(អ​ត្ថបទដោយលោក តាំង សារ៉ាដា អតីតអ្នកសារព័ត៌មាន​​នៃ​​វិទ្យុអាស៊ីសេរី និង​អត្ថបទ​បន្ថែម​ដោយ​លោក ម៉ែន ណាត នៃ​​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)

ជីវប្រវត្តិ​សង្ខេប​របស់​លោក ស៊ាន ប៉េងសែ

លោក ស៊ាន ប៉េងសែ ​អ្នក​ជំនាញ​​ព្រំដែន​​ខ្មែរ ជា​អតី​មន្រ្តី​ជាន់​ខ្ពស់​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម ទទួលបន្ទុក​កិច្ចការ​ផែនទី​ភូគព្ភសាស្ត្រ ក្នុង​ក្រសួង​ឧស្សាហកម្ម-រ៉ែ និង​​ជារដ្ឋ​មន្ត្រី​​នៃ​ក្រសួងនេះ ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ។

កាល​នៅរស់​លោក ស៊ាន ប៉េងសែ ក្នុង​នាមជា​ប្រធាន​​គណៈ​កម្មាធិការ​ព្រំដែន​​កម្ពុជា មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ​បាន​រំលឹក​មេដឹកនាំ​កម្ពុជា ​លោក ហ៊ុន សែន ជា​ញឹកញាប់​អំពី​រឿង​​ការ​ធ្វើ​​ឲ្យ​​បាត់​​បង់​ទឹក​ដី ​និង​បាត់​បង់​ប្រជុំកោះ​ត្រល់ ទៅ​​ប្រទេស​​ជិតខាង ជាពិសេស​ទៅ​ខាង​វៀតណាម តាម​រយៈសន្ធិសញ្ញា​ខុស​ច្បាប់​នានា ដែល​ធ្វើឡើង​​នៅ​មុន​ឆ្នាំ​១៩៩០ ជាសម័យ​​វៀតណាម ត្រួតត្រា​ប្រទេស​កម្ពុជា។

លោក ស៊ាន ប៉េងសែ កើត​នៅ​ថ្ងៃទី ០១ មករា ១៩៣៦ ក្នុង​​​ឃុំ​ស្ពឺ ស្រុក​​ចំការលើ ខេត្ត​​កំពង់ចាម និងទទួល​មរណភាព​​នៅ​ថ្ងៃទី ២៣ មករា ២០១៨ ក្នុង​ជន្មាយុ ៨២ ឆ្នាំ​ដោយ​រោគាពាធ នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ នៅទី​ក្រុង​​ប៉ារីស ប្រទេស​បារាំង។ លោកមាន​​ភរិយា​ ជា​ក្មួយ​​​ស្រី​របស់​អតីត​​នាយករដ្ឋមន្ត្រី​ខ្មែរ ​សម្ដេច ប៉ែន នុត និង​​មាន​​កូន ៤ ​នាក់។ ភរិយារបស់លោក មាន​ឈ្មោះ ស៊ាន ដារ៉េត បាន​ទទួល​មរណភាព​កាល​ពីថ្ងៃទី ២៥ កក្កដា ២០១៤ ក្នុង​ជន្មាយុ ៦៥ ឆ្នាំ​ដោយ​​រោគាពាធ​ផង​ដែរ។

លោក ស៊ាន ប៉េងសែ​ ​បាន​និរទេស​ខ្លួន​​ទៅ​​រស់​នៅ​​​ប្រទេស​​បារាំង ក្នុង​ចុង​ឆ្នាំ​​​​១៩៧៤ ខណៈ​​ពេល​​លោក​មានឋានៈ​ជា​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម-រ៉ែ ដែល​ត្រូវ​បាន​អញ្ជើញ​ទៅ​បំពេញ​បេសកកម្ម នៅ​ប្រទេស​បារាំង អំពី​ការ​ស្រាវ​ជ្រាវ​​​រ៉ែ​​ប្រេង​កាត ក្នុង​ឈូង​សមុទ្រ​ខ្មែរ។ ពលនោះ​លោក ត្រូវ​ជាប់គាំង​ក្នុង​ប្រទេស​បារាំង​តែ​ម្តង ពី​ព្រោះ​​នៅ​ទីក្រុង​ភ្នំពេញ ត្រូវបាន​ឡោមព័ទ្ធ​ដោយ​ក្រុមទាហាន​ខ្មែរ​ក្រហម។ ក្រុមខ្មែរក្រហម​​របស់​លោក សាឡុត សរ ហៅ​​ប៉ុល ពត ដណ្តើម​បាន​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​ ​១៧ មេសា ១៩៧៥ ដែល​ជាសមរភូមិ​ចុងក្រោយ។

