អត្ថបទ VOD | ដោយ មេង គ្រុយពន្លក
02nd-9-2022

«ខ្ញុំ រ៉ុង ឈុន មក​ជួប​បង​ប្អូន​វិញ​ហើយ​ យើង​ត្រូវ​តែ​ធ្វើ​ដំណើរ​ស្វែង​រក​សេរីភាព​​ យើង​ត្រូវ​តែ​ស្វែង​រក​លទ្ធិ​ប្រជា​ធិបតេយ្យ​ ជូន​ប្រទេស​យើង​តទៅ​ទៀត​ ជំហរ​របស់​ខ្ញុំ​នៅ​តែ​បន្ត​ទៅ​ទៀត​​ ទាល់​តែ​មាន​សេរីភាព និង​ប្រជា​ធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស ទើប​យើង​ឈប់​»

ខាង​លើ​នេះ គឺ​​​ជា​​ការ​ថ្លែង​ជា​សាធារណៈ​​លើក​​ដំបូង​របស់​លោក រ៉ុង ឈុន ​ភ្លាមៗ​ក្រោយ​ពី​ចេញ​ពី​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ ក្នុង​ពេល​ដែល​អ្នកគាំទ្រ​ជា​ច្រើន​នាក់​ កំពុង​ទៅ​ទទួល​លោក​ចេញ​ពី​ពន្ធនាគារ ស្រែក​សាទរ​ នៅ​ពេល​បាន​ជួប​លោក​ជា​ថ្មី​ម្ដង​ទៀត។

លោក រ៉ុង ឈុន បាន​ជាប់​ពន្ធនាគារ​​ជា​លើក​ទី​ពីរ​​ ដោយសារ​ការ​អត្ថា​ធិប្បាយ​ពី​បញ្ហា​​ព្រំដែន រវាង​កម្ពុជា​​ជាមួយ​ប្រទេស​វៀតណាម។ ​អាជ្ញាធរ​បាន​​ចាប់​ខ្លួន​លោក ​ទាំង​​យប់​នៅ​​ថ្ងៃ​​ទី​ ​៣១ ខែ​​កក្កដា ក្រោយ​លោក​​បាន​អះអាង​ថា រក​ឃើញ​​ភាព​​​មិន​​ប្រក្រតី​​ការ​​បោះ​បង្គោល​​ព្រំដែន រវាង​កម្ពុជា និង​វៀតណាម ដែល​​ធ្វើ​​ឱ្យ​​​ពលរដ្ឋ​នៅ​​ស្រុក​​ពញា​ក្រែក ខេត្ត​​ត្បូងឃ្មុំ បាត់​បង់​​ដី​​ ទៅ​​ប្រទេស​​វៀតណាម។

លោក រ៉ុង ឈុន ត្រូវ​បាន​ទទួល​ស្គាល់​​ថា ជា​អ្នក​តស៊ូ​មតិ​​​ទាម​ទារ​ការ​ដំឡើង​​ប្រាក់​ឈ្នួល​ជូន​កម្មករ គ្រូ​បង្រៀន​​ មន្រ្តី​រាជការ និង​បង្ហាញ​ភាព​មិន​ប្រក្រតី​ ​ពី​បញ្ហា​​ព្រំដែន​ ជាដើម។ លោក ធ្លាប់​កាន់​តួនាទី​ផ្សេងៗ ទាំង​នៅ​ក្នុង​ជួរ​រដ្ឋ និង​សង្គម​ស៊ីវិល ​រួម​​មាន ​គ្រូ​បង្រៀន មន្រ្តី​​ក្រសួង​អប់រំ​ ប្រធាន​សហជីព ប្រធាន​សមាគម​គ្រូប​ង្រៀន​​ឯករាជ្យ​ សមាជិក​របស់​អង្គការ​​ឃ្លាំ​មើល​កម្ពុជា​​ និង​ចុង​ក្រោយ​ជា​សមាជិក​នៃ​​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។​​ ​

លោក រ៉ុង ឈុន​ កើត​នៅ​ឆ្នាំ ១៩៦៩ នៅ​​ភូមិ​​ចុង​​កោះ​តូច ឃុំ​​តា​លន់ ស្រុក​​ស្អាង ខេត្ត​ក​ណ្ដាល។ លោក បាន​ទទួល​ការ​អប់រំ​ ចាប់​ពី​ថ្នាក់​បឋម​សិក្សា​​រហូត​ដល់​បញ្ចប់​វិទ្យាល័យ​ នៅ​​ក្នុង​ខេត្ត​កណ្ដាល​។

