អត្ថបទ The Cambodia Daily / 04th-01-2021 / សម្រួលអត្ថបទ៖ CWCI Cambodia
ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេស អំពាវនាវឲ្យឥស្សរជននយោបាយខ្មែរគ្រប់ភាគី វិលទៅរកការផ្សះផ្សា និងឯកភាពជាតិ ដើម្បីស្តារស្ថានភាពនយោបាយនៅកម្ពុជាឲ្យល្អប្រសើរឡើងវិញ ដើម្បីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (Student Movement for Democracy – SMD) លើកឡើងថា «ដើម្បីប្រយោជន៍ជាតិកម្ពុជា និងប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយគ្មានជម្រើសអ្វីក្រៅពីការរកឯកភាពជាតិនោះទេ»។ ចលនានិស្សិតនេះ ប្តេជ្ញាថា ពួកគេនឹងបន្តបេសកកម្មឆ្នាំ២០២១ ដើម្បីស្វែងរកការឯកភាពជាតិ សន្តិភាពថ្លៃថ្នូរ ពង្រឹងការគោរពសិទ្ធិមនុស្ស ការពារបូរណភាពទឹកដី ដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ជម្រុញគោលដៅយុត្តិធម៌សង្គម និងនីតិរដ្ឋស្អាតស្អំ ជូនប្រជាពលរដ្ឋខ្មែរទូទៅ។ ការអះអាងនេះ ធ្វើឡើងក្នុងរបាយការណ៍សង្ខេបបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នេះ។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានអះអាងថា សកម្មភាពរបស់ពួកគេ គឺជាចលនាចូលរួមតស៊ូមតិ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ កិច្ចការពារព្រំដែន និងការស្វះស្វែងរកដំណោះស្រាយនយោបាយ សម្រាប់ប្រជាពលរដ្ឋខ្មែរថែមទៀតផង។ ពួកគេ បានលើកឡើងពីសកម្មជាច្រើន រួមមាន ការទាមទារឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការការពារបូរណភាពទឹកដី ដែលមានការរំលោភបំពានពីប្រទេសវៀតណាមជាដើម។ ក្នុងនោះពួកគេ បានជុំរុញឲ្យរដ្ឋាភិបាលកម្ពុជា ទាមទារយកកោះត្រល់ និងចង្កោមកោះក្រសេះ ត្រឡប់មកវិញ ដោយអនុវត្តតាមយន្តការអន្តរជាតិ ជាធរមាន។
ជាងនេះទៀតពួកគេ [ចលនានិស្សិត SMD] បានទាមទារឲ្យប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ដាក់មោឃភាពជាផ្លូវការ នូវសន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារមិនស្របច្បាប់ទាំងឡាយណា ដែលបានចុះហត្ថលេខា ឯកភាពជាមួយរដ្ឋាភិបាលវៀតណាម អំពីបូរណភាពទឹកដី ដែលមានខ្លឹមសារផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ផងដែរ។ បន្ថែមពីនេះ ចលនានិស្សិត SMD [ដដែលនេះ] បានព្រមានរដ្ឋាភិបាលកម្ពុជា ឲ្យដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ជាបន្ទាន់ ដើម្បីបញ្ជៀសគ្រោះហានិភ័យកាន់តែធ្ងន់ធ្ងរ ដល់ប្រទេសកម្ពុជា ទៅថ្ងៃអនាគត។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បញ្ជាក់ថា រាល់សេចក្តីថ្លែងការណ៍ និងសារលិខិតរបស់ខ្លួន តែងតែទទួលបានការឆ្លើយតប និងគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសពីក្រសួងការបរទេសអាមេរិក។ ដោយឡែករដ្ឋាភិបាលលោក ហ៊ុន សែន មិនបានឆ្លើយតបជាផ្លូវការ តាមការទាមទារ និងការស្នើសុំរបស់ពួកគេម្តងណាឡើយ។
ប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ នឹងបន្តជុំរុញឲ្យកាន់តែខ្លាំងបន្ថែមទៀត ឲ្យអ្នកនយោបាយខ្មែរ ស្តារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការការពារបូរណភាពទឹកដី ឲ្យខាងតែបាន។
លោក ម៉ែន ណាត បានបញ្ជាក់ថា បើពួកអ្នកនយោបាយ មិនអាចរកការផ្សះផ្សា និងឯកភាពជាតិ ដើម្បីបញ្ចប់វិបត្តិនយោបាយដ៏រ៉ាំរ៉ៃនេះទេ កម្ពុជានឹងរអិលធ្លាក់ផុងកាន់តែជ្រៅទៅៗ ក្នុងប្រព័ន្ធនៃការកាន់កាប់អំណាចបន្តវង្សត្រកូលរបស់លោក ហ៊ុន សែន។ បញ្ហានេះ នឹងធ្វើឲ្យសិទ្ធិមនុស្ស យុត្តិធម៌សង្គម លទ្ធិប្រជាធិបតេយ្យ និងបូរណភាពទឹក របស់កម្ពុជា ពិបាកនឹងស្រោចស្រង់ នាពេលអនាគត។
ក្រុមអ្នកសង្កេតការណ៍ រិះគន់ថា ឧបាយកលដើម្បីឈ្នះចាញ់របស់ឥស្សរជននយោបាយ នៅកម្ពុជា មិនបានជួយអ្វីបន្តិចសោះដល់ជាតិ និងប្រជាពលរដ្ឋខ្មែរ ជាពិសេសការគោរពសិទ្ធិមនុស្ស កាន់តែធ្លាក់ដុនដាបទៅៗ។ ប្រព័ន្ធប្រជាធិបតេយ្យ ក៏ប្រឈមនឹងការរំលោភពីអ្នកមានអំណាចឥតឈប់ឈរ។ ចំណែកប្រជាពលរដ្ឋ ត្រូវរស់ក្នុងភាពភ័យខ្លាច ប្រឈមនឹងការចាប់ខ្លួន និងការលាភពណ៌ ហើយនិងការជេរប្រមាថជាដើម ពីសំណាក់ក្រុមបក្ខពួករបស់ឥស្សរជននយោបាយទាំងនោះ៕

.
.