អត្ថបទវិទ្យុវីអូអេ (VOA) ដោយលោក អូន ឆេងប៉រ
11-6-2021
ភ្នំពេញ — វៀតណាមបានបង្ហាញប្រតិកម្មដោយប្រុងប្រយ័ត្ន ចំពោះការវិវត្តចុងក្រោយនៃតួនាទីចិន ក្នុងការជួយធ្វើទំនើបកម្ម និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា រីឯមន្ត្រីជាន់ខ្ពស់មួយរូប នៃកងទ័ពជើងទឹកខ្មែរនៅទីនោះ បានលើកឡើងថា ក្រុងហាណូយ ហាក់មានបំណងរាំងស្កាត់ការពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកងទ័ពជើងទឹកកម្ពុជា។
លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានប្រកាសប្រាប់បណ្ដាញសារព័ត៌មាន នាខែនេះថា ចិនកំពុងផ្ដល់ជំនួយក្នុងការកែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធកងទ័ពជើងទឹក នៅមូលដ្ឋានសមុទ្ររាម ក្នុងខេត្តព្រះសីហនុ របស់កម្ពុជា។
ការប្រកាសនេះមានឡើង បន្ទាប់ពីមានភាពចម្រូងចម្រាសអស់រយៈពេលជិត ២ ឆ្នាំចុងក្រោយ ពីសំណាក់សហរដ្ឋអាមេរិក ដែលថា ការជ្រៀតចូលពង្រីកតួនាទីរបស់ចិន នៅមូលដ្ឋានសមុទ្ររាម អាចនឹងបើកផ្លូវឱ្យកងទ័ពរំដោះប្រជាជនចិន អាចរក្សាវត្តមាន និងប្រើប្រាស់តំបន់ផែយោធានេះ។
កាសែត Viet Nam News (VNS) ដែលគ្រប់គ្រងដោយទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម VNA-TTXVN កាលពីថ្ងៃព្រហស្បតិ៍ បានដកស្រង់សម្ដី អ្នកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ឆ្លើយសំណួរអ្នកសារព័ត៌មាន អំពីចម្លើយតបរបស់វៀតណាមទៅនឹងការវិវត្តថ្មីនៅមូលដ្ឋានសមុទ្ររាមថា៖ «វៀតណាមសង្ឃឹមថា ទំនាក់ទំនងរវាងចិន និងកម្ពុជា នឹងផ្ដល់ជាវិភាគទានដល់ការរក្សាឱ្យបាននូវសន្ដិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងនៅក្នុងពិភពលោក»។
មន្ត្រីនាំពាក្យក្រសួងការបរទេសវៀតណាមរូបនេះ បានថ្លែងថា ខ្លួនផ្ដល់តម្លៃដល់ការរក្សាទំនាក់ទំនង ល្អជាមួយទាំងចិន ជាមួយទាំងកម្ពុជា ដែលជាប្រទេសភូមិផងរបងជាមួយខ្លួន។ នេះបើយោងតាមការផ្សាយរបស់ VNS។
កងទ័ពជើងទឹកវៀតណាម មានទំនាក់ទំនងស្និទ្ធនឹងមូលដ្ឋានសមុទ្ររាម ដោយមានការល្បាតរួមគ្នា លើឈូងសមុទ្រថៃ រៀងរាល់ ៣ ខែម្ដង ដែលការល្បាតវគ្គបន្ទាប់នឹងត្រូវធ្វើនៅថ្ងៃទី១៥ ខែមិថុនា នេះតែម្ដង។ នេះបើតាម ឧត្ដមនាវីទោ ម៉ី ឌីណា នាយសេនាធិការមូលដ្ឋានសមុទ្ររាម។
ឧត្ដមនាវីទោរូបនេះ បានប្រាប់វីអូអេ (VOA) ថា ទោះបីទំនាក់ទំនងរវាងកងទ័ព និងកងទ័ពមានសភាពនឹងនរធម្មតា ក៏វៀតណាមកំពុង«ឡប់ប៊ី (Lobby)» ឬបញ្ចុះបញ្ចូលសហរដ្ឋអាមេរិក ឱ្យរារាំងការពង្រីកសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធកងទ័ពជើងទឹកកម្ពុជា ព្រោះសមត្ថភាពកាន់តែខ្លាំងរបស់កម្ពុជា អាចប៉ះពាល់ ឬគំរាមកំហែងដល់ការ «អភិវឌ្ឍ»របស់ខ្លួននៅតំបន់កោះត្រល់ ឬ Phu Quoc ដែលគ្រប់គ្រងដោយវៀតណាម។
