RFA Khmer / 03rd-2-2021

សាលាដំបូង​​រាជធានី​​ភ្នំពេញ​ បន្ត​​ជំនុំ​ជម្រះ​​សំណុំ​រឿង​​របស់​​លោក រ៉ុង ឈុន និង​​សកម្មជន​​ពីរ​​នាក់​​ទៀត​ នៅ​​ព្រឹក​​ថ្ងៃ​ទី​០​៣ កុម្ភៈ​។ ជាមួយ​​គ្នា​​នេះ ​អាជ្ញាធរ​​បាន​​ដាក់​​ពង្រាយ​​កង​កម្លាំង​​ជា​ច្រើន​​នាក់ ទប់​ស្កាត់​​មិន​​ឱ្យ​​ប្រជា​ពលរដ្ឋ​ ចូល​​ទៅ​​ឈរ​​តាម​ដាន​​នៅ​មុខ​​តុលាការ​​​ឡើយ​។ មន្ត្រី​​សិទ្ធិ​មនុស្ស ចាត់​​ទុក​​រឿង​​នេះ​​ថា ជា​​ការ​​រំលោភ​​សិទ្ធិ​​សេរីភាព​​ការ​​ជួបជុំ​​របស់​​ប្រជា​ពលរដ្ឋ។

អាជ្ញាធរ​​បាន​​បញ្ជូន​​ជន​ជាប់​ចោទ​​ទាំង​ ៣​​ នាក់ ​រួមមាន​​អ្នក​ឃ្លាំ​មើល​​បញ្ហា​​ព្រំដែន លោក រ៉ុង ឈុន សកម្មជន​​សិទ្ធិ​​ការងារ កញ្ញា សរ កណិកា និង​​អ្នក​គាំទ្រ​​គណបក្ស​​សង្គ្រោះ​​ជាតិ លោក តុន និមល ចូល​​តតាំង​​ក្តី​​ នៅ​​ក្នុង​​សវនាការ។

មេធាវី​​ការពារ​​ក្ដី​​ឱ្យ​​ជន​ជាប់​ចោទ លោក ឡោ ជុនធី ប្រាប់​​អាស៊ីសេរី​ នៅ​​​រសៀល​​ថ្ងៃទី​ ៣ កុម្ភៈ​ ថាតំណាង​​អយ្យការ និង​​ចៅក្រម​​ជំនុំ​ជម្រះ​​បាន​​​សួរ​សំណួរ​​ភាគច្រើន​​ ជា​​ការ​​ដាក់​​បន្ទុក​​ដល់​​កូន​ក្ដី​​របស់​​លោក៖ «ឧទាហរណ៍​ពាក់ព័ន្ធ​ហ្នឹង​ហ្វេសប៊ុក យើង​សរសេរ​អី​ខ្លះ​អីចឹង​ទៅ។ អាហ្នឹង​សួរ​អីចឹង​វា​ហាក់បីដូច​ថា​យើង​សរសេរ​អី​យើង​ស៊ា​អី អាហ្នឹង​គឺ​លក្ខខណ្ឌ​មួយ​ដែល​ដាក់​បន្ទុក​ហើយ។ អាហ្នឹង​​វា​ពិបាក​កន្លែង​ហ្នឹង​ថា យើង​បែងចែក​បើ​ចង់​ឱ្យ​គេ​សួរ​ដោះ​សួរ​យ៉ាងម៉េច អាហ្នឹង​វា​ពិបាក​បន្តិច»។

សវនាការ​នេះ មាន​ការ​​ចូលរួម​​​តាមដាន​​ពី​​សំណាក់​​មន្ត្រី​ទូត មន្ត្រី​​អង្គការ​​សង្គម​​ស៊ីវិល និង​​អ្នក​គាំទ្រ​​ជន​​ជាប់​ឃុំ​​ប្រមាណ​ ២០​នាក់។