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​កម្រិត​វិទ្យាល័យ លោក រ៉ុង ឈុន បាន​បន្ត​ការ​សិក្សា​ ​ផ្នែក​​គណិតវិទ្យា​​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​​ភ្នំពេញ ដោយ​ហេតុ​ថា ​លោក​ស្រឡាញ់​មុខ​វិជ្ជា​នេះ​ជាង​គេ។ ក្រោយ​ចប់​ថ្នាក់​បរិញ្ញាបត្រ លោក បាន​ប្រឡង​ចូល​ធ្វើ​ការ​ជា​គ្រូ​បង្រៀន​ មុខ​វិជ្ជា​គណិតវិទ្យា នៅ​ស្រុក​កំណើត​របស់​លោក ពី​ឆ្នាំ ១៩៩៣​ រហូត​ដល់​ឆ្នាំ​​២០០១ ជា​ពេល​ដែល​លោក ត្រូវ​បាន​ផ្ទេរ​​ឱ្យ​មក​ធ្វើ​ការ​នៅ​ក្រសួង​អប់រំ ជា​មួយ​នាយកដ្ឋាន​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត​។

ក្នុង​អំឡុង​ពេល​ធ្វើ​ជា​គ្រូ​បង្រៀន លោក​ចាប់​ផ្ដើម​​ធ្វើ​ការងារ​សង្គម​​ដំបូង នៅ​ចុង​​ឆ្នាំ​​១៩៩៥​ ជាមួយ​​នឹង​​ចលនា​សហជីព ឬ​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា (FTUWKC) ដែល​មាន​​លោក សម រង្ស៉ី ជា​ស្ថាបនិក ​និង​មាន​​លោក ជា វិជ្ជា និង​​លោក រ៉ុង ឈុន ផ្ទាល់​​ជា​ជំនួយការ​។

លោក រ៉ុង ឈុន ថ្លែង​ថា ​មូលហេតុ​ដែល​លោក ចាប់​ផ្ដើម​ការងារ​សង្គម​នេះ​ នៅ​ពេល​លោក មើល​ឃើញ​​ប្រាក់​ខែ​​របស់​​កម្មករ​នៅ​មាន​​​តិច​តួច គឺ​ទាប​បំផុត​ត្រឹម​តែ​ ២៥ ដុល្លារ ប៉ុណ្ណោះ ហើយ​ជីវភាព​របស់​កម្មករ​ក៏​មាន​ភាព​លំបាក​ខ្លាំង​។​

លោកថា ៖ «​លក្ខខណ្ឌ​ការងារ គឺ​លំបាក​មែន​ទែន​ ​នៅ​តាម​បណ្ដា​រោង​ចក្រ​។ បើ​តាម​ខ្ញុំ​​មិន​ភ្លេច​ទេ ​ប្រាក់​ឈ្នួល​គាត់​តែ ២៥ ដុល្លារ​ទេ ​ក្នុង​មួយ​ខែ»។​

លោក​បន្ត​ថា​ នៅ​អំឡុង​ឆ្នាំ​ ​២០០០ ពេល​ដែល​ប្រាក់​ឈ្នួល​​កម្មករ​ឡើង​បាន ​៤៥ ដុល្លា​រ ហើយ​​​ស្ថានភាព​​លក្ខខណ្ឌ​ការងារ​​របស់​កម្មករ មាន​ភាព​ប្រសើរ​ជាង​មុន​បន្តិច​ លោក បាន​ជជែក​ជា​មួយ​លោក ជា វិជ្ជា បង្កើត​​សមាគម​គ្រូ​បង្រៀន​​ឯករាជ្យ​មួយ ដើម្បី​ទាម​ទារ​ឱ្យ​មាន​ប្រាក់​ខែ​សម​រម្យ​ សម្រាប់​គ្រូ​បង្រៀន។ ក្រោយ​មក សមាគម​គ្រូ​បង្រៀន​​កម្ពុជា​ឯករាជ្យ ត្រូវ​បាន​​បង្កើត​ឡើង​នៅ​ខែ​មី​នា ឆ្នាំ​២០០០​។

ក្រោយ​បង្កើត​សមាគម​​គ្រូ​បង្រៀន​​កម្ពុជា​ឯករាជ្យ ​បាន​មួយ​ឆ្នាំ​ លោក រ៉ុង ឈុន បាន​ចាប់​ផ្ដើម​​ធ្វើ​យុទ្ធនាការ​​ឱ្យ​គ្រូ​​បង្រៀន​​ទូទាំង​ប្រទេស​​ ​ធ្វើ​កូដ​កម្ម​​ទាម​ទារ​ការ​ដំឡើង​ប្រាក់​បៀវត្ស​ ក្នុង​នោះ​ក៏​មាន​ការ​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល​ សម្រាប់​មន្រ្តី​រាជការ និង​ក​ងទ័ព​ផង​ដែរ​។

