The Cambodia Daily
17-7-2021
ក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុក បានលើកឡើងថា ពួកគេស្វាគមន៍ចំពោះការអះអាងរបស់អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន ដែលថា បក្សកាន់អំណាច មិនមានការបែកបាក់ផ្ទៃក្នុងនោះទេ។ ក្រុមនេះនិយាយថា ការបែកបាក់ ឬមិនបែកបាក់ផ្ទៃក្នុងរបស់បក្សនេះ គឺមិនស្ថិតលើការលើកឡើងរបស់មន្ត្រីបក្សកាន់អំណាចនោះទេ គឺស្ថិតលើការដឹកនាំរបស់លោក ហ៊ុន សែន បានត្រឹមត្រូវ ឬមិនត្រឹមត្រូវតែប៉ុណ្ណោះ។
ប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ ខែកក្កដា ថា បើគណបក្សកាន់អំណាច មិនចង់ឲ្យមានការបែកបាក់ផ្ទៃក្នុង លោក ហ៊ុន សែន ត្រូវតែបញ្ឈប់ការរំលោភអំណាច នៅក្នុងបក្សនោះជាបន្ទាន់ តែត្រូវផ្តល់ភាពយុត្តិធម៌ ដល់ថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត នៅក្នុងបក្សនោះ ដោយមិនមានការរំលោភសិទ្ធិអំណាចរបស់មន្ត្រីកំពូលទាំងនោះ បន្តទៀតនោះទេ។
លោកអះអាងថា ក្នុងពេលដែលកម្ពុជាកំពុងជួបវិបត្តិនយោបាយធ្ងន់ធ្ងរដូចសព្វថ្ងៃនេះ លោក ហ៊ុន សែន មានភារកិច្ចសំខាន់ណាស់ដែលត្រូវដោះស្រាយបញ្ហាទាំងនេះ ជូនជាតិ និងប្រជាជន ដែលត្រូវរកការផ្សះផ្សាជាតិ រវាងខ្មែរ និងខ្មែរ ដើម្បីឲ្យមានការឯកភាពជាតិដ៏រឹងមាំមួយដែលអាចឆ្ពោះទៅរកវិបុលភាព និងវឌ្ឍនភាពសម្រាប់កម្ពុជានៅថ្ងៃអនាគត។
លោក ម៉ែន ណាត បញ្ជាក់ថា ក្រៅអំពីការមិនរំលោភអំណាចផ្ទៃក្នុងបក្សរបស់ខ្លួន និងការស្វះស្វែងរកការបង្រួបបង្រួមជាតិ លោក ហ៊ុន សែន ត្រូវរឹតចំណងការទូតឲ្យបានល្អ ជាមួយប្រទេសជិតខាង ទាំងប្រទេសលោកសេរី និងប្រទេសកុម្មុយនីស្ត ព្រោះថាបើលោក ហ៊ុន សែន ចង់ឲ្យកម្ពុជា មានអធិបតេយ្យភាពជាតិពិតប្រាកដ ដូចដែលគាត់ធ្លាប់អះអាងកន្លងមក កម្ពុជានឹងមិនត្រូវផ្តួលខ្លួន ពឹងផ្អែកមហាអំណាចចិន ជ្រុលហួសហេតុពេកដូចសព្វថ្ងៃនេះទេ។
សារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា ដើមអម្ពិល បានដកស្រង់សម្ដីអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ថា គណបក្សកាន់អំណាច គ្មានថ្ងៃបែកបាក់ ឬប្រេះបែកជាពីរតាមការចង់បានរបស់មនុស្សខ្លះនោះទេ។
លោកអះអាងថា គណបក្សប្រជាជនកម្ពុជា នៅតែរឹងមាំដដែល ព្រោះថាគោលជំហររបស់គណបក្សកាន់អំណាច បានបញ្ជាក់ថា សាមគ្គីឯកភាពផ្ទៃក្នុង គឺជាអាយុជីវិតរបស់គណបក្ស។
លោក សុខ ឥសាន បានថ្លែងបែបនេះដើម្បីប្រតិកម្មតបចំពោះការផ្សាយរបស់សារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅ ដែលបានលើកឡើងពីទស្សនៈរបស់ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ថាលោក ហ៊ុន សែន កំពុងប្រឈមមុខនឹងបញ្ហាធំៗ ដែលនាំឲ្យគណបក្សកាន់អំណាច អាចប្រេះបែកជាពីរ នៅពេលខាងមុខ។
ជុំវិញបញ្ហានេះ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) បានអះអាងថា លោក ហ៊ុន សែន កំពុងប្រឈមមុខបញ្ហាធំ ៣ ក្នុងការដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃនេះ គឺ៖
- បញ្ហាទំនាក់ទំនងការបរទេសមិនបានល្អ
- បញ្ហាបែកបាក់ផ្ទៃក្នុងជាតិ
- និងបញ្ហាបែកបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា របស់លោកផ្ទាល់ផងដែរ។
អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ថា ប្រសិនគណបក្សកាន់អំណាច ឈានដល់ដំណាក់កាលមួយ ដែលលោក ស ខេង និងលោក ហ៊ុន សែន ត្រូវប្រឈមមុខដាក់គ្នានោះ លោក ហ៊ុន សែន មិនអាចមានប្រៀបនឹងលោក ស ខេង ជាដាច់ខាត ទាំងធនធានមនុស្សក្នុងបក្ស ដែលធ្លាប់ឈឺចាប់ដោយសារក្រុមគ្រួសារត្រកូល «ហ៊ុន» កន្លងមក និងប្រជាប្រិយភាពចំពោះប្រជាពលរដ្ឋផងដែរ។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ចាប់តាំងពីលោក ហ៊ុន សែន ឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឆ្នាំ១៩៨៥ មក លោកតែងរំលោភសិទ្ធិអំណាចគ្រប់បែបយ៉ាង ចំពោះសមាជិកកំពូលៗ របស់គណបក្សប្រជាជនកម្ពុជា ដូចជាលោក ហេង សំរិន លោក ជា ស៊ីម និងលោក ស ខេង ជាដើម។
ជាងនេះទៀត អតីតកម្មាភិបាលខ្មែរក្រហមរូបនេះ ក៏តែងរំលោភលើច្បាប់នានារបស់កម្ពុជាផងដែរ ដូចជា៖
- ការរំលោភលើរដ្ឋធម្មនុញ្ញ
- រំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
- និងរំលោភទាំងស្ថាប័នព្រះមហាក្សត្រថែមទៀតផង។
ពួកគេអះអាងថា ចុងក្រោយនេះ លោក ហ៊ុន សែន បានប្រើអំណាចបំពានគោលការណ៍ និងបទបញ្ជាផ្ទៃក្នុងគណបក្សយ៉ាងធំ ដើម្បីលើកបន្តុបកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ឲ្យឡើងស្នងតំណែងជានាយករដ្ឋមន្ត្រីបន្តពីលោក ដោយព្យាយាមជំទាស់ជាមួយមន្ត្រីកំពូលៗក្នុងបក្សផ្សេងទៀត ដូចជាលោក ស ខេង ជាដើម ដើម្បីសុវត្ថិភាពអំណាចតវង្សនៃគ្រួសារត្រកូល «ហ៊ុន»៕

.