សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប៉គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាពអាសន្ន បាន​បញ្ជូន​ដល់​ដៃ​ព្រឹទ្ធសភា​ហើយបន្ទាប់​ពី​រដ្ឋសភា​ឯកបក្ស របស់​លោក ហេង សំរិន បាន​អនុម័ត​ច្បាប់​នេះ​ជា​​ឯកឆន្ទ ១១៥/១១៥ សម្លេង ​កាល​ពី​ថ្ងៃទី ១០ មេសា ឆ្នាំ ២០២០។។

អ្នកនាំពាក្យ​ព្រឹទ្ធសភា​របស់​លោក សាយ ឈុំ គឺ​លោក ម៉ម ប៊ុននាង ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ដក​ស្រង់​សម្តី​ថា «ព្រឹទ្ធសភា​នឹង​កោះ​ប្រជុំ​វិសាមញ្ញ នៅ​ថ្ងៃទី ១៧ មេសា ដើម្បី​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​នេះ»។

លោក ម៉ម ប៊ុននាង ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី ដក​ស្រង់​សម្តី ពីថ្ងៃទី ១១ មេសា​ ឆ្លើយ​តប​នឹង​ប្រតិកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល យ៉ាង​ដូច្នេះ​ថា «សេចក្តី​​ព្រាង​ច្បាប់​​នេះ ​មាន​​ភាព​​ចាំបាច់​​ ដើម្បី​​គ្រប់​គ្រង​​ស្ថានភាព​​អាសន្ន​ របស់​​ប្រទេស តួយ៉ាង​ករណី​​ការ​រាត​ត្បាត​​នៃ​​ជំងឺ​កវីដ​-១៩ (Covid-19) ជាដើម​»។ លោក ម៉ម ប៊ុននាង បន្ថែម​ថា «ប្រសិន​បើ​យើង ​អែអង់ មាន​​បញ្ហា​​កើត​ឡើង​​ប៉ះពាល់​​ដល់​សុខភាព ឬក៏​​អាយុជីវិត​​របស់​​ប្រជា​ពលរដ្ឋ តើ​​អង្គការ​​សង្គម​​ស៊ីវិល ​ទទួល​ខុសត្រូវ ឬ​​រដ្ឋាភិបាល​ ជា​​អ្នក​ទទួល​ខុសត្រូវ​? នេះ​​មិនមែន​​ថា ​ផ្ចាញ់​ផ្ចាល​​ទេ ប៉ុន្តែ​​​ប្រមុខ​​រាជរដ្ឋាភិបាល ​យល់​ឃើញ​​ថា ច្បាប់​នេះ​​គឺជា​ការ​ចាំបាច់»

អ្នកវិភាគ​នយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ត្រូវ​បាន​កាសែត The Cambodia Daily ដក​ស្រង់​សម្តីចុះ​ផ្សាយ​ថា «ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន គួរតែ​កែលម្អ»។ លោកបណ្ឌិត យល់​ឃើញ​ថា «ច្បាប់​នេះ ​ហាក់​បាន​ប្រគល់​អំណាច​លើសលប់ ទៅ​រដ្ឋាភិបាល បន្ថែម​លើអំណាច​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ សម្រាប់ប្រឈម​នឹង​កាល:ទេស:ពិសេស​ណាមួយ»

លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្តថា «ការមិន​កំណត់​រយ:ពេល នៃ​ភាពអាសន្ន និង​ការបញ្ចប់​ភាពអាសន្ន ដោយ​ព្រះរាជក្រឹត្យ គឺ​ជាការ​បើកចំហ​ ឲ្យរដ្ឋាភិបាល គ្រប់គ្រង​ដឹកនាំ​ប្រទេស ក្នុង​ភាពអាសន្ន​បានយូរ ឬដឹកនាំ​រហូត​បាន»

ថ្លែងក្នុង​វិទ្យុអាស៊ីសេរី (RFA Khmer) ថ្ងៃទី ១១ ខែ​មេសា លោក ម៉ែន ណាត ប្រធាន​​​​ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា ដែល​មាន​មូល​ដ្ឋាន​នៅ​​​ប្រទេស​​ន័រវេស (Norway) យល់ថា «សេចក្តី​​ព្រាង​​ច្បាប់​នេះ ​មាន​​លក្ខណៈ​​រឹតត្បិត​​ជ្រុល​ហួស​ហេតុ​ ទៅ​លើ​​សិទ្ធិ​សេរីភាព​​របស់​​ពលរដ្ឋ»

លោក ម៉ែន ណាត ថ្លែងថា «សូម​​ឱ្យ​ព្រឹទ្ធសភា ​ដែល​​គ្រោង​​កោះ​​ប្រជុំ​​វិសាមញ្ញ​ នៅ​​ខាង​មុខ​​ហ្នឹង ធ្វើការ​​ពិចារណា​ អាច​​ផ្អឹប​​ច្បាប់​​ហ្នឹង​ទុក​សិន ឬ​ក៏​បើ​មិន​​អាច​​ផ្អឹប​ទុក​​ទេ {លុះ}ទៅ​ដល់​​ស្ថាប័ន​​ព្រះមហាក្សត្រ ឬក៏​ប្រមុខ​​រដ្ឋ​ស្តីទី​ សូម​​ឱ្យ​​កុំ​ចុះហត្ថលេខា ឬ កុំ​ឡាយ​ព្រះ​ហស្ថ​​ទៅ ដើម្បី​​សិក្សា​​ឱ្យ​​ស៊ីជម្រៅ ឱ្យ​​បាន​​ត្រឹម​ត្រូវ​ ​ស្រប​​ទៅ​​តាម​​ខ្លឹមសារ​​រដ្ឋធម្មនុញ្ញ​ របស់​ប្រទេស​ជាតិ​ផង ហើយ​​និង​​គោល​ការណ៍​​​លទ្ធិ​ប្រជាធិបតេយ្យ​​របស់​កម្ពុជា​​ផង»

