……………….
តុលាការភ្នំពេញ កោះហៅលោក សម រង្ស៊ី និងអ្នកជិតស្និទ្ធ ឲ្យចូលសវនការនៅពាក់កណ្តាលខែកញ្ញា
The Cambodia Daily
24-8-2022
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់ ៨ នាក់ទៀត រួមជាមួយសកម្មជន សរុបជាង ៣០ នាក់ ដែលបានរងការចោទប្រកាន់ក្នុងសំណុំរឿង «រួមគំនិតក្បត់» ឲ្យចូលសវនាការនៅពាក់កណ្តាល ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានចេញដីកាកោះហៅអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សនេះ ៨ នាក់ទៀត រួមមាន អ្នកស្រី ជូឡុង សូមូរ៉ា លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក នុត រំដួល លោក ម៉ែន សុថាវរិន្ទ លោក ឡុង រី លោក អ៊ូ ច័ន្ទឫទ្ធិ និងលោក ហូរ វ៉ាន់ ជាដើម ឲ្យចូលរួមសវនាការ ដើម្បីឆ្លើយដោះសាពីការចោទប្រកាន់លើពួកគេ ចំពោះមុខសាលាដំបូងរាជធានីភ្នំពេញ ខណៈសកម្មជនប្រមាណជា ៣០ នាក់ផ្សេងទៀត ក៏ត្រូវចូលខ្លួនឆ្លើយបំភ្លឺក្នុងសវនាការនេះដែរ។
លោក សេង ហៀង អះអាងថា ករណីបទល្មើសរួមគំនិតក្បត់នេះ បានប្រព្រឹត្តនៅប្រទេសកម្ពុជា និងកន្លែងផ្សេងទៀត កាលពីឆ្នាំ២០២០ និងពេលបន្តបន្ទាប់ទៀត ដែលបានបំពានទៅនឹងបញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌយ៉ាងធ្ងន់ធ្ងរ។
ការចេញដីកាកោះហៅឲ្យចូលសវនាការនេះ ធ្វើឡើងបន្ទាប់ពីអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី រួមជាមួយមន្ត្រីជាន់ខ្ពស់ដែលស្និទ្ធនឹងលោក និងសកម្មជនមួយចំនួនទៀត ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ដូចគ្នា កាលពីពេលកន្លងទៅនោះ។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ប៊ុន សុសិក្ខា បានយកដីកាកោះហៅអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី និងសកម្មជនដែលមានចំនួនសរុប ៣៤ នាក់ ទៅបិទនៅសាលាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ទី២២ សីហា នេះ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ សីហា នេះថា តុលាការកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលឯកបក្សសព្វថ្ងៃនេះ មិនបានបំពេញតួនាទីរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ដើម្បីធានានូវប្រព័ន្ធយុត្តិធម៌នៅកម្ពុជានោះទេ។
លោក ម៉ែន ណាត លើកឡើងថា ស្ថាប័នតុលាការបច្ចុប្បន្ននេះ ត្រូវបានមេដឹកនាំបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ប្រើប្រាស់ជាឧបករណ៍ ដើម្បីបម្រើនយោបាយរបស់ខ្លួនគ្រប់ពេលទាំងអស់ ប៉ុន្តែមេដឹកនាំនយោបាយ ក៏មិនគួរធ្វើរឿងណាដែលរំលោភច្បាប់នោះដែរ ព្រោះថា នៅពេលដែលពួកគេប្រព្រឹត្តខុសច្បាប់ដែលមានចែង គឺជាការផ្តល់ឱកាស សម្រាប់បក្សកាន់អំណាច អាចធ្វើទុក្ខបុកម្នេញលើសកម្មជនដែលគាំទ្រ និងអនុវត្តតាមផែនការរបស់ខ្លួនប៉ុណ្ណោះ។
កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ ជាដើម ព្រមទាំងមន្ត្រីដែលស្និទ្ធនឹងលោក សម រង្ស៊ី មួយចំនួនទៀតពីបទរួមគំនិតក្បត់ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីលោក សម រង្ស៊ី អំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ និងពលរដ្ឋងើបឡើងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន កាលពីដើមខែតុលា នោះ។
ជាក់ស្តែងកាលពីឆ្នាំ២០០៦ លោក សម រង្ស៊ី ធ្លាប់បានសហការជាមួយលោក ហ៊ុន សែន កែប្រែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មកជា ៥០%+១ ដែលពួកគេអាចទទួលបានផលប្រយោជន៍រៀងខ្លួន ក្នុងនោះលោក ហ៊ុន សែន អាចបង្កើតរដ្ឋាភិបាល ដោយមិនត្រូវការគណបក្សហ៊្វុនស៊ិនប៉ិច ចូលរួមជាមួយ ដើម្បីបង្គ្រប់សំឡេង ២ភាគ៣។ ចំណែកលោក សម រង្ស៊ី ក៏មានឱកាសកម្ចាត់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ចេញពីឆាកនយោបាយផងដែរ។
ក្រុមអ្នករិះគន់ខ្លះនិយាយថា គណបក្សភ្លើងទៀន ដែលគេអះអាងថា មានលោក សម រង្ស៊ី នៅពីក្រោយ នឹងជួយឲ្យគណបក្សកាន់អំណាច ឈ្នះឆ្នោតដោយស្របច្បាប់ម្តងទៀត ក្រោយការបោះឆ្នោតជាតិ ឆ្នាំ២០២៣ បន្ទាប់ពីគណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោត ហើយទទួលបានកៅអីក្នុងសភាខ្លះ ដែលបង្ហាញឲ្យឃើញថា មានគណបក្សចម្រុះក្នុងសភាជាតិ មិនមែនឯកបក្សដូចសព្វថ្ងៃនេះ ហើយពេលនោះ ក៏ជាពេលដែលលោក សម រង្ស៊ី ទទួលបានការលើកលែងទោសពីលោក ហ៊ុន សែន ដើម្បីចូលទៅកម្ពុជាវិញដែរ៕

……………….
