សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily)  / 10th-2-2021

បញ្ញវន្តខ្មែរ​នៅ​ក្រៅ​ប្រទេស ប្រតិកម្ម​ថា នៅ​ពេល​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង​មាន​ឥទ្ធិពល​នយោបាយ​សព្វថ្ងៃ​ ប្រកាស​ចូល​និវត្តន៍ ​ពេល​នោះ​ពួក​គេ​អាច​នឹង​ចេញ​មុខ​ប្រកាស​ដឹក​នាំ​ចលនា​មហា​ជន​ ធ្វើ​ការ​តស៊ូ​មតិ ដើម្បី​ផ្លាស់​ប្តូរ​ការ​ដឹក​នាំ​ផ្តាច់​ការ​របស់​ត្រកូល​ ហ៊ុន ភ្លាម។

មន្រ្តី​ជាន់​ខ្ពស់ និង​ជា​អនុប្រធាន​ប្រតិបត្តិ​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ លោក អ៊ាប គឹមសេង (ឈ្មោះដើម៖ អ៊ាប សេង) បាន​​សរសេរ​​លើ​​គណនី​​ហ្វេស​ប៊ុក​​របស់​លោក នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ នេះ​ ថា​ពេល​នេះ​ មេដឹកនាំ​បក្ស​ប្រឆាំង ​កំពុង​មាន​តួ​នាទី​ជា​អ្នក​ដឹកនាំ​ពលរដ្ឋ​ខ្មែរ ដើម្បី​ការ​ផ្លាស់​ប្តូរ​របប​ផ្តាច់ការ​ ដូច្នេះ​លោក​ទុក​ពេល​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង ធ្វើ​ការ​ឲ្យ​អស់​លទ្ធភាព​ជា​មុន។

លោក អះអាង​ថា សកម្មភាព​របស់​ចលនា​និស្សិត SMD (Student Movement for Democracy) ចាប់​តាំង​ពី​អតីត​កាល ​មក​ដល់​បច្ចុប្បន្ន មិន​ដែល​បង្ហាញ​នូវ​ភាព​កំសាក​ ​បន្លាច​ ​ឬ​ក៏​បំបាក់​ស្មារតី​ប្រជា​ពលរដ្ឋ​ខ្មែរ​ ឲ្យ​ខ្លាច​​រអា​បាក់​ស្បាត​ក្នុង​ការ​ប្រើ​សិទ្ធិ​ស្រប​ច្បាប់​ ​ធ្វើ​ការ​តស៊ូ​មតិ​ផ្លាស់​ប្ដូរ​អំណាច​ផ្តាច់​ការ​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ ម្តង​ណា​ឡើយ។

លោក​ អ៊ាប សេង បន្ត​ថា «មាន​តែ​ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ទៅ​វិញ​ទេ ដែល​បាន​បង្ហាញ​នូវ​ភាព​កំសាក​ទាំង​នោះ ហើយ​ថែម​ទាំង​ព្យាយាម​បិទ​ផ្លូវ​នៃ​ការ​តស៊ូ​របស់​អ្នក​ដទៃ ដើម្បី​បិទ​បាំង ឬ​ចង់​ឲ្យ​ក្រុម​របស់​ខ្លួន ក្លាយ​ជា​បក្ស​ប្រឆាំង​ផ្តាច់​មុខ​ម្នាក់​ឯង»

ជាក់​ស្តែង​កន្លង​មក​ក្រុម​ចលនា​និស្សិត SMD គ្រាន់​តែ​ប្រមែ​ប្រមូល​គ្នី​គ្នា ធ្វើ​កិច្ច​ការ​មួយ​ចំនួន ​ដែល​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​ ដើម្បី​ការពារ​បូរណភាព​ទឹកដី​ខ្មែរ បែរ​ជា​មេដឹក​នាំ​ក្រុម​ប្រឆាំង​ បង្កើត​ក្រុម​មនុស្ស​តាម​ជេរ​ប្រមាថ គ្មាន​អសីលធម៌ លាប​ពណ៌ និង​មួល​បង្កាច់​គ្រប់​ទី​កន្លែង។

លោក អ៊ាប សេង បញ្ជាក់​ថា ការ​សាប​ព្រោះ​មនោគម​វិជ្ជា​ជេរ​ប្រមាថ គ្មាន​ការ​អប់រំ ខុស​ក្រម​សីលធម៌ លាបពណ៌​មួល​បង្កាច់​គ្មាន​​ហេតុ​ផល កំពុង​តែ​ទម្លាក់​តម្លៃ​សីលធម៌ និង​បំបាក់​បំបែកការ​​ឯកភាព​ជាតិ​ខ្មែរ​ជា​ខ្លាំង។ លើស​ពី​នេះ ​វា​ក៏​ជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល ហើយ​រឹត​តែ​រុញ​ច្រាន​វាសនា​ប្រជា​ជាតិ​ខ្មែរ ឲ្យ​ស្ថិត​នៅ​តែ​ក្នុង​កណ្ដាប់​ដៃ​នៃ​ជន​ផ្តាច់ការ​ត្រកូល ហ៊ុន គ្រប់​ជំនាន់​ថែម​ទៀត។

