អត្ថបទ៖ ចលនានិស្សិត SMD
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (Student Movement for Democracy – SMD) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយអនុប្រធានប្រតិបត្តិ លោក អ៊ាប សេង ឆ្លើយតបទៅកាន់លោក ហ៊ុន សែន ដែលបានថ្លែងអំពីរឿងព្រំដែនកម្ពុជា ជាមួយវៀតណាម កាលពីថ្ងៃទី១៦ ខែសីហា។ សូមទាញយកសេចក្តីថ្លែងការណ៍ (Download) ឬអានខ្លឹមសារទាំងស្រុងនៅខាងក្រោម។
សេចក្តីថ្លែងការណ៍
ច្រានចោលការបកស្រាយរបស់លោក ហ៊ុន សែន លើបញ្ហាបូរណភាពទឹកដី ព្រំដែនគោក កោះត្រល់ និង ចង្កោមកោះក្រចកសេះ
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូមច្រានចោលនូវការបកស្រាយរបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជុំវិញបញ្ហាបូរណភាពទឹកដី ទាំងព្រំដែនគោក និងដែនសមុទ្រនៃប្រទេសកម្ពុជា ជាមួយប្រទេសវៀតណាម កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។ ការបញ្ជាដោយលោក ហ៊ុន សែន ឲ្យក្រសួងព័ត៌មានចាត់ចែងផ្សាយឡើងវិញ នូវសុន្ទរកថារយៈពេលជាង ៥ម៉ោងរបស់គាត់ នៅឯកិច្ចប្រជុំរដ្ឋសភាជាតិ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ គឺមិនគ្រាន់តែមិនបានជម្រះមន្ទិលសង្ស័យក្នុងចិត្តប្រជាពលរដ្ឋខ្មែរ អំពីការបាត់បង់ទឺកដីព្រំដែនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញនូវឥរិយាបថ ក្រោមឥទ្ធិពលវៀតណាម ដោយព្យាយាមបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម ដែលខុសច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោក ហ៊ុន សែន មានកំហុសធ្ងន់ធ្ងរណាស់ ក្នុងការប្រកាន់យកកិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្តឆ្នាំ១៩៨២ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ ធ្វើជាមូលដ្ឋាន ក្នុងការកំណត់ព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ រីឯ ការបោះបង្គោលព្រំដែន ជាមួយវៀតណាមវិញ រដ្ឋាភិបាលនៃលោក ហ៊ុន សែន ធ្វើស្ងាត់ៗ ដោយពុំមានការចូលរួមពីចម្រុះភាគីជាតិ និងចម្រុះភាគីអន្តរជាតិ ដូចជា អ្នកជំនាញនៃប្រទេសបារាំង ដែលជាម្ចាស់ផែនទីដើមរបស់ប្រទេសកម្ពុជា ឬតំណាងសហប្រធាននៃ កិច្ចព្រមព្រៀងក្រុងប៉ារីស៍ ឬអ្នកបច្ចេកទេសអង្គការសហប្រជាជាតិ។
អំពីព្រំដែនគោក
ប្រទេសកម្ពុជា និងប្រទេសវៀតណាម មានបង្គោលព្រំដែនច្បាស់លាស់រួចហើយ ចំនួន ១២៤ បង្គោល តាមអនុសញ្ញាព្រំដែនកម្ពុជា-កូសាំងស៊ីនបារាំង ឆ្នាំ១៨៧៣ ជាមរតករបស់អាណានិគមបារាំង។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៩៣ អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ក៏ធ្លាប់បានរំឭកឡើងវិញ នូវបង្គោលទាំង ១២៤ នេះ ទៅកាន់សហនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ និងលោក ហ៊ុន សែន ឲ្យប្រាប់មេដឹកនាំវៀតណាម ត្រូវយកបង្គោលព្រំដែនសម័យអាណាព្យាបាលបារាំង ទាំង ១២៤ បង្គោល ទៅដាក់ត្រង់កន្លែងដើមវិញ។
