ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ (The Student Movement For Democracy “SMD”) បាន​ចេញ​របាយ​ការណ៍​ឆ្នាំ​២០២០ ដោយ​ខ្លឹមសារ​សង្ខេប​​មាន ៣ ទំព័រ​របស់​​ខ្លួន នៅ​​ថ្ងៃទី​០៣ ខែ​​មករា ឆ្នាំ​​២០២១ នេះ ដែល​ចុះហត្ថ​លេខា​ដោយ​លោក អ៊ាប សេង អនុប្រធាន​ប្រតិបត្តិ​​នៃ​ចលនា​នេះ (សូម​​ទាញ​​យក​របាយការណ៍ – Download) មាន​សេចក្តី​អត្ថា​ធិប្បាយ​ដូច​ខាង​ក្រោម៖

របាយការណ៍​សង្ខេប
បូក​សរុប​​លទ្ធផល​​ការ​ងារ​​ប្រចាំ​​ឆ្នាំ​​២០២០​

១. ប្រវត្តិ

ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ (The Student Movement For Democracy “SMD”) ត្រូវ ​បាន​បង្កើត​ទ្បើង​លើក​ដំបូង​នៅ​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​១៩៩៨ នៅ​កម្ពុជា ហើយ​​ត្រូវ​បាន​រៀបចំ​ឡើង​វិញ នៅ​ថ្ងៃទី ០៧ ខែ​មិថុនា ឆ្នាំ​២០២០ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ដោយ​អតីត​ស្ថានិក​នៃ​ចលនា​និស្សិត និង​ក្រុម​បញ្ញវន្ត ជាមួយ​នឹង​ទស្សនវិស័យ «ជម្រុញ​កម្ពុជា​ទៅ​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ យុត្តិធម៌ ឯកភាព​ជាតិ អធិបតេយ្យ និង​បូរណភាព​ទឹកដី​ពេញ​លេញ»​ ។

២.​ សកម្មភាព​ការងារ ២០២០

ចលនា​​និស្សិត​​ដើម្បី​​លទ្ធិ​ប្រជា​ធិបតេយ្យ​ ចូល​រួម​តស៊ូ​មតិ​ថ្នាក់​ជាតិ និង​អន្តរជាតិ លើ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស ប្រជា​ធិបតេយ្យ កិច្ច​ការ​ព្រំដែន និង​ដំណោះ​ស្រាយ​នយោបាយ នៅ​ប្រទេស​កម្ពុជា។ 

ក).​ អំពីបញ្ហាព្រំដែនចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ បាន​ធ្វើ​ប្រតិបត្តិការ ដូច​ខាង​ក្រោម

  • ផ្ញើលិខិត​ជាផ្លូវការ​ទៅ​ក្រសួង​ការបរទេស និង​សមាជិក​សភា​អាមេរិក ស្តីអំពី​ការរំលោភ​លើ​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២ ពី​សំណាក់​វៀតណាម​ មក​លើ​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​ កោះត្រល់ និង​ចង្កោមកោះក្រចកសេះ​។
  • ផ្ញើលិខិត​ផ្លូវការ​ជូន​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​វៀតណាម ឲ្យ​រដ្ឋាភិបាល​​វៀតណាម​ ​ត្រូវ​​តែ​​​​គោរព​ និង​អនុវត្ត​ ​តាម​ច្បាប់​អន្តរជាតិ ​ជា​​ដាច់​ខាត​ ។ 
  • ធ្វើ​ការងារ​យ៉ាងសកម្ម​ទាំង​ផ្នែក​បច្ចេកទេស ច្បាប់ និង​ការទូត ជំរុញ​និង​ទាមទារ​ឲ្យ​ប្រទេស​វៀតណាម បញ្ឈប់​រាល់​គម្រោង និង​ផែនការ​អាជីវកម្ម ពាណិជ្ជកម្ម ព្រមទាំង​ការ​សាងសង់​នានា នៅ​លើ​ កោះត្រល់ និង ចង្កោម​កោះ​ក្រចក​សេះ ដែល​នៅ​តែ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា ដោយ​យោង​តាម​សារាចរ​របស់​ អគ្គទេសាភិបាល​បារាំង លោក Brévié​ ឆ្នាំ​​១៩៣៩​, អនុសញ្ញា​អន្តរជាតិ ស្តីពី​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២, កិច្ច​ព្រមព្រៀង​ទីក្រុង​​ប៉ារីស ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ឆ្នាំ​១៩៩៣ ។ 
  • ទាមទាម​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដាក់​មោឃភាព​ជាផ្លូវការ នូវ​ច្បាប់ សន្ធិសញ្ញា កិច្ច​ព្រមព្រៀង និង​ឯកសារ​ទាំង​ទ្បាយ​ណា ដែល​ផ្ទុយ​ពី​ខ្លឹមសារ​កិច្ច​​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍​ ឆ្នាំ​១៩៩១​ ។
  • ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម រុះរើ​ជំរំ និង​តង់​យោធា ចេញ​តំបន់​ឈរជើង​នៅ​តាម​ព្រំដែន​កម្ពុជា តាំង​ពី ពាក់​កណ្តាល​ខែ​មេសា ឆ្នាំ​២០២០ ដែល​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ និង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ក្នុង​ឯកសារ​ទី២ ស្តីពី​បូរណភាព​​ទឹកដី​កម្ពុជា និង​បំពាន​គោលការណ៍​នៃ​សមាគម អាស៊ាន។​ 

