វិទ្យុអាស៊ីសេរី រាយការណ៍ដោយ ហេង រស្មី / ១៩ វិច្ឆិកា ២០២០

អាជ្ញាធរ​​ខេត្ត​ស្វាយរៀង ​ច្រានចោល​ព័ត៌មាន ​ដែល​​បង្ហោះ​​តាម​​​បណ្ដាញ​​​សង្គម​​​ហ្វេស​ប៊ុក​​​ថា យោធា​​វៀតណាម ​បាន​​បោះ​ជំរំ​​ជា​ច្រើន​​កន្លែង លើ​​ដី​​ស្រែ​​​របស់​​​​ពលរដ្ឋ​​​ខ្មែរ ​នៅ​​តាម​​​បណ្ដោយ​​​ព្រំដែន ក្នុង​​ស្រុក​ចន្ទ្រា​។ ទោះជា​​យ៉ាង​​នេះ​​ក្តី អ្នកឃ្លាំមើល​​ព្រំដែន ​ស្នើ​​ឱ្យ​​អាជ្ញាធរ​​ខេត្ត​​ស្វាយរៀង អនុញ្ញាត​​ឱ្យ​​ពលរដ្ឋ និង​​យុវជន ចូល​រួម​​ចុះ​​ពិនិត្យ​មើល​​ព្រំ​ដែន​​​នៅ​​​តំបន់​​នោះ ដើម្បី​​ជម្រះ​​មន្ទិល។

អាជ្ញាធរ​ខេត្ត​​ស្វាយរៀង ចាត់​ទុក​​ព័ត៌មាន​​រឿង​​វៀតណាម ​បោះ​ជំរំ និង​​​តង់ នៅ​​​តាម​​បណ្ដោយ​​​ព្រំដែន​​ ជាប់​​ស្រុក​​ចន្ទ្រា​​នោះ​​ថា ជា​ព័ត៌មាន​​ក្លែងក្លាយ និង​​​បំពុល​​​សង្គម​។​

អ្នកនាំពាក្យ​សាលា​ខេត្ត​​ស្វាយរៀង លោក រស់ ផារិទ្ធិ ប្រាប់​​អាស៊ីសេរី ​នៅ​​ថ្ងៃ​​ទី​​១៨ វិច្ឆិកា​​ថា ពុំ​​មាន​​ទាហាន​​វៀតណាម បោះ​តង់​​ចូល​​ដី​ស្រែ​​ពលរដ្ឋ និង​​ដី​​ខ្មែរ តាម​​បណ្ដោយ​​ព្រំ​ដែន ក្នុង​ស្រុក​​ចន្ទ្រា ខេត្ត​​ស្វាយរៀង​​ នោះ​​ទេ​។ ចំពោះ​​សំណួរ​​ថា ប្រសិន​បើ​​ពលរដ្ឋ ក្រុម​យុវជន និង​​មន្ត្រី​​សង្គម​​ស៊ីវិល ចង់​​ទៅ​​ពិនិត្យ​​ព្រំដែន តើ​​រដ្ឋបាល​​ខេត្ត ​អនុញ្ញាត​​​ឬ​ទេ?​ អ្នក​នាំ​ពាក្យ​​រូប​​នេះ ឆ្លើយ​​យ៉ាង​​ខ្លី​​ថា កិច្ចការ​​ព្រំដែន ជា​​សមត្ថកិច្ច​​របស់​​អាជ្ញាធរ​​ជាតិ ឬ​​គណៈ​កម្មា​ធិការ​​ព្រំដែន ចំណែក​​អាជ្ញាធរ​​ខេត្ត ​គ្រាន់​តែ​​ជា​​អ្នក​​សម្រប​សម្រួល​​តែ​ប៉ុណ្ណោះ​៖ «បាទ ព័ត៌មាន​​​ហ្នឹង​​ក្លែងក្លាយ​​ទេ គឺជា​​ព័ត៌មាន​​បំពុល​​សង្គម​។ តាម​​ការពិត​ មិន​​មាន​​វៀត​ណាម​​ណា ចូល​​មក​​បោះ​តង់ ឬ​​ធ្វើ​​ជំរំ ​ក្នុង​​ទឹកដី​ ក្នុង​​ខេត្ត​​ស្វាយរៀង របស់​​យើង​ខ្ញុំ​​ទេ​។ តែ​រឿង​​សុំ​​ទៅ​​មើល ព្រំដែន នេះ​​ជា​​កាតព្វកិច្ច​​ព្រំដែន របស់​​គណៈ​កម្មការ​ចម្រុះ​​ទទួល​បន្ទុក​​កិច្ចការ​​ព្រំដែន របស់​​ថ្នាក់​​ជាតិ អាជ្ញាធរ​​​ជា​​​អ្នក​សម្រប​សម្រួល »។

កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ទំព័រ​​​ហ្វេសបុក​ឈ្មោះ ជឹម សុផាត ផេក (chim sophat page) បាន​​​​បង្ហោះ​​​រូបភាព ​៣ សន្លឹក​​ អំពី​​តង់ ​មាន​​ដោត​​​ទង់ជាតិ​​វៀតណាម បោះ​​នៅ​​​លើ​​​ដី​​ស្រែ​។ ប្រភព​​ដដែល​​អះអាង​​ថា វៀតណាម ​បោះ​តង់​​ទាំង​នោះ នៅ​​ស្រុក​​ចន្ទ្រា ខេត្ត​​ស្វាយ​រៀង។ ព័ត៌មាន​​នេះ ​​ត្រូវ​បាន​​អ្នក​​ប្រើ​​ហ្វេសប៊ុក​ ចែក​រំលែក​​រាប់​​ពាន់​​ដង។

បើទោះបីជា អាជ្ញាធរ​​ខេត្ត​​ស្វាយរៀង ប្រកាស​​ច្រានចោល​​ព័ត៌មាន​​នេះ​​ក្តី ក៏​​ក្រុម​អ្នក​ឃ្លាំ​មើល​​ព្រំដែន គណបក្ស​​ប្រឆាំង និង​​ពលរដ្ឋ នៅ​​តែ​​មាន​​មន្ទិល​សង្ស័យ និង​​​ចោទ​​រដ្ឋា​ភិបាល​​​​ថា កំពុង​​ព្យាយាម​​លាក់​លៀម​​ករណី​​នេះ។

ចំណែក​​ពលរដ្ឋ​ រស់នៅ​​តាម​​តំបន់​​ព្រំដែន ក្នុង​ស្រុក​​ចន្ទ្រា​​ជាច្រើន​​នាក់ មិន​​ហ៊ាន​​ផ្ដល់​​ព័ត៌មាន​​លម្អិត​​អំពី​​រឿង​​នេះ​​ឡើយ។ អាស៊ីសេរី ​បាន​​ព្យាយាម​​ទាក់ទង​​ពលរដ្ឋ​​មូលដ្ឋាន​ រយៈ​ពេល​ ​២​ ​ថ្ងៃ​​មក​​ហើយ ដើម្បី​​សាកសួរ​​រឿង​​នេះ ប៉ុន្តែ​​អ្នកភូមិ​​ទាំង​នោះ បាន​​កំណត់​​លក្ខខណ្ឌ​​ដោយ​​សុំ​​មិន​​បញ្ចេញ​​ឈ្មោះ និង​​សំឡេង ដើម្បី​​ការពារ​​សុវត្ថិភាព​។ ពលរដ្ឋ​​ថ្លែង​​ថា ពួកគេ​​ប្រទះ​ឃើញ វៀតណាម ​សង់​​ជំរំ ​ចំនួន ៤ ​កន្លែង ក្នុង​​ចន្លោះ​​បង្គោល​​ព្រំដែន​ ​លេខ ១៨៣ ដល់ ១៨៩ ឋិត​​ក្នុង​​ឃុំ​​មេសរថ្ងក (​អាន​​ថា មេសរ៉ង៉ក) និង​​ឃុំ​​ទួល​ស្តី ស្រុក​​ចន្ទ្រា ។ លើស​​ពី​​នេះ ជំរំ​​នីមួយៗ​ មាន​​ទង់ជាតិ​​វៀតណាម និង​​មាន​​ទាហាន​​វៀតណាម​​ជា​ច្រើន​​នាក់ ដាក់​​វេន​​គ្នា ​យាម​ល្បាត​។ ចំណែក​​ពលរដ្ឋ​​ខ្មែរ មិន​​ហ៊ាន​ធ្វើ​ដំណើរ ទៅ​​តំបន់​​នោះ​​ទេ ខ្លាច​​សមត្ថកិច្ច​​ខ្មែរ ​ចាប់​ចង និង​​ធ្វើ​បាប។