ផ្ទុយទៅវិញ ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨៨ សាធារណរដ្ឋប្រជាមានិតកម្ពុជានៃលោក ហ៊ុន សែន ដែលលើកបន្តុប ដោយកងទ័ពវៀតណាមឈ្លានពាន បានបោះបង្គោលជាមួយប្រទេសវៀតណាម ចំនួន ៧២ បង្គោល ដោយប្រើសន្ធិសញ្ញា ឆ្នាំ១៩៨៥។ រដ្ឋាភិបាលកម្ពុជានៃលោក ហ៊ុន សែន បានគប់គិតជាមួយវៀតណាម ប្រើសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ដែលបំពេញទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ បោះបានបង្គោលថ្មី ចំនួន ៣១៥ បង្គោល (ឬ ៨៤%)។ ទាំងអស់នេះ គឺជាបង្គោលខុសច្បាប់ ដែលត្រូវបានបោះចូលជ្រៅក្នុងទឹកដីកម្ពុជា ព្រោះសន្ធិសញ្ញា ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ដែលប្រើសម្រាប់បោះបង្គោល ក៏ខុសច្បាប់, បង្គោលទាំងនេះ ដែលត្រូវបានបោះខុសពីខ្សែព្រំដែន និងទីតាំងបង្គោលសម័យអាណានិគមបារាំង ក៏ខុសច្បាប់, បង្គោលទាំងនេះ ដែលត្រូវបានបោះ ដោយការបង្កើតខ្សែបន្ទាត់ព្រំដែនថ្មីសន្លាង ជាមួយវៀតណាម ហើយបំបាត់ចោលនូវខ្សែបន្ទាត់ព្រំដែនមិនកែប្រែ ក៏ខុសច្បាប់ គឺខុសពីអត្ថន័យនៃមាត្រា២ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា និងរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។
យើងខ្ញុំសូមរំឭកថា សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ រវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា ជាមួយប្រទេសវៀតណាម គឺជាសន្ធិសញ្ញាមិនស្មើភាពគ្នា និងធ្វើឡើងក្រោមការត្រួតត្រា ដោយកងទ័ពវៀតណាមឈ្លានពាន។ សន្ធិសញ្ញានេះ បានប្រើផែនទី ដែលភាគីទាំងពីរអះអាងថា ប្រភេទបោន (Bonne) ខ្នាត ១/១០០.០០០ ចំនួន ២៦ ផ្ទាំង ប៉ុន្តែបោះពុម្ពឡើងវិញនៅវៀតណាម ដែលចុះហត្ថលេខាដោយក្រុមប្រតិភូព្រំដែនឆ្នាំ១៩៨៥ និងផែនទីប្រភេទយូធីអឹម (UTM) ខ្នាត ១/៥០.០០០ ចំនួន ៤០ ផ្ទាំង ជាផែនទីមិនស្របច្បាប់ ដែលយោធាអាមេរិក ប្រើប្រាស់ក្នុងសម័យសង្រ្គាមវៀតណាម។ រីឯ ផែនទីខ្នាត ១/២៥.០០០ ត្រូវបានរដ្ឋាភិបាល លោក ហ៊ុន សែន ធ្វើស្ងាត់ៗជាមួយវៀតណាម លាក់កំបាំងប្រជាពលរដ្ឋខ្មែរជាម្ចាស់ទឹកដី ដោយគ្រាន់តែប្រើពាក្យបន្លំថា «ដូចមាននៅលើផែនទីបោន (Bonne) ខ្នាត ១/១០០.០០០»។
កំហុសដ៏ធ្ងន់ធ្ងរ នៃការប្រើប្រាស់ផែនទី និងសន្ធិសញ្ញាខុសច្បាប់ទាំងអស់នេះ ធ្វើឲ្យពលរដ្ឋខ្មែរនៅតាមព្រំដែន «ស្រែកយំ ព្រោះបាត់បង់ដីស្រែចម្ការ» រហូតដល់បាត់ទាំងភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចផង។ នេះគឺផ្ទុយទាំងស្រុងពីការអះអាងរបស់លោក ហ៊ុន សែន ដែលថា «ចំណេញដីជាង ២០០០ហិកតា ពីការដោះដូរព្រំដែនជាមួយវៀតណាម» ពីព្រោះមិនដែលបានឃើញជនជាតិខ្មែររូបណា ទោះពលរដ្ឋសាមញ្ញ កសិករ មន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធ ទទួលបានដីពីការផ្ដល់ឲ្យ ដោយវៀតណាមទេ គឺមានតែពលរដ្ឋខ្មែរគ្រប់តំបន់ជាប់ព្រំដែន នាំគ្នាយំបាត់ដី ហើយក៏មិនដែលជួបប្រជាជនវៀតណាមម្នាក់ណា ត្អូញត្អែររឿងបាត់ដីរបស់ខ្លួន មកខាងកម្ពុជាឡើយ។
អំពីដែនសមុទ្រ កោះត្រល់ និងចង្កោមកោះក្រចកសេះ
