(CWCI Cambodia អត្ថបទដោយ នគរ /២១ ធ្នូ ២០១៩)
ព្រះរាជក្រមព្រះមហាក្សត្រ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខាពីថ្ងៃទី ៥ ធ្នូ ប្រកាសឲ្យប្រើ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០១៩ នាំឲ្យមានប្រតិកម្មចម្រុះ និង មានសារកាន់ទុក្ខក្រៀមក្រំ ពីសំណាក់ក្រុមអ្នកធ្វើកិច្ចការព្រំដែន សកម្មជនព្រំដែន ពលរដ្ឋ និង គណបក្សនយោបាយមួយចំនួនថា «សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មីនេះ ធ្វើឲ្យកម្ពុជា បាត់បង់បូរណភាពទឹកដី ព្រមទាំងវាធ្វើឡើងខណៈពេល កម្ពុជា មានវិបត្តិនយោបាយ និង មិនទាន់មានឯកភាពជាតិនៅឡើយ»។ ព្រះរាជក្រមនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី ២០ ខែធ្នូ នេះ។
ព្រះរាជក្រមព្រះមហាក្សត្រ មាន ២ ទំព័រ និងមាន ៣ មាត្រា ព្រមទាំងមានភ្ជាប់ខ្លឹមសារទាំងស្រុង ស្តីពីសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មី ត្រូវបានស្នើឡើងដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តី វៀតណាម ចុះហត្ថលេខារួមគ្នា នៅទីក្រុងហាណូយ កាលពីថ្ងៃទី ០៥ តុលា ២០១៩ «ដើម្បីទទួលស្គាល់ទៅលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និង សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម បន្ទាប់ពីប្រទេសទាំង ២ បោះបង្គោលព្រំដែន បាន ៨៤%ហើយនោះ»។ {(សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០១៩ សូមទាញយកខ្លឹមសារទាំងស្រុង (ទាញយក / Download)។ អត្ថបទនេះវិញ គឺព្រះរាជក្រឹត្យព្រះមហាក្សត្រ លើសន្ធិសញ្ញានេះ (Download)}។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី RFA ថ្ងៃទី ២០ ខែធ្នូនេះ លោក អ៊ុំ សអាន អតីតសមាជិសភាពីគណបក្សសង្គ្រោះជាតិ យល់ថា «ព្រះមហាក្សត្រ ទំនងជាមិនចង់ឡាយព្រះហស្តលេខា លើសន្ធិសញ្ញានេះឡើយ ប៉ុន្តែដោយសារមានគំនាប ពីលោក ហ៊ុន សែន ទើបព្រះអង្គសម្រេចព្រះទ័យបែបនេះ»។ លោក បន្តថា «ការឡាយព្រះហស្តលេខា របស់ព្រះមហាក្សត្រនេះ ប្រៀបបាននឹងការកាត់ទឹកដីខ្មែរ ឱ្យទៅវៀតណាមដូច្នេះដែរ ព្រោះសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ ២០១៩ នេះ ធ្វើឡើងដោយផ្អែកលើសន្ធិសញ្ញាខុសច្បាប់ ឆ្នាំ ១៩៨៥ និងឆ្នាំ ២០០៥»។ លោក អ៊ុំ សំអាន បញ្ជាក់ថា «សន្ធិសញ្ញាបំពេញបន្ថែម ២០១៩ ហ្នឹង យកតាមសន្ធិសញ្ញាខុសច្បាប់ ឆ្នាំ ១៩៨៥ សម័យយួន គ្រប់គ្រងកម្ពុជា {ដោយខុសច្បាប់អន្តរជាតិផង}។ យើងដឹងហើយថា សន្ធិសញ្ញា ឆ្នាំ ១៩៨៥ ហ្នឹង វាផ្ទុយទៅនឹង មាត្រា២ និង មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ហើយវាផ្ទុយទៅនឹង កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលតម្រូវឱ្យទុកជាមោឃៈ (លុយចោល) នូវសន្ធិសញ្ញាទាំងអស់ហ្នឹង»។
