អត្ថបទ៖ ចលនានិស្សិត (SMD)

ចលនានិស្សិត ដែល​មានមូលដ្ឋាន​នៅសហរដ្ឋអាមេរិក នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ​២០២០ បាន​​ចេញ​សេចក្តី​​ថ្លែងការណ៍​ភ្លាមៗ ស្រប​ពេល​អាជ្ញាធរ​ក្រុង​ភ្នំេពេញ ចាប់​ឃាត់​ព្រះកាយ​ភិក្ខុ កើត សារ៉ាយ និង​លោក មាន ព្រហ្មមុនី ជាមេដឹកនាំ​ក្រុម​ពលរដ្ឋសកម្ម​ដើម្បី​យុត្តិធម៌។ លោក ទូច វិបុល ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត បាន​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​​នេះ ទាមទារ​​​ឲ្យអាជ្ញាធរ​រដ្ឋាភិបាល និង​តុលាការ​​កម្ពុជា ដោះ​លែង​សកម្មជន​ទាំង​អស់ ដោយគ្មាន​លក្ខខណ្ឌ រួមមាន​ភិក្ខុ កើត សារ៉ាយ, លោក មាន ព្រហ្មមុនី, លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា, កញ្ញា ភួន កែវរស្មី, លោក រ៉ុង ឈុន, យុវតី ឈឿន ដារ៉ាវី, លោក ហ៊ុន វណ្ណៈ, យុវតី ស កន្និកា, លោក សួង សុភ័ណ្ឌ និង​អ្នកឯទៀត។ សូមទាញ​យកសេចក្តីថ្លែងការណ៍ (Download) ឬអាន​ខ្លឹមសារ​ទាំង​ស្រុង​ខាង​ក្រោម។

សេចក្តីថ្លែងការណ៍ 
ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ករណី​ចាប់ឃាត់​ខ្លួន​សកម្មជន​ពលរដ្ឋសកម្ម​ដើម្បី​យុត្តិធម៌

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូម​ថ្កោលទោស​អាជ្ញាធរ​​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាប់ឃាត់​ខ្លួន​ព្រះភិក្ខុ កើត សារ៉ាយ និង​លោក មាន ព្រហ្មមុនី ជាអ្នកដឹកនាំ​ពលរដ្ឋសកម្ម​ដើម្បី​យុត្តិធម៌ នៅ​ទីស្នាក់ការ​សមាគមសម័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ២០២០ នៅម៉ោង​០១:៣០​នាទី​រសៀល។

កម្លាំង​ឯកសណ្ឋានសុីវិល ដែលមិនបង្ហាញអត្តសញ្ញាណ​ជា​សមត្ថកិច្ច​ប្រមាណ ២០​នាក់ រួម​មាន​ព្រះសង្ឃ​ផង​​ដែរ បាន​សម្រុក​ចូល​ស្នាក់ការ​របស់​សមាគម និង​ចាប់ទាញ​ទាំង​បង្ខំ នាំយក​ព្រះកាយភិក្ខុ កើត សារ៉ាយ និង​លោក មាន ព្រហ្មមុនី ទ្បើង​ទ្បាន​ទៅ​ទិស​ផ្សេង​គ្នា ដោយ​ពុំបាន​បង្ហាញ​នូវ​ដីកា​ចាប់ខ្លួន​ដល់សាមុីខ្លួន ។ ការចាប់ខ្លួន​នេះ កើត​ឡើង​បន្ទាប់​ពី​​អ្នកដឹក​នាំទាំង​ពីរ​រូប បាន​ប្រកាស​ជំហរ​មិនងាករេ ក្នុងការរៀបចំ​បាតុកម្ម​ដោយ​សន្តិវិធី នៅ​ទីលានប្រជាធិបតេយ្យ តាម​គម្រោង​ដែលនឹង​ចាប់​ផ្ដើម​នៅថ្ងៃទី​០៧ ខែ​កញ្ញា ស្រប​តាម​​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពី​ការធ្វើបាតុកម្ម​ដោយ​សន្តិវិធី និង​សេចក្ដី​ប្រកាស​ជាសកល​ស្ដីពីសិទ្ធិមនុស្ស និង​កតិកាសញ្ញា​អន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និង​នយោបាយ។