ការអះអានេះ​ធ្វើ​ឡើង ដើម្បី​​ឆ្លើយ​​តប​​​ទៅ​​​នឹង​​​ការ​​លើក​​ឡើង​​របស់​​មន្ត្រី​​គណបក្ស​​សង្គ្រោះ​​ជាតិ​​មួយ​​ចំនួន​ ដែល​​បាន​​វាយ​​ប្រហារ​​លើ​សកម្មភាពនៃ ​ចលនា​​និស្សិត​​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដែល​​តែង​​រិះគន់​​ការ​ដឹកនាំ​​អតីត​​ប្រធាន​​គណបក្ស​​​សង្គ្រោះ​​ជាតិ ដែល​តែង​ដឹកនាំ​ការងារ​បរាជ័យ​ក្នុង​រយៈ​ពេល​កន្លង​មក។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង អ្នកស្រី មួរ សុខហួរ ប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍​កាល​ពីខែ​មករា ឆ្នាំ​២០២១ ទាំង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី កាល​ពីខែ​វិច្ឆិកា ឆ្នាំ​២០១៩ សុទ្ធ​តែ​ត្រូវ​បរាជ័យ​ទាំង​ស្រុង។ ជាងនេះ​ទៀត​ក្រោម​ផែនការ​មាតុភូមិ​និវត្តន៍​នេះ មន្ត្រីជាន់​ខ្ពស់ សមាជិក និង​សកម្មជន​របស់​ខ្លួន​ត្រូវ​អាជ្ញាធរ​ក្រុងភ្នំពេញ​ ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់។

ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ បង្កើត​ឡើង​កាល​ពី​ថ្ងៃទី ២ ខែ​កញ្ញា ឆ្នាំ​១៩៩៨ ដោយ​មាន​ការ​ចូល​រួម​ពី​សមាជិក​ស្ថាបនិក ដែល​ជា​និស្សិត​បញ្ញវន្ត​ មក​ពី​គ្រប់​សកល​វិទ្យាល័យ​​ងើប​ឡើង​ប្រឆាំង នឹង​​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ​ឆ្នាំ​១៩៩៨ ដែល​មាន​ការ​ចូល​រួមពី​លោក ទូច វិបុល លោក ម៉ែន ណាត លោក អ៊ាប សេង លោក សារ៉ូ ស៊ីវត្ថា លោក ញ៉យ ចំរើន និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត។

ការកកើត​នៃ​ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ នេះ​ឡើង ក្រោម​ការ​សហការ​គ្នា ក្នុង​ចំណោម​និស្សិត​ខ្មែរ ​និង​អ្នក​មេ​ដឹក​នាំ​​​គណបក្ស​​នយោបាយ​​ជា​​ច្រើន ដែល​​ប្រឆាំង​​នឹង​​ការ​​ដឹកនាំ​​របស់​​គណបក្ស​​ប្រជាជន​​កម្ពុជា។ ក្រុមនេះ ​បាន​​រួម​គ្នា​​ដឹក​នាំ​​បាតុករ​ប្រមាណ​ជាង ១ ម៉ឺន​នាក់ {ជាង ១០.០០០} ក្នុង​រយៈ​ពេល​ដំបូង ១ សប្តាហ៍។ ក្រោយ​មក ក៏​មាន​អ្នក​ចូល​រួម​ប្រមាណ​ដល់​ទៅ ​១០​ ម៉ឺន​នាក់ ដែល​បដិសេធ​ទៅ​នឹង(១.) លទ្ធផលការ​​បោះ​ឆ្នោត​ជាតិ ឆ្នាំ​១៩៩៨ និង (២.) មិន​ទទួល​ស្គាល់​តំណែង​នាយក​រដ្ឋមន្ត្រី​របស់​លោក​ ហ៊ុន​ សែន

នៅ​ឆ្នាំ​ដដែល​នោះ និស្សិត ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ៣០ នាក់​ត្រូវ​បាន​សម្លាប់​ ក្រោម​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដែល​ទទួល​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក ហ៊ុន សែន។ ជាង​នេះ​ទៀត បាតុករ​ប្រមាណ​ជាង ១០០ នាក់​បាន​រង​របួស ​និង​បាត់​ខ្លួន ​ពី​ការ​បង្ក្រាប​នា​ពេល​នោះ។

យ៉ាង​ណា​ក៏ដោយ ចលនានិស្សិតនេះ បាន​​ផ្អាក​​សកម្មភាព​របស់​ខ្លួន​ទៅ​វិញ ក្រោយ​មាន​ការ​ចរចា​នយោបាយ ដើម្បី​បង្កើត​រដ្ឋាភិបាល​​ថ្មី​មួយ រវាង​គណបក្ស ហ្វុ៊នស៊ិនប៉ិច របស់​សម្តេច​ក្រុមព្រះ នរោត្តម រណប្ញទ្ធិ ជាមួយ​​គណបក្ស​ប្រជាជន​​របស់​​លោក ​ហ៊ុន សែន ដើម្បី​ដោះ​សា្រយ​វិបត្តិ​នយោបាយ ដែល​បាន​ជាប់​គាំង​នា​ពេល​នោះ។

យ៉ាងនេះក្តី ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ បាន​ចាប់​កំណើត​ឡើង​វិញ កាល​ពី​ថ្ងៃទី ០៧ ខែ​មិថុនា ឆ្នាំ​២០២០ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ក្រោម​ការ​ផ្តួចផ្តើម​របស់​សមាជិក​ស្ថាបនិក​ចាស់ៗ​មួយ​ចំនួន៕

.

.