លោក អ៊ុំ សំអាន រំពឹងថា «រឿងព្រំដែន ជាមួយប្រទេសវៀតណាមនេះ នឹងមានការសើររើឡើងវិញ នៅពេលណា កម្ពុជា មានរដ្ឋាភិបាលថ្មីណាមួយ ដែលតំណាងឲ្យផលប្រយោជន៍ជាតិ និងបម្រើផលប្រយោជន៍ពលរដ្ឋខ្មែរ»។
ផ្សព្វផ្សាយលើបណ្តាញសង្គម នៅថ្ងៃទី ២១ ខែធ្នូនេះ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវេស៍ (Norway) ប្រកាសកាន់ទុក្ខក្រៀមក្រំ ជាមួយពលរដ្ឋខ្មែរ ចំពោះការបាត់បង់បូរណភាពទឹកដីខ្មែរ ក្រោយពេលព្រះមហាក្សត្រ ឡាយព្រះហសត្ថលេខាទៅលើ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០១៩។ លោកបញ្ជាក់ថា «កាលពីឆ្នាំ ២០០៥ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអំពាវនាវឲ្យពលរដ្ឋខ្មែរ ចូលរួមកាន់ទុក្ខម្តងរួចហើយ បន្ទាប់ពីលោក ហ៊ុន សែន គំរាមកំហែងព្រះមហាក្សត្រ ឲ្យឡាយព្រះហស្ថលេខាទៅលើ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ យ៉ាងចម្រូងចម្រាស ដែលនាំឲ្យមានការបោះបង្គោលព្រំដែន ធ្វើឲ្យបាត់បង់ដីស្រែចំការរបស់ពលរដ្ឋខ្មែរ នៅតាមជាយដែនវៀតណាម រហូតមកដល់សព្វថ្ងៃ»។
លោក ម៉ែន ណាត បានធ្វើសេចក្តីពន្យល់បន្ថែម អំពី«ប្រវត្តិនៃការបោះបង្គោលព្រំដែនខ្មែរ» ពីសម័យអាណានិគមបារាំងថា «កម្ពុជា មានការបោះបង្គោលព្រំដែន ៣ លើកមកហើយគឺ៖ លើកទី១. តាមអនុសញ្ញាបារាំង ឆ្នាំ១៨៧៣ បោះបាន ១២៤ បង្គោល។ លើកទី២. តាមសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ បោះបាន ៧២ បង្គោល។ លើកទី៣. តាមសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ត្រូវបោះ ៣៧៥ បង្គោល។ ការប៉បោះបង្គោលព្រំដែន លើកទី២ និងលើកទី៣ គឺធ្វើឲ្យវៀតណាម រំកិលព្រំដែន ចូលមកក្នុងបូរណភាពទឹកដីខ្មែរ»។
លោក ម៉ែន ណាត រំលឹកថា «កាលពពីឆ្នាំ ១៩៩៣ សម្តេចតា នរោត្តម សីហនុ ធ្លាប់បានសរសេរលិខិត ទៅកាន់លោក ហ៊ុន សែន និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ក្នុងនាមជាសហនាយករដ្ឋមន្រ្តី ឲ្យអ្នកទាំង ២ យកបង្គោលព្រំដែនសម័យអាណានិគម បារាំង ទាំង ១២៤ បង្គោល ទៅដាក់នៅត្រង់កន្លែងដើមវិញ ប៉ុន្តែលោក ហ៊ុន សែន និងសម្តេចក្រុមព្រះ មិនបានស្តាប់តាមសម្តេចតាទេ ហើយពួកគេ ថែមទាំងបំពានរដ្ឋធម្មនុញ្ញ ធ្វើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥ ទៀត»។
លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា បានប្រាប់វិទ្យុវាយោ (Vayo) ថ្ងៃទី ២១ ខែធ្នូនេះថា «កម្ពុជា អាចខាតបង់ទឹកដី ដោយសារច្បាប់ស្តីពី សន្ធិសញ្ញាព្រំដែន ទាំង ៣ លើកនេះ {គឺ សន្ធិសញ្ញាព្រំដែន ១៩៨៥, សន្ធិសញ្ញាបំពេញបន្ថែម ២០០៥ និង សន្ធិសញ្ញាបំពេញបន្ថែម ២០១៩}។
លោក រ៉ុង ឈុន យល់ថា «ក្រោមហេតុផល សន្ធិសញ្ញា ឆ្នាំ ១៩៨៥ ដែលបានលេចចេញជារូបរាងនោះ វាមិនអាចប្រើប្រាស់បានទេ ដោយសារគ្រានោះ កម្ពុជា ស្ថិតនៅក្រោមសម្ពាធវៀតណាម។ ដោយឡែក សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ ២០០៥ និងសន្ធិសញ្ញា ២០១៩ វិញ វាក៏ដូចគ្នាដែរ ពីព្រោះរដ្ឋាភិបាលកម្ពុជា មិនបានបង្ហាញភាពច្បាស់លាស់ណាមួយថា កម្ពុជា ទទួលបានផលចំណេញ {ឬស្មើភាព}លើវៀតណាម ជុំវិញបញ្ហាព្រំដែននេះទេ»។
ថ្លែងប្រាប់វិទ្យុវាយោ នៅថ្ងទី ២១ ខែធ្នូ លោក យ៉ង់ សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃ គណបក្សប្រជាធិបតេយ្យ យល់ឃើញថា «ការប្រកាសឱ្យប្រើច្បាប់នេះ វាហាក់ដូចជាលឿនពេក ខណៈដែលសង្គមកម្ពុជា កំពុងបែកបាក់គ្នា និង មិនទាន់រកចំណុចឯកភាពជាតិបាន»។
គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី ២១ ខែធ្នូ ២០១៩ ចេញសេចក្តីថ្លែងការណ៍ សម្តែងការខកចិត្ត ចំពោះព្រះមហាក្សត្រ ដែលឡាយព្រះហស្ថលេខាទៅលើ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ ហើយថា «សន្ធិសញ្ញាថ្មីនេះ ធ្វើឡើងផ្ទុយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១ និងរដ្ឋធម្មនុញ្ញ ១៩៩៣»។ គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរបបលោក ហ៊ុន សែន រំលាយចោលយ៉ាងបំពានរដ្ឋធម្មនុញ្ញ កាលពីចុងឆ្នាំ ២០១៧ នោះ បានលើកឡើងពីសន្ធិសញ្ញាព្រំដែនថ្មីនេះ ដោយភ្ជាប់ជាមួយរឿងដី ៤០ ហិកតា នៅខេត្តកំពង់ឆ្នាំ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ប្រគល់ឲ្យជនជាតិវៀតណាម{ខុសច្បាប់} ធ្វើលំនៅឋានថា រដ្ឋាភិបាលលោក ហ៊ុន សែន យកចិត្តទុកដាក់ជ្រុល ដល់ប្រទេសវៀតណាម និងជនជាតិវៀតណាម នៅកម្ពុជា។
ចំណែកតំណាងរដ្ឋាភិបាលវិញ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្លាប់បានថ្លែង ក្នុងអង្គប្រជុំរដ្ឋសភា របស់លោក ហេង សំរិន កាលពីថ្ងៃទី ១១ វិច្ឆិកា ថា «សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ ២០១៩ នេះ គឺជាឯកសារប្រវត្តិសាស្ត្រដ៏សំខាន់ គឺជាសមិទ្ធផលរបស់កម្ពុជា និង វៀតណាម បានបោះបង្គោលព្រំដែនរួមគ្នា