ក្រុមវាគ្មិនឧត្តមគិតិនិយម និងវាគ្មិនឯករាជ្យ យល់ស្របគ្នាថា «ការកែប្រែរដ្ឋធម្មនុញ្ញ មាត្រា៩០ (ថ្មី) ពីប្រព័ន្ធ ឬ រូបមន្ត ២/៣ (ពីរភាគបី) មក ៥០%+១ (៥០ បូកមួយ ឬភាគច្រើនដាច់ខាត) នាំឲ្យមានការខុសឆ្គងធ្ងន់ធ្ងរ នៅកម្ពុជា ខណៈដែលប្រទេសនេះ មិនទាន់មានលទ្ធិប្រធិបតេយ្យ មិនទាន់ធានាបាននូវប្រព័ន្ធយុត្តិធម៌ និងមិនទាន់ធានាបាននូវការអនុវត្តច្បាប់ត្រឹមត្រូវ»។ ក្រុមវាគ្មិន ស្តីបន្ទោសថា «បន្ទាប់ពីបានកែប្រែរដ្ឋធម្មនុញ្ញ មកត្រឹម ៥០%+១ (ឬ ៥០បូកមួយ) នេះហើយ ដែលនាំឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន រំលោភអំណាចតាមទំនើងចិត្ត ដោយរាប់បញ្ចូលទាំងការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារ ខែកញ្ញា ២០១៧ និងរំលោយចោល នូវគណបក្សសង្គ្រោះជាតិ ខែវិច្ឆិកា ២០១៧»។
ការលើកឡើងខាងលើនេះ គឺជាទស្សនៈរបស់វាគ្មិន នៅក្នុងកម្មវិធីពិភាក្សាជជែកដេញដោល «IdeaTalk» នៃសារព័ត៌មានឌីខេមបូឌា ដេលិ (The Cambodia Daily) សឹងពេញមួយសប្តាហ៍ ក្នុងសប្តាហ៍នេះ (ថ្ងៃទី ១៨-២១ ឧសភា ២០២០) ដែលបានលើកប្រធានបទផ្សេងៗ ជុំវិញការផ្តល់គំនិតយោបល់ ដើម្បីចូលរួមដោះស្រាយវិបត្តិនយោបាយ នៅកម្ពុជាសព្វថ្ងៃ។ កម្មវិធីនេះ ត្រូវបានគេដឹងថា លោក តាំង សារ៉ាដា និងលោក ហាស់ សាន ជាអ្នកសម្របសម្រួល និងអញ្ជើញក្រុមវាគ្មិន ដែលមានទស្សនៈឯករាជ្យ និងអ្នកគាំទ្របក្សនយោបាយ ឬមន្រ្តីបក្សនយោបាយ ឲ្យចូលមកបង្ហាញទស្សនៈរៀងៗខ្លួន។
លោក ប៉ាង សុខឿន អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ {រស់នៅប្រទេស ស៊ុយអែត} បាននិយាយជំនួស លោក សម រង្ស៊ី កាលពីថ្ងៃទី ១៩ ឧសភា អំពីដំណោះស្រាយនយោបាយ តាមរូបមន្ត ៥០%+១ ថា «រឿងនេះ យើងងាយយល់ណាស់ គឺថាឲ្យយើងមានលទ្ធភាពឈ្នះ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី កុំឲ្យរញេរញាយដូចឆ្នាំ ២០០៣ {ជាប់គាំងនយោបាយជិត ១ឆ្នាំ ក្រោយការបោះឆ្នោតជាតិ} ដែលនាំឲ្យមានរដ្ឋធម្មនុញ្ញបន្ថែម និងការគំរាមកំហែងសព្វបែបយ៉ាង»។ លោក សុខឿន បន្តថា «គោលការណ៍ {៥០%+១} នេះ មិនមានអ្វីខុសលទ្ធិប្រជាធិបេយ្យទេ។ លោក គឹម សុខ {រស់នៅហ្វាំងឡង់} ដឹងរួចហើយថា នៅសហគមន៍អឺរ៉ុប ដូចជា ហ្វាំងឡង់ ស៊ុយអែត ន័រវេស៍ ដាណឺម៉ាក គេប្រកាន់យកគោលការណ៍នេះ»។ នេះបើតាមការបញ្ជាក់របស់លោក បា៉ង សុខឿន។
