អត្ថបទលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ១៣ កុម្ភៈ ២០២០
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងនៅខេត្តព្រៃវែង ជាខេត្តជាប់ព្រំដែនវៀតណាម នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា «ពលរដ្ឋខ្មែរ មិនត្រូវជួលដីធ្លីនៅតាមព្រំដែន ទៅឲ្យជនបរទេស {វៀតណាម} ជាដាច់ខាត»។ លោកបញ្ជាក់បន្ថែមថា «ការជួលដីធ្លី នៅតាមព្រំដែន ឲ្យជនបរទេស វាជារឿងខុសច្បាប់»។
មិនសំដៅលើជនបរទេស នៃប្រទេសជិតខាងណាមួយច្បាស់លាស់ទេ ប៉ុន្តែលោក ស ខេង ទំនងជាចង់ផ្តោតទៅលើវៀតណាម ដែលមានប្រវត្តិឈ្លានពានទឹកដីខ្មែរ ជាប់ជាប្រចាំរហូតបច្ចុប្បន្ន។
ចំណែកភាគីថៃ ក៏ជាប្រទេសជាប់ព្រំដែនជាមួយកម្ពុជាដែរ ហើយសុទ្ធតែមានប្រវត្តិលួចរំកិលព្រំដែន ចូលក្នុងទឹកដីកម្ពុជា ដែលនាំឲ្យមានទំនាស់ព្រំដែនជាញឹកញាប់ បើទោះបីកម្ពុជា និងថៃ មានព្រំដែនអន្តរជាតិ និងមានបង្គោលព្រំដែន ចំនួន ៧៣ ជាមួយគ្នា តាមសន្ធិសញ្ញា បារាំង សៀម ឆ្នាំ ១៩០៤ និង ១៩០៧ រួចហើយក្តី។
សម្រាប់ប្រទេសឡាវ សព្វថ្ងៃ នៅតែជាប្រទេស ដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់វៀតណាម។ ការដោះស្រាយបញ្ហាព្រំដែនរបស់ឡាវ ជាមួយកម្ពុជា គឺពឹងផ្អែកទាំងស្រុង ទៅលើសន្ធិសញ្ញានានា ដែលរដ្ឋាភិបាល លោក ហ៊ុន សែន បានធ្វើជាមួយភាគីវៀតណាម។ គ្រប់សន្ធិសញ្ញាថ្មីៗទាំងអស់ ជាមួយវៀតណាម តាំងពីទសវត្សរ៍ទី៨០ មកដល់ឆ្នាំ ២០០៥ និងឆ្នាំ ២០១៩ ហៅថា «ជាសន្ធិសញ្ញាមិនស្មើភាព ដែលធ្វើឲ្យភាគីកម្ពុជា ជាអ្នកខាតបង់ បូរណភាពទឹកដីរបស់ខ្លួន» បង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ក្នុងចំណោមអ្នកនយោបាយ អ្នកជំនាញព្រំដែន និងអ្នកធ្វើកិច្ចការព្រំដែនខ្មែរ។
ក្រុមអ្នកធ្វិកិច្ចការព្រំដែន អ្នកជំនាញព្រំដែន និងសកម្មជនព្រំដែនខ្មែរ បានហៅការថ្លែងសាររបស់លោក ស ខេង ក៏ដូចជាលោក ហ៊ុន សែន ស្តីអំពីការជួលដីធ្លី នៅតាមព្រំដែន ឲ្យជនបរទេសនេះថា «មិនមែនជាការថ្លែងលើកទីមួយទេ ហើយក៏គ្មានចំណាត់ការតាមច្បាប់ណាមួយ ឲ្យមានប្រសិទ្ធភាព ជាក់លាក់់ដែរ។ នោះជាសេចក្តីព្រួយបារម្ភធំធេងរបស់កម្ពុជា អាចបាត់បង់ទឹកដីបន្ថែមទៀត បើសិនមេដឹកនាំខ្មែរ នៅតែខ្វះចំណាត់ការរបៀបនេះ»។
កាលពីថ្ងៃទី ១៧ វិច្ឆិកា ២០១៥ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរមួយ សរសេរថា «ហាមពលរដ្ឋខ្មែរ មិនឲ្យលក់ ឬជួលដីស្រែ ចម្ការ ឬដីលំនៅឋាន នៅតាមតំបន់ព្រំដែន ឲ្យទៅពលរដ្ឋ នៃប្រទេសជិតខាង ទោះបីក្នុងរូបភាពណាក៏ដោយ» ដើម្បីរក្សាការពារ នូវសិទ្ធិកាន់កាប់ដីធ្លី និងផលប្រយោជន៍ស្របច្បាប់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ នៅតាមបណ្តោយព្រំដែន ព្រមទាំងជួយសម្រួលដល់ការងារកំណត់ និងបោះបង្គោលខណ្ឌសីមា សំដៅរក្សាការពារឲ្យបាន នូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
មួយខែក្រោយមក កាសែតភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយកាលពីថ្ងៃទី ២៤ ធ្នូ ២០១៥ ដកស្រង់របាយការណ៍បឋមរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថា «មានប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមព្រំដែនវៀតណាម ជិត ១០០០ គ្រួសារ បានជួលដីទំហំជិត ៧០០០ ហិកតា ទៅឲ្យវៀតណាម។ ពលរដ្ឋជាប់ព្រំដែនទាំងនោះ រួមមាននៅ ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តក្រចេះ និង ខេត្តកណ្តាល ជាដើម»។
ករណីលោក ស ខេង ថ្លែងសារជាថ្មី នៅថ្ងៃទី ១២ មីនា ឆ្នាំ២០២០ នេះ រំលឹកអំពីការជួលដីព្រំដែន ឲ្យជនបរទេសជិតខាងនេះ គឺជាដូចជាការសារភាពថា រដ្ឋាភិបាលសព្វថ្ងៃ មានភាពទន់ខ្សោយ ក្នុងការអនុវត្តច្បាប់ ដែលនាំឲ្យមានការជួលដីព្រំដែន ទៅឲ្យជនបរទេស នៅតែបន្តកើតមានដដែល ដែលជាហានីភ័យធ្ងន់ធ្ងរ សម្រាប់ប្រជាជាតិខ្មែរ ទៅថ្ងៃក្រោយ៕