ការសិក្សាអប់រំ និង​ការងារ

ចំពោះ​ការ​សិក្សា​ លោក ស៊ាន ប៉េងសែ បាន​​បញ្ចប់​​មធ្យម​សិក្សា​ នៅ​​ទីក្រុង​​ភ្នំពេញ រួច​​បន្ត​​ទៅ​​សិក្សា​​ផ្នែក​ជំនាញ​​ផែនទី ​នៅ​​ប្រទេស​បារាំង។ លោក បាន​​ទទួល​​សញ្ញាប័ត្រ​​វិស្វករ ​នៃ​​សាលា​​ជាន់​ខ្ពស់​​​បច្ចេកទេស​​ឧស្សាហកម្ម និង​​រ៉ែ ក្នុង​​ឆ្នាំ​​ ១៩៥៩។ លោក ក៏​ជា​អតីត​និស្សិត នៅ​​សាលា​សិក្សា​​ជាន់​ខ្ពស់​​ផ្នែក​​វិទ្យាសាស្ត្រ​​សង្គម ក្នុង​​​ទីក្រុង​​ប៉ារីស។ បន្ទាប់​មក​ ​លោក​បាន​​ធ្វើ​ជា​​កម្មសិក្សា​ការី​ នៅ​​ការិយាល័យ​​នៃ​​​ការ​​ស្រាវជ្រាវ​​ភូគព្ភ​សាស្ត្រ និង​​រ៉ែ នៅ​​វិទ្យាស្ថាន​សេដ្ឋកិច្ច​ប្រេង​កាត ​​ប្រទេស​​បារាំង។

ពេល​ត្រឡប់​​មក​​កម្ពុជា​វិញ លោក ប៉េងសែ ​បាន​​ក្លាយ​​ជា​មន្ត្រី​​ជាន់​ខ្ពស់​ ក្នុង​​របប​​សង្គម​រាស្ត្រនិយម ទទួលបន្ទុក​កិច្ចការ​ផែនទី​ភូគព្ភសាស្ត្រ ក្នុង​ក្រសួង​ឧស្សាហកម្ម-រ៉ែ ហើយ​​បន្ទាប់​​មក​ លោក​​បាន​​ក្លាយ​​ជា​រដ្ឋមន្ត្រី នៃ​​​​ក្រសួង​​​ឧស្សាហកម្ម រ៉ែ និង​​សិប្បកម្ម ក្នុង​​សម័យ​​សាធារណរដ្ឋ​ របស់​​លោក​​សេនាប្រមុខ លន់ នល់ នៅ​​ឆ្នាំ​​១៩៧៣។

មកដល់ឆ្នាំ​​១៩៩៩ លោក​បាន​ផ្តួចផ្តើម​គំនិត​​បង្កើត ​គណៈកម្មការ​​ព្រំដែន​​កម្ពុជា ដែល​​មាន​​មូលដ្ឋាន​​ក្នុង​ទីក្រុង​​ប៉ារីស ប្រទេស​បារាំង ដើម្បី​​តាម​ដាន​​មើល​​បញ្ហា​​ព្រំដែន​​កម្ពុជា ​ដែល​​នៅ​មាន​​ការរំលោភ​​បំពាន​​ពី​ប្រទេស​​ជិត​​ខាង។