ខាង​ក្រោម​នេះ ជា​កាល​បរិច្ឆេទ​នៃ​លិខិត​បទដ្ឋាន​របស់​ចលនានិស្សិត ដែល​បាន​ចេញ​ផ្សាយ​៖

  • ថ្ងៃ​ទី​១២​ ខែ​មិថុនា​ សេចក្តី​ថ្លែងការណ៍ ជំរុញ​ឲ្យ​«ទាហាន​​វៀតណាម​ ត្រូវ​រុះរើ​ជំរំ​ និង​​តង់​​ទាំង​​អស់ ​ចេញ​ពី​​ព្រំដែន​​កម្ពុជា​»​។
  • ​ថ្ងៃ​ទី​១៣​ ខែ​កក្កដា​​ លិខិត​​ចំហ​​ជូន​​លោក​ ហ៊ុន​ សែន​ នាយក​​រដ្ឋមន្ត្រី​​កម្ពុជា ដើម្បី​បដិសេធ​ចោល សំណើ​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម ដែល​ស្នើ​សុំ​​ផ្តល់​ឯកសារ​ស្រប​ច្បាប់ ដល់​​ជន​​អន្តោ​ប្រវេសន៍​វៀតណាម ខុស​ច្បាប់ នៅ​ប្រទេស​កម្ពុជា​។
  • ​ថ្ងៃទី​១៥​ ខែ​កក្កដា​ លិខិត​ចំហ ស្តីពី​«វៀតណាម​​ត្រូវ​​តែ​គោរព​ និង​​អនុវត្ត​​តាម​​ច្បាប់​​អន្តរជាតិ​ ​ជា​​ដាច់​ខាត​» ជូន​លោក​ ង្វៀន​ សួនហ្វ៊ុក​ នាយក​​រដ្ឋមន្ត្រី​​​វៀតណាម​ (July 15, 2020: “Vietnam must firmly respect and comply with the international laws.”. The opening letter to Mr. Nguyen Xuan Phuc, Prime Minister of the Socialist Republic of Vietnam)​ ។ ​ 
  • ថ្ងៃ​ទី​២១​ ខែ​សីហា​​ សេចក្តី​ថ្លែងការណ៍ ស្ដីពី​​ «ច្រាន​​ចោល​​ការ​​បកស្រាយ​​របស់​​លោក​ ហ៊ុន​ សែន​ លេី​​បញ្ហា​​បូរណភាព​ទឹកដី​ ​ព្រំដែន​​គោក​ ដែន​​សមុទ្រ​ កោះត្រល់​ និង​​ចង្កោម​​កោះ​ក្រចកសេះ​»​។
  • ​ថ្ងៃ​ទី​២៧ ខែ​​សីហា​ សេចក្តី​ថ្លែងការណ៍ ស្តីពី​«ការ​បោះ​តង់​ ទៅ​​ជា​​សាងសង់​​ជម្រក​​រឹងមាំ​​របស់​យោធា​វៀតណាម​ អាច​រុញ​​ទំនាស់​​ព្រំដែន​ ធ្លាក់​​ក្នុង​​វិបត្តិ​​ធ្ងន់​ធ្ងរ​»​។
  • ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ សេចក្តី​ថ្លែងការណ៍ ស្ដីពី​«រដ្ឋាភិបាល​​កម្ពុជា ​ត្រូវ​​ដក​​ខ្លួន​​ចេញ​​ពី​​គម្រោង​​តំបន់​​ត្រី​កោណ​​អភិវឌ្ឍន៍​ កម្ពុជា​ ឡាវ​ វៀតណាម​»​។​ 