 លោកថា ៖ «នៅ​ឆ្នាំ​២០០១ យើង​ប្រកាស​ធ្វើ​កូដ​កម្ម​ទូទាំង​ប្រទេស​តែ​ម្ដង​ ឱ្យ​ដំឡើង​ប្រាក់​បៀវត្ស​ ជូន​គ្រូ​បង្រៀន​ រួម​ទាំង​មន្រ្តី​រាជការ​ ក៏ដូចជា​កងទ័ព​ទាំង​អស់​ដែរ។​ បន្ទាប់​មក បើ​ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ យើង​ទទួល​បាន ២ ម៉ឺន​រៀល​​​ ហើយ​យើង​ បន្ត​ទាម​ទារ​ជា​បន្ត»

លោក​បន្ត​ថា​ សមាគម​​គ្រូ​បង្រៀន​ ​ទាម​ទារ​ឱ្យ​ដំឡើង​ប្រាក់​បៀវត្ស​ជា​មុន​សិន ​ដើម្បី​​ជួយ​លើក​ស្ទួយ​ជីវភាព​សមរម្យ​ និង​​លុប​បំបាត់​​ការ​បង្រៀន​ដោយ​យក​លុយ លក់​ក្រដាស ជាដើម​ និង​បន្ទាប់​មក​ លោក​ក៏​បាន​ផ្ដោត​លើ​លក្ខខណ្ឌ​ការងារ និង​កម្មវិធី​សិក្សា​ ខណៈ​ដែល​​​សមាគម​​នេះ មាន​​សមាជិក​​ជាង ​១ ​ម៉ឺន​​នាក់ នៅ​​ទូទាំង​​​រាជធានី​-​ខេត្ត​​ក្នុង​ពេល​បច្ចុប្បន្ន​ ហើយ​​លោក​​ក៏​​ផ្ទេរ​​តួនាទី​​នេះ​ ឱ្យ​​អ្នកស្រី អ៊ុក ឆាយាវី ធ្វើ​ជា​ប្រធាន​សមាគម​ បន្ត​ពី​លោក នៅ​​ឆ្នាំ ​២០១៦។

លោក​ថា លោក​បាន​សហការ​ជាមួយ​លោក ជា វិជ្ជា បង្កើត​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ហើយ​នៅ​ឆ្នាំ​២០០៥ [កែ​តម្រូវ ៖ បង្កើត​នៅ​ខែ​កញ្ញា ឆ្នាំ​២០០២, មិន​​មែន​​នៅ​​ឆ្នាំ​ ២០០៥ ទេ] ក្រោយ​​ពី​ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​​ចេញ​​សេចក្ដី​ថ្លែងការ​ណ៍​​ ទាត់​ចោល​ការ​បង្កើត​​សន្ធិសញ្ញា​​​​បំពេញ​បន្ថែម នៅ​​ឆ្នាំ​​​២០០៥ ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដោយ​យល់​​ថា ​សន្ធិសញ្ញា​នេះ ​ផ្ទុយ​​ពី​ស្មារតី​​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ​លោក រ៉ុង ឈុន ត្រូវ​​បាន​រដ្ឋាភិបាល ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៣ ខែ​។

លោកថា ៖ «​សន្ធិ​សញ្ញា​បំពេញ​បន្ថែម វា​ផ្ទុយ​ពី​ស្មា​រតី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ២៣ តុលា ឆ្នាំ​​១៩៩១ នេះ ពី​ព្រោះ​​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង ត្រង់​ចំណុច “ខមួយ បាន​ចង្អុល​បង្ហាញ​ថា ​សន្ធិ​សញ្ញា​នៅ​ក្នុង​ទសវត្សរ៍ ​៨០ ដែល​មិន​បម្រើ​ផល​ប្រយោជន៍​ឱ្យ​ជាតិ នឹង​ត្រូវ​​និរាករ​​! ដែល​ពេល​ហ្នឹង​​ រដ្ឋ​កម្ពុជា និង​ប្រជា​មា​និត​កម្ពុជា បាន​ចុះ​​កិច្ច​ព្រម​ព្រៀង​ជាមួយ​យួន ច្រើន​ ដែល​សន្ធិ​សញ្ញា​ទាំង​នេះ មិន​បាន​ផ្ដល់​ផល​ចំណេញ​ឱ្យ​កម្ពុជា​ទេ ​គឺ​​ខាត​បង់​ទឹកដី»