វិធានការស្រដៀងគ្នានេះ​របស់អាជ្ញាធរ​រដ្ឋាភិបាល បាន​អនុវត្តយ៉ាង​កំរោល​លើ​សកម្មជន​បរិស្ថាន ៣​រូប រួម​មាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា កាលពីថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ២០២០ ដោយចាប់​ឲ្យប្រឈម​នឹង​វិធានការ​តុលាការ​អយុត្តិធម៌ និង​ពន្ធនាគារ ខណៈ​ពួកគាត់​ធ្វើយុទ្ធនាការ​ទាមទារ​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​ការលុប​បឹងតាមោក នៅ​ជាយ​ក្រុង​ភ្នំពេញ។ ជាពិសេស កាលពីថ្ងៃសុក្រ ទី៤ ខែ​កញ្ញា ការចាប់​បោះ​គ្រវែង​បែប​ប្រមាថ​ដូច​សត្វ លើ​ស្ត្រី​ឈ្មោះ សេង ចាន់ថន ដោយ​កង​កម្លាំង​សន្តិសុខខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ឲ្យស្ត្រីរង​គ្រោះ​ដួលដេក​ផ្ងារ ផ្នែក​ក្បាល​ខាង​ក្រោយ ​បោកផ្ទប់ខ្លាំង​លើ​ផ្លូវ​កៅស៊ូ​រឹងដូច​ថ្ម គឺជា​អំពើ​ប៉ុនប៉ង​ឃាតកម្ម​ជាក់ស្ដែង លើអ្នក​តស៊ូមតិ​អហិង្សា ដើម្បីសេរីភាព និង​យុត្តិធម៌។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ចាត់​ទុក​ថា ចរន្ដ​នៃ​ទង្វើប្រើ​កម្លាំង​យ៉ាង​បំពាន​របស់​សមត្ថកិច្ច គឺជា​ចេតនា​បែបផែន​ការ​យុទ្ធសាស្ត្រ​នយោបាយ​អសុចរិត ក្នុង​ការបន្ដ​សង្កត់​​សង្កិន​​ជ្រុល​ហួស​ហេតុ លើសិទ្ធិ​សេរីភាព​ស្របច្បាប់ នៃ​ប្រជាពលរដ្ឋ​ម្ចាស់​នគរ ដែល​មាន​កាតព្វកិច្ច​ពេញលេញ​ក្នុង​ការសម្រេច​លើ​ជោគ​វាសនា​ជាតិ។

មាត្រា៣៥ កថា​ខណ្ឌទី១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា «ប្រជាពលរដ្ឋខ្មែរ​ទាំងពីរ​ភេទ មាន​សិទ្ធិ​ចូល​រួមយ៉ាង​សកម្ម ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្តី​ស្នើទាំងទ្បាយ​របស់ ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការពិនិត្យ និងដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការរដ្ឋ»
មាត្រា៤១ កថា​ខណ្ឌទី១ នៃរដ្ឋធម្មនុញ្ញ​កម្ពុជា ចែងថា «ប្រជាពលរដ្ឋ​ខ្មែរ​ មាន​​សេរីភាព​​ខាង​​ការ​​បញ្ចេញ​​មតិ​របស់​ខ្លួន​ សេរីភាព​​ខាង​​សារព័ត៌មាន​​ សេរីភាព​​ខាង​​ការ​បោះពុម្ព​​ផ្សាយ​ សេរីភាព​​ខាង​​ការ​ប្រជុំ»
សេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស និង​កតិកាសញ្ញា​អន្តរជាតិ ស្តី​ពី​សិទ្ធិពលរដ្ឋ និង​នយោបាយ​​​​​​​​​​​​​​​​​​​​​ មាត្រា​១៩ ចែង​ថា «មនុស្ស​គ្រប់រូប មាន​សិទ្ធិសេរីភាព ក្នុង​ការបញ្ចេញ​មតិ និង​ការសម្តែង​មតិ ។ សិទ្ធិ​នេះ រាប់​បញ្ចូល​ទាំង​សេរីភាព ក្នុង​ការបញ្ចេញមតិ ដោយ​គា្មន​ការជ្រៀតជ្រែក និង​សេរីភាព​ក្នុង​ការស្វែង​រក​ការទទួល និង​ការ​ផ្សព្វផ្សាយ​ព័តមាន និង​គំនិត​នានា ដោយ​គា្មន​ព្រំដែន ទោះ​តាម​រយៈ​មធ្យោបាយសម្តែង​មតិ​ណា​មួយ​ក៏​ដោយ»