លោក ស៊ាន ប៉េងសែ ក៏ជា​សមាជិក​​មួយ​រូបនៃ ​ឧត្តម​ក្រុមប្រឹក្សា​​ជាតិ​​ជាន់​ខ្ពស់​​ទទួល​​បន្ទុក​​កិច្ចការ​​ព្រំដែន ដែល​​ដឹកនាំ​​ដោយ​​​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ​ នរោត្តម សីហនុ ​បង្កើត​ឡើង​នៅ​​ឆ្នាំ​ ២០០៥។ ​លោក ប៉េងសែ ​បាន​​ទៅ​​ចូល​ប្រ​ជុំ​កំពូល​ដំបូង ​នៅ​​ទីក្រុង​​ប៉េកាំង ប្រទេស​​ចិន ថ្ងៃទី ១១-១២ ខែ​ឧសភា ឆ្នាំ​២០០៥ ដើម្បី​​ដោះស្រាយ​​បញ្ហា​​ព្រំដែន ជាមួយ​វៀតណាម។ ប៉ុន្តែ​បន្តិច​ក្រោយ​​មក​នាកយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន បាន​​ប្រកាស​​រំលាយ​ឧត្តម​​ក្រុមប្រឹក្សា​​នេះ ​ចោល​​វិញ ពី​ព្រោះ​​លោក ហ៊ុន សែន និយាយ​ថា​​ឧត្តមក្រុមប្រឹក្សានេះ ធ្វើឲ្យប៉ះពាល់ដល់ការចរចាទ្វេភាគី រវាងកម្ពុជា និង​វៀតណាម។

ក្នុងកិច្ចប្រជុំកំពូល​ក្រោម​អធិបតី​ម្តេចព្រះ នរោត្តម សីហនុ នៅ​ទីក្រុង​ប៉េកាំង កាល​នោះ​​មាន ៤ ចំណុច​សំខាន់ៗ ៖
១. ចំណុច ២.ក ទទួលយកមរតកព្រំដែន ពីអាណានិគមបារាំង គឺព្រំដែនមិនកែប្រែ នៅ​​ពេល​​ដែល​កម្ពុជា បាន​ទទួល​​​ឯករាជ្យ​ពេញលេញ ឆ្នាំ​​១៩៥៤។
២. ចំណុច ២.ខ ការពារបូរណភាព​ទឹកដី ស្រប​តាម​ឧត្តមប្រយោជន៍​ជាតិ និង​ពលរដ្ឋ​​កម្ពុជា ដោយ​ផ្អែក​លើ​​ផែនទី​ (បោន) ខ្នាត ១/១០០.០០០ ដែល​ទទួលស្គាល់​ជា​អន្តរជាតិ និង​​តម្កល់នៅ អ.ស.ប (UN)។
៣. ចំណុច ២.គ ធានាទំហំ​ផ្ទៃ​ក្រឡា​កម្ពុជា ១៨១.០៣៥ គ.ម.ក្រឡា។
៤. ការផ្ទៀងផ្ទាត់​ផែនទី ត្រូវ​ផ្ទៀងផ្ទាត់ ជាមួយ​ផ្ទៃដី​ជាក់​ស្តែង។