លោក ហ៊ុន សែន ទើបតែទទួលស្គាល់ថា កោះត្រល់ (ភូកុក) និងចង្កោមកោះក្រចកចេះ (ថូជូ) ជាកម្មសិទ្ធិរបស់វៀតណាម ដោយរំលោភលើប្រវត្តិសាស្រ្ត ភូមិសាស្រ្ត និងគោលការណ៍ច្បាប់ជាតិ-អន្តរជាតិនានាជាធរមាន ក្រោយពីមាន កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២ ប៉ុណ្ណោះ។ ឯកសារព្រំដែនរបស់លោក ស៊ាន ប៉េងសែ បញ្ជាក់ថា «ដោយសំអាងលើកិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២ នេះ ដែនសមុទ្រកម្ពុជា ដែលមានទំហំសរុប ៩៥.០០០ (កៅសិបប្រាំពាន់)គ.ម.ក្រឡា ត្រូវបានប្រទេសវៀតណាម នៅថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៩៧ ធ្វើកិច្ចព្រមព្រៀងថ្មីមួយ ជាមួយប្រទេសថៃ ស្តីពីការកំណត់ដែនសមុទ្រ ដោយរំលងលើក្បាលខ្មែរ (លោក ហ៊ុន សែន) និងយកដែនសមុទ្រខ្មែរ ចែកជាមួយប្រទេសថៃឡង់ដ៍ ទំហំប្រមាណ ៣០.០០០(សាមសិបពាន់)គ.ម.ក្រឡា រៀងៗខ្លួន»។
កិច្ចព្រមព្រៀងតំបន់ទឺកប្រវត្តិសាស្ត្រនេះ ត្រូវបានប្រទេសសិង្ហបុរី រាយការណ៍ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី៥ ខែឆ្នូ ឆ្នាំ១៩៨៦ បញ្ជាក់ថា កម្ពុជា ត្រូវវៀតណាមបង្ខំឲ្យចុះហត្ថលេខា នៅពេលវៀតណាម ចូលឈ្លានពានត្រួតត្រាប្រទេសកម្ពុជា ចាប់តាំងពីចុងឆ្នាំ១៩៧៨ មក ហើយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា នាពេលនោះ មិនមែនជាតំណាងស្របច្បាប់របស់ប្រទេស ឬតំណាងផលប្រយោជន៍នៃពលរដ្ឋខ្មែរទេ គឺមានតែរដ្ឋាភិបាលចម្រុះត្រីភាគី នៃសម្ដេចព្រះ នរោត្តម សីហនុ តែមួយគត់ ដែលត្រូវបានទទួលស្គាល់ ដោយអង្គការសហប្រជាជាតិ។
បន្ថែមលើសេចក្ដីរាយការណ៍របស់ប្រទេសសិង្ហបុរី ទៅកាន់អង្គការសហប្រជាជាតិ ឆ្នាំ១៩៨៦ សហរដ្ឋអាមេរិក ក៏បានតវ៉ាជំទាស់នឹងកិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រ ឆ្នាំ១៩៨២ នេះដែរ នៅក្នុងសេចក្តីថ្លែងការណ៍ ទៅកាន់អង្គការសហប្រជាជាតិ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៨៧ ។ ប្រទេសថៃ សិង្ហបូរី និង ប្រទេសអាល្លឺម៉ង់ ក៏បានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការប្រឆាំងចំពោះការកាត់ឆ្វៀលយកកោះត្រល់ និងចង្កោមកោះក្រចកសេះរបស់កម្ពុជា ទៅក្រោមការគ្រប់គ្រងរបស់វៀតណាម ដោយរំលោភបំពានលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២។
លើសពីនេះ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រ ឆ្នាំ១៩៨២ ត្រូវបានដាក់ជាមោឃភាពរួចហើយ ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា។
ប៉ុន្តែលោក ហ៊ុន សែន បែរជានៅតែមានះ បន្តអះអាងទាំងបំពាន រហូតដល់ពេលនេះថា កោះត្រល់ និងចង្កោមកោះក្រចកសេះ បានបាត់បង់ទៅវៀតណាម តាំងពីឆ្នាំ១៩៣៩ តាមលិខិតរបស់លោក ប្រវីយេ (Jules Brévie) អគ្គទេសាភិបាលបារាំង នៅឥណ្ឌូចិនទៅវិញ។