លោក​បន្ថែម​ថា ​កោះត្រល់​ មុន​ពេល​ដែល​សន្ធិ​សញ្ញា​​បំពេញ​បន្ថែម ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មិន​ទាន់​ចូល​ជា​ធរមាន​ រដ្ឋាភិបាល​ក្រុង​ហាណូយ ​មិន​ទាន់​​អភិវឌ្ឍ​នៅ​តំបន់​នោះ​ទេ។ លោក បន្ត​ថា​​ សន្ធិ​សញ្ញា​បំពេញ​​បន្ថែម​នេះ ​មិន​ចំណេញ​​ដល់​​​កម្ពុជា​ ព្រោះ​​អំឡុង​ពេល​ដែល​​មាន​​សន្ធិ​សញ្ញា​ទាំង​នោះ គឺ​ប្រទេស​កម្ពុជា ត្រូវ​បាន​គ្រប់​គ្រង​ដោយ​វៀតណាម​ នេះ​បើ​តាម​ការ​ស្រាវ​ជ្រាវ​របស់​លោក រ៉ុង ឈុន​។

លោកថា ៖ «បន្ទាប់​ពី​ឆ្នាំ​​២០០៥ ហើយ​​ទើប​ចាប់​ផ្ដើម​​​អភិវឌ្ឍ​ កោះត្រល់​។ ហើយ​ខ្ញុំ​បាន​ជួប​ជាមួយ​មេទ័ព​ខ្មែរ​ក្រហម ​នៅ​ក្នុង​ព្រៃស​ ហើយ​យើង​បាន​ស្រាវ​ជ្រាវ​ច្រើន​ ហើយ​ចាស់ៗ ដែល​គាត់​ថា ​នៅ​ជំនាន់ ប៉ុល ពត ក្ដី ក្រុម​ខ្មែរ​ក្រហម ​បាន​ឈរ​ជើង​ នៅ​កោះត្រល់​ កោះ​ត្រល់ ជា​កោះ​របស់​យើង​ហើយ។​ បាទ!​ បើ​យើង​និយាយ​ទៅ ទឹកដី​កម្ពុជា​ក្រោម ក៏​ទឹកដី​របស់​យើង​ តែ​យើង​ចង់​និយាយ​ត្រឹម​បារាំង បន្សល់​ទុក​ឱ្យ​»

លោក រ៉ុង ឈុន​ បាន​លើក​ឡើង​ថា​ ការ​ធ្វើ​ការងារ​សង្គម ការ​បង្ហាញ​ចំណុច​​ខ្វះ​ខាត​របស់​​រដ្ឋាភិបាល ដើម្បី​កែ​​លម្អ​សង្គម​នេះ តែង​តែ​មាន​ការ​ប្រឈម ហើយ​លោក បាន​ធ្លាប់​ជជែក​ជាមួយ​លោក ជា វិជ្ជា ទោះបី​ជា​មាន​ការ​លះបង់​កម្រិត​ណា ក៏​មិន​ចាក​ចេញ​ពី​ប្រទេស​នោះ​ទេ ព្រោះ​លោក​ ចង់​ផ្ដល់​ភាព​ជា​គំរូ​ ដល់​អ្នក​ជំនាន់​ក្រោយ ថា​មាន​តែ​ការ​តស៊ូ​មតិ នៅ​ក្នុង​ប្រទេស​ខ្លួន​ឯង​ទេ​ ​ទើប​ទទួល​បាន​លទ្ធផល​ខ្ពស់​។

លោកថា ៖ «គ្រាន់​តែ​គេ​គំរាម​បន្ដិច​បន្តួច​ ហើយ​​យើង​​រត់​​ចោល​​ស្រុក​ ស្រែក​ពី​ស្រុក​គេ​វិញ​ ស្រែក​ពី​ស្រុក​គេ​មក ក៏​ដើម្បី​រំលឹក​ពី​យុវជន​ ដល់​ពលរដ្ឋ​អី​ដែរ​​ ប៉ុន្តែ​វា​មិន​សូវ​មាន​ប្រសិទ្ធភាព​។ អ៊ីចឹង យើង​ជ្រើស​រើស​​នៅ​ក្នុង​ស្រុក​ យើង​ មិន​គេច​នោះ​ទេ​ ព្រោះ​យើង​គិត​ថា វា​អត់​មាន​អ្វី​ដែល​​ខុស​ច្បាប់​​​ យើង​គ្រាន់​តែ​ចូល​រួម​បំពេញ​បន្ថែម​​ នូវ​អ្វី​ដេល​រដ្ឋាភិបាល​ធ្វើ​ខ្វះ​ខាត​»