វិទ្យុអាស៊ីសេរី បានដកស្រង់សម្តីលោក ហ៊ុន សែន ប្រមុខ​ដឹកនាំ​របប​ក្រុងភ្នំពេញ ផ្សាយថា ច្បាប់​​នេះ​ ​ធ្វើ​ឡើង​​ដើម្បី​​ទុក​ជា​​ឧបករណ៍​​ផ្នែក​​ច្បាប់​ ដើម្បី​​អនុវត្ត​​មាត្រា ​២២ (ថ្មី​) នៃ​​រដ្ឋធម្មនុញ្ញ គឺ​ព្រះមហាក្សត្រ​ ជា​អ្នក​ដាក់​​ប្រទេស​​ក្នុង​​ភាព​​អាសន្ន​»។ លោក ហ៊ុន សែន ប្រតិកម្ម​ខ្លាំង​ៗ តប​ទៅ​ក្រុម​អ្នក​រិះគន់​ថា «កាលណា​​សភាពការណ៍​​ត្រួតត្រា​​លែង​​បាន​ ​ដោយ​​បទបញ្ជា ដោយ​​​ការ​អំពាវ​នាវ​​ហើយ គេ​​ដាក់​​ហើយ កុំ​ឆ្ងល់​​ពេក និយាយ​​ជា​រួម​​អ៊ីចឹង​​តែម្តង​​ទៅ ឱ្យ​​វា​ស្រួល​​ស្តាប់​។ អាហ្នឹង​​​វា​​ត្រូវ​​អ៊ីចឹង ប្រទេស​ណា​​ក៏​គេ​​ធ្វើ​​អ៊ីចឹង​។ ហេតុអ្វី​​បាន​ជា​​កម្ពុជា ​មិន​​អាច​​ធ្វើ​​បានហើយ​​មក​​បន្ទោស​​ថា ឆ្លៀត​​យក​​អា​កូវីដ (Covid-19) ដើម្បី​​ធ្វើ​ច្បាប់​​ដាក់​​ប្រទេស​​ក្នុង​​គ្រា​​មាន​​អាសន្ន​ ដើម្បី​​បំបិទមាត់ សិទ្ធិ​​អ្នក​​បញ្ចេញ​មតិ​ នៅ​​ពេល​​ក្រោយ​។ យី​ហ្អែ​ង ចង្រៃ​មែន​តែម្ដង​វ៉ី»។

អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បាន​មើល​ឃិញ​ថា «ច្បាប់​ស្តីពី​ការដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ មិន​មាន​ភាព​ចាំ​បាច់​ទេ ក្នុង​ស្ថាន​ភាព​កម្ពុជា​បច្ចុប្បន្ន។ ច្បាប់​នេះ គប្បី​ត្រូវ​​លុប​ចោល»

ច្បាប់​ស្តីពីការគ្រប់គ្រង​​ប្រទេស​​ស្ថិតក្នុង​​ភាព​​អាសន្ន​ មាន​ ​៥ ជំពូក និង​មាន ​១២ មាត្រា​។ យន្តការ​នៃ​ដំណើរការ​ច្បាប់​​នេះ ត្រូវ​ការ​ព្រឹទ្ធសភា​ អនុម័ត រួចបញ្ជូន​​ទៅ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ ពិនិត្យ​ពីធម្មនុញ្ញភាព ហើយ​ចុង​ក្រោយ​ គឺ​បញ្ជូន​ទៅ​​ព្រះមហាក្សត្រ ឡាយ​ព្រះហស្ថ​លេខា ឬ​ប្រមុខ​រដ្ឋស្តីទី ចុះហត្ថលេខា ប្រកាស​ឲ្យប្រើ​ច្បាប់​នេះ។

បច្ចុប្បន្ននេះ លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​ ទទួលតួនា​ទីជា​ប្រមុខ​រដ្ឋ​ស្តីទី បន្ទាប់​ពីព្រះមហា​ក្សត្រ យាង​ទៅ​ពិនិត្យ​សុខភាព នៅ​​​ក្រុងប៉េកាំង ប្រទេ​សចិន៕

(CWCI Cambodia / អត្ថបទដោយ នគរ / ១២ មេសា ២០២០)

Men Nath -Hun Sen 2020


អត្ថបទទាក់ទង៖
រដ្ឋសភា អនុម័ត​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ខណៈ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល ស្នើ​ឲ្យ​ផ្អឹប​ទុក​សិន
រដ្ឋសភា ត្រូវ​អនុម័ត​​ច្បាប់​​ដាក់​ប្រ​ទេស​​ក្នុង​​ភាព​​អាសន្ន ខណៈ​លោក ហ៊ុន សែន ស្នើ​​ព្រឹទ្ធ​សភា ប្រជុំ​វិសា​មញ្ញ

.