The Cambodia Daily
25-10-2023
អង្គការអន្តរជាតិឈ្មោះ Bruno Manser Fonds ដែលមានមូលដ្ឋាននៅប្រទេសស្វីស ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ដកអាជ្ញាប័ណ្ណក្រុមហ៊ុនរុករករ៉ែមួយ ឈ្មោះ Late Cheng Mining Development Co., Ltd ដែលម្ចាស់ក្រុមហ៊ុនភាគច្រើនជាជនជាតិចិន និងហាមឃាត់គម្រោងអាជីវកម្មរ៉ែធំៗ នៅក្នុងតំបន់ជម្រកសត្វព្រៃព្រៃឡង់ នាពេលអនាគត បន្ទាប់ពីរកឃើញថា ក្រុមហ៊ុននេះ មិនត្រឹមតែជីកយករ៉ែមាស និងរ៉ែថ្មកំបោរទេ ប៉ុន្តែពួកគេបាននាំគ្នាកាប់ឈើខុសច្បាប់ និងធ្វើសកម្មភាពបរបាញ់សត្វព្រៃខុសច្បាប់ថែមទៀត ដែលសកម្មភាពទាំងនេះ កំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ព្រៃឈើ និងជីវិតរបស់ប្រជាជនក្នុងតំបន់នោះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ Bruno Manser Fonds ដែលធ្វើការខាងផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រុមហ៊ុន Late Cheng Mining Development កំពុងតែអភិវឌ្ឍអណ្ដូងរ៉ែមាសខ្នាតធំចំនួនពីរ នៅក្នុងភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ហើយដែលការអភិវឌ្ឍទាំងនេះ បានបង្កការគំរាមកំហែងដោយផ្ទាល់ ទៅលើបរិស្ថានជីវចម្រុះ ជាពិសេសព្រៃឈើបៃតងនៃអាស៊ី។
សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ក្នុងន័យដើមថា ការអភិវឌ្ឍថ្មីៗទាំងនេះ បាននាំឱ្យមានការចោទសួរពីភាពត្រឹមត្រូវតាមច្បាប់នៃគម្រោងទាំងនេះ។
ដែនជម្រកសត្វព្រៃឡង់ មានទំហំ ៤០ម៉ឺនហិកតារ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦ ដើម្បីការពារបេះដូងរបស់ព្រៃឡង់ ហើយគម្រោងនៃការរុករករ៉ែមាសទាំងនេះ ប្រាកដណាស់មិនស្របនឹងការការពារនៃតំបន់នោះទេ។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ការគំរាមកំហែងទាំងនេះ រួមគ្នាធ្វើឱ្យបាត់បង់ដីរាប់ពាន់ហិកតារ ព្រៃឈើ និងជីវចម្រុះ ដែលមិនអាចទាយទុកជាមុនបាន។
ឥទ្ធិពលដ៏កាចសាហាវនៃសារធាតុគីមីម្យ៉ាងឈ្មោះ ស៊ីយ៉ាន (Cyanide) ដែលក្រុមហ៊ុនចិនទាំងនោះ បានប្រើក្នុងការរុករករ៉ែនៅតំបន់ព្រៃឡង់ ដែលបណ្តាលមកពីការកំពប់ ឬការលេចធ្លាយនៅលើដី ឬក្រោមទឹក ជាដើម កំពុងបង្កហានិភ័យដល់បរិស្ថាន មនុស្ស និងសត្វនៅតំបន់នោះគួរឱ្យបារម្ភជាទីបំផុត។
សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា អង្គការ Bruno Manser Fonds ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដកអាជ្ញាប័ណ្ណក្រុមហ៊ុនរ៉ែ ហើយហាមឃាត់គម្រោងអាជីវកម្មរ៉ែធំៗ នៅក្នុងតំបន់ជម្រកសត្វព្រៃព្រៃឡង់ នាពេលអនាគត ហើយថាការជីកយករ៉ែមាស ការកាប់ឈើខុសច្បាប់ ការជីកយករ៉ែថ្មកំបោរ ការអភិវឌ្ឍខ្សែបញ្ជូន និងការបរបាញ់ ក៏បង្កការគំរាមកំហែងដល់ព្រៃឈើ និងជីវិតរបស់ប្រជាជនក្នុងតំបន់។
នៅក្នុងរបាយការណ៍ស៊ើបអង្កេតអន្តរជាតិដដែល បានចងក្រងជាង ៨០ទំព័រ លាតត្រដាងអំពីផលប៉ះពាល់ចំពោះបរិស្ថានក្នុងតំបន់ជម្រកសត្វព្រៃព្រៃឡង់ ដែលក្រុមហ៊ុន Late Cheng Mining Development កំពុងតែអភិវឌ្ឍលើអណ្ដូងរ៉ែមាសខ្នាតធំចំនួនពីរ នៅក្នុងភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្រោយរដ្ឋាភិបាលកម្ពុជា ចេញអាជ្ញាប័ណ្ណអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនចិនមួយនេះធ្វើសកម្មភាពរុករករ៉ែ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់សព្វថ្ងៃនេះ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា ក្រុមហ៊ុន Late Cheng Mining Development ជាគម្រោងវិនិយោគអាជីវកម្មរ៉ែមាស ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្នុងទុនវិនិយោគប្រមាណ ១៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។ ក្រុមហ៊ុននេះ មានសិទ្ធិរុករកលើផ្ទៃដីជាង ១០០គីឡូម៉ែត្រក្រឡា (១៥១ គីឡូម៉ែត្រក្រឡា) ដើម្បីធ្វើសកម្មភាពរុករករ៉ែរយៈពេល ១៥ឆ្នាំ នៅក្នុងតំបន់ព្រៃឡង់នេះ។