ឆ្លើយតបក្នុងកិច្ចពិភាក្សានេះ លោក គឹម សុខ អ្នកវិភាគនយោបាយ បាននិយាយថា «នៅអឺរ៉ុបនេះ គេធ្វើបាន ដោយសារគេមានប្រព័ន្ធច្បាប់រឹងមាំ និងមានលទ្ធិប្រជាធិបតេយ្យពេញលេញ»។ លោកសួរថា «តើប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យហើយឬនៅ?»។ លោកបញ្ជាក់ថា «កម្ពុជា គ្មានលទ្ធិប្រជាធិបតេយ្យទេ។ ចុះរឿងអីទៅផ្តល់អំណាចជូនលោក ហ៊ុន សែន ១០០% តាមរយៈការកែប្រែរដ្ឋធម្មនុញ្ញ ពី ២ភាគ៣ មក ៥ ០%+១ ហ្នឹង?»។ លោក បន្ថែមថា «ក្រោយការកែប្រែរដ្ឋធម្មនុញ្ញរួចហើយនោះ លោក ហ៊ុន សែន ធ្វើអ្វីៗទៅតាមទំនើងចិត្ត មិនញញើតអ្នកណាទាំងអស់។ {ឧទាហរណ៍} យើងឃើញព្រៃឈើ ក៏ត្រូវបានបំផ្លាញទ្វេដង និងបើកចំហ តាមរយៈដីសម្បទានសេដ្ឋកិច្ច។ ករណីទំនាស់ដីធ្លី បានកើនឡើងនៅទូទាំងប្រទេស។ សិទ្ធិធ្វើបាតុកម្មតវ៉ាដោយសន្តិវិធីនានា ក៏ធ្វើមិនបានដូចពេលមុន។ បក្សប្រឆាំង ធ្វើបាតុកម្មទ្រង់ទ្រាយធំចុងក្រោយ បានតែក្នុងឆ្នាំ ២០១៣ ប៉ុណ្ណោះ ប៉ុន្តែក្រោយមកទៀត គឺត្រូវបានបិទខ្ទប់ទាំងស្រុង។ ហើយលោក កឹម សុខា មេដឹកនាំបក្សប្រឆាំង ក៏ត្រូវបានលោក ហ៊ុន សែន បញ្ជាឲ្យចាប់ដាក់ពន្ធនាគារ រួចរំលោយបក្សប្រឆាំងចោលថែមទៀត»។
លោក គឹម សុខ ផ្តល់យោបល់ថា បើយើងចង់ប្តូររូបមន្តក្នុងការបង្កើតរដ្ឋាភិបាល ក្បាលម៉ាស៊ីនរដ្ឋសភា ព្រឹទ្ធសភា តាមប្រព័ន្ធ ៥០%+១ យ៉ាងហោចណាស់ត្រូវមានលក្ខខណ្ឌបំពេញគ្នា ចំនួន ៤ យ៉ាងតិច។ លោកសង្កត់ធ្ងន់ថា «ទី១. ត្រូវមាន គ.ជ.ប. (គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត) ឯករាជ្យ។ ទី២. កងកម្លាំងប្រដាប់អាវុធ ឯករាជ្យ។ ទី៣ គឺតុលាការ ឯករាជ្យ។ ទី៤. ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដែលជាស្ថាប័នបកស្រាយច្បាប់ ត្រូវឯករាជ្យ»។ លោក គឹម សុខ បញ្ជាក់បន្ថែមថា «កម្ពុជា ធ្វើមិនទាន់បាននូវលក្ខខណ្ឌទាំង ៤ នេះទេ»។
ចំណែកលោក មាជ សុវណ្ណារ៉ា អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាអតីតអ្នកទោសមនសិការ មានទស្សនៈស្របគ្នា ជាមួយលោក គឹម សុខ ដែរ ដោយបានថ្លែងប្រាប់លោក ហាស់ សាន នៃសារព័ត៌មាន The Cambodia Daily នៅថ្ងៃទី ២១ ឧសភា ថា «ជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំចង់រក្សាទុកប្រព័ន្ធ ២/៣ (ពីរភាគបី) ដើម្បីឲ្យមានគណបក្សច្រើន {បក្សជាប់ឆ្នោត} ចូលរួមធ្វើការជាមួយគ្នា បង្កើតរដ្ឋាភិបាលរួមគ្នា»។ លោក បន្ថែមថា «ក្រោយពីលោក សម រង្ស៊ី ចូលរួមជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្តូររូបមន្តនេះ មក ៥០%+១ គឺបានធ្វើឲ្យលោក ហ៊ុន សែន ជិះសេះលែងដៃ {ធ្វើអ្វីតាមអំពើចិត្ត}។ ហើយការប្តូររូបមន្តនេះ ជាការបំបែកឆ្នាំងបាយរបស់ពលរដ្ឋ {រឹតត្បិតសេរីភាពអ្នកគាំទ្រ និងនាំឲ្យពលរដ្ឋជួបទ្វេគ្រោះ»។