លោក សម រង្ស៊ី ប្រកាសមាតុភូមិនិវត្តន៍ ចូលសវនការនៅភ្នំពេញ ប៉ុន្តែអ្នកឃ្លាំមើលថា ជាការនិយាយកុហក
The Cambodia Daily
24-8-202
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ប្រកាសថា នឹងទៅចូលរួមសវនាការក្នុងទីក្រុងភ្នំពេញ នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះជាមួយនឹងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ដែលកំពុងរស់នៅក្រៅស្រុក ប៉ុន្តែរដ្ឋាភិបាល ត្រូវលុបចោលបម្រាម ដែលធ្លាប់បិទផ្លូវលោកមិនឱ្យវិលចូលស្រុកកន្លងមក ព្រមទាំងអនុញ្ញាតឲ្យពលរដ្ឋខ្មែរទៅ ទទួលរូបលោកតាមការស្ម័គ្រចិត្ត នៅពេលដែលលោកធ្វើដំណើរទៅដល់ប្រទេសកម្ពុជា។
អតីតមេដឹកនាំបក្សប្រឆាំង ដែលកំពុងរស់នៅក្រៅស្រុក លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នេះថា បើមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន មានភាពក្លាហានឲ្យលោក វិលត្រឡប់ទៅកម្ពុជាពិតប្រាកដមែន រដ្ឋាភិបាលឯកបក្សរបស់គាត់ ត្រូវតែលើកបម្រាមមួយចំនួន ដែលធ្លាប់ហាមឃាត់រូបលោកនាពេលកន្លងមក។
អតីតមេដឹកនាំប្រឆាំងរូបនេះ មានលក្ខខណ្ឌមួយចំនួនដែលចង់ឲ្យលោក ហ៊ុន សែន ដកបម្រាម គឺ៖
- ទី១ លោក ហ៊ុន សែន ធ្លាប់ហាមក្រុមហ៊ុនអាកាសចរណ៍នានា មិនឲ្យដឹករូបលោក ទៅកាន់អាកាសយានដ្ឋានណាមួយ នៅប្រទេសកម្ពុជា។
- ទី២ ដកបម្រាមដែលលោក ហ៊ុន សែន បានអង្វររដ្ឋាភិបាលថៃ ហាមឃាត់រូបលោក មិនឲ្យធ្វើដំណើរឆ្លងកាត់ប្រទេសថៃ ឆ្ពោះទៅប្រទេសកម្ពុជា តាមផ្លូវគោក ដោយឆ្លងកាត់ទឹកដីថៃ។
- ទី៣ ដកការហាមឃាត់មិនឲ្យពលរដ្ឋខ្មែរ ទៅទទួលរូបលោកតាមការស្ម័គ្រចិត្ត នៅពេលដែលលោកធ្វើដំណើរទៅដល់កម្ពុជា។
លោក សម រង្ស៊ី បញ្ជាក់ថា ជារឿងដែលគួរឲ្យអស់សំណើច ដែលលោក ហ៊ុន សែន បានបញ្ជាឲ្យតុលាការចេញដីកាចាប់ខ្លួនលោក យកទៅកាត់ទោសតាមសាច់រឿងដែលពួកគេ បានប្រឌិតឡើង ប៉ុន្តែនៅពេលលោក ត្រៀមចូលទៅកម្ពុជា ឲ្យតុលាការកម្ពុជាចាប់ខ្លួន ស្រាប់តែរដ្ឋាភិបាលលោក ហ៊ុន សែន ប្រើវិធីហាមឃាត់ មិនឲ្យលោកអាចធ្វើដំណើរទៅប្រទេសកម្ពុជា បានទៅវិញ។
