អត្ថបទវីអូឌី (VOD) ដោយលោក ម៉ម មុនីរតន៍
31-5-2021
តំណាងមេធាវីម្នាក់ក្នុងចំណោម ៥ នាក់ ដែលកំពុងការពារក្តីឱ្យលោក រ៉ុង ឈុន បានដាក់បណ្តឹងចំនួន ២ រួចហើយ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំឱ្យតុលាការ ពិចារណាផ្តល់លទ្ធភាពឱ្យអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ រូបនេះ បាននៅក្រៅឃុំបណ្តោះអាសន្ន។
លោក សំ សុគង់ មេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន បានប្រាប់ វីអូឌី ថាបណ្តឹងដែលក្រុមការងាររបស់លោក គ្រោងដាក់កាលពីប៉ុន្មានថ្ងៃមុននេះ ឥលូវបានចូលដល់ដៃតុលាការហើយ គិតត្រឹមរសៀលថ្ងៃចន្ទនេះ។ លោកមានសុទិដ្ឋិនិយមថា តុលាការ នឹងពិចារណាលើពាក្យស្នើសុំនេះ ដើម្បីអាចឱ្យកូនក្តីរបស់លោកមានលទ្ធភាព បាននៅក្រៅឃុំ ដោយសារភាពចាំបាច់នៃការឃុំខ្លួនលើសពីនីតិវិធីទៅហើយ។
លោកបន្តថា៖ «យើងខ្ញុំសង្ឃឹមថា ឯកឧត្តមប្រធានសាលាដំបូង អាចនឹងសម្រេចក្នុងពេលយ៉ាងខ្លីបំផុតជូនចំពោះមេធាវីដែលបានស្នើសុំនេះ»។
យោងតាមមាត្រា ៣០៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា នៅពេលមេធាវីការពារឱ្យជនត្រូវចោទ ស្នើសុំឱ្យដោះលែងនៅក្រៅឃុំបណ្តោះអាសន្ន គឺតុលាការត្រូវឆ្លើយតប ឬបើកការជំនុំជម្រះក្នុងរយៈពេល ១០ ថ្ងៃយ៉ាងយូរ ក្រោយទទួលបានពាក្យបណ្តឹង។
គិតមកដល់ពេលនេះ លោក រ៉ុង ឈុន ត្រូវបានឃុំខ្លួនអស់រយៈពេលប្រមាណជាង ១០ ខែមកហើយ គិតពីថ្ងៃចាប់ខ្លួន។ អតីតប្រធានសមាគមគ្រូបង្រៀនរូបនេះ ត្រូវបានតុលាការ ចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម» និងចេញដីកាឱ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស។
ទាក់ទិនរឿងនេះ មន្រ្តីនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បញ្ជាក់ថា ខាងរដ្ឋបាល បានទទួលបណ្តឹងទាំង ២ របស់មេធាវីការពារក្តីលោក រ៉ុង ឈុន រួចហើយ។ ចំណែកការឆ្លើយតបបែបណានោះ លោកថា គឺអាស្រ័យលើចៅក្រមជាអ្នកសម្រេចនៅពេលក្រោយ។
លោកបន្តថា៖ «ចាំមើលលោកចៅក្រម! ខាងរដ្ឋបាលបានទទួលហើយ ហើយយើងក៏បានបញ្ជូនទៅលោកចៅក្រម លោកចៅក្រម កំពុងពិនិត្យសម្រេចថា នឹងដាក់កម្មវិធីអីយ៉ាងណា»។
នៅក្នុងពាក្យបណ្តឹងដែលក្រុមេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន ដាក់ជូនទៅតុលាការទាំងពីរនេះ រួមមាន ទី១ ស្នើសុំជួបកូនក្តីតាមរយៈទូរសព្ទ ខណៈនៅពន្ធនាគារកំពុងមានបញ្ហាកូវីដ-១៩ ដែលមេធាវី មិនអាចជួបផ្ទាល់បាន និងទី២ សុំឱ្យតុលាការ ដោះលែងលោក រ៉ុង ឈុន បាននៅក្រៅឃុំបណ្តោះអាសន្ន។
មន្រ្តីនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មិនមានជំនឿថា តុលាការនឹងដោះលែងលោក រ៉ុង ឈុន ទៅតាមសំណើរបស់ក្រុមមេធាវីនោះទេ។ អ្នកការពារសិទ្ធិមនុស្សរូបនេះយល់ឃើញថា ដើម្បីបន្ធូរបន្ថយសម្ពាធនយោបាយ និងស្ថិតក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ-១៩ នេះផង តុលាការ គួរពិចារណាក្នុងការផ្តល់លទ្ធភាពសម្រាប់ លោក រ៉ុង ឈុន បាននៅក្រៅឃុំទៅតាមការស្នើសុំ។
លោកបន្តថា៖ «ខ្ញុំគិតថា ដើម្បីបញ្ចប់នូវមន្ទិលសង្ស័យ ហើយបង្កើតនូវជំនឿចិត្ត ឬក៏បន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយឡើងវិញ គប្បីស្ថាប័នមានសមត្ថកិច្ច ជាពិសេសខាងតុលាការគួរពិចារណា ដើម្បីឱ្យលោក រ៉ុង ឈុន ដើម្បីថែរក្សា និងព្យាបាលជំងឺ ប្រសិនជាគាត់កើតនូវជំងឺហ្នឹង»។
ប្រធានសហភាពការងារកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងយប់ កាលពីចុង ខែកក្កដា ឆ្នាំ ២០២០។ ការចាប់ខ្លួននេះ ធ្វើឡើងក្រោយពេលលោក បានអត្ថាធិប្បាយ និងចេញសេចក្តីថ្លែងការណ៍ជុំវិញបញ្ហាដីធ្លីរបស់ពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដែលជាប់ពាក់ព័ន្ធបញ្ហាព្រំដែន រវាងកម្ពុជា-វៀតណាម៕

.