បុព្វហេតុក្នុងការប្រែរដ្ឋធម្មនុញ្ញ ពីរូបមន្ត ២ភាគ៣ (២/៣) មក ៥០%+១
(អត្ថបទដោយ CWCI Cambodia)
នៅក្នុងសារវីដេអូខ្លីមួយ ធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៥ ហើយបានផ្សាយឡើងវិញលើបណ្តាញសង្គម នៅថ្ងៃទី ២១ ឧសភា ២០២០ នេះ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានរំលឹកអំពីមូលហេតុ ២ ចំណុច ដែលនាំឲ្យលោក សម រង្ស៊ី ចូលរួមជាមួយលោក ហ៊ុន សែន ក្នុងការកែប្រែរដ្ឋធម្មនុញ្ញ ពី ២ភាគ៣ (២/៣) មក ៥០%+១ នៅដើមឆ្នាំ ២០០៦ ដែលកាលនោះ លោក សម រង្ស៊ី នៅជាប្រធានគណបក្សសម-រង្ស៊ី មានអាសនៈ ២៤ ក្នុងចំណោមអាសនៈសរុប ១២៣ ក្នុងរដ្ឋសភាជាតិ ជាបក្សប្រឆាំង (អាណត្តិទី៣ ឆ្នាំ២០០៣-២០០៨)។ ចំណែក បក្សហ្វ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មានអាសនៈ ២៦ ក្នុងរដ្ឋសភា បានចូលរួមធ្វើរដ្ឋាភិបាលចម្រុះ ជាមួយបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ដែលមាន ៧៣ អាសនៈ។
តាមរូបន្ត ២ភាគ៣ (២/៣) ក្នុងអាណត្តិទី៣ កាលនោះសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ត្រូវបានតែងតាំងជាប្រធានរដ្ឋសភា ហើយលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី។ ក្រសួង និងស្ថាប័ននយោបាយនានារបស់រដ្ឋាភិបាល ត្រូវបានចែកគ្នាដឹកនាំ តាមគោលការណ៍នៃកិច្ចព្រមព្រៀង រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច នៅគ្រានោះ។
លោក ម៉ែន ណាត បានថ្លែងបញ្ជាក់ក្នុងវីដេអូថា «ជាថ្នូរក្នុងការធ្វើមាតុភូមិនិវត្តិន៍» លោក សម រង្ស៊ី បានយល់ព្រមជាមួយលោក ហ៊ុន សែន ចំនួន ២ ចំណុច៖ «ទី១. រំសាយពាក្យបណ្តឹង ឬដកពាក្យបណ្តឹងពីតុលាការ នៅទីក្រុងញូវយក សហរដ្ឋអាមេរិក ដែលលោក រ៉ន អាប់នី (Ron Abney) អតីតប្រធានអង្គការ IRI របស់អាមេរិកនៅកម្ពុជា និងលោក សម រង្ស៊ី បានប្តឹងលោក ហ៊ុន សែន និងជនពាក់ព័ន្ធ អំពីករណីគប់គ្រាប់បែកដៃ ចូលក្នុងហ្វូងបាតុករ នៅថ្ងៃទី ៣០ មីនា ១៩៩៧ ខាងមុខរដ្ឋសភាជាតិ {បណ្តាលឲ្យបាតុករ ១៦ នាក់ស្លាប់ និងជាង ១០០ នាក់រងរបួស}។ ទី២. យល់ព្រមចូលរួមកែប្រែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក ៥០%+១ (រដ្ឋធម្មនុញ្ញ មាត្រា៩០ ថ្មី)»។
