វិទ្យុអាស៊ីសេរី RFA /ដោយ សេក បណ្ឌិត
25-8-2023
ពលរដ្ឋ សង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង រិះគន់រឿងដែលកូនៗ និងសាច់ញាតិរបស់លោក ស ខេង ត្រូវបានតែងតាំងឲ្យកាន់តែតួនាទីសំខាន់ៗក្នុងក្រសួងមហាផ្ទៃ ដើម្បីជួយអមជ្រោមជ្រែងអំណាចរបស់លោក ស សុខា។
ពលរដ្ឋ មន្ត្រីបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិល រិះគន់ការតែងតាំងកូនចៅ និងសាច់ញាតិលោក ស ខេង ក្នុងក្រសួងមហាផ្ទៃ ។ ពួកគាត់បារម្ភថា ការបង្កើតបក្ខពួក ឬគ្រួសារនិយមក្នុងក្រសួងមហាផ្ទៃនេះ នាំឲ្យមានទំនាស់ផលប្រយោជន៍ ការពារអំណាចគ្រួសារ ហើយគ្មានប្រសិទ្ធភាពការងារ និងនាំឲ្យមានការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ។
យុវជនរស់នៅរាជធានីភ្នំពេញ លោក សៀង រក្សា សង្កេតឃើញថា មន្ត្រីខ្លះមានសមត្ថភាពល្អ គឺជាកូនកសិករ គ្មានសែស្រឡាយ ពួកគេនឹងគ្មានឱកាសបញ្ចេញសមត្ថភាព កសាងប្រទេសជាតិឱ្យរីកចម្រើននោះឡើយ។
លោក សៀង រក្សា៖ «ចំពោះកូនកសិករសមត្ថភាពខ្លាំងៗ មិនថា គាត់អត់បានជ្រើសអ្នកមានសមត្ថភាពទេ គាត់រើសតែគ្នាគាត់។ អភិវឌ្ឍប្រទេសអត់បានល្អទេ ដោយសារឡើងតាមខ្សែបក្សពួក សែស្រឡាយ ជាដើម»។
រីឯអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក លោក អ៊ុំ សំអាន វិញ លោកយល់ថា ការផ្ទេរតំណែងបន្តពូជដូច្នេះ រដ្ឋាភិបាលបក្សប្រជាជនកម្ពុជា ហាក់ចាត់ទុកប្រទេសកម្ពុជា ជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួន ដោយមិនក្រែងចិត្តពលរដ្ឋ។ លោកថា របៀបដឹកនាំរដ្ឋដូច្នេះ នឹងធ្វើឱ្យមន្ត្រីល្អៗ ស្មោះត្រង់ និងមានសមត្ថភាព បាក់ទឹកចិត្ត គ្មានឱកាសបំពេញតួនាទីជួយសង្គមជាតិ។
លោក អ៊ុំ សំអាន៖ «បើសិនជា មានគណបក្សប្រឆាំង ក្នុងរដ្ឋសភា មានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គេមិនហ៊ានធ្វើអ៊ីចឹងទេ ពលរដ្ឋនឹងបោះឆ្នោតទម្លាក់។ អត់មានគណបក្សប្រឆាំង គេជិះសេះលែងដៃ»។
អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មិនត្រឹមតែផ្ទេរតំណែងរដ្ឋមន្ត្រីរបស់លោក ទៅកូនប្រុសច្បងរបស់លោក គឺលោក ស សុខា ប៉ុណ្ណោះទេ ប៉ុន្តែលោក ក៏ប្រមូលកូន និងសាច់ញាតិរបស់លោកផ្សេងទៀត ឲ្យនៅអម លោក ស សុខា ដែរ។ ជាក់ស្តែងកូនប្រុសពៅរបស់លោក គឺលោក ស រដ្ឋា ត្រូវបានតែងតាំងជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ចំណែកលោក ស ខេង វិញ លោកត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដែលទើបឡើងកាន់តំណែង បាននៅឡើយទេ នៅថ្ងៃទី ២៤ សីហា។
មន្ត្រីសង្គមស៊ីវិលមើលឃើញថា ការតែងតាំងនេះ មិនផ្អែកទៅលើស្នាដៃ និងសមត្ថភាពនោះទេ តែជាការចរចានយោបាយរវាងលោក ស ខេង និងលោក ហ៊ុន សែន ក្នុងការចែកអំណាចដល់កូនចៅ និងសាច់ញាតិរបស់មេដឹកនាំទាំងពីរ។ ពួកគាត់យល់ថា ការបង្កើតគ្រួសារនិយមក្នុងក្រសួងស្ថាប័ននេះ គ្រាន់តែជាការពារផលប្រយោជន៍គ្រួសាររបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែអាចដោះស្រាយបញ្ហាសំខាន់ៗរបស់ជាតិនោះទេ ហើយកាន់តែបង្កើតនូវទំនាស់ផលប្រយោជន៍ អំពើពុករលួយ និងបំបាកទឹកចិត្តមន្ត្រីរាជការ ដែលខិតខំបំពេញការងារជាដើម។