សៀវភៅស្នាដៃ

​សៀវភៅ​ជាស្នាដៃ​របស់​​លោក ស៊ាន ប៉េងសែ អំពី​បញ្ហា​​ព្រំដែន​​កម្ពុជា ក៏​បាន​​ចងក្រង​​មួយ​ចំនួន មាន​ជា​ភាសា​ខ្មែរ និង​ភាសា​បារាំង​ ពាក់ព័ន្ធ​​នឹង​​សន្ធិសញ្ញា​​មិន​​ប្រក្រតី​​នានា ជាមួយ​​ប្រទេស​​វៀតណាម។ សន្ធិសញ្ញា​​ទាំង​​នោះ​ រួម​មាន​សន្ធិសញ្ញា ឆ្នាំ​១៩៧៩,​ ១៩៨២, ១៩៨៣ និង​​ឆ្នាំ​​១៩៨៥ ដែល​​រដ្ឋាភិបាល​​កម្ពុជា ពេល​នោះ​ ជា​រដ្ឋាភិបាល​​មិន​ទាន់​​ស្រប​ច្បាប់ ហើយ​​មិន​ទាន់​​ទទួល​ស្គាល់​​ដោយ​អង្គការ​​សហប្រជាជាតិ (អ.ស.ប = UN) ព្រោះ​​ជា​​រដ្ឋាភិបាល ​ដែល​​លើក​​បន្តុប​​ដោយ​​ក្រុម​​យោធា​​វៀតណាម។ ភាគីវៀតណាម​កាល​នោះ បាន​តម្រូវ​ឲ្យ​កម្ពុជា ​ចុះ​​សន្ធិសញ្ញា​​ព្រំដែន​​គោក និង​​ព្រំដែន​ទឹក ទាំង​​ខុស​​ច្បាប់។ ដោយសារ​​សន្ធិសញ្ញា​​ទាំង​​នោះ ​ជា​​សន្ធិសញ្ញា​​ខុស​ច្បាប់ ម្ល៉ោះ​ហើយ​​នៅ​ចុង​​ឆ្នាំ​ ២០០៥ ទើប​​រដ្ឋាភិបាល​​ លោក ហ៊ុន សែន បាន​​ធ្វើ​​សន្ធិ​សញ្ញា​​ថ្មី​មួយ​​ទៀត ​ដែល​​មាន​​ឈ្មោះ​​ថា សន្ធិសញ្ញា​​បំពេញ​​បន្ថែម ​ជា​​សន្ធិសញ្ញា​​មួយ ​ដើម្បី​​ឧបកិច្ច​​ឲ្យ​​សន្ធិសញ្ញា​​ខុស​ច្បាប់​​ទាំង​​ឡាយ​ រវាង​​កម្ពុជា និង​​វៀតណាម ឲ្យក្លាយ​​ជា​​សន្ធិសញ្ញា​​ស្រប​ច្បាប់។ លុះដល់​ចុងឆ្នាំ​ ២០១៩ រដ្ឋាភិបាល​ លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើសន្ធិសញ្ញា​បំពេញ​បន្ថែម​ថ្មី​មួយ​ទៀត ដ៏​ចម្រូង​ចម្រាស ជាមួយ​​វៀតណាម ​ដោយ​បំពេញ​ខ្លឹមសារ​​ទៅ​លើ​​សន្ធិសញ្ញា ឆ្នាំ​២០០៥ និង​​ឆ្នាំ​​១៩៨៥។

ក្នុងសៀវភៅ​​ព្រំដែន​​របស់​​លោក ស៊ាន ប៉េងសែ នៃ​​​គណៈកម្មាធិការ​​ព្រំដែន​កម្ពុជា បាន​​​សរសេរ​​​ថា​ ដោយ​សារ​​សន្ធិ​សញ្ញា​​​នោះ​ហើយ បាន​ធ្វើ​ឲ្យ​កម្ពុជា​​​បាត់​ព្រំដែន​​គោក​ ប្រហែល​​ពី ៤០០០ ទៅ ៦០០០ ​គីឡូម៉ែត្រ​​​ការ៉េ​​ថែម​​​ទៀត ទៅ​​ខាង​វៀតណាម។

តាមរយៈ​កិច្ចព្រមព្រៀង​​ដែន​ទឹកប្រវត្តិសាស្ត្រ ថ្ងៃទី​០៧ កក្កដា ១៩៨២ ​ដែល​​​ធ្វើ​ឲ្យ​​​កម្ពុជា បាត់​បង់​ព្រំ​ដែន​ទឹក​ ​ប្រមាណ ៣៥.០០០ គ.ម.ក្រឡា (ឬ ៣៥ ពាន់​​​គីឡូ​ម៉ែត្រ​ការ៉េ) រួម​​បញ្ចូល​​ទាំង​​កោះត្រល់ ទំហំ​​ជាង ៥០០ ​គីឡូម៉ែត្រ​​ការ៉េ គឺ​មាន​​ទំហំ​ប៉ុន​​ប្រទេស​​សិង្ហបុរី​ និង​បាត់បង់​​កោះ​​ក្រចក​សេះ ដែល​​​បារាំង ហៅ​ថា កោះ ប៉ូឡូប៉ង់ហ្សង់ ដែល​​​មាន​​ទំហំ​​ប្រហែល ៦ ​គីឡូ​ម៉ែ​ត្រ​ការ៉េ។ ទោះជា​យ៉ាង​ណា​​ក៏ដោយ លោក ស៊ាន ប៉េងសែ និង​អង្គការ​របស់​លោក តវ៉ា​ទាមទារ​ឲ្យលើកយក​បញ្ហាព្រំ​ដែន​នេះ ទៅ​ដោះស្រាយ​តាមយន្តការ​អន្តរជាតិ។