សមាជិក​​សមាគម​​គ្រូបង្រៀន​​កម្ពុជា​​ឯករាជ្យ លោក ឯម ប៊ុនណារិទ្ធិ ដែល​​បាន​​ចូល​​ស្ដាប់​​សវនាការ​​នេះ​ កត់​សម្គាល់​ថា អង្គ​ជំនុំ​ជម្រះ​​សួរ​សំណួរ​ជន​ជាប់ឃុំ ស៊ីចង្វាក់​គ្នា ហាក់​មានការ​ត្រៀម​ទុកជាមុន​។ គ្រូបង្រៀន​វ័យ​ ៣៥​​ឆ្នាំ​រូប​​នេះ បន្ថែម​ថា ពេលខ្លះ​ជន​ជាប់​ចោទ​​ឡើង​​ឆ្លើយ​​សំនួរ​​ មិន​ទាន់​ចប់​សេចក្ដី​ផង ត្រូវ​បាន​ចៅក្រម​បង្អាក់​ពួកគាត់​ឱ្យ​ឈប់​និយាយ​ក៏​មាន៖ «មើល​ទៅ​លំអៀង​ច្រើន​ណាស់​បាន​ន័យ​ថា សំណួរ​ណា​ដែល​សម្រាប់​ជនជាប់ចោទ ​គាត់​មិនសូវ​លើក​មក​សួរ​ទេ ពេលខ្លះ​គាត់​ហាម​ទៀត​។​ ប៉ុន្តែ​សំនួរ​ដែល​មើល​ទៅ​ចង់​ដាក់​ទម្ងន់​ទៅលើ​កូនក្ដី​ហ្នឹង​ គាត់​ឈ្លេចសួរ​ដដែលៗ​អីចឹង​ទៅ។ ពេលខ្លះ​សួរ​បំភាន់​ចុះឡើង​ ឱ្យ​គ្នា​ហ្នឹង​រក​ឆ្លើយ​មិន​ឃើញ​ដូច ​និមល ដូច​ កណិកា​ អី​គ្នា​មិន​សូវ​មាន​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ទេ ដល់ពេល​អីចឹង ​គ្នា​ឆ្លើយ​ត្រឡប់ ត្រឡិន ហើយ​ខ្ញុំ​មើល​ទៅ ​ដូចជា​មិន​សូវ​មាន​វិជ្ជាជីវៈ​អី​ប៉ុន្មាន​ទេ»។

ក្រោយ​បញ្ចប់​សវនាការ អាជ្ញាធរ​បាន​បញ្ជូន​លោក រ៉ុង ឈុន កញ្ញា សរ កណិកា និង​លោក តុន និមល ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ​ភ្លាមៗ។ តុលាការ​គ្រោង​ជម្រះក្ដី​លើ​សំណុំរឿង​របស់​អ្នក​ទាំង​៣ នៅ​ថ្ងៃទី​១៧ កុម្ភៈ បន្ត​ទៀត។

នៅ​ក្នុង​ថ្ងៃ​ជំនុំជម្រះ​ក្ដី​នេះ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ បាន​​ដាក់​​ពង្រាយ​​កងកម្លាំង​​ចម្រុះ​​ជាច្រើន​​នាក់ ដើម្បី​​ហាមឃាត់​​មិន​​ឱ្យ​ប្រជា​ពលរដ្ឋ និង​អ្នកគាំទ្រ​លោក រ៉ុង ឈុន ចូល​ទៅ​ឈរ​តាមដាន​ស្ថានការណ៍​នៅ​ម្ខាង​ផ្លូវ​មុខ​តុលាការ​បាន​ដូច​ពេល​មុនៗ​នោះ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​​អគ្គស្នងការដ្ឋាន​​នគរបាល​​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​​អាស៊ីសេរី​​ថា អាជ្ញាធរ​​ដាក់​​កង​កម្លាំង​​ការពារ​​សន្តិសុខ​​សណ្ដាប់​ធ្នាប់ ដើម្បី​​សម្រួល​​ដល់​​ដំណើរការ​​ក្ដី​​របស់​តុលាការ៖ «រឿង​​សមត្ថកិច្ច​​ពាក់ព័ន្ធ​​ គេ​អនុវត្ត​ទៅ​តាមតែ​បទបញ្ជា​ទេ បើ​មាន​បញ្ជា​នៃ​អង្គ សវនាការ​​ឱ្យ​​រៀបចំ​​សណ្ដាប់​ធ្នាប់​​ គឺ​​រៀបចំ​​សណ្ដាប់​ធ្នាប់​​ហើយ​។ ទី​២ លោក​មាន​ដឹង​ថា នៅ​​ក្នុង​​ទីក្រុង​​ភ្នំពេញ នៅ​​កន្លែង​​តុលាការ​​ ហ្នឹង​វា​មាន​មនុស្ស វា​​ត្រូវ​​ការ​​ឱ្យ​​មនុស្ស​​រៀបចំ​​សណ្ដាប់ធ្នាប់ ​ឱ្យ​បាន​ច្បាស់លាស់​ទេ»។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​សមាគម​​ការពារ​​សិទ្ធិមនុស្ស​ អាដហុក ​(Adhoc) ស៊ឹង សែនករុណា យល់​ថា ប្រជាពលរដ្ឋ​​ចូលរួម​តាម​​ឃ្លាំ​មើល​​ដំណើរការ​​ក្ដី​នៅមុខ​តុលាការ ​ជា​​សិទ្ធិ​​សេរីភាព​​របស់​​ពល​រដ្ឋ​​ដោយ​​ស្រប​ច្បាប់​។ មន្ត្រី​សង្គម​​ស៊ីវិល​​រូប​នេះ ចាត់​​ទុក​វិធានការ​​របស់​​អាជ្ញាធរ​​នេះ ថា​ជា​ការ​ដើរ​​ចាក​​ឆ្ងាយ​​ពី​​គន្លង​​ប្រជាធិបតេយ្យ និង​​ជា​​ការ​រំលោភ​បំពាន​​លើ​សិទ្ធិ​សេរីភាព​​របស់​​ពលរដ្ឋ​​ដោយ​​ខុស​ច្បាប់៖ «ការ​លើកឡើង​បែបនេះ ​វា​ហាក់​ដូច​ជា​​មាន​ភាព​​អសមត្ថភាព​​របស់​​សមត្ថកិច្ច​​ទៅវិញ​ទេ។​ បើ​​គ្រាន់​តែ​​ការ​​សម្របសម្រួល​​ឱ្យ​ក្រុម​ទាំងអស់​ហ្នឹង​ គាត់​មាន​ទីតាំង​ក្នុង​ការ​សម្ដែង​មតិ​ ឱ្យ​បាន​ត្រឹមត្រូវ ហើយ​​ដំណើរការ​​របស់​​តុលាការ​នៅ​តែ​អាច​ធ្វើ​ទៅ​បាន ដោយ​​មិន​​មាន​​ការ​ប៉ះពាល់​​អី​ ដូចជា​មិន​មានអី​ត្រូវ​ពិបាក​នោះ​ទេ។ ព្រោះ​សមត្ថកិច្ច​នៅ​ប្រទេស​ផ្សេង​ គេ​មាន​សមត្ថភាព​ គេ​អត់​ព្រួយបារម្ភ​ក្នុង​ចំណុច​ទាំងអស់​ហ្នឹង​ទេ គេ​មាន​វិធាន​ក្នុង​ការ​ទប់ស្កាត់​ដោយ​ជំនាញ​របស់​គេ»។