មកដល់ពេលបច្ចុប្បន្ន ចំនួន ៨៤% ហើយ»។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានប្រាប់វិទ្យុវីអូឌី (VOD) នៅថ្ងៃទី ២១ ខែធ្នូ ព្រមានដល់ក្រុមអ្នករិះគន់ ជុំវិញរឿងសន្ធិសញ្ញាថ្មីនេះថា «បើអ្នកឯកនៅក្នុងប្រទេស អ្នកឯងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ដូច្នេះហើយ បើអ្នកឯង ប្រមាថព្រះមហាក្សត្រថា ធ្វើឲ្យបាត់បង់ទឹកដី ឬប្រមាថរាជរដ្ឋាភិបាល បានសេចក្តីថា អ្នកឯងរំលោភរដ្ឋធម្មនុញ្ញ រំលោភលើអធិបតេយ្យភាព និង រំលោភលើលទ្ធិប្រជាធិបតេយ្យ»។
លោក សុខ ឥសាន និយាយបន្ថែមថា អត់មានវិធានការទេ ចំពោះក្រុមអ្នករិះគន់ មានមតិពីក្រៅប្រទេសទេ។ លោក ថ្លែងដូច្នេះថា «គាត់មានមតិពីក្រៅប្រទេសមក អាហ្នឹងជារឿងគាត់ ដោយសារគាត់ គេហៅថា សេរីក្បាលវ៉ាល់ទៅហើយ គឺនៅក្រៅវិសាលភាព នៃការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល។ អ៊ីចឹង យើងចាត់ទុកថា ជាមតិឥតប្រយោជន៍។ អ្នកឯងស្រែកទល់ងាប់ទៀត ក៏ឥតបានផលប្រយោជន៍ដែរ។ ប៉ុន្តែបើអ្នកឯង ស្រែកក្នុងប្រទេស អ្នកឯងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។
ដោយឡែកសមាជិកក្រុមគ្រួសាររាជវង្ស ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី សម្តែងការខកចិត្ត ចំពោះការប្រកាសឲ្យប្រើ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ ដោយព្រះអង្គសរសេរនៅលើហ្វេប៊ុកថា «ចូលរួមសោកស្តាយ ចំពោះច្បាប់ស្តីពី សន្ធិសញ្ញាព្រំដែន ដែលត្រូវបានអង្គការសហប្រជាតិ {នៅទសវត្សទី៨០} ចាត់ទុកថាខុសច្បាប់នោះ ត្រូវបានធ្វើឲ្យរស់ឡើងវិញ»។ ព្រះអង្គ មានបន្ទូលថា «ទុក្ខខ្ញុំជាប្រវត្តិសាស្ត្រ ប្រវត្តិសាស្ត្រជាទុក្ខខ្ញុំ»។
សកម្មជនបរិស្ថាន លោក ម៉ា ចិត្រា ប្រាប់វិទ្យុអាស៊ីសេរី ថ្ងៃទី២១ ខែធ្នូ ថាមូលហេតុដែលលោក ដាក់រូបកាន់មរណទុក្ខ ក្នុងទំព័រហ្វេសបុករបស់លោក ដើម្បីបង្ហាញការមិនពេញចិត្ត ព្រោះលើសន្ធិសញ្ញាថ្មីនេះ។ លោកថា «ចូលរួមសោកស្ដាយ ចំពោះការទទួលស្គាល់ សន្ធិសញ្ញាបំពេញបន្ថែម ដូចយើងដឹងថា រាល់ថ្ងៃនេះ ជារដ្ឋាភិបាលឯកបក្ស មានន័យថា រដ្ឋាភិបាលគ្មានតម្លាភាព មិនមានការចូលរួមដេញដោល{មតិ} ពីគណបក្សប្រឆាំង។ អំពាវនាវឱ្យពលរដ្ឋឱ្យចូលរួម និងតាមដាន ក៏ដូចជាការបង្ហាញការមិនពេញចិត្តរបស់ខ្លួន នៅលើបណ្ដាញសង្គមហ្វេសបុក ដើម្បីបង្ហាញដល់រដ្ឋាភិបាល និងព្រះមហាក្សត្រ ឱ្យទ្រង់ឃើញថា ពលរដ្ឋខ្មែរ មិនពេញចិត្តនឹង សន្ធិសញ្ញាបំពេញបន្ថែមថ្មីនេះទេ»។