លើសពីនេះ ករណីនេះ នឹងក្លាយជាគំរូអាក្រក់ ដែលធ្វើឲ្យមន្ត្រីផ្សេងៗទៀត ទាំងនៅក្នុងក្រសួងមហាផ្ទៃ និងតាមស្នងការខេត្ត អាចតែងតាំងកូនចៅសាច់ញាតិនៅក្រោមបង្គាប់របស់ខ្លួនដែរ ដូចដែលធ្លាប់កើតឡើង នៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងស្នងការដ្ឋាននគរបាលខេត្តកោះកុង។
ស្ថាបនិកអង្គការមាតាធម្មជាតិលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson) ឬហៅថា អាឡិច យល់ថា ការដឹកនាំក្រសួងមហាផ្ទៃ របស់លោក ស សុខា នឹងប្រព្រឹត្តអំពើពុករលួយកាន់តែច្រើន ដោយសារមន្ត្រីដែលមានតួនាទីសំខាន់ៗ នឹងយកតួនាទីរបស់ខ្លួន ទៅរកស៊ី ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន គប់គិតជាមួយឈ្មួញខិលខូច។
លោក អាឡិច៖ «ខ្ញុំមិនឃើញកន្លែងណាមានសង្ឃឹមទាល់តែសោះ ចាត់វិធានការអំពើពុករលួយ គឺអត់ទេ។ ចរិតធម្មជាតិរបស់ក្រសួង មនុស្សធ្វើការកន្លែងហ្នឹង ដើម្បីរកស៊ី ជាឱកាសរកស៊ីខុសច្បាប់ រួចខ្លួនរហូត អត់មានតុលាការ មករករឿង»។
ស្រដៀងគ្នានេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត យល់ថា ការដោះស្រាយបញ្ហាជាតិសំខាន់ៗ នឹងមិនអាចទៅរួចឡើយ ដរាបណាការតាំងតែងមន្ត្រីធំៗ ជាប់សែស្រឡាយបក្ខពួកនិយមដូច្នេះ។ លោកថា ប្រព័ន្ធបក្ខពួកនិយម និងប្រព័ន្ធប្រព្រឹត្តអំពើពុករលួយ កិបកេងថវិកាជាតិ នឹងកាន់តែកើនឡើងច្រើន ក្នុងអាណត្តិទី៧ នេះ។
លោក ម៉ែន ណាត៖ «គេផ្ទេរអំណាចបែបបក្សពួកនិយម សាច់ញាតិនិយម ទៅមួយកំផ្លេ អត់ខ្វល់ នរណា មាន សមត្ថភាព។ ទៅដោះស្រាយបញ្ហាជាតិយ៉ាងម៉េច ចេញក្រឡាមក បំពានគោលការណ៍ប្រជាធិបតេយ្យយ៉ាងហ្នឹង។
កន្លងមក លោក ហ៊ុន សែន ក្នុងពេលកាន់អំណាចជានាយករដ្ឋមន្ត្រី ធ្លាប់បានប្រកាសយ៉ាងដាច់អហង្ការ មិនឱ្យមានករណីក្រុមគ្រួសារនិយម នៅក្នុងស្ថាប័នតែមួយនោះឡើយ ក៏ប៉ុន្តែស្ថានភាពជាក់ស្តែង ស្ទើរគ្រប់ស្ថាប័នរដ្ឋ កំពុងតែចាក់ស្រេះដោយបញ្ហាគ្រួសារ ឬបក្ខពួកនិយមនេះ។ នេះគឺដោយសារលោក ហ៊ុន សែន ខ្លួនលោកផ្ទាល់ គឺជាអ្នកបង្កើតឱ្យមានប្រព័ន្ធមួយ ដែលមានឪពុកម្ដាយ ជាអ្នកកាន់អំណាច ហើយកូនចៅរបស់ខ្លួន ជាអ្នកបន្តវេនពីឪពុកម្ដាយរបស់ខ្លួន នៅតាមស្ថាប័នរដ្ឋស្ទើរតែទាំងអស់។
រីឯក្នុងសម័យកាលដឹកនាំដោយកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត នេះ បញ្ហាគ្រួសារនិយម កាន់តែរីកធំថែមទៀត ជាពិសេសសែស្រឡាយសាច់ញាតិរបស់លោក ហ៊ុន ម៉ាណែត តែម្តង សុទ្ធតែមានតួនាទីធំៗ តាមក្រសួងស្ថាប័នរដ្ឋ។ អង្គការសង្គមស៊ីវិល ព្រមានថា ការតែងតាំងតែបក្សពួក និងក្រុមគ្រួសារសាច់ញាតិរបស់ខ្លួនក្នុងស្ថាប័នរដ្ឋនេះ នឹងកាន់តែទាញទម្លាក់ប្រជាប្រិយភាព គណបក្សកាន់អំណាច ថែមទៀត៕