ទស្សនៈ​ចំពោះ​ស្នាដៃ​លោក ស៊ាន ប៉េងសែ

បណ្ឌិតច្បាប់អន្តរជាតិ លោក ​ឌី ការ៉េត បច្ចុប្បន្ន​ជាប្រធាន​​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា នៅ​ប្រទេស​​បារាំង ដែល​បន្តការងារ​ពី​លោក ស៊ាន ប៉េងសែ ធ្លាប់​​បាន​​រំលឹក​​ពី​ស្នាដៃ​​របស់​​លោក​ ប៉េងសែ តាម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​​ថា លោក ប៉េងសែ ​ជា​​អ្នក​ជំនាញ​ការ​​យ៉ាង​​សំខាន់​​បំផុត ​អំពី​​រឿង​​ផែនទី​ ទាំង​​ផែនទី​​ដីគោក ​និង​​ផែនទី​​សមុទ្រ ​ដែល​​ខ្លួន​​គាត់ ​បាន​​រៀបចំ​​ធ្វើ​​សឹង​តែ​​ម្នាក់ឯង ​ដោយ​មាន​ការចូលរួម​​ខ្លះ ​ពី​អ្នក​​ឯកទេស​​មក​​ពី​ប្រទេស​​បារាំង។ មាន​ការ​ចូលរួម​​អំពី​​មន្ត្រីធំៗ និង​រដ្ឋមន្ត្រី​ នៃ​រដ្ឋាភិបាល​​កម្ពុជា​​ដែរ ​ប៉ុន្តែ​​គាត់​​រៀបចំ​​ខ្លួន​ឯង​​ច្រើន​ណាស់‍​​កាល​នោះ។​

ចំណែកលោក ម៉ែន ណាត ប្រធាន​​ក្រុមប្រឹក្សា​ឃ្លាំមើល​​កម្ពុជា ​នៅ​ប្រទេស​​ន័រវែស ដែល​ជាអ្នក​ធ្វើកិច្ចការ​ព្រំដែន និង​​ឃ្លាំមើល​សង្គម ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក ស៊ាន ប៉េងសែ គឺ​ជា​​អ្នក​​ជំនាញ​​គូស​ផែនទី​​ខ្មែរ និង​​ជា​ធនធាន​​មនុស្ស​​របស់​​ពលរដ្ឋ​ខ្មែរ​​ដ៏​ល្អ​​ម្នាក់ ដែល​​បាន​​ចំណាយ​​ពេល​​ស្ទើរ​តែ​​ពាក់​​កណ្ដាល​ជីវិត ​ដើម្បី​​បុព្វហេតុ​​ការ​ពារ​​​បូរណភាព​​ទឹក​ដី​​ខ្មែរ និង​​ការ​ផ្ដួចផ្ដើម​​គំនិត ​ក្នុង​​ការ​តវ៉ា​​ករណី​ «កោះ​ត្រល់ និង ចង្កោម​កោះ​ក្រចកសេះ» ​ពី​​​ប្រទេស​​វៀតណាម ដោយ​​ផ្អែក​​លើ​​មូលដ្ឋាន​​ច្បាប់​​ជាតិ និង​​អន្តរជាតិ ទោះបី​​របប​ដឹកនាំ​​​របស់​លោក ហ៊ុន សែន មិន​​ខ្វល់ខ្វាយ​​អំពី​​ការ​បាត់បង់​​ទឹកដី និង​​​ចង្កោម​​កោះត្រល់​ ទៅ​​ប្រទេស​​ជិត​​ខាង ​យ៉ាង​ណា​​ក៏ដោយ។