ស្រដៀងគ្នានេះ យុវជន ជុំ ហួត បានប្រាប់វិទ្យុអាស៊ីសេរី ថា ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាព្រំដែនថ្មីនេះ «ជាការមើលងាយឆន្ទៈរាស្ដ្រខ្មែរ រំលោភរដ្ឋធម្មនុញ្ញ និង បំពានកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ ១៩៩១»។ លោកថា ការបង្ហោះសារបង្ហាញមរណទុក្ខ ក្នុងទំព័រហ្វេសបុកនេះ ដើម្បីផ្ញើសារទៅរដ្ឋាភិបាល និងរដ្ឋសភាថា ពួកលោក មិនសប្បាយចិត្តនឹង ច្បាប់ថ្មីនេះទេ។ លោកបន្តថា «រដ្ឋាភិបាល មិនបានគោរពឆន្ទៈយើងជាកូនខ្មែរទេ ក្នុងនាមយើងបោះឆ្នោតឱ្យ។ {តើ}ទឹកដីយើង នៅគង់វង្សទាំងប៉ុន្មាន? រដ្ឋាភិបាល គួរថែរក្សាឱ្យល្អជាងហ្នឹង មិនគួរណា សន្ធិសញ្ញា ធ្វើឱ្យបាត់ទឹកដីយើងទៅមុខទៀត»។
គួររំលឹកថា លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនរដ្ឋាភិបាល ធ្លាប់បានថ្លែងជុំវិញរឿងអនុវត្ត សន្ធិសញ្ញាព្រំដែន នេះថា «ភាគីកម្ពុជា និងវៀតណាម បានចុះកិច្ចព្រមព្រៀង ដោះដូរភូមិមួយចំនួន ខេត្តនៅតាមបណ្តោយព្រំដែន ប្រទេសកម្ពុជា និងវៀតណាម គឺដូរគ្នាទៅវិញទៅមក» នៅពេលរដ្ឋាភិបាលប្រទេសទាំងពីរ បោះបង្គោលព្រំដែន។
លោក វ៉ា គឹមហុង ថ្លែងថា ភូមិកំណើតប្រធានរដ្ឋសភា លោក ហេង សំរិន គឺភូមិត្លុកត្រាច និង ភូមិអន្លុងជ្រៃ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ស្ថិតក្នុងគម្រោងដោះដូរភូមិ ជាមួយវៀតណាម។ ប៉ុន្តែក្រោយមក លោក វ៉ា គឹមហុង បានក្រឡះសំដីវិញថា រដ្ឋាភិបាលកម្ពុជា មិនមានគម្រោងដោះដូរគ្នាទៅវិញទៅមក រវាងភូមិថ្លុកត្រាច របស់លោក ហេង សំរិន ហើយបានហៅការផ្សព្វផ្សាយព័ត៌មាន ពីការដោះដូរភូមិលោក ហេង សំរិន នោះថាជាព័ត៌មានឆ្កួតៗ។
ចំណែកលោក សុខ ទូច ប្រធានក្រុមអ្នកស្រាវជ្រាវព្រំដែននៃ រាជបណ្ឌិត្យសភាកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី ១៨ សីហា ២០១៧ បានទទួលស្គាល់ថា ភូមិកំណើតលោក ហេង សំរិន ស្ថិតក្នុងទឹកដី វៀតណាម ដោយលើកឡើងថា «វៀតណាម ឈ្លានពានផ្ទះ លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដោយលោកថា លោក ហេង សំរិន ទេ ជាអ្នកយកដីវៀតណាម រស់នៅ។ លោកថ្លែងដូច្នេះថា «សម្តេច ហេង សំរិន ទេ ជាអ្នកយកដី វៀតណាម នៅនោះ។ ដោយសារ គាត់នៅទៅ De Facto គាត់នៅយូរទៅ ដោយសារទម្លាក់ផែនទីទៅ ដីលោកតា ហេង សម្តេច ហេង សំរិន នោះ បានទៅវៀតណាម ប៉ុន្តែគាត់ នៅយូរ…»។
ព្រំដែនគោករវាងកម្ពុជា និងវៀតណាម មានប្រវែងប្រមាណជាង ១២៧០ គីឡូម៉ែត្រ ដែលលាតសន្ធឹងពីខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគីរី រហូតដល់ខេត្តតាកែវ និងកំពត៕


.