​លោក រ៉ុង ឈុន​​ បាន​​កាន់​តួនាទី​ជា​​សមាជិក​ ​គណៈ​កម្មា​ធិការ​​ជាតិ​​រៀបចំ​​ការ​បោះ​ឆ្នោត​ កូតា​ មក​ពី​គណ​បក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​តុលាការ​រំលាយ ក្រោយ​ការ​​បោះ​ឆ្នោត​​ជាតិ​ អាណត្តិ​​ទី​​៥ ក្នុង​ឆ្នាំ​ ២០១៣។

តែ​​ក្រោយ​​គណបក្ស​​សង្គ្រោះ​​ជាតិ ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ ​នៅ​ចុង​ឆ្នាំ​​២០១៧ ​លោក រ៉ុង ឈុន រួម​នឹង​សមាជិក គ.ជ.ប. មួយ​រូប​ផ្សេង​ទៀត មក​ពី​កូតា​គណ​បក្ស​សង្រ្គោះ​ជាតិ​ បាន​លា​លែង​ពី​តំណែង​ ជា​តំណែង​ដែល​ពួក​គេ​​ ទទួល​​បាន​ប្រាក់​បៀវត្ស​ខ្ពស់​ ស្មើ​នឹង​​ឋានៈ​រដ្ឋមន្រ្តី​ មាន​ឡាន មាន​អង្គរក្ស​ផ្ទាល់​ខ្លួន​ ដើម្បី​គោរព​តាម​​ការ​សន្យា​របស់​ខ្លួន ​ចំពោះ​មុខ​ប្រជា​ពលរដ្ឋ​។

លោកថា ៖ «នៅ​ពេល​ដែល​យើង​មើល​ស្ថានភាព​មិន​ល្អ​ គេ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​​ អ៊ីចឹង នៅ​ពេល​ដែល​ខ្ញុំ​ដឹកនាំ​អង្គ​ប្រជុំ​ ដែល​មាន​សង្គម​ស៊ីវិល និង​គ្រប់​ភាគី​​គណ​បក្ស​នយោបាយ​ មក​ចូល​រួម​​ នៅ​ពេល​​ហ្នឹង ខ្ញុំ​​បាន​និយាយ​ជាមួយ​សារព័ត៌មាន​ជា​សាធាណៈ​​ថា ពេល​ដែល​គេ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​នឹង​លា​ឈប់​ពី គ.ជ.ប.»។​

លោកថា ​៖ «យើង​ត្រូវ​លា​ឈប់​ហើយ​ យ៉ាង​ហោច​ក៏​មាន​សេចក្ដី​ក្លាហាន​ក្នុង​ការ​លា​[ឈប់] យើង​មិន​អាច​​ក្បត់​ឆន្ទៈ​ប្រជា​ពលរដ្ឋ​បាន​នោះ​ទេ។​ ប្រសិន​បើ​យើង​នៅ​បន្ត​ក្នុង គ.ជ.ប. យើង​ត្រូវ​​អនុម័ត​ចែក​សមាជិក​ក្រុម​ប្រឹក្សា​​ឃុំ​-​សង្កាត់ ​៥០០៧ អាសនៈ​ហ្នឹង​ សមាជិក​តំណាង​រាស្រ្ត​ចំនួន ៥៥ ហ្នឹង យក​ទៅ​ឱ្យ​​គណ​បក្ស​ផ្សេង​ ដែល​ប្រជា​ពលរដ្ឋ មិន​បាន​បោះ​ឆ្នោត​ឱ្យ​»

លោក​បន្ត​ថា​ ទោះ​បី​ជា​​អ្នក​ល្បី​ឈ្មោះ​មួយ​ចំនួន ​បាន​លក់​ឧត្ដម​គតិ​ខ្លួន​ឯង​ ហើយ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​យ៉ាង​ណា​ក្ដី​ ហើយ​កន្ល​ងមក តែង​តែ​មាន​អ្នក​បញ្ចុះ​បញ្ចូល​​ក៏​ដោយ ក៏​លោក​មិន​ទៅ​ចូល​រួម​នោះ​ដែរ​ ព្រោះ​ថា​ ការ​ដែល​​លោក​ ឈាន​ជើង​ធ្វើ​ការ​ងារ​សង្គម​នេះ ​ដើម្បី​​ផល​ប្រយោជន៍​ជាតិ និង​ជួយ​លើក​ស្ទួយ​​លទ្ធិ​ប្រជា​ធិបតេយ្យ​​នៅ​កម្ពុជា​ប៉ុណ្ណោះ​។