ប្រធាន​ប្រតិបត្តិ​​គណបក្ស​​សង្គ្រោះ​ជាតិ​ ​ខេត្ត​​ស្វាយរៀង លោក ម៉ៅ វិបុល ដែល​​កំពុង​​ភៀស​ខ្លួន​​នៅ​​ប្រទេស​​ថៃ អះអាង​​ថា ប្រសិនបើ​​អាជ្ញាធរ​​ខេត្ត អះអាង​​ថា ពុំ​​មាន​​ទាហាន​​វៀត​ណាម​ ​បោះ​ជំរំ​​មែន​​នោះ គួរ​តែ​​អនុញ្ញាត​​ឱ្យ​​មហាជន និង​​ពលរដ្ឋ​ ចុះ​​ពិនិត្យ​មើល ​តំបន់​​ព្រំដែន​​ដោយ​​ផ្ទាល់ មិន​​គួរ​​រឹត​ត្បិត និង​​គំរាម​កំហែង​​នោះ​​ទេ​​៖ «ព័ត៌មាន​​ផ្ដល់​​ពី​​ពលរដ្ឋ​​មក​​ឱ្យ​ ​គេ​​ធ្វើ​ជា​​ស័ង្កសី កន្លែង​​ខ្លះ​ ​គេ​​ប្រក់​​ជា​​តង់​​កៅ​ស៊ូ​ ព័ទ្ធ​ជុំវិញ​​ហ្នឹង​​ទៅ ហើយ​ក្រោយ​​ ​គេ​​​បោះ​តង់​​ហ្នឹង យុទ្ធសាស្ត្រ​​គេ​​ថា ជា​​{បង្គោល​}ធ្មេញ​​រណា តាមពិត​ ​ធ្មេញ​រណា មក​​​ចូល​​​តែ​​​ខ្មែរ​​​ទេ​។ អ៊ីចឹង​ ​បញ្ហា​​ទាំង​នេះ​​​ហើយ​ដែល​​ធ្វើ​​ឱ្យ​​ពលរដ្ឋ​​ មាន​ការ​​បាត់​បង់​​ដី​ធ្លី ហើយ​​ពលរដ្ឋ​ មិន​​ហ៊ាន​​ហា​​និយាយ​​ស្តី​​ទាល់​តែ​សោះ ក្នុង​​ខេត្ត​​ស្វាយរៀង»។

ចំណែក​​ប្រធាន​​ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា លោក ម៉ែន ណាត យល់​​ថា ប្រសិន​បើ​​អាជ្ញាធរ នៅ​​តែ​​ព្យាយាម​​លាក់​លៀម​​ករណី​​នេះ មាន​​ន័យថា រដ្ឋាភិបាល​​នៅ​តែ​​បន្ត​​ការពារ​មហិច្ឆតា​​ឈ្លាន​ពាន​​ទឹក​ដី​​ខ្មែរ​ ​ពី​​សំណាក់​​វៀតណាម​។ លោក ​សង្កេត​​ឃើញ​​ថា រដ្ឋាភិបាល​ ​បាន​​ចាប់​ខ្លួន​​សកម្មជន​​ព្រំដែន ​ដាក់​គុក និង​​ហាម​ប្រាម​​មិន​​ឱ្យ​​ពលរដ្ឋ ​ចុះ​​ពិនិត្យ​​ព្រំដែន​​គ្រប់​​តំបន់ គឺជា​​រឿង​​គួរ​​ឱ្យ​​អាម៉ាស់ ស្រប​ពេល​​ដែល​​ខ្លួន ​នៅ​តែ​​អួតអាង​​ថា ពុំ​​មាន​​វៀតណាម បោះ​តង់ និង​​ជំរំ ​នៅ​​តំបន់​​ព្រំដែន​ ក្នុង​​ខេត្ត​​ស្វាយរៀង​​៖ «​សព្វថ្ងៃ​​ហាម​ប្រាម​​គេ ​មិន​​ឱ្យ​​ចុះ​ទៅ​​មើល ហើយ​​ចាប់​​សកម្មជន​​ព្រំដែន ​ដាក់គុក ហើយ​​និយាយ​​ថា វា​​អត់​​មាន​រឿង វៀតណាម ​បោះ​តង់​​តាម​​ព្រំដែន​។ អ៊ីចឹង ​វា​​ខុស​​ពី​​ភាព​ជាក់ស្តែង ដែល​​កើត​ឡើង»

កាលពី​ចុងខែ ​កក្កដា ​កន្លង​ទៅ អគ្គ​ស្នងការ​រង និង​​​ជា​​អ្នកនាំពាក្យ​​អគ្គ​ស្នងការ​ដ្ឋាន​​​នគរ​បាល​​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​​អាស៊ីសេរី ថា វៀតណាម​​បាន​​បោះ​តង់​​ ចំនួន​ ២៨៧ ​កន្លែង នៅ​​​តំបន់​​ដែល​​មិន​ទាន់​​ឯកភាព​​បោះ​​បង្គោល​​ព្រំដែន ​ក្នុង​​ខេត្ត​​កណ្ដាល ​តាកែវ ព្រៃវែង ស្វាយរៀង កំពត ត្បូងឃ្មុំ រតនគិរី និង​​ខេត្ត​​មណ្ឌលគិរី។ ក្រោយ​​មក​​ វៀត​ណាម​ ​បាន​​​ប្រែក្លាយ​​​តង់​ ​ជា​ច្រើន​​កន្លែង ​ទៅ​ជា​​សំណង់​​រឹង​មាំ ស្រប​​ពេល​​រដ្ឋា​ភិបាល​​កម្ពុជា ​មិន​​ទាន់​​ធ្វើ​​អ្វី​​ជា​​ដុំ​កំភួន ​ដើម្បី​​ឆ្លើយ​តប​​ទៅ​​ភាគី​​វៀតណាម​ ​នៅ​ឡើយ​​នោះ​​ទេ៕

.

.