Captureសដឹថ

(ទីក្រុងប៉ារីស)៖ លោក សារិន ឆាក (១៩២២ – ១៩៧៩ ?) ជា​បញ្ញវន្ត​ខ្មែរ ដ៏​ឆ្នើម​មួយ​រូប ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០។ លោក​មាន​កំណើត​កើត​ជា​នៅ​ភូមិ​ក្រាំងស្លា ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ។ លោកក៏ជាវីរៈបុរសខ្មែរមួយរូប ដែលយុវជនជំនាន់ក្រោយ ត្រូវតែចងចាំ។

ឯកសារ​៖ សូមចុចត្រង់នេះ អានឯកសារព្រំដែន លោក សារិន ឆាក

ក្នុងការសិក្សា និងការស្រាវជ្រាវរបស់លោក លោក សារិន ឆាក បាន​សរសេរ​និក្ខេបបទ​មួយ ជា​ភាសា​​បារាំង មាន​ចំណង​ជើង Les Frontières du Cambodge (ព្រំដែន​នៃ​ប្រទេស​កម្ពុជា) ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ ១៩៦៦។ និក្ខេបបទ​នេះ មាន​បក​ប្រែ​ជា​ភាសា​ខ្មែរ បោះ​ពុម្ពផ្សាយ​ជា​សៀវភៅ នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ ២០០៤។ និក្ខេបបទ​នេះ ជា​មូលដ្ឋាន​ប្រវត្តិ​សាស្ត្រ និង​បច្ចេកទេស ដ៏​សំខាន់​បំផុត ដែល​បង្ហាញ​ថា ប្រទេស​ជិត​ខាង ប្រើ​ល្បិច​គ្រប់​បែប​យ៉ាង ដើម្បី​លេប​ត្របាក់​ទឹកដី​ប្រទេស​កម្ពុជា ឥត​ឈប់​ឈរ។ និក្ខេបបទ​ដដែល​នេះ ធ្វើ​ឲ្យ​លោក សារិន ឆាក ទទួល​បាន​សញ្ញាប័ត្រ ជា​បណ្ឌិត​វិទ្យា​សាស្ត្រ​នយោបាយ ពី​សាកល​វិទ្យាល័យ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

លោក សារិន ឆាក ជា​អ្នក​ស្នេហា​ជាតិ​ដ៏​ពិត​ប្រាកដ ដែល​បាន​ដង្ហែ​តាម​សម្តេច​ព្រះ​បាទ នរោត្តម សីហនុ គ្រប់​កាលៈ​ទេសៈ ទាំង​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ ទាំង​ក្នុង​សម័យ​ខ្មែរ​ក្រហម ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០។ លោក​បាន​ធ្វើ​ជា​ឯកអគ្គរាជទូត និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ព្រះ នរោត្តម សីហនុ

នៅឆ្នាំ ១៩៧៥ ពួកខ្មែរក្រហម បាន​ចាប់​លោក សារិន ឆាក យក​ទៅ​ឃុំឃាំង​នៅ​មន្ទីរ​គុក​បឹងត្របែក ពីព្រោះ​លោក​ជា​បញ្ញវន្ត​ជាន់​ខ្ពស់ ដែល​អង្គការ​ថ្នាក់​លើ មិន​ទុក​ចិត្ត។ តែ​បន្ទាប់​មក ពួក​ខ្មែរក្រហម បាន​ឲ្យ​លោក​ទៅ​ធ្វើការ នៅ​ក្រសួង​ការបរទេស​វិញ ពីព្រោះ​លោក​មាន​ជំនាញ​ខ្ពស់ ខាង​ការ​កំណត់​ព្រំដែន​តាម​ផ្លូវ​ច្បាប់ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម។

បន្ទាប់​ពី​កងទ័ព​វៀតណាម បាន​ចូល​មក​លុកលុយ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ ១៩៧៩ លោក សារិន ឆាក ត្រូវ​​បាន​​កង​ទ័ព​​យួន​កុម្មុយនីស្ត ចាប់​យក​ទៅ​ឃុំឃាំង នៅ​ប្រទេស​វៀតណាម។ តាំង​ពី​ពេល​​នោះ​មក លោក សារិន ឆាក ត្រូវ​បាន​បាត់​ខ្លួន​ជា​រៀង​រហូត។ ប្រភពព័ត៌មាន​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត បាន​ឲ្យ​ដឹង​ថា ពួក​យួន​កុម្មុយនីស្ត បាន​កម្ចាត់​លោក សារិន ឆាក មិន​ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ទេ ដោយសារ​តែ​ខ្លាច​លោក សារិន ឆាក ប្រើ​ប្រាស់​ចំណេះ និង​ជំនាញ​របស់​លោក ដើម្បី​ជួយ​ការពារ​បូរណភាព​ទឹកដី នៃ​ប្រទេស​កម្ពុជា។

…………………………….
(អត្ថបទភាសាខ្មែរដោយ សហការី / Cambodia Symbol Of Change)