The Cambodia Daily
12th-01-2022
អនុប្រធានគណបក្សប្រជាជនកម្ពុជា អះអាងថា វៀតណាម ធ្លាប់ជួយកម្ពុជានៅពេលដែលកម្ពុជា ឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុន្តែក្នុងអតីតកាល កម្ពុជាក៏ធ្លាប់ជួយវៀតណាម ក្នុងការបង្រួបបង្រួមទឹកដីដែរ ដើម្បីឱ្យមានឯកភាពជាតិ រហូតមកដល់សព្វថ្ងៃនេះ។
អនុប្រធានបក្សកាន់អំណាច លោក ស ខេង បានថ្លែងនៅក្នុងពិធីសម្ពោធមណ្ឌលហែលទឹក ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ថា «កាលពីអតីតកាល វៀតណាមបានបែងចែកទឹកដីរបស់ខ្លួនជាពីរចំណែក គឺវៀតណាមខាងជើង និងវៀតណាមខាងត្បូង ប៉ុន្តែក្រោមការជួយជ្រោមជ្រែងរបស់កម្ពុជា ក្នុងឆ្នាំ១៩៧៥ ធ្វើឲ្យប្រទេសវៀតណាម អាចបង្រួបបង្រួមទឹកដីទៅជាវៀតណាមតែមួយ ដែលនាំឱ្យមានការឯកភាពជាតិ ដូចសព្វថ្ងៃនេះ»។
លោក ស ខេង អះអាងថា ទោះជាយ៉ាងណាក៏ដោយ ប្រជាជនកម្ពុជាតែងរំឭកគុណូបការៈរបស់កម្មាភិបាល និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលីកម្មសាច់ឈាម និងអាយុជីវិតរបស់ខ្លួនប្រកបដោយវីរភាព ក្នុងការប្រយុទ្ធវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរាំងស្កាត់មិនឲ្យរបបដ៏អប្រិយនេះវិលត្រឡប់មកវិញ។
ការអះអាងរបស់អនុប្រធានគណបក្សកាន់អំណាចនេះ ធ្វើឡើងដើម្បីរំឭកពីប្រវត្តិសាស្ត្រ នៃការជួយគ្នាទៅវិញទៅមកនៃប្រទេសវៀតណាម និងកម្ពុជា តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ។
ប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១១ មករា នេះថា ការលើកឡើងរបស់លោក ស ខេង ទំនងជាចង់បញ្ជាក់ប្រាប់ពលរដ្ឋខ្មែរ ជាពិសេសមន្ត្រីបក្សកាន់អំណាច ដែលតែងតែការពារហួសហេតុនូវ ទិវាជ័យជម្នះ ៧ មករា អំពីគុណរបស់វៀតណាម រហូតភ្លេចនូវគុណរបស់កម្ពុជា ដែលធ្លាប់ជួយវៀតណាមដោយស្មោះត្រង់ កាលពីអំឡុងទសវត្សទី៧០ នោះ។
លោក ម៉ែន ណាត អះអាងថា បើតាមការអះអាងរបស់លោក ស ខេង អាចបញ្ជាក់បានថា «គាត់បានគិតគូរថ្លឹងថ្លែងអំពីផលប្រយោជន៍កម្ពុជា បានច្រើនជាងលោក ហ៊ុន សែន និងត្រកូល ហ៊ុន ប៉ុន្តែលោក ស ខេង នៅតែគ្មានក្រឡាអាចប្រជែង ជាមួយលោក ហ៊ុន សែន បានដោយបើកចំហ ដើម្បីប្រយោជន៍ជាតិនៅពេលនេះទេ»។
លោកបន្តថា នៅពេលនេះ រដ្ឋាភិបាលកម្ពុជា គួរតែលាតត្រដាងឱ្យបានច្បាស់ ប្រាប់ពលរដ្ឋខ្មែរទូទាំងប្រទេសថា តើក្រោមផែនការរបស់វៀតណាម ដែលបក្សកាន់អំណាចបានអះអាងថា ក្រុងហាណូយ តែងតែជួយកម្ពុជាកន្លងមកនោះ បានធ្វើឱ្យកម្ពុជាបាត់បង់អ្វីខ្លះ ដូចជាទ្រព្យសម្បត្តិជាតិដ៏មហាសាល ជាពិសេសទឹកដី និងឯករាជភាពរបស់កម្ពុជាជាមួយប្រទេសជិតខាងមួយនេះ។
ទោះយ៉ាងណា ការលើកឡើងរបស់លោក ស ខេង ត្រូវគេមើលឃើញថា ហាក់បង្កប់ខ្លឹមសារស៊ីជម្រៅជាអវិជ្ជមានចំពោះទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ក្នុងពេលបច្ចុប្បន្ននេះ ព្រោះថាការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីគណបក្សកាន់អំណាច ខកខានមិនបានប្រារព្ធទិវាជ័យជម្នះ ៧មករា នៅឆ្នាំ២០២២ នេះ ដែលខ្លួនតែងប្រារព្ធរាល់ឆ្នាំ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ការប្រកាសផ្អាកប្រារព្ធទិវាជ័យជម្នះថ្ងៃ ៧មករា ដែលជាទិវាបង្ហាញការដឹងគុណកងទ័ពវៀតណាមរបស់បក្សកាន់អំណាចនោះ គឺទំនងមេដឹកនាំបក្សកាន់អំណាចមានចេតនា ព្រមានរដ្ឋាភិបាលវៀតណាម តាមរយៈនយោបាយការទូតរបស់ខ្លួន ចំពោះមេដឹកនាំវៀតណាម ដែលបានមើលងាយលើអធិបតេយ្យភាព របស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ អំឡុងពេលទស្សនកិច្ចរបស់ពួកគេកាលពីពេលកន្លងទៅនោះ។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ មេដឹកនាំវៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) បានអះអាងថា នៅកម្ពុជាគ្មានសហគមន៍ណាជួបការលំបាកច្រើន ដូចសហគមន៍ជនជាតិវៀតណាម នោះទេ គឺដោយសារពួកគេមានស្ថានភាពមិនច្បាស់លាស់អំពីភាពស្របច្បាប់ ហើយភាគច្រើនជនជាតិវៀតណាមទាំងនោះ មិនមានឯកសារសម្គាល់ខ្លួន ដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែននោះឡើយ។
ទាក់ទងនឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា មេដឹកនាំបក្សកាន់អំណាចរបស់កម្ពុជា បានចាប់ផ្តើមបង្ហាញនូវនយោបាយការទូត មិនចំណុះឲ្យរដ្ឋាភិបាលក្រុងហាណូយ ដូចដែលខ្លួនធ្លាប់លន់តួអស់រយៈពេលជាង ៤០ ឆ្នាំកន្លងមកនោះទេ ព្រោះថាមេដឹកនាំកម្ពុជា ទំនងជាសម្រេចចិត្តដឹកនាំនយោបាយ ក្រោមស្លាបរបស់មហាអំណាចកុម្មុយនីស្តចិនទាំងស្រុងហើយ ខណៈមហាយក្សចិន តែងប្រកាសទំនាក់ទំនងមិត្តដែកថែប ជាមួយកម្ពុជារហូតមកនោះ៕