អត្ថវបទដោយ CWCI Cambodia

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវេស៍ បានចេញសេចក្តី​ថ្លែងការណ៍​មួយ ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២​០២០ ដោយ​​អំពាវ​ដល់​រដ្ឋាភិបាល និង​​តុលាការ​​កម្ពុជា ដោះលែង​​លោក រ៉ុង ឈុន ជាបន្ទាន់ និង​​ដោយ​គ្មាន​​លក្ខខណ្ឌ។ សេចក្តីថ្លែងការណ៍នេះ ចុះហត្ថលេខាដោយលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បាន​សង្កត់ធ្ងន់​ថា ការ​ចាប់​ឃុំខ្លួន​លោក រ៉ុង ឈុន ជារឿងនយោបាយ និងទាក់ទិន​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ EBA របស់​​សហភាព​អឺរ៉ុប ខិត​ជិត​ដល់​​កាល​​កំណត់​​ឱសានវាទ «ផ្តាច់ ឬបន្ត EBA» នៅ​ថ្ងៃទី​​១២ ខែ​សីហា ច្រើនជាង​ហេតុផល​បញ្ហា​ព្រំដែន មកដាក់បន្ទុក​នោះ។ 

សេចក្តីថ្លែងការណ៍
រដ្ឋាភិបាលកម្ពុជាដោះលែងលោក រ៉ុង ឈុន ជាបន្ទាន់

ដោយកត់សម្គាល់ឃើញថា រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ត​ដើរ​ផ្ទុយ​ពី​គោល​ការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ប្រាសចាក​ពីខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ទាំង​ស្រុង ដែល​ជំនួស​ដោយ​ការដឹកនាំ​តាម​យន្តការ​អន់ថយ និង​ផ្តាច់ការ ជាការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ បំបិទ​សិទ្ធិ​បញ្ចេញ​មតិ ជាពិសេស​បង្ក្រាប​លើសកម្មជន​សហជីព ខណៈ​ដែល​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA របស់​សហភាព​អឺរ៉ុប ខិតជិតដល់​កាល​កំណត់​ឱសានវាទ «ផ្តាច់ ឬបន្ត EBA» នៅថ្ងៃទី​១២ ខែ​សីហា ខាងមុ​ខនេះ​ផង និងចំ​ពេល​ដែលស្ថានភាព​ព្រំដែន​កម្ពុជា ត្រូវបាន​ប្រទេស​វៀតណាម ចូល​បោះតង់​កើន​ឡើង​ចំនួន ២៨៤ តង់ នៅ​តាមបណ្តោយ​ព្រំដែន ដែល​ជាការ​គំរាម​កំហែង និង​រំលោភ​ឈ្លាន​ពាន មក​លើបូរណភាព​ទឹកដី​កម្ពុជា

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូម​ថ្កោលទោស​យ៉ាង​ដាច់​អហង្កា ចំពោះ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ចាប់​ខ្លួន លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​​ឃ្លាំមើល​កម្ពុជា និង​ជាប្រធាន​សហភាពសហជីព​កម្ពុជា ក្រោម​​បទ​ចោទ​​ប្រកាន់​​អំពី​«ការបំភ្លៃពិតលើ បញ្ហាព្រំដែន ជាបទ​ល្មើសជាក់ស្តែង តាមមាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ» កាលពីម៉ោង ៩:៤០ នាទី នៅរាត្រីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០។ ករណីការចាប់ខ្លួន​នេះ មិន​មែន​ជា​បទល្មើស​ជាក់ស្តែង​ដូច​ការចោទ​ប្រកាន់​ឡើយ ប៉ុន្តែ​ជា​រឿង​នយោបាយ និង​ជាការ​ធ្វើ​ឡើង​ខុស​ម៉ោងរដ្ឋបាល ហើយ​និង​ធ្វើទៅ​តាម​ទំនើង​ចិត្ត​របស់​អាជ្ញាធរ​រដ្ឋាភិបាល ដែល​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​រដ្ឋធម្មមនុញ្ញ​កម្ពុជា ជំពូកទី៣ ស្តីអំពីសិទ្ធិ និងករណីយ​កិច្ចរបស់​ប្រជាពលរដ្ឋ​ខ្មែរ ត្រង់​កថាខណ្ឌ​ទី១ នៃមាត្រា​៤១ ព្រមទាំង​រំលោភ​លើ​មាត្រា​១៩ នៃ​សេចក្តីប្រកាស​ជាសកល ស្តីពី​សិទ្ធិមនុស្ស។