ជា​គ្រូបង្រៀន និង​ជា​​កវី​និពន្ធ​​ឯករាជ្យ លោក ស៊ូ ខេមរិន្ទ បាន​សាទរ​ចំពោះ​​​ការ​បង្កើត​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​​របស់​លោក រ៉ុង ឈុន​​ ដែល​បាន​​តស៊ូ​​មតិ ឱ្យ​មាន​ការ​ដំឡើង​​ប្រាក់​បៀវត្ស​ដល់​គ្រូ​បង្រៀន​ និង​មន្រ្តី​រាជការ​សាធារណៈ ​ឱ្យ​មាន​ជីវភាព​សមរម្យ​ សក្តិសម​ជា​មន្រ្តី​រាជការ​ផង និង​ ដើម្បី​​លើក​ទឹក​ចិត្ត​គ្រូ​បង្រៀន​ទាំង​អស់​ដែល​ខិត​ខំ​បំពេញ​​ការងារ​កសាង​ធនធាន​មនុស្ស​ ខណៈ​ដែល​​លោក ​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​អនុវិទ្យាល័យ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​​២០០៦ ដែល​ទទួល​បាន​ប្រាក់​បៀវត្ស​ត្រឹម​តែ​ «៨ ម៉ឺន​រៀល» ប៉ុណ្ណោះ​ តែ​បច្ចុប្បន្ន​​បាន​ឡើង​ដល់​ ​«១ លាន​ប្រាំ​សែន​រៀល» ហើយ​។

លោកថា ៖ «ចំពោះ​ការ​បង្កើត​សមាគម​គ្រូ​បង្រៀន ដែល​ដំបូង​ឡើយ​ដោយ​លោក រ៉ុង ឈុន នេះ ជា​រឿង​ល្អ ​​ព្រោះ​​សមាគម​​គ្រូ​បង្រៀន​នេះ​ ដែល​ទាម​ទារ​​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​​មន្រ្តី​រាជ​ការ​ឱ្យ​បាន​សម​រម្យ ដើម្បី​ចាយ​វាយ​​ឱ្យ​មើល​ទៅ​សម​ជា​មន្រ្តី​រាជការ​​»។​

ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ លោក កើត សារ៉ាយ និង​ជា​​អតីត​​ព្រះសង្ឃ ​ដែល​ដឹកនាំ​​បាតុកម្ម​ ​ដើម្បី​​ទាម​ទារ​ឱ្យ​​ដោះ​លែង​លោក រ៉ុង ឈុន និង​សកម្មជន​​សិទ្ធិ​​មនុស្ស សកម្មជន​​នយោបាយ​ផ្សេង​ទៀត​ ហើយ​​ត្រូវ​បាន​​តុលាការ កាត់​ទោស​​ឱ្យ​ជាប់​ពន្ធនាគារ​​ជាង​ ១ ​ឆ្នាំ ក្រោម​​បទ​ចោទ ​«ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»​ ឱ្យ​ដឹង​ថា​​ លោក ចាប់​ផ្ដើម​​ស្គាល់​​លោក រ៉ុង ឈុន តាំង​​ពី​​លោក រ៉ុង ឈុន​ កំពុង​តស៊ូ​មតិ ​ជាមួយ​​លោក ជា វិជ្ជា​ មក​ម៉្លេះ​ តែ​លោក ស្គាល់​គាត់​​កាន់​តែ​ច្បាស់​ និង​យល់​ពី​វីរភាព​​របស់​​លោក រ៉ុង ឈុន​ បន្ទាប់​​ពី​មាន​ការ​ចាប់​​ខ្លួន ​នៅ​ឆ្នាំ​​២០​២០ នេះ​។

លោកថា ​៖ «ប្រសិន​បើ​យើង​មើល​ពី​របៀប​ច្បាំង​របស់​កងទ័ព​ អ្នក​ដែល​ត្រូវ​នាំ​មុខ​គេ គឺ​មេទ័ព​ […] លោក​គ្រូ រ៉ុង ឈុន ជា​ប្រធាន​សហព័ន្ធ​សហជីព ក៏​អាច​ចាត់​ទុក​ជា​មេទ័ព​ដ៏​សំខាន់​​ កាល​ដែល​គាត់​មាន​គោល​ជំហរ មិន​ចាក​ចោល​មាតុភូមិ​ ទៅ​រក​ប្រទេស​ទី​ពីរ ប្រទេស​ទី​បី ដែល​នេះ​ជា​គំរូ​ភាព​ដ៏​សំខាន់​ណាស់ ​ក្នុង​ការ​បណ្ដុះ​អ្នក​ដូច​គាត់​​​ទៀត​»

