អត្ថបទដោយចលនានិស្សិត SMD

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បានចេញសេចក្តី​ថ្លែងការណ៍ ដែល​ចុះហត្ថលេខាដោយអនុប្រធានប្រតិបត្តិ លោក អ៊ាប សេង ធ្វើការថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន បានបង្រ្កាប និងចាប់ឃាត់ខ្លួនក្រុមយុវជន ដែលទាមទារដោះលែងលោក រ៉ុង ឈុន នៅខាងមុខតុលាការភ្នំពេញ។ ក្រុមយុវជនដែលត្រូវបានឃាត់ខ្លួននោះ រួមមានយុវតី ឈឿន ដារ៉ាវី, លោក ហ៊ុន វណ្ណៈ, លោក យ៉ង សៀងហៃ, យុវតី ថា ឡាវី, យុវតី ជា គន្ធីន និងលោក ស្វាយ សំណាង។ សូម​ទាញ​យក សេចក្តី​ថ្លែងការណ៍ /Download

សេចក្តីថ្លែងការណ៍
ថ្កោលទោសរដ្ឋាភិបាលភ្នំពេញ ករណី​ចាប់ឃាត់​ខ្លួន​យុវជន​/​យុវតី​៦​រូប

ចលនានិស្សិតដើម្បីលទ្ធិ​ប្រជាធិបតេយ្យ សូមថ្កោល​ទោស​អាជ្ញាធរ​​រដ្ឋាភិបាល ដែល​បាន​ចាប់​ឃាត់​ខ្លួន ​យុវជន និង​យុវតី សរុប​ ៦នាក់ នៅ​ភ្នំពេញ ដោយ​សកម្មភាព​ហឹង្សា និង​ការរំលោភ​បំពាន​យ៉ាង​អមនុស្សធម៌ ស្របពេល​​ដែល​យុវជន និង​យុវតីខ្មែរ​ទាំង ៦រូប គ្រាន់​តែ​ប្រើសិទ្ធិ​ស្រប​រដ្ឋធម្មនុញ្ញ​របស់​ពួកគាត់ ក្នុងការ​​តវ៉ា​​ទាមទារ​​យុត្តិធម៌ ជូនលោ​ក រ៉ុង ឈុន នៅថ្ងៃទី១៣ ខែសីហានេះ ។

ប្រតិបត្តិការទាំងកម្រោល នៃកម្លាំងសមត្ថកិច្ចភ្នំពេញ គឺជា​ចេតនា​បែបផែន​ការយុទ្ធសាស្ត្រ​នយោបាយ​អសុចរិត ក្នុង​ការបន្ដ​សង្កត់​សង្កិន​យ៉ាង​ដំណំ លើសិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ កម្ពុជា និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស

  • មាត្រា៣៥ កថា​ខណ្ឌទី១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា «ប្រជាពលរដ្ឋខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្តី​ស្នើ​ទាំងទ្បាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពីអង្គការ​រដ្ឋ»។
  • ត្រង់មាត្រា៤១ កថា​ខណ្ឌទី១ នៃរដ្ឋធម្មនុញ្ញ​កម្ពុជា ចែងថា «ប្រជាពលរដ្ឋ​​ខ្មែរ​ មាន​​សេរីភាព​​ខាង​ការ​បញ្ចេញ​​មតិ ​របស់​​ខ្លួន​ សេរីភាព​​ខាង​​សារព័ត៌មាន​​ សេរីភាព​​ខាង​​ការ​បោះ​ពុម្ព​​ផ្សាយ​ សេរីភាព​ខាង​​ការ​​ប្រជុំ»។ 
  • សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស មាត្រា១៩ ចែងថា  «មនុស្សគ្រប់រូប មាន​សិទ្ឋិ​សេរីភាព ក្នុង​ការ​បញ្ចេញ​មតិ និង​ការសម្តែង​មតិ​។ សិទ្ឋិនេះ រាប់បញ្ចូល​ទាំងសេរីភាព​ក្នុងការ​បញ្ចេញមតិ ដោយ​គា្មន​ការជ្រៀត​ជ្រែក និង សេរីភាព ក្នុងការ​ស្វែង​រក​ការទទួល​និង​ការផ្សព្វផ្សាយ​ព័តមាន និង​គំនិត​នានា ដោយ​គា្មន​ព្រំដែន ទោះ​តាមរ​យៈ​មធ្យោបាយ​សម្តែងមតិ​ណាមួយ​ក៏ដោយ» ។

ចលនានិស្សិត​ដើម្បីលទ្ធិប្រជាធិបតេយ្យ ទាមទារ​អាជ្ញាធរ​រដ្ឋាភិបាល​ភ្នំពេញ ផ្ដល់សេរីភាព​ពេញ​លេញ ដល់យុវជន​ និង​យុវតីទាំង​ ៦រូប ឲ្យ​អាច​បន្ដ​សកម្មភាព​ស្របច្បាប់​របស់ពួកគាត់​ឡើងវិញ។

រដ្ឋធានីវ៉ាសុីនតុន ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០
ជ.គណៈកម្មាធិការប្រតិបត្តិ

(ហត្ថលេខា)
អ៊ាប សេង អនុប្រធាន

SMD and Nguyen Xaun Phuc

.

 

.