លោក ស៊ឹង សែនករុណា បន្ត​ថា សវនាការ​លើក​នេះ ​មិន​ខុស​ពី​លើក​មុន​នោះ​ទេ គឺ​ចៅក្រម​ហាក់​បាន​ដើរតួ​ជំនួស​ឱ្យ​តំណាង​អយ្យការ ដោយ​បាន​សួរ​សំណួរ​ដាក់​បន្ទុក​លើ​ជនជាប់ចោទ​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ខូចប្រយោជន៍​សកម្មជន​ទាំង​បី​នាក់។

នេះ​ជា​លើក​ទី​២ ​ហើយ ដែល​តុលាការ​ បាន​ជំនុំជម្រះ​អង្គសេចក្ដី​លើ​សំណុំរឿង​របស់ លោក រ៉ុង ឈុន។ អាជ្ញាធរ​បាន​ចាប់ខ្លួន​មេ​សហជីព និង​​អ្នកឃ្លាំមើល​​បញ្ហា​​ព្រំដែន​រូប​នេះ កាលពី​យប់​ថ្ងៃ​ទី​ ៣១ កក្កដា​ ឆ្នាំ​​ ២០២០ ដោយ​ចោទប្រកាន់​ពី​បទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ ការ​ចាប់​ខ្លួន​នេះ គឺ​បន្ទាប់ពី​លោក​ចុះ​ជួប​ពលរដ្ឋ​ដែល​អះអាង​ថា អាជ្ញាធរ​វៀត ណាម ​រំលោភ​យក​ដី​ពលរដ្ឋ​ខ្មែរ​ នៅ​ខេត្ត​ត្បូងឃ្មុំ​។ ចំណែក​កញ្ញា សរ កណិកា និង​លោក តុន និមល ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ក្រោយ​ពេល​​ពួកគេ​ចូលរួម​តវ៉ា​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន និង​ជន​ជាប់ឃុំ​មួយ​ចំនួន​ទៀត។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​​​២០២០ ​រហូត​មក ដល់​ថ្ងៃ​ទី​០​៣ កុម្ភៈ​មាន​សកម្មជន​​សង្គម ព្រះសង្ឃ​ខ្មែរ​ថាវរៈ សកម្មជន​នយោបាយ និង​​ក្រុម​យុវជន​​ជិត ​៧០​ ​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​។ តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ រួមគំនិត​ក្បត់ ញុះ​ញង់ និង​ប្រមាថ​ថ្នាក់ដឹកនាំ​ជាដើម។

អង្គការ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​ស្ថាប័ន រួម​ទាំង​អង្គការ​សហប្រជាជាតិ បាន​​ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​នេះ ថា​ជា​​ការ​ធ្វើទុក្ខបុក​ម្នេញ​ផ្នែក​នយោបាយ ហើយ​បាន​ស្នើ​យ៉ាង​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​អ្នកទោស​មនសិការ​ទាំង​នេះ ហើយ​ងាក​មក​គោរព​សិទ្ធិ​ពលរដ្ឋ​វិញ៕

.