អត្ថបទ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) / 02-2-2021

ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ សហគមន៍​អន្តរជាតិ​ បាន​ចំណាយ​លុយ​ជាង​ពីរ​ពាន់​លាន (ជាង ២០០០​លាន)​​​​ដុល្លារ​អាមេរិក ដើម្បី​រៀបចំ​ដំណើរ​ការ​ និង​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​នៅ​កម្ពុជា ក្រោយ​សង្គ្រាម​ស៊ីវិល​ដ៏រ៉ាំរ៉ៃ​ជាង​ពីរ​ទសវត្ស។

តាមរយៈ​កិច្ចព្រមព្រៀង​នេះ ​អង្គការ​សហ​ប្រជាជាតិ​ បាន​រៀបចំ​ការ​បោះឆ្នោត​តំណាង​រាស្រ្ត ដើម្បី​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​តាម​បែប​លទ្ធិ​ប្រជា​​ធិប​តេយ្យ ​ក្នុង​​ឆ្នាំ​​១៩៩៣។

រដ្ឋធម្មនុញ្ញថ្មី​មួយ​ ត្រូវ​បាន​គេ​តាក់​តែង​ឡើង ​និង​ទទួល​បាន​ការអនុម័ត​ពី​សមាជិក​សភា ​នៅ​ថ្ងៃទី​​២៤ ខែ​កញ្ញា ​ក្នុង​ឆ្នាំ​ដដែល​នោះ។ ​​រដ្ឋធម្មនុញ្ញនេះ បាន​ចែង​អំពី​ចំណុច​ជា​ច្រើន​ដើម្បី​ធានា​អំពី​ដំណើរការ ​និង​យន្តការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ​ព្រមទាំង​និតិវិធី​នៃ​ការ​ប្រតិបត្តិ​ដំណើរការ ​និង​យន្តការ​ទាំង​អស់​នោះ។

អ្នកតាមដាន​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​ចាត់​ទុក​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ​នេះ​ថា ​វា​មិន​គ្រាន់​តែ ​មាន​ខ្លឹមសារ​ធានា​នូវ​ដំណើរការ​ប្រជា​ធិបតេយ្យ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​លើក​ស្ទួយ​ ឲ្យ​មាន​ការ​បង្រួប​បង្រួម​​ជាតិ​ក្នុង​​ចំណោម​​អ្នក​​​នយោបាយ​​ខ្មែរ​​ទៀង​​ផង។

រដ្ឋធម្មនុញ្ញនោះ តម្រូវ​ឲ្យ​ភាគី​នយោបាយ​និមួយៗ​ មាន​ការ​ធ្វើ​សម្បទាន​​ឲ្យ​គ្នា ​ទៅ​វិញ​ទៅ​មក​ ដើម្បី​អាច​បង្កើត​រដ្ឋាភិបាល​បាន តាម​រយៈ​គោល​ការណ៍​ពីរ​ភាគបី (២/៣)

ចំណុចនេះ​ត្រូវ​គេ​ចាត់​ទុក​ថា ​វា​ជា​លក្ខ័ណ្ឌ​ដ៏សំខាន់​ដែល​តម្រូវ​ឲ្យ​អ្នក​នយោបាយ​រៀន​ធ្វើ​ការ​ជាមួយ​គ្នា​ បើទោះបី​ពួកគេ​មាន​ទស្សនៈ​​នយោបាយ ​និង​គណបក្ស​ផ្សេង​គ្នា​យ៉ាង​ណា​ក៏ដោយ។ តែអ្វីៗ​គឺផ្ទុយ​ពី​ការ​រំពឹង​ទុក​ទាំង​អស់។ ​រដ្ឋធម្មនុញ្ញ​នោះ ត្រូវ​បាន​អ្នក​នយោបាយ​ខ្មែរ ជាពិសេស លោក​ ហ៊ុន​ សែន ​ដែល​​ជា​អ្នក​មាន​អំណាច​ខ្លាំង​​នៅ​កម្ពុជា តែង​តែ​រំលោភ​បំពាន និង​កែ​ប្រែ​ជា​បន្ត​បន្ទាប់។