​ខ).​ នយោបាយកម្ពុជា 

ចលនានិស្សិត​​ដេីម្បី​​លទ្ធិ​ប្រជាធិបតេយ្យ​ បាន​អំពាវនាវ​ដល់​​ឥស្សរជន​​នយោបាយ​ខ្មែរ​​គ្រប់​​ភាគី​ វិល​ទៅ​រក​ការ​ផ្សះផ្សា និង ឯកភាព​ជាតិ ដើម្បី​ស្តារស្ថានភាព​នយោបាយ​នៅ​កម្ពុជា​។

  • ​ថ្ងៃ​ទី​១៧​ ខែ​​មិថុនា​ សេចក្តី​ថ្លែងការណ៍ ស្តីពី​​«ជំហរ​​ឯក​ភាព​​ជាតិ​»​ ។ 

គ).​ សិទ្ធិ​មនុស្ស​​ និង​លទ្ធិប្រជាធិបតេយ្យ

  ចលនានិស្សិត​​ដេីម្បី​​លទ្ធិ​ប្រជាធិបតេយ្យ​ បាន​ធ្វើ​​​កិច្ច​​សហ​ប្រតិបត្តិការ​​ល្អ​ ជា​មួយ​​ស្ថាប័ន​​ជាតិ​-អន្តរជាតិ​ ជាពិសេស​ ក្រសួង​​ការ​​បរទេស​ និង​​សភា​​សហរដ្ឋ​​អាមេរិក​ ។ 