តាមពិត ខ្លឹមសារលិខិតរបស់លោក ប្រេវីយេ (Jules Brévié) នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ១៩៣៩ បង្ហាញថា «កោះត្រល់ ត្រូវដាក់ឲ្យខាងកូសាំងស៊ីន គ្រប់គ្រងខាងផ្នែករដ្ឋបាល និងប៉ូលីសប៉ុណ្ណោះ»។ លិខិតនេះ បញ្ជាក់ថា កោះនេះ នៅតែជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា ដោយផ្អែកតាមភូមិសាស្ត្រជាក់ស្តែង និងសណ្ឋានដីបាតសមុទ្រ ដុះភ្ជាប់ឆ្នេរខេត្តកំពត នៃប្រទេសកម្ពុជា។ លោក ប្រេវីយេ មិនបានភ្ជាប់ករណីកោះត្រល់ និងចង្កោមកោះក្រចកសេះ ទាក់ទងនឹងការផ្ទេរ ដែនដីកូសាំងស៊ីន (កម្ពុជាក្រោមសព្វថ្ងៃ) ទៅឲ្យវៀតណាម នៅឆ្នាំ១៩៤៩ ទេ ។
អនុសញ្ញាស្តីអំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ ផ្នែក២ ជំពូក២ មាត្រា៣ ចែងថា «រដ្ឋទាំងអស់មានសិទ្ធិបង្កើតប្រវែង នៃដែនសមុទ្ររបស់ខ្លូន រហូតដល់ដែនកំណត់ មិនលើសពីចម្ងាយ ១២ ម៉ាយល៍ ឬស្មេី ២២,២២៤ គីឡូម៉ែត្រ (1 nautical miles=1,852 meters) ដែលវាស់ពីខ្សែបន្ទាត់មូលដ្ឋានដែនកំណត់ អនុលោមតាមអនុសញ្ញានេះ»។ អនុសញ្ញាឆ្នាំ ១៩៨២ នេះ និងតាមលក្ខខណ្ឌភូមិសាស្ត្រ កោះត្រល់ គឺជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា ពីព្រោះកោះត្រល់ មានរយៈចម្ងាយ ត្រឹមតែ ១៥ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រខេត្តកំពត ប្រទេសកម្ពុជា ក្នុងរង្វង់ដែន ២២,២២៤ គីឡូម៉ែត្រ ដែលកំណត់ដោយ ច្បាប់សមុទ្រ ប៉ុន្តែកោះត្រល់ មានរយៈចម្ងាយរហូតដល់ ៤៥ គីឡូម៉ែត្រ ពីតំបន់ហាទៀង ខេត្តកៀនយ៉ាង វៀតណាម ដែលស្ថិតនៅផ្ទៃខាងក្រៅរង្វង់ដែន ២២,២២៤ គីឡូម៉ែត្រ កំណត់ដោយច្បាប់សមុទ្រនេះ។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ចាត់ទុកថា សុន្ទរកថារយៈពេលជាង ៥ម៉ោងរបស់លោក ហ៊ុន សែន នៅរដ្ឋសភាជាតិ កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១២ គឺជាវិធីបន្លំដានប្រវត្តិសាស្ត្រ ដែលយើងខ្ញុំ មិនអាចទទួលយកបានឡើយ ពីព្រោះកម្ពុជាមានបង្គោល និងខ្សែព្រំដែនជាក់លាក់ តាំងពីសម័យអាណានិគមនិយមបារាំងម្ល៉េះ ដែលទទួលស្គាល់ជាអន្តរជាតិ។
សន្ទរកថានេះ ក៏គឺជាបណ្ដាសា ចំពោះប្រជាជាតិខ្មែរទាំងមូល ព្រោះការបោះបង្គោលព្រំដែន រវាងរដ្ឋាភិបាលលោក ហ៊ុន សែន និងវៀតណាម ធ្វើឲ្យពលរដ្ឋខ្មែរនៅតាមព្រំដែនស្រែកយំបាត់ដីស្រែចម្ការផង ហើយបំបាក់ស្មារតីសកម្មជនខ្មែរ ដែលតវ៉ារឿងបាត់បង់ទឺកដីព្រំដែន ដោយចាប់ដាក់គុក និងគំរាមកំហែងអាយុជីវិតផង។ ដើម្បីបញ្ចៀសនូវបណ្ដាសា កាន់តែខ្មៅងងឹតសង្កត់ប្រជាជាតិខ្មែរ រដ្ឋាភិបាលត្រូវតែដោះលែងអ្នកទោសមនសិការទឹកដីជាតិ ពីពន្ធនាគារ ដូចជាលោក រ៉ុង ឈុន, យុវជន ហ៊ុន វណ្ណៈ, យុវតី ឈឿន ដារ៉ាវី, កញ្ញា ស កន្និកា, លោក សួង សុភ័ណ្ឌ និងអ្នកផ្សេងទៀត។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូមរំឭកលោកនាយករដ្ឋមន្ត្រីថា ការឈឺឆ្អាលអំពីបញ្ហាព្រំដែន របស់យើងខ្ញុំជាបញ្ញវន្ត ក៏ដូចបងប្អូនប្រជាពលរដ្ឋខ្មែរ គឺជាសម្រែកឈឺចាប់នៃជនរងគ្រោះ និងមិនមែនជាការបង្កសង្គ្រាម ជាមួយប្រទេសណាមួយនោះទេ ទោះជាវៀតណាម ដែលមានប្រវត្តិជាប់មិនដាច់ក្នុងការឈ្លានពានកម្ពុជា ជាក់ស្តែង ការបោះតង់យ៉ាងតិច ២៨៣ កន្លែង នៅតាមបណ្តោយព្រំដែនខ្មែរ។ តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខាងប្រជាពលរដ្ឋខ្មែរ ឬការពារផលប្រយោជន៍របស់វៀតណាម?
.
.