{ឧត្តមនាវីទោ ម៉ី ឌីណា}៖ «ហើយអ្វីដែលគាត់និយាយផ្នែកនយោបាយ វៀតណាម និងអាមេរិកហ្នឹង កំពុងតែឡប់ប៊ី(បញ្ចុះបញ្ចូល)គ្នា ឡប់ប៊ីគ្នាយ៉ាងម៉េច គាត់មិនចង់ឱ្យកម្ពុជាហ្នឹងមានអ្វីមួយទេ។ បានន័យថា កងកម្លាំងមិនឱ្យរីកទេ ដោយសារគាត់កំពុងតែអភិវឌ្ឍនៅតំបន់កោះត្រល់។ លោកប្អូន ក៏ដឹងដែរថា កោះត្រល់ ជាកោះរបស់នរណា? ជាកោះរបស់ខ្មែរពីដើម ដល់ពេលកងទ័ពជើងទឹកយើង មិនរីកចម្រើន ក៏យើងមានការរសើបដែរ មិនចឹង?»។
ឧត្ដមនាវីទោ ម៉ី ឌីណា ពន្យល់បន្ថែមថា៖ «ហើយអ៊ីចឹង គាត់{វៀតណាម}ចេះតែចាក់រុកអាមេរិក ឱ្យមករករឿងយើង{កម្ពុជា}ទៅ ព្រោះដឹងថា អាមេរិក និងចិន វាអត់ត្រូវគ្នាទេ ហើយវៀតណាមនេះ គាត់មានភាពរសើប។ អានេះខ្ញុំមិនចង់ចូលជ្រៅទេ តែមានភាពរសើបអំពីបញ្ហាចិន ហើយយើងគិតថា ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ទោះជាយ៉ាងណា មិនបំផ្លាញជាតិខ្លួនឯងទេ គឺមិនអាចឱ្យជនបរទេស ឬក៏កងទ័ពបរទេសណា មកតាំងទីលំនៅលើទឹកដីកម្ពុជាបានទេ ហើយគាត់មិនយល់ បានន័យថា មានបំណងរារាំងកម្ពុជា មិនឱ្យមានការអភិវឌ្ឍ មិនឱ្យមានការទទួលជំនួយពីចិន។ អានេះជាបំណងរបស់គាត់ បើតាមដែលខ្ញុំដឹង»។
ស្ថានទូតវៀតណាមនៅភ្នំពេញ មិនទាន់បានឆ្លើយតបនឹងសំណួររបស់វីអូអេ សុំការបំភ្លឺតបនឹងការលើកឡើងខាងលើនៅឡើយទេ គិតត្រឹមល្ងាចថ្ងៃសុក្រនេះ។
កាលពីខែកក្កដា ឆ្នាំ២០១៩ កាសែត The Wall Street Journal បានចុះផ្សាយថា កម្ពុជាបានសម្រេច«កិច្ចព្រមព្រៀងសម្ងាត់»មួយក្នុងការអនុញ្ញាតឱ្យចិន ប្រើប្រាស់មូលដ្ឋានសមុទ្ររាមបាន។ ប៉ុន្តែ ការលើកឡើងនេះ ត្រូវបានចិន និងកម្ពុជា បដិសេធដាច់អហង្ការជាច្រើនលើកច្រើនសា។
ក្រោយពីមានការចុះផ្សាយរបស់ The Wall Street Journal បានមួយថ្ងៃ លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាមនាគ្រានោះ បានបង្ហាញវត្តមានភ្លាមៗ នៅរាជធានីភ្នំពេញ និងបានជួបថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជាផងដែរ ដើម្បីជជែកអំពីការវិវត្ត«ថ្មី និងរហ័ស» នៃស្ថានការណ៍តំបន់ និងសកលលោក ដែលមានឥទ្ធិពលដល់ទំនាក់ទំនងទ្វេភាគី»។ នេះបើយោងតាមការផ្សាយនាគ្រានោះ របស់ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥។
ទើបតែនៅខែតុលា ឆ្នាំ២០២០ កន្លងទៅ មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកកម្ពុជា បានបង្ហាញជាលើកដំបូងថា ចិនពិតជាកំពុងពិចារណាជួយសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចមានផែចតនាវា រោងជាងជួសជុលនាវា និងការបូមខ្សាច់បង្កើនជម្រៅទឹកនៅឈូងសមុទ្ររាម ដើម្បីទទួលនាវាធុនធំ។
ការបង្ហាញខាងលើអំពីគម្រោងជំនួយរបស់ចិន នៅមូលដ្ឋានសមុទ្ររាម ត្រូវបានបញ្ជាក់ឡើងវិញសាជាថ្មីដោយ លោក ទៀ បាញ់ នាសប្ដាហ៍មុននេះ ខណៈមានដំណើរទស្សនកិច្ចខ្លីមួយដោយអ្នកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិកនៅភ្នំពេញ។
នៅភ្នំពេញ អ្នកស្រី Sherman បានបន្ទរការបារម្ភជាពន្លឹករបស់អាមេរិក អំពីការពាក់ព័ន្ធរបស់ចិន នៅមូលដ្ឋានសមុទ្ររាម ទីដែលអគារនិងទីតាំងជំនួយរបស់អាមេរិក ត្រូវបានវាយចោលម្ដងមួយៗ ដោយគ្មានការជូនដំណឹងជាមុន កាលពីចុងឆ្នាំ២០២០ កន្លងទៅ៕
.