  • ​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ តាម​​ប្រ​ព័ន្ធ​ហ្សួ​ម (ZOOM)​ ថ្នាក់​​ដឹក​នាំ​​ចលនា​​និស្សិត SMD បាន​​ជួប​​ពិភាក្សា​ជាមួយ​មន្ត្រី​​ជាន់ខ្ពស់ នៃ​​ក្រសួង​ការ​បរទេស​​អាមេរិក​ ទទួល​​បន្ទុក​​ផ្នែក​​សិទ្ធិ​​មនុស្ស​ និង​​ប្រជា​ធិបតេយ្យ​ នៅតំបន់​​អាស៊ី​ គឺ​លោក​ Christopher Johnson និង​​លោកស្រី​ Sandra លើ​ប្រធានបទ ស្ដីពី​«ការ​ស្តារ​លិទ្ធិ​ប្រជា​ធិបតេយ្យ​ និង ​សិទ្ធិ​​មនុស្ស​​នៅ​កម្ពុជា​។ 
  • ​ថ្ងៃ​ទី​០៧ ខែ​កក្កដា​​ ធ្វើ​សេចក្តី​ថ្លែងការណ៍ ស្ដីពី​«ខួប​​៤​ឆ្នាំ​ ​ឃាត​កម្ម​​លោក​​បណ្ឌិត ​កែម​ ឡី​​»​ ​ស្នើ​ក្រសួង​​យុត្តិធម៌​ បង្ហាញ​​ភស្តុតាង​តម្លា​​ជា​​សាធារណៈ​ និង​បេីក​​ការ​ស៊ើប​​អង្កេត​​ឡេីង​វិញ​ លេី​ករណី​​ឃាតកម្ម​​លោក​​បណ្ឌិត​ កែម​ ឡី​។ 
  • ថ្ងៃ​ទី​០៩ ខែ​កក្កដា​​ ​ធ្វើ​សេចក្តី​​បំភ្លឺ​​ទៅ​លោក​ ជិន​ ម៉ាលីន​ អ្នក​​នាំ​​ពាក្យ​​ក្រសួង​​យុត្តិធម៌​ ជុំវិញ​​សេចក្តី​ថ្លែង​ការណ៍​​របស់​ចលនា​និស្សិត SMD ក្នុង​ខួប ​៤ឆ្នាំ​ នៃ​​ឃាត​កម្ម​​បណ្ឌិត ​កែម​ ឡី​​» ដោយ​បំភ្លឺ​បញ្ជាក់​ថា «ចលនា​និស្សិត SMD ពុំ​មែន​​ធ្វើ​​អាជីវកម្ម​​នយោបាយ ​ដូច​​ការ​ពោល​របស់​លោក​ ជិន​ ម៉ាលីន ទេ»​។ 
  • ​ថ្ងៃទី​០៨​ ខែ​កញ្ញា​ ធ្វើ​លិខិត​​ផ្ញើ​ជូន​​សមាជិក​​ព្រឹទ្ធសភា​​អាមេរិក​ លោក លីនសី ក្រាហាំ​ (Linsey Graham) «បេះដូង​​ពលរដ្ឋ​​ខ្មែរ មើល​​ឃើញ​​ថា ​សហរដ្ឋ​អាមេរិក ​ជា​អ្នក​​រំដោះ​” (September 8, 2020​,​ letter to Senator Linsey Graham “Cambodian people’s hearts see the United State of America as a liberator”​ ។​ ថ្ងៃទី០៨នេះ យើង​ខ្ញុំ​ក៏​បាន​ផ្ញើ​លិខិត​ស្រដៀង​គ្នា​នឹង​លិខិត​ខាង​លើ ទៅ​កាន់​សមាជិក​រដ្ឋសភា​អាមេរិក លោក អាឡិន ឡូវ៉ិនថល​ (Allen Lowenthal) និង​ផ្ញើ​ជូន​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក លោក ម៉ៃ ផុមពីអូ(Mike Pompeo)។ ខ្លឹមសារ​នៃ​​លិខិត​​ទាំង​នេះ​ ​ស្នើ​ដល់ ​​សហរដ្ឋ​អាមេរិក ជម្រុញ​អាជ្ញាធរ​កម្ពុជា ឲ្យ​ដោះ​​លែង​អ្នក​ទោស​​មនសិការ​​ទាំង​អស់​ ព្រម​ទាំង​​សកម្មជន​នយោបាយ​​ សិទ្ធិ​មនុស្ស​ បរិស្ថាន​ និង​​សកម្មជន​ព្រំដែន​។ 
  • ថ្ងៃទី​២៨​ ​ខែ​កញ្ញា​​ ធ្វើ​ញត្តិ​​ជូន​​រដ្ឋមន្ត្រី​​ក្រសួង​​ការ​បរទេស​​សហរដ្ឋ​​អាមេរិក​ «ពលរដ្ឋ​​ខ្មែរ​​មាន​​ក្តី​​សង្ឃឹម​​ថ្មី​ និង​មិន​​ឯក​ការ​ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សហរដ្ឋ​អាមេរិក ពី​សម្លេង​សុំ​អន្តរាគមន៍​របស់​ពលរដ្ឋ​ខ្មែរ (September 28, 2020,​ Petition to the US Secretary Of State “Cambodian people have new hope and not alone)»​ ។ 
  • ​ថ្ងៃ​ទី​២៨ ខែ​​កញ្ញា​​ ​​ផ្ញើ «ញត្តិ​​ជូន​​រដ្ឋាភិបាល​​កម្ពុជា​» ស្នើ​ឲ្យ​​មាន​​ការ​​ដោះ​​លែង​អ្នក​ទោស​​មនសិការ​ និង ​អ្នកទោស​​នយោបាយ​​ទាំង​អស់ តាម​​រយៈ​​លោក​ ជុំ​ សុន្ទរី​ ឯកអគ្គរាជ​ទូត​កម្ពុជា ​ប្រចាំ​​សហរដ្ឋ​អាមេរិក។ 
  • ​ថ្ងៃ​ទី​២៦​ ខែ​វិច្ឆិកា​​ ជំរុញ​«តុលាការ​​កម្ពុជា ត្រូវ​​ទម្លាក់​​ចោល​​បទ​​ចោទ​​លេី​​ក្រុម​​សកម្ម​ជន​» គឺ​ត្រូវ​ដោះ​​លែង​អ្នក​ទោស​​មនសិការ​​ទាំង​​អស់ ដោយ​​ឥត​​លក្ខខណ្ឌ​។ 
  • ​ថ្ងៃ​ទី​១០​ ខែ​ធ្នូ​​  ធ្វើ​សេចក្តី​ថ្លែងការណ៍ «អបអរ​​ទិវា​​សិទ្ធិ​​មនុស្ស​​អន្តរជាតិ​ ថ្ងៃ​ទី​​១០ ធ្នូ​ គម្រប់​​ខួប​​លេីក​​ទី​​៧២ ឆ្នាំ​» ស្ដីពី​ការ​ជំរុញ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​​ដោះ​​លែង​​អ្នក​ទោស​មនសិការ ​ដេីម្បី​​លេីក​​កម្ពស់ ​ការ​​គោរព​​សិទ្ធិ​​មនុស្ស​​នៅ​​កម្ពុជា​។​ 
  • ​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​​ ជំរុញ​«រដ្ឋាភិបាល​​កម្ពុជា ​ត្រូវ​​ដក​​ខ្លួន​​ចេញ​​ពី​​គម្រោង​​តំបន់​​ត្រី​កោណ​​អភិវឌ្ឍន៍​ កម្ពុជា​ ឡាវ​ និង​ វៀតណាម​»​ ដេីម្បី​​បញ្ជៀ​ស​ហានិភ័យ​​ធ្ងន់ធ្ងរ ដល់​​ប្រទេស​​ជាតិ​​ខ្មែរ នៅ​​ថ្ងៃ​​អនាគត​។ 

