ការលើកឡើងថា វៀតណាម ឈ្លានពានកម្ពុជា ពីសំណាក់នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង (Lee Hsien Loong) ធ្វើឲ្យទីក្រុងហាណូយ ខកចិត្តយ៉ាងខ្លាំង។ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម នៅថ្ងៃទី៤ ខែមិថុនា បានបង្ហាញការសោកស្ដាយចំ ពោះការលើកឡើងរបស់មេដឹកនាំសិង្ហបុរី ដែលធ្វើឡើងអំឡុងពេលកិច្ចសន្ទនាសន្តិសុខ Shangri-La និងនៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់លោក។ វៀតណាម ចាត់ទុកសម្ដីលោក លី ថា មិនបានឆ្លុះបញ្ចាំងការពិត។ – CWCI Cambodia
(ThmeyThmey News /ដោយ តន ចាន់រិទ្ធារ៉ា / 05th-6-2019)
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី ៣១ ខែឧសភា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានសរសេររំលែកមរណទុក្ខ និងបង្ហាញការស្ងើចសរសើរភាពជាអ្នកដឹកនាំរបស់លោក ព្រេម ទីនស៊ូឡានុនដា អតីតនាយករដ្ឋមន្ត្រីថៃ ក្នុងទសវត្សរ៍១៩៨០ និងជាអតីតទីប្រឹក្សាផ្ទាល់ របស់ព្រះមហាក្សត្រថៃ ដែលទើបបានទទួលមរណភាព កាលពីថ្ងៃទី២៦ ខែឧសភា។ ប៉ុន្តែលោក លី ក៏បាននិយាយព្រឹត្តការណ៍ប្រវត្តិសាស្ត្រ ដែលកើតឡើងនៅកម្ពុជា តែពាក់ព័ន្ធវៀតណាម។
«ក្នុងអំឡុងពេលដែលលោក ព្រេម ទីនស៊ូឡានុនដា ធ្វើជានាយករដ្ឋមន្ត្រីថៃនោះ វាក៏ជាពេលដែលសមាជិកអាស៊ានទាំង ៥ នៅពេលនោះ បានប្រឆាំងនឹងការឈ្លានពានរបស់វៀតណាម មកលើកម្ពុជា និងរដ្ឋាភិបាលកម្ពុជា (ពេលនោះ) ដែលមកជំនួសរបបខ្មែរក្រហម។ ប្រទេសថៃ បានប្រឈមនឹងកងទ័ពវៀតណាម នៅតាមបណ្តោយព្រំដែនរបស់ខ្លួនជា មួយកម្ពុជា។ លោកឧត្តមសេនីយ៍ ព្រេម បានសម្រេចចិត្តយ៉ាងមុតមាំ ដោយមិនទទួលយកអ្វីដែលកំពុងកើតឡើងនោះ ហើយបានធ្វើការជាមួយដៃគូក្នុងអាស៊ាន ដើម្បីប្រឆាំងវៀតណាម នៅតាមវេទិកាអន្តរជាតិនានា»។ នេះជាសំណេររបស់លោក លី។
សំណេរខាងលើនេះ បន្ថែមពីលើការនិយាយលើបញ្ហាដូចគ្ នាអំឡុងពេលកិច្ចសន្ទនា Shangri-La កាលពីសប្ដាហ៍មុន ធ្វើឲ្យវៀតណាម ចេញមកប្រតិកម្ម។ អ្នកស្រី Le Thi Thu hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានសរសេរលើបណ្ដាញសង្គម Twitter ថា៖ «វៀតណាម មានការសោកស្ដាយ ចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង នាកិច្ចប្រជុំ Shangri-La និងនៅលើហ្វេសប៊ុក ដែលមិនបានឆ្លុះបញ្ចាំងពីសច្ចភាពប្រវត្តិសាស្ត្រ ហើយបង្កឲ្យមានផលប៉ះពាល់អវិជ្ជមាន ក្នុងចំណោមសាធារណមតិ។» មន្ត្រីក្រសួងការបរទេសវៀតណាមដដែល បន្តថា ក្នុងនាមជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់អាស៊ាន វៀតណាម បាននិងបន្តធ្វើការ ជាមួយសមាជិកដទៃទៀត ដើម្បីកសាងសហគមន៍អាស៊ានដ៏រឹងមាំ ប្រកបដោយការរួបរួម និងសាមគ្គីភាព ហើយដើរតួនាទីស្នូលនៅក្នុងតំបន់៕