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សនេះ ៨ នាក់ទៀត រួមមានអ្នកស្រី ជូឡុង សូមូរ៉ា លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ ជាដើម ឲ្យចូលរួមសវនាការ ដើម្បីឆ្លើយដោះសាពីការចោទប្រកាន់លើពួកគេ ចំពោះមុខសាលាដំបូងរាជធានីភ្នំពេញ ខណៈសកម្មជនប្រមាណជា ៣០ នាក់ផ្សេងទៀត ក៏ត្រូវចូលខ្លួនឆ្លើយបំភ្លឺក្នុងសវនាការនេះដែរ។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ ខែសីហា នេះថា ការទាមទារឲ្យរដ្ឋាភិបាលកម្ពុជា លើកបម្រាមដើម្បីឲ្យលោក សម រង្ស៊ី អាចវិលទៅកម្ពុជាវិញ ក្នុងបំណងចូលរួមសវនាការ នៅពេលខាងមុខនេះ គ្រាន់តែជាការបង្កើតព្រឹត្តិការណ៍នយោបាយ ដើម្បីកុហក ឲ្យពលរដ្ឋឃើញសកម្មភាពនយោបាយរបស់គាត់ ក្នុងការតតាំងជាមួយមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន តែប៉ុណ្ណោះ ខណៈបំណងពិតប្រាកដរបស់លោក សម រង្ស៊ី នៅពេលនេះ មិនមានគម្រោងវិលទៅកម្ពុជាពិតប្រាកដនោះឡើយ។
លោក សេក សុជាតិ អះអាងថា ក្នុងនាមលោក សម រង្ស៊ី ដែលកាន់លិខិតឆ្លងដែនសញ្ជាតិបារាំង គាត់អាចទិញសំបុត្រធ្វើដំណើរពីក្រុមហ៊ុនទាំងអស់ ដោយគ្មានបញ្ហានោះទេ នៅពេលដែលលិខិតឆ្លងដែនកម្ពុជារបស់គាត់ ផុតសុពលភាព។ លោកបន្ថែមថា នៅពេលដែលលោកទិញសំបុត្រយន្តហោះ ទៅកម្ពុជា ហើយមានក្រុមអាកាសចរណ៍ណាមួយ ចេញមុខបដិសេធមិនលក់ឲ្យ នោះលោក សម រង្ស៊ី អាចដាក់លិខិតទៅក្រសួងពាក់ព័ន្ធនានាដើម្បីសុំការបកស្រាយ និងសុំការអន្តរាគមន៍លើហេតុផលនេះ។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះ បញ្ជាក់ថា ក្នុងឋានៈលោក សម រង្ស៊ី ជាអតីតមេដឹកនាំប្រឆាំង ដែលល្បីល្បាញមួយរូប លោកក៏អាចដាក់លិខិត ទៅកាន់មេដឹកនាំក្នុងតំបន់អាស៊ាន ឲ្យជួយសម្របសម្រួលថែមទៀត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការប្រកាសរបស់លោក សម រង្ស៊ី ថាគ្រាន់តែជាការនិយាយយកបុងឱ្យខ្លួនឯង ឬនិយាយឱ្យល្អស្ដាប់តែប៉ុណ្ណោះ។ លោកថា លោក សម រង្ស៊ី នឹងមិនក្លាហានមកកម្ពុជាទេ ព្រោះបើមក លោក សម រង្ស៊ី អាចប្រឈមនឹងជាប់ពន្ធនាគារប្រមាណ ១៦០ ឆ្នាំឯណោះ។
អតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ធ្លាប់បានធ្វើមាតុភូមិនិវត្តន៍ម្តងរួចមកហើយ គឺនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែត្រូវបរាជ័យទាំងស្រុង ខណៈសកម្មជន និងមន្ត្រីបក្សនេះ ត្រូវរងនូវការចាប់ឃុំខ្លួន និងកាត់ទោសពីសំណាក់តុលាការកម្ពុជា ក្រោមបទចោទ ប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរដ្ឋាភិបាលរបស់បុរសខ្លាំង រហូតមកដល់សព្វថ្ងៃនេះ។ ចំណែកការប្រកាសធ្វើមាតុភូមិនិវត្តន៍ លើកទី២ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានស្ងប់ស្ងាត់ទៅវិញ រហូតដល់ពេលនេះផងដែរ៕

.