អត្ថបទ៖ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) / 29-10-2020
ក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែន បានជំទាស់ទៅនឹងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម ដែលធ្វើឡើងដោយស្ងាត់ៗ និងអាថ៌កំបាំង។
ប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រកាសនៅលើគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី ២៧ ខែតុលា ថា សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងប្រទេសកម្ពុជា និងវៀតណាម ដែលត្រូវបានបញ្ជូនដល់ដៃ គណៈកម្មាធិការជំនាញរដ្ឋសភា របស់លោក ហេង សំរិន គឺជាការធ្វើឡើងដោយស្ងាត់ៗ និងមានអាថ៌កំបាំង ដូចដែលរដ្ឋាភិបាល លោក ហ៊ុន សែន ធ្លាប់បានធ្វើកន្លងមកដែរ។ តួយ៉ាង ដូចជាឯកសារសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥, សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ និងការធ្វើផែនទីថ្មី ខ្នាត ១/២៥.០០០ ជាដើម។
ការជំទាស់របស់ក្រុមនេះ ធ្វើឡើង ក្រោយពេល គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា បានបើកកិច្ចប្រជុំជាមួយ គណៈកម្មការជំនាញនៃរដ្ឋសភា ដើម្បីឆ្លងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងប្រទេសកម្ពុជា និងវៀតណាម មុននឹងដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំរដ្ឋសភាពេញអង្គ នៅថ្ងៃទី ០២ ខែវិច្ឆិកា។
នាយកដ្ឋានព័ត៌មាន នៃក្រសួងការពារជាតិ កាលពីថ្ងៃទី២៦ តុលា បានឱ្យដឹងថា អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន អ្នកស្រី កុយ ពិសី បានបញ្ជាក់ ក្នុងកិច្ចប្រជុំនោះថា ខាងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ហើយចំណែកខាងរដ្ឋសភាឯកបក្ស មានលោក ហ៊ុន ណេង ដែលជាប្រធានគណៈកម្មការទី៤ និងតំណាងគណៈកម្មការទី៥ គណៈកម្មការទី៦ នៃរដ្ឋសភា ចូលរួមផងដែរ។
អ្នកស្រី បន្ថែមថា កិច្ចប្រជុំនោះ ធ្វើឡើង ដើម្បីឆ្លងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម ដែលបានចុះហត្ថលេខា នាថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៩ ហើយដែលត្រូវបាន គណៈរដ្ឋមន្រ្តីអនុម័តទទួលយក កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ដើម្បីត្រៀមដាក់បញ្ជូលទៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាពេលខាងមុខ។
លោក ម៉ែន ណាត យល់ថា សេចក្តីព្រាងច្បាប់ស្តីពិធីសារព្រំដែនថ្មីនេះ មានលក្ខណៈដូចគ្នានឹងសន្ធិសញ្ញាព្រំដែនមុនៗ ពោលគឺ «រដ្ឋាភិបាលលោក ហ៊ុន សែន រៀបចំដើម្បីបំពេញតាមមហិច្ចតារបស់វៀតណាម ក្នុងការឈ្លានពានបូរណភាពទឹកដីខ្មែរ យ៉ាងពិតប្រាកដ»។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រូបនេះ ប្រឆាំងដាច់ខាត ចំពោះការអនុម័តយល់ព្រមលើសេចក្តីព្រៀងច្បាប់នោះ ដែល«ធ្វើឡើងដោយស្ងាត់ៗ និងមានអាថ៌កំបាំង ពេលនេះ»។
លោក ផ្តល់យោបល់ថា ដើម្បីជៀសផុតពីការចោទប្រកាន់ រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែបង្ហាញសេចក្តីព្រាងច្បាប់នោះ ជាសាធារណៈ ដើម្បីឲ្យអ្នកច្បាប់ និងអ្នកជំនាញ ពីគ្រប់ភាគី មានពេលវេលាគ្រប់គ្រាន់ ធ្វើការសិក្សាស្រាវជ្រាវពីផលប៉ះពាល់នានា ជាមុន ប្រសិនបើរដ្ឋាភិបាលកម្ពុជា មានចិត្តគំនិតចង់កសាងកិត្តិយសខ្លះ ក្នុងប្រវត្តិសាស្រ្តព្រំដែនកម្ពុជា សម្រាប់អ្នកជំនាន់ក្រោយនោះ។
ជាមួយគ្នានេះ លោកក៏អំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវដោះលែងសកម្មជនព្រំដែន និងអ្នកទោសមនសិការទាំងអស់ ឲ្យមានសេរីភាពឡើងវិញ និងដោយគ្មានលក្ខខណ្ឌ៕

.
.