លោក ម៉ែន ណាត ​​បន្ថែម​ថា វីរភាព និង​​​កិច្ច​ប្រឹងប្រែង​​របស់​​លោក ស៊ាន ប៉េងសែ ព្រមទាំង​​សមាជិក​នៃ​គណៈ​កម្មាធិការ​​​ព្រំដែន​​កម្ពុជា បាន​​ផ្ដល់​​ឯកសារ​​ស្រាវជ្រាវ​​ផ្លូវ​​ច្បាប់​​ផង និង​​លើក​ទឹក​ចិត្ត​ ដល់​​យុវជន​​​ខ្មែរ ​ដល់​ពលរដ្ឋ​​ខ្មែរ ឲ្យ​​ចេះ​​ចូលរួម​​ការពារ​​បូរណភាព​​ទឹក​ដី​​ខ្មែរ និង​​ឲ្យ​ចេះ​​ស្រឡាញ់​​ប្រទេស​​ជាតិ។

លោក រ៉ុង ឈុន អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ដែល​សព្វថ្ងៃ​​ជាប្រធាន​​សហភាព​​សហជីព​កម្ពុជា និង​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ធ្លាប់​បាន​រំលឹក​ពីវីរភាព​លោក ស៊ាន ប៉េងសែ ថា​​គឺ​ជា​​ធនធាន​​​ដ៏​​​កម្រ​​មួយរូប​​របស់​​កម្ពុជា។

លោក​​បន្ត​ថា​លោក ប៉េងសែ បាន​​លះ​បង់​កម្លាំង​កាយ​​ចិត្ត​​ជា​ច្រើន ​ដើម្បី​​ចង​ក្រង​​ជា​​សៀវភៅ និង​​ឯកសារ​​ផ្សេង​ៗ ដែល​​និយាយ​​អំពី​ព្រំដែន​​ទឹក និង​ព្រំដែន​គោក​​ ហើយ​​តែង​​ដាស់​​តឿន​​ប្រាប់​​ពលរដ្ឋ​​ខ្មែរ ឲ្យមាន​​កាតព្វកិច្ច​​ការពារ​​ជាតិ និង​​​ជាតិ​សាសន៍​​របស់​​ខ្លួន។

​ដោយឡែកលោក ផៃ ស៊ីផាន អនុរដ្ឋមន្រ្តី និង​ជា​អ្នកនាំពាក្យ​​នៃ ទីស្ដីការ​​គណៈរដ្ឋមន្ត្រី របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​ធ្លាប់​សរសើរ​ថា លោក ស៊ាន ប៉េងសែ ជា​ធនធាន​​ដ៏​ល្អ​​មួយ​រូប​របស់​​កម្ពុជា​ដែរ បើ​ទោះ​បី​​ជា​​​លោក ប៉េងសែ មាន​​សកម្មភាព​​អវិជ្ជមាន ​ជាមួយ​​រដ្ឋាភិបាល​ក្តី។

ក្រុមបញ្ញវន្តខ្មែរ ដែលធ្វើកិច្ចការព្រំដែន ខិតខំបន្តស្នាដៃ​លោក ស៊ាន ប៉េងសែ រួម​ទាំងប្រមែ​ប្រមូល​​ឯកសារ​នានា​បន្ថែម ដើម្បី​ចងក្រង​ផង និង​ផ្សព្វផ្សាយ​ផង ជា​ការ​បន្ត​ដាស់​​តឿន​​ដល់​រដ្ឋាភិបាល​ខ្មែរ ឲ្យ​ងាក​ទៅ​រក​ការ​ដោះ​ស្រាយ​​បញ្ហា​បូរណភាព​ទឹកដី តាម​យន្តការ​​អន្តរជាតិ ដែល​មាន​កិច្ចព្រមព្រៀ​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ជា​មូលដ្ឋាន​រឹងមាំ និង​​តុលាការយុត្តិធម៌​អន្តរជាតិ ដែល​​ធានា​​បាន​នូវ​យុត្តិធម៌​សម្រាប់​កម្ពុជា៕

.