ក្នុងពេល​រំលោភ ​ឬ​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​ម្តងៗ ​គេ​សង្កេត​ឃើញ ​លោក ហ៊ុន សែន តែង​តែ​មាន​ឱកាស​ពង្រឹង​អំណាច​ផ្តាល់​ខ្លួន​ខ្លាំង​ឡើងៗ ខណៈ​​អ្នក​នយោបាយ​ដែល​គាំទ្រ​លោក ហ៊ុន សែន​ ក្នុង​ការ​រំលោភ​បំពាន​នោះ ​រមែង​​រីក​រាយ​នឹង​ផល​ប្រយោជន៍​មួយ​ចំនួន​​ ដែល​​លោក ហ៊ុន សែន ផ្តល់​ឲ្យ​មួយ​គែៗ ប៉ុន្តែ​ពួក​គេ​មិន​ដែល​គិត​អំពី​ផលវិបាក​ចំពោះ​ខ្លួន និង​ជាតិ​ នា​ពេល​អនាគត​នោះ​ឡើយ។

មួយឆ្នាំ​ក្រោយ​ពី​ការ​ធ្វើ​រដ្ឋប្រហារ​របស់​លោក ហ៊ុន សែន ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៩៧ ការ​បោះឆ្នោត​សភា ជា​លើក​ទីពីរ ត្រូវ​បាន​ធ្វើ​ឡើង​​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ស្រុង ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៩៨។

តាមរយៈ​ការ​បោះ​ឆ្នោត​នោះ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៤ អាសនៈ ក្នុង​រដ្ឋសភា ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួល​បាន ៤៣ អាសនៈ​ ហើយ​គណបក្ស​សម រង្ស៊ី ទទួល​បាន ១៥ អាសនៈ

លទ្ធផល​បោះឆ្នោត​នោះ គឺ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា អាច​បង្កើត​រដ្ឋាភិបាល​បាន​​ទេ ព្រោះ​រដ្ឋធម្មនុញ្ញ តម្រូវ​​ឱ្យ​មាន​​ការ​គាំទ្រ​​ពី​សមាជិក​សភា ចំនួន​ពីរ​ភាគ​បី​ (២/៣) ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល។ ​​នៅ​ពេល​នោះ ​លោក ​ហ៊ុន​ សែន​ ​ត្រូវ​ការ​ការ​គាំទ្រ​​ជា​​ចាំបាច់​ពី​​ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​ដើម្បី​ឲ្យ​​គាត់ អាច​ទទួល​បាន​សម្លេង​គាំទ្រ​​ពី​សមជិក​សភា យ៉ាង​តិច​​ពីរ​ភាគ​បី ​(២/៣) ឬ​ស្មើ​នឹង ​៨២ ​សម្លេង ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​បាន​។​ កាល​​ណោះ ​ដោយ​សារ​​គណ​បក្ស​​ប្រជាជន​​កម្ពុជា និង​​​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក គណបក្ស​ទាំង​ពីរ បាន​រួម​គ្នា​រំលោភ​និតិ​វិធី​របស់​រដ្ឋធម្មនុញ្ញ ក្នុង​ការ​បង្កើត​រដ្ឋាភិបាល។

បើតាម​រដ្ឋធម្មនុញ្ញ គេ​ត្រូវ​ការ​បង្កើត​ថ្នាក់​ដឹកនាំ និង​រចនា​សម្ព័ន្ធ​រដ្ឋសភា​សិន ទើប​រដ្ឋសភា អាច​បើក​អង្គ​ប្រជុំ​បោះឆ្នោត​ផ្តល់​​សេចក្តី​ទុក​ចិត្ត​ដល់​សមាជិក​រដ្ឋាភិបាល​ថ្មី។

ប៉ុន្តែ​នៅ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ ២០០៣ ដើម្បី​ផល​ប្រយោជន៍​ទៅ​​វិញ​​​ទៅមក​ គណ​បក្ស​​ប្រជាជន​​កម្ពុជា ​​និង​​គណ​បក្ស​​ហ្វ៊ុន​ស៊ិន​ប៉ិច​ ​បាន​យល់​ព្រម​បង្កើត​មាត្រា រដ្ឋធម្មនុញ្ញ​បន្ថែម​​មួយ​​ចំនួន ​​ដែល​​បើក​ផ្លូវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជា​កញ្ចប់​ ក្នុង​ការ​បង្កើត​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល និង​រដ្ឋសភា ក្នុង​ពេល​តែ​មួយ។

បើទោះ​បីជា​មាន​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​ក៏ដោយ ក៏​សមាជិក​សភា នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សុទ្ធ​តែ​រីក​រាយ​នឹង​គាំទ្រ​ដំណោះ​ស្រាយ​​បែប​នេះ​ តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន

អ្នកសង្កេតការណ៍​ជាច្រើន​​អះអាង​ថា យុទ្ធសាស្រ្ត​នេះ បាន​ជួយ​ពង្រឹង​អំណាច​ ​របស់​​លោក​ ហ៊ុន ​សែន ​មួយ​​កំរិត​​បន្ថែម​​ទៀត ​​ហើយ​​ក្រោយ​មក លោក ហ៊ុន សែន បាន​​​ប្រើ​​ប្រាស់​​អំណាច​​នោះ ​បង្រ្កាប​ និង​កំចាត់​ក្រុម​អ្នក​នយោបាយ​ទាំង​នោះ​វិញ ​​ដូចជា​ក្រុម​​លោក ​ជា ​ស៊ីម​ ​​ក្នុង​​គណ​បក្ស​​របស់​គាត់ និង​ពួក​មេ​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​ជាដើម។

ស្រឌៀង​គ្នា​នឹង​លទ្ធផល​បោះឆ្នោត​ ឆ្នាំ​​១៩៩៨ នោះ គឺ​លទ្ធផល​បោះឆ្នោត​ក្នុង​ខែកក្កដា ឆ្នាំ​២០០៣។ លទ្ធផល​ពេល​នោះ មិន​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​អាសនៈ​សភា ចំនួន​ពីរ​ភាគ​បី (២/៣) ឬ ៨២ សម្លេង​​ក្នុង​សភា ​ដើម្បី​បង្កើត​រដ្ឋាភិបាល ​បាន​ឡើយ។

ប៉ុន្តែ​លើក​នេះ លោក ហ៊ុន សែន មាន​ជម្រើស​ពីរ មិន​មែន​តែ​មួយ​ដូច​ក្នុងឆ្នាំ ១៩៩៨ នោះ​ទេ។ ពេល​នោះ​​លោក ហ៊ុន សែន អាច​​រើស​យក​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ដែល​ទទួល​បាន ២៦ ​អាសនៈ​ក្នុង​រដ្ឋសភា ឬ គណបក្សសម រង្ស៊ី ដែល​​ទទួល​បាន ២៤​អាសនៈ​ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា របស់​គាត់​ទទួល​បានតែ ៧៣ អាសនៈ​ប៉ុណ្ណោះ។

លើកនេះ​ក៏ដូចជា​ក្នុង​ឆ្នាំ​ ១៩៩៨ ដែរ ការ​តវ៉ា​ប្រឆាំង​នឹង​ភាព​មិនប្រក្រតី​ នៃ​ការ​បោះឆ្នោត​ ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​គណបក្ស​​ហ្វ៊ុន​ស៊ិន​ប៉ិច និង​គណបក្ស​​សម​ រង្ស៊ី ​ហើយ​ការតវ៉ា​នោះ ​បាន​​អូស​បន្លាយ​ពេល​​​ជិត​​មួយ​​ឆ្នាំ ទើប​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​​បាន​ព្រម​ព្រៀង​ជាមួយ​លោក ហ៊ុន សែន ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​​ថ្មី តាម​​រូបមន្ត​បោះ​ឆ្នោត​​ជា​កញ្ចប់​ ដូច​ឆ្នាំ​​១៩៩៨ ដែរ។

អ្នកឃ្លាំមើល ​បាន​រិៈគន់​គណបក្ស​ទាំង​ពីរ​ ថា​បាន​បន្ត​រំលោភ​ស្មារតី​ដើម​នៃ រដ្ឋធម្មនុញ្ញ​ ឆ្នាំ​​១៩៩៣ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ ​​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ហើយ​​ថា​ការ​ដែល​គណបក្ស​ទាំង​ពីរ ធ្វើ​បែប​នេះ ​គឺ​ដើម្បី​​តែ​​ផល​​ប្រយោជន៍ ​​និង​​អំណាច​បក្ស​រៀងៗ​ខ្លួន​តែ​ប៉ុណ្ណោះ។

