អត្ថបទដោយ CWCI Cambodia / 08 th-7-2020

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅអាមេរិក បានចេញ​សេចក្តី​ថ្លែង​ការណ៍មួយ មុន​ពេល ៣ថ្ងៃនៃឃាតកម្មសម្លាប់បណ្ឌិត កែម ឡី ក្នុងខួបគម្រប់ ៤ឆ្នាំ នៅថ្ងៃទី១០ កក្កដា ឆ្នាំ​២០២០។ ចុច​ត្រង់នេះ ជាសេចក្តីថ្លែងការណ៍ ឬអានអត្ថបទទាំងស្រុងនៅខាងក្រោម។

សេចក្តីថ្លែងការណ៍
ខួប៤ឆ្នាំនៃឃាតកម្មលោកបណ្ឌិត កែម ឡី

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ តាមដានឃើញថា ឃាតកម្មលើលោកបណ្ឌិត កែម ឡី កាល ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ មិនទាន់ត្រូវបានវែកមុខចាប់ខ្លួនឃាតកពិត និងអ្នកពាក់ព័ន្ធ យកទៅផ្តន្ទាទោស​ តាមផ្លូវច្បាប់នៅឡើយ។ ដោយ​សិក្សា​លេី​ពត៌មាន​ច្រើនប្រភព​ យើងសន្និដ្ឋានថាលោក អឿត អាង (ឬ​ ជួប សម្លាប់) គឺជាឃាតកសិប្បនិម្មិត។ ការ​ពិត​ លោក​ អឿត​ អាង គឺ​ជា​ជន​រងគ្រោះ ​ដែល​អ្នករៀបចំឃាតកម្ម ប្រើ​ប្រាស់​តែ​ប៉ុណ្ណោះ​។

ចលនានិស្សិតដើម្បីលទ្ធិប្រធិបតេយ្យ ទាមទា​រតុលាការ​កម្ពុជា បង្ហាញ​របាយការណ៍ស៊ើបអង្កេត​របស់​ខ្លួន​ឲ្យ​ច្បាស់​លាស់ និងជាសាធារណៈ ​ទៅតាម​អង្គហេតុនៃព្រឹត្តិការណ៍​ធ្វើឃាតសម្លាប់​លោកបណ្ឌិត កែម ឡី​ ដើម្បីជម្រះមន្ទិលសង្ស័យពីមជ្ឈដ្ឋាននានា ទាំងជាតិ និងអន្តរជាតិ ដែលចោទប្រកាន់អំពីការពាក់ព័ន្ធរបស់មន្រ្តី ជាន់ខ្ពស់ក្នុងជួរអាជ្ញាធររដ្ឋាភិបាល។ ក្នុងគោលដៅស្តារមុខមាត់ប្រព័ន្ធយុត្តិធម៌ និងកិត្តិយស​រដ្ឋាភិបាល​កម្ពុជា​ តុលាការ​​​ត្រូវមានសេចក្តីក្លាហានបង្ហាញអង្គចងចាំនៃប្រព័ន្ធកាមេរ៉ាសុវត្ថិភាព នៅស្តាម៉ាត​ (Star Mart) ស្តុបបូគោ ខណ្ឌចំការមន រាជធានីភ្នំពេញ រយៈពេល ២៤ម៉ោងពេញ ក្នុងថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ចំថ្ងៃឃាតកម្ម​លោកបណ្ឌិត កែម ឡី

តុលាការ​កម្ពុជា​នៅ​ជំពាក់ពលរដ្ឋ​ខ្មែរទូទៅ ​និង​ជាពិសេសក្រុម​គ្រួសារ​ជន​រងគ្រោះ​​ ដែលកំពុង​ទ្រហោយំ ចង់បានយុត្តិធម៌ខ្លាំងណាស់។​ ដោយហេតុនេះ ​យើងខ្ញុំក៏សូមទាមទារយ៉ាងទទូច​ឲ្យតុលាការកម្ពុជា បើកការស៊ើប អង្កេតឡើងវិញលើសំណុំរឿងឃាតកម្ម លោក ហូ សុខ, លោក ចៅ សម្បត្តិ, លោក លី សេងហុង, លោក ក្រូច យឿម, លោក ជា ឫទ្ធី​ឈុត, លោក ម៉ែន ប៊ុន​ថន, អ្នកស្រី ពិសិដ្ឋ ពីលិកា, ព្រះសង្ឃ សំ ប៊ុនធឿន, លោក ឱម រដ្ឋសាឌី, លោក ជា វិជ្ជា, លោក ឈុត វុទ្ធី, កញ្ញា ទូច ស៊ុននិច, អ្នកស្រី តាត ម៉ារ៉ារីណា, លោក រស់ សុវណ្ណារេត, លោក ហ៊ី វុទ្ធី, លោក ឃឹម សំបូរ, ​លោក ​ធន់​ ប៊ុន​លី​,​ លោក​ ឈរ​ ចិត្រធារិទ្ធ ​និងជនរងគ្រោះ​ឯ​ទៀត។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូមអំពាវនាវដល់តុលាការ​ និង​អាជ្ញា​ធរ​រដ្ឋាភិបាល​​កម្ពុជា ​ត្រូវ ស្តាប់សំឡេងពលរដ្ឋជាម្ចាស់ប្រទេស និងបំពេញ​កាតព្វកិច្ចរបស់ខ្លួន​​តាម​ច្បាប់ ឲ្យឆ្លើយតបនឹងសេចក្តីត្រូវការ របស់​ពលរដ្ឋ​ខ្មែរ ជាពិសេសក្រុម​គ្រួសារ​ជន​រងគ្រោះដែលកំពុង​ទទូចរក​យុត្តិធម៌យ៉ាង​ពិត​ប្រាកដ។

រដ្ឋធានីវ៉ាស៊ីនតុន ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០

(ហត្ថលេខា)
ទូច វិបុល ប្រធានប្រតិបត្តិ

0008 SMD - Kem Ley 2020

.