The Cambodia Daily
09th-3-2023

រដ្ឋាភិបាល​វៀតណាម ស្នើ​កម្ពុជា​ជា​ថ្មី​ ឲ្យ​ជួយ​ដោះស្រាយ​ការ​លំបាក​​ប្រជាជន​​វៀតណាម ដែល​​បាន​ស្នើសុំ​សញ្ជាតិ​ខ្មែរ និង​ការ​តាំង​ទីលំនៅ​ថ្មី​នៅ​កម្ពុជា ខណៈ​អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​ផ្ដល់​សញ្ជាតិ​ ឲ្យ​ជនជាតិ​វៀតណាម ដែល​មាន​ព្រំដែន​ជាប់​ខ្មែរ​នេះ ជា​ហានិភ័យ​សម្រាប់​ប្រទេស​ជាតិ។

ការ​ស្នើ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អំឡុង​ពេល​ដែល​លោក​កំពុង​ទស្សនកិច្ច​ នៅ​ទីក្រុង​ហាណូយ កាលពី​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២៣ បន្ទាប់ពី​មាន​ការ​អញ្ជើញ​ពី​ភាគី​វៀតណាម។

បើ​តាម​សារព័ត៌មាន​វៀតណាម VNA ផ្សាយ​កាលពី​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ក្នុង​​ជំនួប​​ទ្វេភាគី នាយករដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh បាន​ស្នើ​ឲ្យ​​ក្រសួង​​មហា​ផ្ទៃ​​កម្ពុជា​ បន្ត​ពង្រឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​ឆ្លងដែន។ បន្ថែម​ពី​នេះ លោក Pham Minh Chinh ក៏​បាន​ស្នើ​ទៅ​លោក ស ខេង ឲ្យ​សម្រប​សម្រួល​ក្នុង​​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​វៀតណាម ដែល​ត្រូវ​បាន​ឃុំ​ខ្លួន និង​បង្ខំ​ឲ្យ​ធ្វើការ​នៅ​ក្នុង​កន្លែង​លេង​ល្បែង​ខុស​ច្បាប់​ នៅ​កម្ពុជា​ផង​ដែរ។

ក្រៅពី​ស្នើ​ឲ្យ​ជួយ​ពលរដ្ឋ​កំពុង​ជាប់​ឃុំ ឬ​បង្ខំ​ហើយ នាយករដ្ឋមន្ត្រី​វៀតណាម​ បាន​ស្នើ​ជា​ថ្មី​ទៀត​ ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឲ្យ​បន្ត​ជួយ​​គាំទ្រ​ដល់​​​សហគមន៍​​​វៀតណាម​​​នៅ​​កម្ពុជា និង​ឲ្យ​បន្ត​ជួយ​ពលរដ្ឋ​វៀតណាម ​ដែល​កំពុង​រស់នៅ​ខុស​ច្បាប់​នៅ​កម្ពុជា ជាពិសេស​ឲ្យ​ជួយ​ដោះស្រាយ​ការ​លំបាក​​ប្រជាជន​​វៀតណាម ដែល​សុំ​សញ្ជាតិ​ខ្មែរ​ ដើម្បី​ស្នាក់នៅ​កម្ពុជា​ទៀត​ផង។

យ៉ាងណាក៏ដោយ ការ​អញ្ជើញ​លោក ស ខេង ទៅ​ទស្សនកិច្ច​នៅ​វៀតណាម ធ្វើឡើង​ស្រប​ពេល​ដែល​កន្លងមក រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ធ្លាប់​បាន​បញ្ជា​ទៅ​សមត្ថកិច្ច​ឲ្យ​ចាប់​បញ្ជូន​ជនជាតិ​វៀតណាម​ ដែល​រស់នៅ​កម្ពុជា​ខុស​ច្បាប់​ ទៅ​ប្រទេស​កំណើត​វិញ។ លោក​បញ្ជាក់​ថា ជនជាតិ​វៀតណាម​ខ្លះ ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ដល់​ព្រំដែន​ហើយ ប៉ុន្តែ​បែរ​ជា​អាជ្ញាធរ​វៀតណាម ​មិន​ទទួល​ពលរដ្ឋ​ខ្លួន​ទៅវិញ។

កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ លោក ប៉ោ ភក្តិ លើកឡើង​ថា អាជ្ញាធរ​​វៀតណាម ​មិន​ព្រម​ទទួល​យក​​​ជន​​អន្តោ​ប្រវេសន៍​​វៀតណាម ​ដែល​រឹងរូស និង​ជនជាតិ​វៀតណាម ​ដែល​មាន​បំណង​ចង់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ឡើយ ដែល​ករណី​នេះ​ជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា។

លោក ប៉ោ ភក្តិ ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ពន្លឿន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​​អន្តោ​ប្រវេសន៍ ​ឆ្នាំ​​១៩៩៤ ដើម្បី​ធានា​អំពី​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ នៅ​កម្ពុជា។

ជា​រឿយៗ មេដឹកនាំ​វៀតណាម ​តែងតែ​ស្នើសុំ​ថ្នាក់​ដឹកនាំ​កម្ពុជា ក្នុង​នោះ​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ជាដើម ដើម្បី​ឲ្យ​ជួយ​ផ្ដល់​ភាព​ស្រប​ច្បាប់ ​ដល់​ពលរដ្ឋ​វៀតណាម​ ដែល​កំពុង​រស់នៅ​ខុស​ច្បាប់​ ក្នុង​ប្រទេស​កម្ពុជា អំឡុង​ពេល​រដ្ឋាភិបាល​កម្ពុជា​ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម ឬ​ក៏​វៀតណាម​ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។

ប៉ុន្តែ​ការ​ស្នើ​របស់​មេដឹកនាំ​វៀតណាម​ម្ដង​ហើយ​ម្ដង​ទៀត​នេះ ត្រូវ​​បាន​​ប្រធាន​​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បណ្ឌិត សុខ ទូច ធ្លាប់​បាន​​លើក​ឡើង​ កាលពី​ខែ​សីហា ឆ្នាំ​២០១៩ ថា ការ​សម្របសម្រួល និង​ផ្ដល់​សញ្ជាតិ​ដល់​ជនអន្តោប្រវេសន៍ ​ដែល​មាន​ព្រំ​ប្រទល់​​ជាប់​គ្នា​នេះ នឹង​ធ្វើ​ឲ្យ​ប្រទេស​ជួប​ហានិភ័យ​ខ្លាំង។ លោក​បន្ត​ថា គ្មាន​ប្រទេស​ណា​មួយ​ដែល​នៅ​ជិតខាង​គ្នា​ ឲ្យ​សញ្ជាតិ​ជនជាតិ​ក្បែរ​ខាង​នោះ​ទេ។

លោក​បន្ត​ថា ប្រសិនបើ​ជនជាតិ​វៀតណាម​ រស់នៅ​កម្ពុជា​ស្រប​ច្បាប់ ហើយ​មាន​សញ្ជាតិ គឺ​មាន​សិទ្ធិ​អ្វីៗ​ទាំងអស់ ហើយ​ព្រម​ទាំង​​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ជោគវាសនា មាន​សិទ្ធិ​ទិញ​ដី និង​មាន​សិទ្ធិ​បោះឆ្នោត។ ដូច្នេះ តើ​ក្រុម​ហ្នឹង​នឹង​ក្លាយ​ទៅ​ជា​អ្វី​នៅ​ថ្ងៃ​អនាគត? តើ​ពួកគេ​នឹង​ក្លាយ​ជា​ម្ចាស់​ជោគវាសនា​ប្រទេស​កម្ពុជា​ដែរ​ឬ​ទេ?

បណ្ឌិត សុខ ទូច បាន​ទាមទារ​រដ្ឋាភិបាល​ ត្រូវ​បញ្ជូន​ជនអន្តោប្រវេសន៍ ​ដែល​រស់នៅ​ដោយ​ខុស​ច្បាប់​ទៅ​ប្រទេស​ដើម​វិញ ដោយ​មិន​ត្រូវ​ទុក​ឲ្យ​ពួកគេ ​រស់នៅ​ប្រទេស​កម្ពុជា​ទាំង​ខុស​ច្បាប់​នោះ​ទេ៕

.