គេសង្កេត​ឃើញ​ថា ទាំង​អ្នកនយោបាយ​​របស់​គណបក្ស​ប្រជាជន​​កម្ពុជា ​និង​​គណបក្ស ​ហ្វ៊ុនស៊ិនប៉ិច ​សុទ្ធ​តែ​អបអរ​សាទរ ​និង​រីករាយ​ជាមួយ​រូបមន្ត​ នៃ​​ដំណោះស្រាយ​នយោបាយ​ តាម​រយៈ​ការ​បោះឆ្នោត​ជា​កញ្ចប់​នោះ បើ​ទោះបី​ជា​រូបមន្ត​នេះ​ ជា​វិធី​រំលោភ​ស្មារតី​​ដើម​របស់ រដ្ឋធម្មនុញ្ញ​ក៏​ដោយ។ ផ្ទុយ​ទៅវិញ ​​ពួក​អ្នក​នយោបាយ​ទាំង​នោះ មិន​បាន​មើល​​ឃើញ​អំពី​​គ្រោះ​ថ្នាក់​នៃ​ការ​ពង្រឹង​​អំណាច​របស់​លោក ​ហ៊ុន​ សែន ​​ឡើយ។​ នៅ​​ដើម​ឆ្នាំ ២០០៥ ​សមាជិក​សភា​នៃ​​គណបក្ស​​ទាំង​ពីរ​​ដដែល​​នេះ ​​បាន​រួម​ដៃ​គ្នា​បង្គ្រប់​សម្លេង​ពីរ​ភាគ​បី (២/៣) ដើម្បី​បោះ​ឆ្នោត​​ដក​អភ័យឯកសិទ្ធិ​សមាជិក​សភា ពី​លោក សម រង្ស៊ី ​និង​សហការី​របស់​គាត់​ពីរ​រូប​ទៀត។  

ក្រុម​សមាជិក​សភា​ទាំង​នោះ បាន​សម្តែង​ការ​គាំទ្រ​​នៃ​ចំណាត់​ការ​នោះ ព្រោះ​ពួក​គេ​ហាក់​ដូចជា​រីករាយ​នឹង​​បាន ​ធ្វើ​អ្វី​តាម​បំណង​របស់​លោក ហ៊ុន សែន តែ​ពួក​​គេ​​នៅ​តែ​មើល​មិន​ឃើញ​អំពី​គ្រោះ​ថ្នាក់ ចំពោះ​ខ្លួន​ក្នុង​ពេល​​អនាគត ​ដោយសារ​តែ​អំណាច​​របស់​លោក ហ៊ុន សែន កាន់​តែ​ខ្លាំង​ឡើងៗ​នោះ។

ជាការសងសឹក​ ចំពោះគណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​ជាពិសេស​គឺ​សម្តេច​ក្រុមព្រះ ​​នរោត្តម ​រណ្ណឫទ្ធិ​ {នោះ}​លោក សម រង្ស៊ី​ បាន​ដាក់​សំណើ​​ទៅ​កាន់​រដ្ឋសភា ក្នុង​ខែកុម្ភៈ​ ឆ្នាំ​ ២០០៦ ដើម្បី​សុំ​កែ​រដ្ឋធម្មនុញ្ញ ពីរូបមន្ត​ពីរភាគបី (២/៣) មក ​៥០%+១ ​វិញ ​អំពី​ការ​បង្កើត​រដ្ឋាភិបាល​ និង​ការ​ដក​អភ័យឯកសិទ្ធិ​សមាជិក​សភា។

អ្នកសង្កេតការណ៍​នយោបាយ​ខ្មែរ​​បាន​សន្និដ្ឋាន​ថា លោក ​សម​ រង្ស៊ី ​ប្រាកដ​ជា​ទទួល​បាន​ការ​យល់ព្រម​ពី​លោក ​ហ៊ុន សែន ​ជា​មុន ​ឬ​អាច​ជា​ការ​ដោះដូរ​អ្វី​មួយ​ ព្រោះ​អ្នក​នយោបាយ​​ទាំង​ពីរ​រូប បាន​ជួប​គ្នា​ជា​ច្រើន​ម៉ោង មុន​ពេល​ដែល​លោក សម ​រង្ស៊ី ​​បាន​លើក​ឡើង​នូវ​​សំណើ​កែ​រដ្ឋធម្មនុញ្ញ​នេះ។

ដោយ​មាន​ការរួមដៃ​គ្នា​ពី​សមាជិកសភា មកពីគណបក្ស សម រង្ស៊ី និង គណបក្ស​ប្រជាជន​កម្ពុជា លក្ខខណ្ឌ័​ពីរ​ភាគ​បី (២/៣) ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ បាន​ដូរ​មក ៥០%+១ ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០០៦ ​​នោះ​មក។ ​ការ​កែ​រដ្ឋធម្មនុញ្ញ​នៅ​​ពេល​នោះ​​ គឺ​កាន់​តែ​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ​ប្រមូល​ផ្តុំ​អំណាច​ក្នុង​ដៃកាន់​តែ​ខ្លាំង​ឡើង។

