សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) / 21-2-2021

អ្នកឃ្លាំមើលសង្គម លើកឡើងថា សហគមន៍​អន្តរជាតិ អាច​នឹង​ពង្រីក​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​មន្ត្រី​មាន​អំណាច​សំខាន់ៗ​របស់​លោក ហ៊ុន សែន បន្តទៀត។ ទណ្ឌកម្ម​ទាំង​នោះ ​នឹង​ធ្វើ​ឱ្យ​បុគ្គល​មាន​អំណាច​ទាំង​ឡាយ​ មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន កាន់​តែ​ខ្លាំង ហើយ​ធ្វើ​ឲ្យ​លោក ហ៊ុន សែន កាន់​តែ​ឯកោ។

ការអះអាងនេះ ធ្វើ​​ឡើង​ស្រប​ពេល​ដែល​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិ​បាល​របស់​បក្សកាន់​អំណាច ដែល​ដឹក​នាំ​ដោយ​​លោក ហ៊ុន សែន ត្រូវ​បាន​ប្រទេស​មហា​អំណាច​ធំៗ ដូចជា​សហរដ្ឋ​អាមេរិក បាន​បង្កក​ទ្រព្យ​សម្បត្តិ និង​បិទ​ទិដ្ឋាការ​លើ​មន្ត្រី​ទាំង​នោះ​អស់​​ជា​ច្រើន​រូប​កន្លង​មក​។

ប្រធានប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្​ធិប្រជា​ធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​​របស់​​លោក នៅ​ថ្ងៃទី ១៨ ខែកុម្ភៈ នេះ​ថា សហគមន៍​អន្តរជាតិ​អាច​នឹង​ពង្រីក​ការ​ដាក់​ទណ្ឌកម្ម ទៅ​លើ​ការ​នាំ​ចេញ​ពី​កម្ពុជា​ថែម​មួយ​កម្រឹត​ទៀត ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​ទាំង​មូល ខណៈ​សេដ្ឋកិច្ច​ដែល​កំពុង​ស្រុត​ចុះ​ស្រាប់​ បាន​ធ្លាក់​ចុះ​ដល់​ទៅ ៨% ទៅ​ហើយ​នោះ​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

លោក អះ​អាង​ថា ការ​ពង្រីក​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហគមន៍​អន្តរជាតិ​មក​លើ​កម្ពុជា ធ្វើ​ឱ្យ​មុខ​មាត់​កម្ពុជា​កាន់​តែ​​អាក្រក់ នៅ​លើ​ឆាក​អន្តរជាតិ​ស្ទើរ​តែ​ដល់​បាត ​ដែល​​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផែនការ​ជា​យុទ្ធសាស្ត្រ ក្នុង​ការ​ពង្រីក​ឥទ្ធិពល​​របស់​ប្រទេស​ចិន នៅ​កម្ពុជា ព្រមទាំង​បង្ក​ផលប៉ះ​ពាល់​ដល់​អ្នក​វិនិយោគ​ចិន នៅ​កម្ពុជា​យ៉ាង​ធ្ងន់​ធ្ងរ​ផង​ដែរ ​ដូច្នេះ​សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​ជាប់​គាំង​ទាំង​ស្រុង។

លោក ទូច វិបុល បញ្ជាក់​ថា លោក ហ៊ុន សែន ពិតជាបារម្ភ​ខ្លាំង​ណាស់​អំពី​រឿង​នេះ ​ដែល​វា​ពិត​ជា​វិបត្តិ​ដ៏ធ្ងន់ធ្ងរ​ចំពោះ​រដ្ឋា​ភិបាល​​របស់​​លោក ក្នុង​​ការ​​គ្រប់​គ្រង​បៀវត្សរ៍​បស់​មន្ត្រី​រាជការ។ លោក​​បន្ត​ថា ប្រសិន​បើ​មន្ត្រី​រាជការ​ងើប​ឡើង​តវ៉ា​ជា​ទ្រង់​ទ្រាយ​​ធំ នោះ​អំណាច​​របស់​លោក ហ៊ុន សែន ប្រាកដ​ជា​របូត​មិន​ខាន។ ពេល​នោះ គ្រោះ​​ដ៏​កាច​នេះ​មិន​មែន​ត្រឹម​តែ​ធ្លាក់​លើ​គាត់​មា្នក់​ឯង​​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​ធា្លក់​ដល់​កូន​ចៅ​លោក ហ៊ុន សែន ត​ជំនាន់​ទៀត​ផង។

កាលពីថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០ កន្លង​ទៅ សមាជិកសភា និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ចំនួន ៨ រូប រួម​មាន​លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) លោក ថិត យ៉ូហូ (Ted Yoho) និង​សមាជិក​សភា ៦ រូប​ផ្សេង​ទៀត បាន​ជុំរុញ​ទៅ​លោក ម៉ៃ ផុម​ផេអូ (Mike Pompeo) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ ឲ្យ​អន្តរាគមន៍​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ របស់​សហរដ្ឋ​អាមេ​រិក​ ប្រើ​​ច្បាប់ Magnet Ski Act ដាក់​​ទណ្ឌកម្ម​​បង្កក​ទ្រព្យ​សម្បត្តិ និង​បិទ​ទិដ្ឋាការ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​​កម្ពុជា ព្រម​ទាំង​មន្ត្រី​យោធា និង​​មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ ​ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​កន្លង​មក។

សមាជិកសភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​លទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៩ ដែល​មាន​ឈ្មោះ​ថា Cambodia Democracy Act ឬ H.R. 526។ ខ្លឹមសារ​នៃ​សេចក្តី​ស្នើ​ច្បាប់​នេះ ​សំដៅ​​ដាក់​ទណ្ឌកម្ម​​លើ​មន្រ្តី​ជាន់ខ្ពស់​នៅ​កម្ពុជា ដែល​ស្និទ​នឹង​លោក ហ៊ុន សែន ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

កាលពីឆ្នាំ​២០១៨ សភាសហរដ្ឋ​អាមេរិក បាន​សម្រេច​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ពុជា លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ១៧ រូប ដោយ​ហាម​មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិក និង​បង្កក​ទ្រព្យ​សម្បត្តិ​ផង​ដែរ រួមមាន លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត អ្នកស្រី ហ៊ុន ម៉ាណា លោក ស ខេង លោក ទៀ បាញ់ និងលោក អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ផង​ដែរ។ លើស​ពី​នេះ មាន​លោក ឱម យិ នទៀង  ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ប៉ុ ល សារឿន អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក នេត សាវឿន អគ្គស្នងការ​នគរ​បាល​ជាតិ លោក គន់ គីម មេបញ្ជាការរង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​មន្ត្រី​គ្រាក់ៗ ដែល​ជា​ដៃ​ជើង​បក្ខពួក​របស់​លោក ហ៊ុន សែន ចំនួន ៧ នាក់ ផ្សេង​ទៀត។

កាលពីដើម ឆ្នាំ​២០២០ គណៈកម្មការ​អឺរ៉ុប បាន​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា ដោយ​ព្យួរ​​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ២០%  ដោយ​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​រំលោភ​បំពាន ​ប្រព័ន្ធ​គោលការណ៍​សិទ្ធិមនុស្ស​ដែល​មាន​ចែង​នៅ​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ៕

.