​លោក​បន្ត​ថា ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ គួរ​គប្បី​លើក​ទឹក​ចិត្ត​​ចំពោះ​វីរភាព​​លោក រ៉ុង ឈុន ផង​ដែរ ដើម្បី​​លុប​បំបាត់​នូវ​វប្បធម៌ ​ដែល​ចាត់​ទុក​ជាវី​របុរស ​លុះ​ត្រា​តែ​បាត់​បង់​ជីរិត​ទៅ​ហើយ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោកស្រី ចក់ សុភាព មាន​ស្រសាសន៍​ថា ​លោក​ស្រី ចាប់​ផ្ដើម​​ស្គាល់​លោក រ៉ុង ឈុន នៅ​ពេល​​លោក​ស្រី ចាប់​ផ្ដើម​​ការងារ​​ជាមួយ​ម​​ជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​អំឡុង​ឆ្នាំ​២០០៥ ជាពិសេស​​នៅ​ពេល​ដែល​មាន​ការ​ចាប់​ខ្លួន​​បុគ្គល​សំខាន់ៗ​ លោក រ៉ុង ឈុន លោក កឹម សុខា និងលោក យ៉េង វីរៈ ដែល​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

លោកស្រី​បន្ថែម​​ថា ​លោក រ៉ុង ឈុន​ បាន​បង្ហាញ​​នូវ​​ភាព​ក្លាហាន​ ​ក្នុង​ការ​តស៊ូ​មតិ​​ការពារ​ផល​ប្រយោជន៍​​កម្មករ​ ឬ​ព្រំដែន ​ជាដើម​ បើ​ទោះ​បី​លោក បាន​ជាប់​ពន្ធនាគារ​យ៉ាង​ណា​ក្ដី ដែល​នេះ​​គឺ​ជា​ការ​បង្ហាញ​​ពី​​គំរូភាព​​ដល់​យុវជន​ជំនាន់​ក្រោយ​ និង​ជា​ចលករ​លើក​ទឹកចិត្ត​ដល់​យើង​ទាំង​អស់​គ្នា ​ក្នុង​ការ​ចូល​រួម​​លើក​ស្ទួយ​​វិស័យ​សិទ្ធិ​មនុស្ស​​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​។

លោកស្រីថា ​៖ «សម្រាប់លោក រ៉ុង ឈុន យើង​ឃើញ​នូវ​ភាព​ក្លាហាន​​របស់​គាត់ ទោះបី​ជា​​ធ្លាប់​ប្រឈម​ជាមួយ​​បទ​ចោទ​ និង​ត្រូវ​បាន​ឃុំ​ខ្លួន​យ៉ាង​ណាក៏​ដោយ។​ ទោះបី​ជា​គាត់​ចេញ​មក​វិញ​ យើង​មើល​ឃើញ​ថា ​គាត់​នៅ​រក្សា​ជំហរ​របស់​គាត់ ​ចូល​រួម​ការងារ​សង្គម​ ការងារ​​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ សិទ្ធិ​​ការងារ​ គ្រប់​ពេល​ដែល​យើង​ឃើញ​មាន​នូវ​បញ្ហា​របស់​កម្មករ​ និយោជិត ឬ​ក៏​សហគម​ន៍​ ជាពិសេស​បញ្ហា​ព្រំដែន​អីហ្នឹង គឺ​លោក​​តែង​តែ​ចេញ​មុខ​ឈឺ​ឆ្អាល​»។​

ព្រះតេជព្រះគុណ​ សុខ រស្មី​ គង់​នៅ​វត្ត​​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន​ថេរដីកា​ថា ​នៅ​ពេល​ដែល​​លោក​ រ៉ុង ​ឈុន បាន​ចុះ​ទៅ​ទីតាំង​ព្រំដែន ​ក្បែរ​នោះ​ ព្រះអង្គ​​មាន​ការ​ព្រួយ​​បារម្ភ ចំពោះ​សុវត្ថិភាព​របស់​លោក តែ​យ៉ាង​ណា ​លោក​មាន​មោទកភាព​​ដែល​លោក រ៉ុន ឈុន តែង​តែ​ឈឺ​ឆ្អាល​ចំពោះ​ទឹកដី​​ និង មិន​ចាក​ចោល​មាតុភូមិ​របស់​លោក​ឡើយ​។​