កាសែត​​​ The Cambodia​ Daily ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ៤ ខែ​មិនា ឆ្នាំ ២០០៦ ​បាន​ដកស្រង់​សំដី​លោក គល់ បញ្ញា ដែល​​ជា​នាយក​​អង្គការ COMFREL ថា “៥០%+១​ ​គឺ​ជា​គ្រោះថ្នាក់​ដ៏ធំ​សម្រាប់​គណបក្ស​​ប្រឆាំង ប្រសិន​បើ​តុល្យភាព​​នៃ​អំណាច ត្រូវ​បាន​​បាត់​បង់​នៅ​ក្នុង​រដ្ឋសភា”។​  រីឯ​អ្នកវិភាគ​នយោបាយ​ម្នាក់​ទៀត គឺ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ​ក៏​ត្រូវ​បាន​គេ​ដក​ស្រង់​​ទស្សនៈ​​នៅ​ក្នុង​អត្ថបទ​ដដែល​នេះ​ថា “អ្នក​នយោបាយ ប្រញ៉ាប់​ប្រញ៉ាល់​ពេក ក្នុង​ការ​រួម​ដៃ​ជាមួយ​ជន​ផ្តាច់ការ ​ដោយ​ធ្វើ​វិសោធនកម្ម​​រដ្ឋធម្មនុញ្​ញ ​ដើម្បី​សម្របសម្រួល​ឲ្យ​មាន​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី តាម​រយៈ​រូបមន្ត​ភាគ​ច្រើន​ដាច់​ខាត (៥០%​បូក​១)។

ក្រោយពីសមាជិកសភា​មក​ពី​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​ប្រជាជាន​កម្ពុជា រួមដៃ​គ្នា​កែ​រដ្ឋធម្មនុញ្ញ ត្រង់​ចំណុច​នេះ​ហើយ ភ្លាមៗ​នោះ ​​លោក ហ៊ុន ​សែន​ ​បាន​បណ្តេញ​រដ្ឋមន្ត្រី​របស់​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​មួយ​ចំនួន​ ចេញ​​ពី​មុខ​តំណែង​ ​ហើយ​​សម្តេច​ក្រុមព្រះ​ ​នរោត្តម រណ្ណឫទ្ធិ ​ដែល​ជា​ព្រះប្រធាន​រដ្ឋសភា​ នា​ពេល​នោះ ​ក៏​បាន​ដាក់​លិខិត​លាលែ​ង​ពី​មុខ​ដំណែង​ភ្លាមៗ​ដែរ។​

គេក៏សង្កេត​​ឃើញ​សមាជិក​សភា មក​ពី​គណបក្ស​​សម ​រង្ស៊ី ​​និង​គណបក្ស​ប្រជាជាន​កម្ពុជា ដែល​រួម​ដៃ​គ្នា ធ្វើ​វិសោធនកម្ម​កែ​​រដ្ឋធម្មនុញ្ញ​នៅ​ពេល​នោះ ​ក៏​បាន​សម្តែង​ការ​រីករាយ​គាំទ្រ​​នូវ​ចំណាត់​ការ​នោះ ​បើ​ទោះ​បី​វា​ជា​វិធានការ​មួយ ​ដែល​ផ្តល់​ឱកាស​​ប្រមូល​​ផ្តុំ​អំណាច​​កាន់​តែ​ខ្លាំង​ដែល​លោក​ ហ៊ុន​ សែន​ ចង់​បាន​ជា​ទីបំផុត ​យ៉ាង​ណា​ក៏ដោយ។

 តាមរយៈ​ភស្តុតាង ​និង​ការពិត​ទាំង​នេះ ​​ក្រុម​អ្នក​សង្កេត​ការណ៍​បាន​វាយ​តម្លៃ​ថា ​ទាំង​សមាជិក​សភា មក​ពី​គណបក្ស​​ហ្វ៊ុន​ស៊ិន​ប៉ិច​ និង​គណបក្ស​សម រង្ស៊ី ​សុទ្ធ​តែ​គាំទ្រ​លោក ​ហ៊ុន ​សែន ​ក្នុង​ការ​រំលោភ​ ឬ​ការ​ធ្វើវិសោធនកម្ម​​រដ្ឋធម្មនុញ្ញ ​​នៅ​ពេល​ណា​ដែល​ពួក​គេ​ បាន​ទទួល​ផល​ប្រយោជន៍​ខ្លះ ពី​លោក ហ៊ុន សែន ឬ​ខ្ចី​ដៃ​លោក ហ៊ុន សែន​ កំ​ចាត់​សត្រូវ​ របស់​ពួកគេ។