៣.​ លទ្ធផល​ការ​ងារ​ និង​ទិសដៅ​បន្ត

រាល់​សេចក្តី​ថ្លែងការណ៍​ និង​​សារ​លិខិត​​របស់​ ​ចលនា​​និស្សិត​​ដើម្បី​​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​បាន​​ទទួល​​ការឆ្លើយតប​ និង​​គាំ​ទ្រ​​យ៉ាង​​ទំហឹង​​អំពី​​ស្ថាប័ន​​ជាតិ​ និង​​អន្តរជាតិ​ ជា​​ពិសេស​​ពី​​ក្រសួង​​ការ​បរទេស​​សហរដ្ឋ​អាមេរិក​។ ដោយ​​ឡែក​ រដ្ឋាភិបាល​​លោក​ ហ៊ុន​ សែន មិន​​បាន​ឆ្លេីយ​តប​​ជា​​ផ្លូវការ​ ដល់​​ការ​​ស្នើ​សុំ​​របស់​​ចលនា​និស្សិត​​ដេីម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​​ឡើយ​។ 

ចលនានិស្សិត​​ដេីម្បី​​លទ្ធិ​ប្រជា​ធិបតេយ្យ​​ ប្តេជ្ញា​​បន្ត​​បេសកកម្ម​​ឆ្ឆ្នាំ​ថ្មី​ ​​​២០២១ ដេីម្បី​​«ស្វែង​​រក​​ឯក​ភាព​​ជាតិ​ និង​សន្តិភាព​​ថ្លៃ​ថ្នូរ,​​ ពង្រឹង​ការ​គោរព​សិទ្ធិ​​មនុស្ស​ និង​​ប្រជា​ធិបតេយ្យ​, ​ការពារ​ទឹកដី​​ព្រំដែន​ និង​ដោះស្រាយ​បញ្ហា​​អន្តោប្រវេសន៍​ខុស​ច្បាប់, ជម្រុញ​គោល​ដៅ​យុត្តិធម៌​សង្គម​ និង ​នីតិរដ្ឋ​​ស្អាត​ស្អំ»​ ជូន​​​ប្រជា​ពលរដ្ឋ​​ខ្មែរ​​ទូទៅ​។ 

យេីង​​ខ្ញុំ​​សូម​​ថ្លែង​​អំណរគុណ​ ចំពោះ​​កិច្ច​​ខិត​ខំ​​ប្រឹង​ប្រែង​​​របស់​​ថ្នាក់​ដឹកនាំ​ និង​​សកម្ម​ជន​​នៃ​​ចលនា​និស្សិត ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ ព្រមទាំង​បង​ប្អូន​​ខ្មែរ និង​មិត្តភក្ដិ​អន្តរជាតិ​ទាំង​ឡាយ ដែល​បាន​និង​បន្ត​គាំទ្រ​យើង​ខ្ញុំ។

រដ្ឋ​ធានី​​វ៉ាស៊ីនតោន​ ថ្ងៃទី​០៣ ខែមករា​ ឆ្នាំ​២០២១

អ៊ាប​ សេង
អ្នក​ធ្វើ​របាយការណ៍ និង​​អនុប្រធាន​ប្រតិបត្តិ​

ក្រុមអ្នកតាក់តែងឯកសារ និងសេចក្តីថ្លែងការណ៍នៃ ចលនានិស្សិត
ក្រុមអ្នកតាក់តែងឯកសារ និងសេចក្តីថ្លែងការណ៍នៃ ចលនានិស្សិត

.

.