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ទាមទារ​ដាច់ខាត​ឲ្យ​រដ្ឋាភិបាល និង​តុលាការកម្ពុជា ដោះ​លែង ​សកម្មជន​ទាំងអស់​ដូច​រៀបរាប់​ខាង​លើ ដោយ​គ្មាន​លក្ខខណ្ឌ រួមទាំង​លោក រ៉ុង ឈុន យុវតី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ យុវតី ស កន្និកា លោក សួង សុភ័ណ្ឌ និង​អ្នក​ឯទៀត ដើម្បី​ឲ្យពួក​គាត់​អាច​អនុវត្ត​សិទ្ធិស្រប​ច្បាប់​ របស់​ពួកគាត់ ដែល​ហ៊ាន​លះបង់​សេចក្ដីសុខ​ផ្ទាល់​ខ្លួន ជាពលរដ្ឋល្អ​ថ្លៃថ្នូរ ក្នុង​បុព្វហេតុ​បម្រើប្រយោជន៍​សង្គម​ជាតិ ។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ស្នើ​រដ្ឋសភា​កម្ពុជា ធ្វើវិសោធនកម្ម​លុបចោល «បទញុះញង់​ឲ្យ ប្រព្រឹត្តបទល្មើស» ត្រង់​ជំពូក​ទី៣ ផ្នែកទី៣ នៃ​ក្រមព្រហ្មទណ្ឌ លើ​ករណី​នៃ​សេរីភាព​បញ្ចេញមតិ និង​ការសម្ដែង​មតិ​ជាសាធារណៈ និង​សេរីភាព​នៃ​ការស្រាវជ្រាវ​និង​ផ្សព្វផ្សាយព័ត៌មាន​ និងគំនិតយោបល់ ទោះតាម​មធ្យោបាយណា​ក៏ដោយ ដើម្បីបើក​ឱកាស​ឲ្យកាន់​តែ​ទូលាយ ដល់​ប្រជាពលរដ្ឋ​ទូទៅ អាច​ចូលរួមចំណែក​កែ​លម្អ​សង្គម។ បើរដ្ឋាភិបាល និង​រដ្ឋសភា​ នៅ​តែ​ខំ​បង្រួញ​លំហ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ នោះ​អង្គការ​រដ្ឋ​ នឹងក្លាយ​ទៅ​ជាឧបករណ៍​អំណាច​របស់​ក្រុម​បុគ្គល​ប៉ុណ្ណោះ។

រដ្ឋធានីវ៉ាសុីនតុន ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០

ប្រធានប្រតិបត្តិ

(ហត្ថលេខា)
ទូច វិបុល

ក្រុមអ្នកតាក់តែងឯកសារ និងសេចក្តីថ្លែងការណ៍នៃ ចលនានិស្សិត
ក្រុមអ្នកតាក់តែងឯកសារ និងសេចក្តីថ្លែងការណ៍នៃ ចលនានិស្សិត

Thon Ratha and others
សកម្មជនបរិស្ថាន នៃចលនាមាតាធម្មជាតិ (Mother Nature Cambodia)

សុភណ្ឌ ហ៊ុន វណ្ណៈ និង ដារ៉ាវី ២០

សែន និង រ៉ុង ឈុន

.