លោក រ៉ុង ឈុន គឺជាសកម្មជន​សហជីព និង​សកម្មជន​ព្រំដែន​ដ៏ឆ្នើម ដែល​ចូលរួម​ជាមួយ​បងប្អូន​កម្មករ ក្រុម​គ្រូប​ង្រៀន ពលរដ្ឋ​រងគ្រោះ​ដីធ្លី ដើម្បីយុត្តិធម៌​សង្គម និង​បាន​ចុះអង្កេត​សកម្មភាព​រំលោភ​ព្រំដែន​កម្ពុជា ពីសំណាក់​ប្រទេស​វៀតណាម ពេល​ថ្មីៗ​នេះ។ ជាក់ស្តែង​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ {សូមទាញយក} ក្នុង​​នាម​​ជា​​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា កាល​ពីថ្ងៃទី២១ ខែកក្កដា​ កន្លង​ទៅ លោក រ៉ុង ឈុន បាន​ធ្វើ​ឡើងដោយ​​ផ្អែក​​លើ​ការ​ចុះ​អង្កេត​ផ្ទាល់ ឃើញ​ជាក់ស្តែង​ថា «ការបោះបង្គោលព្រំដែន លេខ ១១៤ ដល់លេខ ១១៩ មាន​ភាពមិន​ប្រក្រតី​ច្រើន ដែល​ធ្វើឲ្យ​ពលរដ្ឋ​បាត់បង់ដី ទៅភាគីវៀតណាម​ ជាច្រើន​រយហិកតា» នៅ​​ឃុំត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ជាដីដូន​តា​កសិករ​ខ្មែរ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវ​ដល់រដ្ឋាភិបាល និង​តុលាការ​កម្ពុជា ដោះលែង​លោក រ៉ុង ឈុន ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​រួមចំណែក​លើក​កម្ពស់​សិទ្ធិមនុស្ស​ឡើង​វិញ សិទ្ធិ​បញ្ចេញ​មតិ ​សិទ្ធិ​ជួប​ប្រជុំ​ជាសាធារណៈ​របស់​ពលរដ្ឋ និង​សហជីព​កម្មករ ព្រមទាំង​រួបរួម​គ្នា​ការពារ​អធិបតេយ្យ​ជាតិ និងបូរណភាព​ទឹកដី​ខ្មែរ ស្រប​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​កម្ពុជា គោលការណ៍​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

ក្រុងគ្រីស្ទានសាន់ (ប្រទេស​ន័រវេស៍) ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

(ហត្ថលេខា និងត្រា)
ម៉ែន ណាត

អត្ថបទភ្ជាប់៖ សូមទាញយកសេចក្តីថ្លែងការណ៍ នៅត្រង់នេះ (Download)។ ហើយមានភ្ជាប់«សេចក្តីថ្លែងការណ៍ របស់លោក រ៉ុង ឈុន» ផែងដែរ។ ហើយក៏មានភ្ជាប់សេចក្តីថ្លែងការណ៍របស់ គណៈកម្មាធិការចម្រុះព្រំដែន(រដ្ឋាភិបាល) {ទាញយក /Download} នាំដល់ការចាប់ខ្លួនលោក រ៉ុង ឈុន។

Free Rong Chhun