ជាក់ស្តែង​​សម្តេច​ក្រុមព្រះ​​ ​​នរោត្តម​ រណឫទ្ធិ​ រួម​ដៃ​ជាមួយ​លោក ហ៊ុន ​សែន ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​១៩៩៨ ​ឆ្នាំ​​២០០៤​​ និង​ការ​ដក​អភ័យ​ឯកសិទ្ធិ​លោក សម ​រង្ស៊ី ​​ក្នុង​ឆ្នាំ​ ២០០៥។ ជា​ការ​សង​សឹក លោក សម ​រង្ស៊ី​ ​រួម​ដៃ​ជាមួយ​លោក ហ៊ុន ​សែន ​​កែ​រដ្ឋធម្មនុញ្ញ​ ពីរូបមន្ត ​​ពីរ​ភាគ​បី​ ​(២/៣) មក ​៥០%+១​ ដើម្បី​កំចាត់​សម្តេច​ក្រុមព្រះ ​នរោត្តម ​រណឫទ្ធិ​ វិញ​ក្នុង​ឆ្នាំ​២០០៦។​ ប៉ុន្តែ​នៅ​ទី​បំផុត ទាំង​លោក សម ​រង្ស៊ី ​​ទាំង​សម្តេច​ក្រុមព្រះ ​នរោត្តម​ រណឫទ្ធិ​ ​សុទ្ធ​តែ​ត្រូវ​បាន​រងគ្រោះ​ ដោយ​អំណាច​​ប្រមូល​ផ្តុំ​របស់​លោក ហ៊ុន​ សែន ​ដូចគ្នា។

ក្រៅ​ពីភាគី​របស់​សម្តេច​ក្រុមព្រះ ​នរោត្តម ​រណឬទ្ធិ​ និង​ភាគី​របស់​លោក សម រង្ស៊ី ក្លាយ​ជា​ជន​រងគ្រោះ​ដោយសារ​​ការ​សង​សឹក​គ្នា​​ លើ​សង្វៀន​យោបាយ​នេះ គេ​សង្កេត​ឃើញ​ភាគី​ខ្លះ នៃ​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​រងគ្រោះ​​មិន​ស្ទើរ​ដែរ។ 

អំណាច​ប្រមូល​ផ្តុំ​របស់លោក ហ៊ុន ​សែន​ ក៏​ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា បាន​ទទួល​ជោគជ័យ​ស្ទើរ​តែ​ទាំង​ស្រុង​​ក្នុង​ការ​កម្ចាត់​ និង​បង្ក្រាប​ក្រុម​របស់​លោក ជា ស៊ីម ជា​ភាគី​ដែល​មាន​អំណាច​ក្នុង​ជួរ​បក្ស​​ប្រជាជន​កម្ពុជា ឲ្យ​​ទន់​ដូច​ពោះ​ថ្លាន់​រឹត​ឈ្លូស ​និង​កំពុង​ធ្វើ​ឲ្យ​មន្ត្រី​ក្នុង​បក្ស​របស់​គាត់ ខ្លប​ខ្លាច ​មិន​ហ៊ាន​បញ្ចេញ​មតិ​ ​ឬ​ជំទាស់​នឹង​​អ្វី​ដែល​គាត់​ចង់​បាន​ឡើយ។

តាមរយៈ​អំណាច​ប្រមូល​​ផ្តុំ​ដែ​ល​ទទួល​បាន​ដោយ​ការ​ដាក់​ជើង​ពាន​ថ្វាយ​ពី​ក្រុម​បក្ស​ប្រឆាំង កាល​ពី​ឆ្នាំ ២០០៦ បាន​ធ្វើ​ឲ្យ​លោក ហ៊ុន​ សែន ​សម្រេច​បំណង​ធំ​របស់​លោក ​ក្នុង​ការ​កំចាត់​ចោល ​នូវ​​មន្ត្រី​ណា​ដែល​គាត់​មិន​ពេញ​ចិត្ត ​​ឬ​ជា​ឆ្អឹង​ទទឹងក​ នឹង​ការ​គ្រប់​គ្រង​អំណាច​របស់​គាត់​ថែម​ទៀត៕

.

.