លោក សម រង្ស៊ី បានវិលត្រឡប់ពីការភៀសខ្លួននៅប្រទេសបារាំង មកកាន់កម្ពុជាវិញ កាលពីថ្ងៃទី ១០ កុម្ភៈ ២០០៦ តាមព្រះរាជក្រឹត្យលើកលែងទោសពីព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុងថ្ងៃទី ០៥ ខែកុម្ភៈដដែល បន្ទាប់ពីលោក បានសរសេរលិខិតសុំទោស ទៅកាន់លោក ហ៊ុន សែន។
នៅថ្ងៃទី ១២ កុម្ភៈ ២០០៦ លោក សម រង្ស៊ី បានជួបប្រជុំដោយឡែកជាមួយលោក ហ៊ុន សែន រយៈពេល ៣ ម៉ោង ជុំវិញយន្តការប្រែរដ្ឋធម្មនុញ្ញ ពី ២ភាគ៣ (២/៣) មក ៥០%+១។ លុះនៅថ្ងៃទី ០២ មីនា ២០០៦ រដ្ឋសភាជាតិ បានអនុម័តកែប្រែរូបមន្ត ពី ២ភាគ៣ មក ៥០%+១ (រដ្ឋធម្មនុញ្ញ មាត្រា៩០ ថ្មី) នេះជាផ្លូវការ ដែលមានសម្លេងអនុម័ត ១០១ សម្លេង ក្នុងចំណោមសមាជិកសភាសរុប ១២៣។
នៅក្នុងភាពចម្រូងចម្រាសនៃការកែប្រែរដ្ឋធម្មនុញ្ញ ទៅលើរូបមន្តបង្កើតរដ្ឋាភិបាលថ្មី នេះហើយ ធ្វើឲ្យសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ប្រកាសលាលែងពីប្រធានរដ្ឋសភា នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០០៦ គឺរយៈពេលជាងមួយសប្តាហ៍ មុនពេលដែលរដ្ឋធម្មនុញ្ញត្រូវបានអនុម័តកែប្រែ។
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងវេទិកាចែកសញ្ញាបត្រដល់ក្រុមនិស្សិត នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី ៣ មិថុនា ២០១៩ និយាយចំអកថា «លោក សម រង្ស៊ី ជាមនុស្សដែលស្រួលប្រើ»។ លោក បានរំលឹកយ៉ាងខ្លីថា លោកជាអ្នកបបួល លោក សម រង្សី ឲ្យចូលរួមកែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក ៥០បូក១ កាលពីឆ្នាំ២០០៦។

ការចង់ចាញ់ចង់ឈ្នះគ្នារវាងលោក សម រង្ស៊ី និងលោក ហ៊ុន ហែន លើទស្សនៈបុគ្គល
នៅខែធ្នូ ឆ្នាំ២០០៩ លោក សម រង្ស៊ី បានភៀសខ្លួនដោយខ្លួនឯងម្តងទៀត ទៅកាន់ប្រទេសបារាំង ក្រោយពីរដ្ឋាភិបាលលោក ហ៊ុន សែន ចោទប្រកាន់ពីបទ «ដកបង្គោលតម្រុយព្រំដែន នៅខេត្តស្វាយរៀង ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង រវាងកម្ពុជា និងវៀតណាម» រហូតដល់ថ្ងៃទី ១៩ កក្កដា ២០១៣ ទើបបានវិលត្រឡប់ចូលកម្ពុជាវិញ ក្រោយការមានសារសុំទោស លោក ហ៊ុន សែន ជាថ្មី និងក្រោមហេតុផលសម្របសម្រួលនយោបាយ។
តាំពីថ្ងៃទី ១៦ តុលា ២០១៥ លោក សម រង្ស៊ី ក្នុងពេលជួបជាមួយពលករខ្មែរ នៅប្រទេសកូរ៉េខាងត្បូង លោកបានប្តេជ្ញាច្បាស់លាស់ថា ត្រូវវិលត្រឡប់មកកម្ពុជា តតាំងជាមួយលោក ហ៊ុន សែន ដោយផ្ទាល់ បើទោះជារដ្ឋាភិបាល ហ៊ុន សែន ប្តឹងប្តល់យ៉ាងណាក៏ដោយ។ ប៉ុន្តែនៅប៉ុន្មានម៉ោងក្រោយមក លោក បានប្តូរជំហរ ដោយសុខចិត្តភៀសខ្លួនទៅប្រទេសបារាំង ជាប្រទេសដែលលោក បានធំដឹងក្តី រហូតមកដល់ពេលបច្ចុប្បន្ននេះ។
