​គ្មាន​អ្នក​ទទួល​ខុសត្រូវ​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន អះអាង​ថា​ ក្នុង​នាម​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ​ស្ដីពី​មីយ៉ាន់ម៉ា លោក​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា​រយៈពេល ៥ ​ថ្ងៃ​ជា​លើក​ទី​២ ដើម្បី​តាមដាន​វឌ្ឍនភាព ​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន ​ដែល​បាន​សម្រេច​កាលពី​ពេល​កន្លង​ទៅ​នោះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ កក្កដា នេះ​ថា ក្នុង​ឋានៈ​លោក ហ៊ុន សែន ជា​ប្រធាន​អាស៊ាន​ នៅ​ឆ្នាំ​២០២២ នេះ បាន​ធ្វើ​ឱ្យ​ខូច​តម្លៃ​នយោបាយ​ការទូត​ លើ​ឆាក​អន្តរជាតិ​របស់​អាស៊ាន​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​ធ្វើ​ឱ្យ​ខូច​គោលការណ៍​កុងសង់ស៊ីស​ទាំង ៥​ ចំណុច​របស់​អាស៊ាន​ ដែល​តម្រូវ​ឱ្យ​របប​សឹក​ភូមា​ត្រូវតែ​អនុវត្ត ដើម្បី​ធានា​សន្តិសុខ​ជូន​ពលរដ្ឋ​ភូមា​ នៅ​ពេល​នេះ។

លោក ម៉ែន ណាត អះអាង​ថា គ្រប់​ចំណុច​ទាំង ​៥ នៃ​គោលការណ៍​កុងសង់ស៊ីស​របស់​អាស៊ាន គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ចរចា​គ្នា​ រវាង​តំណាង​រដ្ឋាភិបាល​ស៊ីវិល​អ្នកស្រី អ៊ុងសាន ស៊ូជី និង​របប​សឹក​ភូមា ដើម្បី​ឈាន​ទៅ​រក​ការ​អនុវត្ត​គោលការណ៍​រួម​មួយ ​ក្នុង​ការ​បញ្ចប់​វិបត្តិ​នៅ​ភូមា មិន​មែន​ត្រឹមតែ​ទៅ​ជួប​ជាមួយ​របប​សឹក​តែ​ម្ខាង ​ដូច​ដែល​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ​បាន​ធ្វើ​នៅ​ពេលនេះ​ទេ។ ជាង​នេះ​ទៀត គោលការណ៍​អាស៊ាន ​ក៏​មិន​តម្រូវ​ឱ្យ​មាន​ការ​ស្នើ​ការ​ឃុំ​ខ្លួន​អ្នកស្រី អ៊ុងសាន ស៊ូជី ពី​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ មក​ជា​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​នោះ​ដែរ ព្រោះ​ថា​ ការ​ធ្វើ​ដូច្នេះ គឺ​ស្មើ​នឹង​ទទួលស្គាល់​ថា អ្នកស្រី អ៊ុងសាន ស៊ូជី មាន​ទោស​ដូច​ការ​ចោទប្រកាន់​របស់​របប​សឹក​ពិតមែន ប៉ុន្តែ​អាស៊ាន​ តម្រូវ​ឱ្យ​របប​សឹក​បើក​សិទ្ធិ​សេរីភាព​ ឱ្យ​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​រូប​នេះ ​ឱ្យ​បាន​ពេញលេញ​ឡើងវិញ​តែម្តង ដើម្បី​សម្របសម្រួល​ឱ្យ​មាន​ការ​ចរចា​ ឱ្យ​ស្ថានភាព​របស់​ប្រទេស​ភូមា វិល​ទៅ​ស្ថានភាព​ល្អ​ប្រសើរ​ជាង​នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​អះអាង​ថា សូម្បី​ជំនួញ​មនុស្សធម៌​ ដែល​លោក ហ៊ុន សែន ផ្តល់​ជូន​របប​សឹក​នៅ​ពេលនេះ ក៏​មិន​មែន​ជា​គោលការណ៍​ដើម​របស់​អាស៊ាន​ដែរ ព្រោះ​ថា​គោលការណ៍​អាស៊ាន គឺ​ត្រូវ​មាន​ការ​ចូលរួម​បែងចែក​ជំនួយ​មនុស្សធម៌​នេះ ​ពី​គ្រប់​ភាគី​ទាំងអស់​នៅ​ភូមា មិន​មែន​គ្រាន់តែ​យក​ជំនួយ​មនុស្សធម៌​ ទៅ​ឱ្យ​របប​សឹក​ជា​អ្នក​ចាត់ចែង​នោះ​ទេ។

លោក ម៉ែន ណាត បញ្ជាក់​ថា តាមរយៈ​សកម្មភាព​របស់​លោក ហ៊ុន សែន ក្នុង​នាម​ប្រធាន​អាស៊ាន​ នៅ​ពេលនេះ គឺ​តម្លៃ​ទាប​ណាស់​នៅ​លើ​ឆាក​អន្តរជាតិ បើ​ប្រៀបធៀប​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​សិង្ហបុរី [លោក លី ហ្ស៊ានឡុង (Lee Hsien Loong)] ដែល​អាច​ជួប​ទ្វេភាគី​ ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន (Joe Biden) បាន​ដោយ​ងាយ និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ដែល​កំពុង​ដើរ​តួ​ជា​អ្នក​សម្របសម្រួល​ ក្នុង​ជម្លោះ​រវាង ​អ៊ុយក្រែន និង​រុស្ស៊ី នៅ​ពេលនេះ ដែល​ពួកគេ​មិន​មែន​ជា​ប្រធាន​អាស៊ាន​ ផង​នោះ៕