ខណៈពេលចុះពិនិត្យព្រំដែន នៅចំណុចយាធាវៀតណាម បោះតង់ ៩ កន្លែង ក្នុងតំបន់ព្រំដែន ក្នុងឃុំសំពៅពួន ស្រុកកោះធំ ខេត្តកណ្តាល លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា បានផ្តល់យោបល់ ២ ចំណុចថា៖
១. អំពាវនាវឲ្យពលរដ្ឋ និងយុវជនខ្មែរ ចុះពិនិត្យតំបន់ព្រំដែនជាប្រចាំ និងចូលរួមសរសេរញត្តិ ឬបញ្ចេញមតិយោបល់អំពីរឿងនេះ បើទោះជាសេរីភាពបញ្ចេញមតិ ត្រូវបានរឹតបន្តឹងក្តី។
២. អំពាវនាវទៅកាន់រដ្ឋាភិបាល ឲ្យដោះស្រាយបញ្ហាព្រំដែន តាមច្បាប់អន្តរជាតិ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។
(អត្ថបទបន្ថែមដោយលោក ម៉ែន ណាត)
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវឱ្យពលរដ្ឋចូលរួមការពាររឿងព្រំដែនកម្ពុជា និងវៀតណាម
(ពីវិទ្យុអាស៊ីសេរី RFA /ដោយលោក ទីន ហ្សាការីយ៉ា / 03rd-5-2020)
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ ចូលរួមការពារបូរណភាពទឹកដីកម្ពុជា តាមបណ្ដោយព្រំដែន តាមរយៈសកម្មភាពចុះពិនិត្យស្ថានភាពព្រំដែន និងការសរសេរញត្តិជាដើម ដើម្បីឱ្យរដ្ឋាភិបាល ធានាថា ទឹកដីខ្មែរតាមបណ្ដោយព្រំដែន គ្មានការបាត់បង់ទៅប្រទេសជិតខាង។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល ស្នើឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ព្រោះរដ្ឋាភិបាល កំពុងដោះស្រាយរឿងនេះ តាមគោលការណ៍ច្បាប់ និងកិច្ចសហប្រតិបត្តិការ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លើកឡើងថា ពលរដ្ឋ និងក្រុមយុវជន មានតួនាទីសំខាន់ ចូលរួមការពារបូរណភាពទឹកដីខ្មែរ តាមបណ្ដោយព្រំដែនគ្រប់តំបន់ទាំងអស់ និងត្រូវតាមដាន ពីប្រសិទ្ធភាពកិច្ចការពាររបស់រដ្ឋាភិបាល ក្នុងការកំណត់ខណ្ឌសីមាព្រំដែន ជាមួយប្រទេសវៀតណាម។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ឱ្យដឹងនៅថ្ងៃទី ៣ មេសា ថា ពលរដ្ឋមានកាតព្វកិច្ចចំបាច់ការពារព្រំដែន ដែលធានាដោយរដ្ឋធម្មនុញ្ញ ដើម្បីទាមទារ ឱ្យរដ្ឋាភិបាល មានជំហរច្បាស់លាស់ ដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ឱ្យបានត្រឹមត្រូវ តាមច្បាប់ជាតិ និងអន្តរជាតិ ជាពិសេសស្របតាម កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១។ លោក បារម្ភថា បើពលរដ្ឋនៅតែខ្លាច មិនហ៊ានចូលរួមការពារព្រំដែនទេ កម្ពុជានឹងប្រឈមហានិភ័យខ្ពស់ របូតទឹកដីខ្មែរ តាមបណ្ដោយព្រំដែនជាបន្តទៀត៖ «រឿងបញ្ហាសិទ្ធិ បើសិនជាយើង មិនមាត់ គេមិនដែលដាក់ជើងពានសិទ្ធិ ឱ្យយើងនោះទេ។ យើងឃើញពលរដ្ឋ មានការចូលរួមកម្រិតទាបនៅឡើយ។ យើងចង់ឃើញយុវជន និងបញ្ញវន្តចូលរួមឈឺឆ្អាលរឿងសង្គមហ្នឹង ឱ្យបានច្រើន ជំរុញឱ្យរដ្ឋាភិបាល អនុវត្តបានហើយ។ យើងដឹងថា ថ្នាក់ដឹកនាំរដ្ឋ គឺជាអ្នកបម្រើពលរដ្ឋ»។
