អត្ថបទ៖ ចលនានិស្សិត (SMD)

ចលនានិស្សិតខ្មែរ ដែល​មានមូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា​ នេះ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​កម្ពុជា ទម្លាក់​ចោល​បទចោទ​​ប្រកាន់ ទៅ​​លើ​ក្រុម​សកម្មជនបក្សប្រឆាំង និង​សង្គម។ ការអំពាវ​នេះ ធ្វើ​ឡើង​​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ចុះ​ហត្ថលេខា​ដោយ​លោក អ៊ាប សេង អនុប្រធាន​ប្រតិបត្តិ​នៃ​ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ស្រប​ពេល​ដែល​តុលាការ​​ទី​​ក្រុង​​ភ្នំពេញ បើក​សវនការ​ជំនុំ​ជំរះ​ក្តី លើ​​មនុស្ស​ជាង ១០០ នាក់ នៅ​​ថ្ងៃទី​២៦ ខែ​​វិច្ឆិកា​នេះ។

ជំវិញការជំនុំជំរះក្តីដែរ តុលាការ​បាន​សម្រេច​លើក​ពេល ទៅ​ជំនុំ​ជំរះ​សំណុំ​រឿង​ខាង​លើ ​ទៅ​ថ្ងៃទី១៤ ខែ​​មករា និងថ្ងៃទី០៤ ​​ខែ​​មីនា ឆ្នាំ​ ២០២១ ក្រោម​ហេតុផល​ថា «ត្រូវ​រៀបចំ​នីតិ​វិធី​បន្ថែម»។ ចំណែក​​ក្រុម​​អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ​កម្ពុជា វាយ​តម្លៃ​ថា «ជា​រឿង​នយោបាយ និង​គ្មាន​នីតិ​វិធី​ត្រឹម​ត្រូវ»
/ (អត្ថបទបន្ថែមដោយលោក ម៉ែន ណាត)

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍ ៖

សេចក្តីថ្លែងការណ៍
តុលាការ​ត្រូវ​ទម្លាក់​ចោល​បទចោទ​ទៅលើ​ក្រុម​សកម្មជន

ចលនានិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ អំពាវ​នាវ​ដល់​រាជ​រដ្ឋាភិបាល​​កម្ពុជា ​និង​តុលាការ ទម្លាក់​បទ​​ចោទ​នានា​ ទៅ​លើ​ក្រុម​សកម្មជន​នយោបាយ និង​សង្គម។

កាលពីថ្ងទី​០៦ ខែតុលា ឆ្នាំ២០២០ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​​ថា នឹង​ចាប់​ផ្តើម​បើក​សវនាការ លើ​សំណុំ​រឿង​របស់​ក្រុម​សកម្មជន​ចំនួន ១២៩​ នាក់ នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ស្តីពី​បទចោទ «ចូល​រួម​គំនិត​ក្បត់» និង «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ ដល់​សន្តិសុខ​សង្គម»

ចលនានិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ចាត់​ទុក​បទ​ចោទ​ទៅ​លើ​សកម្មជន​ទាំង​នោះ មាន​ចរិត​នយោបាយ​យ៉ាង​ពិត​ប្រាកដ និង​ជា​ការ​រំលោភ​លើ​សិទ្ធិ​ស្រប​ច្បាប់​របស់​​ពលរដ្ឋ​ខ្មែរ ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​ការ​ចូលរួម​សកម្ម​ភាព​នយោបាយ ឬ​សំដែង​មតិ​ដោយ​សន្តិវិធី។

ជាថ្មីម្តងទៀត ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតយេ្យ ទទូច​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​តុលាការ ទម្លាក់បទចោទ និងផ្តល់​សេរីភាព​ពេញ​លេញ​​ដល់​សកម្មជន​​ទាំង​អស់​នោះ​ទ្បើង​វិញ ដើម្បី​ស្តារ​មុខ​មាត់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ ជាពិសេស​ដើម្បី​ការ​ផ្សះ​ផ្សា​ជាតិ និងបង្រួបបង្រួមជាតិ ជាប្រយោជន៍ដល់សង្គម កម្ពុជា និង​​សេចក្តី​សុខ​សាន្តរបស់​ប្រជា​ពលរដ្ឋ​ខ្មែរ។

រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០

អ៊ាប សេង
អនុប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ

ក្រុមអ្នកតាក់តែងឯកសារ និងសេចក្តីថ្លែងការណ៍នៃ ចលនានិស្សិត
ក្រុមអ្នកតាក់តែងឯកសារ និងសេចក្តីថ្លែងការណ៍នៃ ចលនានិស្សិត

.

.