គួររំលឹកថា នៅចុងខែតុលា ២០១៥ លោក សម រង្ស៊ី បានប្រកាសសុំទោសលោក ហ៊ុន សែន ជាថ្មីម្តងទៀត ក្រោមហេតុផល «ជួសជុលវប្បធម៌សន្ទនា» ប៉ុន្តែលោក ហ៊ុន សែន បានបដិសេធ។
សម្រាប់យុទ្ធនាការមាតុភូមិនិវត្តន៍ នៅថ្ងៃទី ០៩ វិច្ឆិកា ២០១៩ លោក សម រង្ស៊ី បានប្រកាសដឹកនាំចលនាផ្តួលរំលំរដ្ឋាភិបាល លោក ហ៊ុន សែន ដោយហៅខ្លួនឯងជាប្រធានស្តីទី នៃគណបក្សសង្គ្រោះជាតិ ខណៈដែលលោក បានលាលែងពីប្រធានគណបក្សនេះ តាំងដើមឆ្នាំ ២០១៦ មកម្ល៉េះ។ ប៉ុន្តែសេចក្តីប្រកាសនោះ បានទទួលបរាជ័យទាំងស្រុង ខណៈដែលលោក សម រង្ស៊ី ខ្លួនឯង គ្មានការប្តេជ្ញាចិត្តច្បាស់លាស់ និងគ្មានយុទ្ធសាស្ត្រជាក់លាក់ នៅក្នុងការធ្វើមាតុភូមិនិវត្តន៍របស់ខ្លួន។
កាលពីថ្ងៃទី ២៥ កញ្ញា ២០១៩ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសនៃ អ.ស.ប. (អង្គការសហប្រជាតិ) បានថ្លែងនៅក្នុងសន្និសីទនៃ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកទី៤២ នៅទីក្រុងហ្សឺណែវ យ៉ាងដូច្នេះថា «លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួន ចាប់ពីឆ្នាំ២០១៥ បានបន្តប្រើវោហាសាស្ត្រ ប្រទូសសារាយប្រឆាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកដទៃ រាប់បញ្ចូលទាំងការអំពាវនាវឱ្យពលរដ្ឋកម្ពុជា ផ្តួលរំលំរដ្ឋាភិបាលផង ដែលទាំងនេះ ខ្ញុំប្រាកដជាមិនគាំទ្រដាច់ខាត»។
ការវិវត្តន៍ថ្មីរវាងលោក ហ៊ុន សែន និងលោក កឹម សុខា
គណបក្សសង្គ្រោះជាតិ សព្វថ្ងៃមានលោក កឹម សុខា ជាប្រធាន បើទោះបីលោក មិនទាន់បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ ក្រោមច្បាប់ហាមប្រាមដ៏អយុត្តិធម៌ ចាប់តាំងពីគណបក្សនេះ ត្រូវបានរំលាយកាលពីខែវិច្ឆិកា ២០១៧។ ទោះជាយ៉ាងណាក្តី លោក កឹម សុខា ត្រូវបានក្រុមអ្នកការទូត ពីបណ្តាប្រទេសប្រជាធិតេយ្យ ទៅជួបសំណេះសំណាលញឹកញាប់ នៅគេហដ្ឋានរបស់លោក ក្នុងទីក្រុងភ្នំពេញ ដើម្បីជាការលើកទឹកចិត្តផង និងសរសើរចំពោះការតស៊ូអត់ធ្មត់ដោយសន្តិវិធីផង។
ដំណើររឿងនេះ ត្រូវបានក្រុមអ្នកនយោបាយខ្មែរ មើលឃើញថា «ជាជំហានវិជ្ជមាន ទៅកាន់វិថីដោះស្រាយវិបត្តិនយោបាយ» បន្ទាប់ពីលោក កឹម សុខា បានជួបសំណេះសំណាលប្រមាណ ៥០ នាទី ជាមួយលោក ហ៊ុន សែន នៅក្នុងពិធីបុណ្យសពម្តាយរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន កាលពីថ្ងៃទី ០៥ ឧសភា៕
(អត្ថបទ CWCI Cambodia /22-5-2020)