ទោះយ៉ាងណា ក្រុមយុវជន និងពលរដ្ឋ សង្កេតឃើញថា ការចូលរួមឃ្លាំមើល និងការការពារព្រំដែន គឺជាចំណុចរសើបមួយ បង្កឱ្យពួកគេជួបការលំបាកខ្លាំង ដោយសាររដ្ឋាភិបាល រឹតត្បិតសិទ្ធិសេរីភាព និងគំរាមកំហែងពលរដ្ឋ ជាពិសេសសិទ្ធិបញ្ចេញមតិ រឿងព្រំដែនតែម្ដង។
យុវជនម្នាក់រស់នៅរាជធានីភ្នំពេញ ធ្លាប់ចុះពិនិត្យស្ថានភាពព្រំដែន លោក ម៉ា ចិត្រា យល់ថា បើទោះជារដ្ឋធម្មនុញ្ញ បានធានាសិទ្ធិសេរីភាព ពលរដ្ឋ និងក្រុមយុវជន ឱ្យចូលរួមការពារព្រំដែនក្តី ក៏ប៉ុន្តែជាក់ស្ដែង ពួកគេនៅតែប្រឈម ការលំបាកក្នុងការតាមដានរឿងនេះ ព្រោះកន្លងទៅពួកគេ ធ្លាប់ត្រូវបានអាជ្ញាធរខ្មែរ ហាមឃាត់ ពេលចុះទៅពិនិត្យព្រំដែន នៅខេត្តស្វាយរៀង៖ «សម្ដែងមតិ ឬប្រើប្រាស់សិទ្ធិរបស់យើងហ្នឹង ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គាត់ថាយើងខុសច្បាប់ទៅវិញ មែនទែនទៅ ស្រេចតែគាត់បកស្រាយ យើងក្នុងនាមជាពលរដ្ឋ យើងចាំតែទទួលកំហុស។ កិច្ចការពារ និងឃ្លាំមើលបញ្ហាព្រំដែន យើងពិបាកចូលរួមណាស់ ព្រោះសិទ្ធិសេរីភាពយើងឥឡូវ ត្រូវបានរឹតត្បិតខ្លាំងជាងមុន»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ស្នើសូមឱ្យពលរដ្ឋ ត្រូវរក្សាភាពស្ងប់ស្ងៀមចំពោះបញ្ហានេះ ព្រោះរដ្ឋាភិបាល កំពុងដោះស្រាយតាមគោលការណ៍ ដែលភាគីប្រទេសទាំងពីរ បានចុះហត្ថលេខារួច ក្នុងការអនុវត្តខ្សែព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ លោក បញ្ជាក់ថា ភាគីប្រទេសទាំងពីរ កំពុងដោះស្រាយបញ្ហាព្រំដែនប្រយ័ត្នប្រយែង យ៉ាងប្រយ័ត្នប្រយែង ចៀសវាងបង្កើតបានជាអំពើហិង្សា៖ «ការងារហ្នឹង មិនមែនជាការងាររបស់ ប្រជាពលរដ្ឋ និងយុវជនទេ ជាការងាររបស់គណៈកម្មការ ព្រោះយើងរឿងហ្នឹង យើងដោះស្រាយតាមគោលការណ៍ ដែលយើងបានចុះហត្ថលេខា រវាងកម្ពុជា និងវៀតណាម តាមរយៈគណៈកម្មការចម្រុះព្រំដែន។ យើងអត់មានដោះស្រាយ តាមអារម្មណ៍ ឬដោះស្រាយតាមនយោបាយណាមួយទេ គឺជាបច្ចេកទេសសុទ្ធសាធ។ អង្វរពលរដ្ឋ សូមរក្សាភាពស្ងប់ស្ងៀម»។