កាលពីអំឡុងឆ្នាំ២០២០ ក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា មានក្រុមហ៊ុនចំនួន ៣ ដែលទទួលបានសិទ្ធិរុករករ៉ែទង់ដែង និងរ៉ែមាសនៅកម្ពុជា ដូចជា ក្រុមហ៊ុន Continental Copper (Cambodia) Co., Ltd ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd និងក្រុមហ៊ុន Late Cheng Mining Development Co., Ltd។
ទាក់ទិននឹងបញ្ហានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានចេញរបាយការណ៍របស់ខ្លួន កាលពីពេលកន្លងទៅដែរថា ក្រុមហ៊ុន Continental Copper មានសិទ្ធិរុករករ៉ែ លើផ្ទៃដីទំហំ ២០០គីឡូម៉ែត្រក្រឡា ក្នុងខេត្តសៀមរាប ដែលស្ថិតក្នុងឃុំតាសៀម ស្រុកស្វាយលើ និងឃុំខ្វាវ ស្រុកជីក្រែង ចំណែកក្រុមហ៊ុន Renaissance Minerals មានសិទ្ធិរុករករ៉ែលើទំហំផ្ទៃដីជិត ៤០០គីឡូម៉ែត្រក្រឡា (៣៩១ គីឡូម៉ែត្រក្រឡា) ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រុមហ៊ុនបរទេសដូចជា ចិន កូរ៉េ ជប៉ុន ដែលធ្វើអាជីវកម្មរ៉ែមាសនៅក្នុងខេត្តកំពង់ធំ មានអាជ្ញាប័ណ្ណស្របច្បាប់ ហើយក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ តែងរាយការណ៍ពីសកម្មភាពរបស់អាជីវកម្មខ្លួន ជារៀងរាល់ឆ្នាំមកកាន់អភិបាលខេត្ត។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ តុលា នេះថា រដ្ឋាភិបាលកម្ពុជា មិនខ្វល់ពីរឿងផលប៉ះពាល់លើបរិស្ថាន ឬផលប៉ះពាល់ដល់ពលរដ្ឋនោះទេ សំខាន់ឱ្យតែក្រុមហ៊ុនទាំងនោះ អាចផ្តល់លុយតាមតម្រូវការរបស់ខ្លួនប៉ុណ្ណោះ ខណៈក្រុមហ៊ុនចិនដែលទទួលបានសិទ្ធិរុករករ៉ែមាសទាំងនោះ ក៏មិនខ្វល់ដូចរដ្ឋាភិបាលកម្ពុជាដែរ ឱ្យតែពួកគេអាចទទួលបានផលចំណេញពីអាជីវកម្មនេះ ដូច្នេះអ្នកដែលរងផលប៉ះពាល់ពិតប្រាកដ គឺជាប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ។
លោក ម៉ែន ណាត បញ្ជាក់ថា ការវិនិយោគពីក្រុមហ៊ុនបរទេស ប្រទេសណាក៏គេធ្វើដែរ ប៉ុន្តែមិនមែនដូចរដ្ឋាភិបាលកម្ពុជា ដែលគិតតែពីលុយ ដែលខ្លួនទទួលបានតាមរយៈនៃការឃុបឃិត ជាមួយក្រុមហ៊ុនឯកជននោះទេ គឺពួកគេគិតគូរពីផលប៉ះពាល់ រួមទាំងវិធានការទប់ស្កាត់ ក្រោមលក្ខខណ្ឌដែលមានតម្លាភាពរួចជាស្រេច ដូច្នេះហើយបានជារាល់ការវិនិយោគរបស់បណ្តាប្រទេស ដែលមានរដ្ឋាភិបាលត្រឹមត្រូវ តែងតែផ្តល់ផលប្រយោជន៍ឱ្យប្រជាជនរបស់ពួកគេ គ្រប់គម្រោងវិនិយោគទាំងអស់។
ព្រៃឡង់មានផ្ទៃដីប្រមាណ ៥០ម៉ឺនហិកតារ គ្របដណ្ដប់ខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង ដែលជាព្រៃធំជាងគេនៅកម្ពុជា និងត្រូវបានរដ្ឋាភិបាល កំណត់ជាតំបន់ការពារ នៅក្នុងឆ្នាំ២០១៦ ក្នុងនោះ ក្រសួងរ៉ែ និងថាមពល ក៏ធ្លាប់ចេញលិខិតដាក់ផ្ទៃដីជាង ១ម៉ឺនហិកតារ (១៥១០០ ហិកតារ) ដែលភាគច្រើនស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ កាលពីអំឡុងខែមីនា ឆ្នាំ២០២០ កន្លងទៅផងដែរ សម្រាប់ទទួលក្រុមហ៊ុនណាដែលមានបំណងទៅវិនិយោគលើការរុករករ៉ែ នៅលើទឹកដីកម្ពុជា។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក អ៊ឹង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ដើម្បីសុំការបំភ្លឺជុំវិញករណីនេះ បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