ព្រះអង្គ​មាន​ថេរដីកា​ថា​ ៖​ «មាន​អារម្មណ៍​ថា ​សោក​ស្ដាយ​​ដែល​គេ​ចាប់​គាត់ [លោក រ៉ុង ឈុន] ព្រោះ​គាត់​គឺ​ជា​ធនធាន​ប្រទេស​ជាតិ​មួយ​ ហើយ​គាត់​ជា​មនុស្ស​មិន​ប្ដូរ​ឆន្ទៈ​របស់​ខ្លួន​​ឯង​​ឡើយ​»។ ​

លោកស្រី ចក់ សុភាព បាន​បន្ត​ថា ​ចំណុច​ពិសេស​របស់​​លោក រ៉ុង ឈុន ដែល​លោកស្រី​ និង​អ្នក​ធ្លាប់​ធ្វើ​ការងារ​សង្គម​​ជាមួយ​​គ្នា ​បាន​ដឹង​ថា មូលហេតុ​ដែល​​លោក រ៉ុង ឈុន មិន​​ទាន់​​យក​​គ្រួសារ​ ដោយសារ​តែ​លោក ចង់​ប្រើ​​ពេល​វេលា​ឱ្យ​បាន​ច្រើន ​ក្នុង​ការ​ចូល​រួម​​ការងារ​សង្គម​ ដែល​​ទង្វើ​​បែប​នេះ​ ត្រូវ​បាន​ លោកស្រី យល់​ថា ​ជា​ការ​លះ​បង់​នូវ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ឬ​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន។​ ​ហេតុ​ដូច្នេះ ចំពោះ​ការ​លះបង់​បែប​នេះ គួរ​តែ​ត្រូវ​បាន​កោត​សរសើរ​ គាំទ្រ និង​គាំ​ពារ​​ផង​ដែរ​។​

លោក រ៉ុង ឈុន​​ បាន​ផ្ដល់​ជា​អនុសាសន៍​ថា ​ដើម្បី​​ឱ្យ​សង្គម​ជាតិ​មួយ ​មាន​​ការ​រីក​ចម្រើន ​លុះ​ត្រា​តែ​ប្រជា​ពលរដ្ឋ​ខ្លាំង មាន​ចំណេះ​ដឹង​ និង ​មិន​ដើរ​តាម​អ្នក​នយោបាយ តែ​ធ្វើ​​ឱ្យ​​អ្នក​នយោបាយ​ដើរ​តាម​ការ​ចង់​បាន​របស់​ប្រជា​ពលរដ្ឋ​​វិញ​​។ ដូច្នេះ លោក​ថា ​ពលរដ្ឋ​ខ្មែរ​​ដែល​​ជាម្ចាស់​វាសនា​របស់​ប្រទេស​ជាតិ​ខ្លួន ​គួរ​នាំ​គ្នា​​ប្រើ​ប្រាស់​​សិទ្ធិ​របស់​​ខ្លួន​ ​​ផ្ដល់​ដោយ​រដ្ឋធម្មនុញ្ញ ដើម្បី​ជំរុញ​ទៅ​មេ​​ដឹកនាំ​គិត​ពី​ផល​ប្រយោជន៍​ជាតិ ផល​ប្រយោជន៍​​ប្រជា​ពលរដ្ឋ​ជា​ធំ តាម​រយៈ​ការ​តស៊ូ​មតិ ដោយ​សកម្ម និង​សន្តិវិធី​។

លោកថា ​៖ «គុក​គ្រាន់​តែ​ជាទីងមោង​បន្លាច​មនុស្ស​ទេ​ ក្នុង​នាម​ប្រជា​ពលរដ្ឋ​ខ្មែរ ​ដែល​ស្រឡាញ់​សង្គម​ ស្រឡាញ់​ជាតិ​ ឈប់​នាំ​គ្នា​​ខ្លាច​​គុក​ទៅ! ​នៅ​ពេល​ដែល​យើង​ឈប់​ខ្លាច​គុក​ ពេល​ហ្នឹង គេ​លែង​ហ៊ាន​ចាប់​យើង​​ហើយ ​[…] គេ​មិន​អាច​​ចាប់​យើង​ទាំង​អស់​គ្នា ​ទៅ​ដាក់​គុក​ទេ ប្រសិន​បើ​យើង​ក្រោក​ទាំង​អស់​គ្នា​​ឡើង​​ រក​គុក​ឯ​ណា​ដាក់​បាន​ទេ»

រូបថតលោក ហ៊ុន សែន សែន និងលោក រ៉ុង ឈុន
រូបថតលោក ហ៊ុន សែន សែន និងលោក រ៉ុង ឈុន

​.