ប្រជាពលរដ្ឋពិនិត្យឃើញថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាមនេះ រដ្ឋាភិបាលកម្ពុជា ហាក់ដូចជាមានជំហរដោះស្រាយទន់ខ្សោយ ខុសពីជម្លោះព្រំដែន ជាមួយប្រទេស ឡាវ និង ប្រទេសថៃកន្លងមក ដែលរដ្ឋាភិបាលកម្ពុជា ធ្លាប់ប្រកាសតវ៉ាខ្លាំងៗ និងរហូតបញ្ជូនកងទ័ព ទៅការពារតំបន់ជម្លោះទាំងនោះទៀតផង។ ជាក់ស្ដែង ករណីទាហានវៀតណាម ចូលមកបោះតង់ ចំនួន ៩ កន្លែង ក្នុងទឹកដីកម្ពុជា នៅតាមបណ្ដោយព្រំដែន ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល គឺកងទ័ពវៀតណាម មិនទាន់រើចេញទៅវិញនៅឡើយទេ រហូតមកដល់ពេលនេះ ហើយកម្ពុជា ក៏មិនទាន់បង្ហាញជំហរច្បាស់លាស់បែបណានៅឡើយដែរ។
របាយការណ៍របស់ក្រុមការងារ ១០០រាត្រី ខេត្តមួយចំនួននៅជាប់ព្រំដែនជាមួយប្រទេសវៀតណាម ដូចជា ខេត្តកំពត ស្វាយរៀង ព្រៃវែង តាកែវ ត្បូងឃ្មុំ និងខេត្តមណ្ឌលគិរី ជាដើម នៅមានបញ្ហាប្រឈមជាច្រើនរួមមាន បោះបង្គោលព្រំដែនគ្មានតម្លាភាព គ្មានយន្តការការពារព្រំដែនឱ្យច្បាស់លាស់ និងពលរដ្ឋខ្មែរមួយចំនួន មិនសូវខ្វល់ខ្វាយរឿងបូរណភាពទឹកដីរបស់ខ្លួន។
លើសពីនេះ ពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែន ត្អូញត្អែរពីការបាត់បង់ទឹកដីស្រែចម្ការរបស់ពួកគេ ទៅវៀតណាម គ្រប់គ្រងជាច្រើនហិកតារ ហើយដីខ្មែរ ដែលវៀតណាម បានបំពានយកនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរវៀតណាម បានក្ដាប់យ៉ាងណែន និងបញ្ជូនពលរដ្ឋគេ ឱ្យរស់នៅ ថែមទាំងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនស្អេកស្កះទៀតផង៕
អត្ថបទទាក់ទង
– លោក ម៉ែន ណាត៖ កម្ពុជានឹងរួញទឹកដីតូចថែមទៀត បើរដ្ឋាភិបាលលោក ហ៊ុន សែន មិនហ៊ានប្តឹងវៀតណាម
– ប្រតិកម្មចម្រុះចំពោះយោធាវៀតណាម បោះតង់ចូលទឹកដីខ្មែរ ស្រុកកោះធំ ជាការឈ្លានពានថ្មីទៀត ខណៈក្រសួងការបរទេសខ្មែរ គ្រោងតវ៉ាការទូត
– ឯកសារ៖ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បង្ហាញការដោះស្រាយបញ្ហាបូរណភាពទឹកដី តាមយន្តការអន្តរជាតិ
– ក្រសួងការបរទេសខ្មែរ គ្រោងធ្វើលិខិតតវ៉ាទៅវៀតណាម ករណីបោះតង់ រំលោភចូលទឹកដីខ្មែរ ប៉ុន្តែក្រុមអ្នកឃ្លាំមើល ជម្រុញឲ្យដោះស្រាយតាមយន្តការអន្តរជាតិ
– លោក ម៉ែន ណាត បញ្ជាក់មូលហេតុជុំវិញការបោះតង់នៃយោធាវៀតណាម រំលោភចូលទឹកដីខ្មែរ
– វៀតណាម បោះតង់នៅស្រុកកោះធំ ចូលទឹកដីខ្មែរ ជាការឈ្លានពានទឹកដីខ្មែរ
– អាជ្ញាធរខេត្តកណ្តាល ស្នើឲ្យភាគីវៀតណាម រុះរើតង់ ចេញពីតំបន់ស ខ្សែបន្ទាត់ព្រំដែនកម្ពុជា
.