អត្ថបទ៖ ចលនានិស្សិត SMD

ចលនានិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​កម្ពុជា​ ទម្លាក់​ចោល​បទ​ចោទ និង​ដោះ​លែង​អ្នកទោស​មនសិការ​ទាំង​អស់ ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ សេចក្តី​ថ្លែង​ការណ៍​នេះ ចុះ​ហត្ថលេខា​ដោយ​លោក អ៊ាប សេង អនុប្រធាន​ប្រតិបត្តិ ចេញ​ផ្សាយ​នៅ​ថ្ងៃទី១០ ខែ​ធ្នូ ឆ្នាំ​២០២០ ចំពេល​ដែល​ពិភពលោក​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ គម្រប់​ខួប​ទី ៧២ឆ្នាំ។ សូមអាន​ខ្លឹមសារ​លំអិត ដូច​ខាង​ក្រោម៖

សេចក្តីថ្លែងការណ៍
អបអរ​ទិវាសិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃទី​១០ ធ្នូ គម្រប់​ខួប​លើកទី ៧២​ឆ្នាំ
និង​​សូម​ដោះ​លែង​អ្នកទោស​មនសិការ​ ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូម​អំពាវនាវ​ដល់​​រដ្ឋាភិបាល និង​តុលាការ​កម្ពុជា ​ទម្លាក់​ចោល​បទ​ចោទ​នានា​ ទៅ​លើ​ព្រះសង្ឃ និង​យុវជន ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។​

ក្នុងឱកាស​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃទី​១០ ធ្នូ គម្រប់​ខួប​លើក​ទី​ ៧២ ​ឆ្នាំ ដ៏​មាន​សារសំខាន់​នេះ ពិភព​លោក​ បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ចូល​រួម​ក្នុង​យុទ្ធនាការ «បញ្ចប់​ការ​ប្រកាន់​ពូជសាសន៍» «ដោះស្រាយ​បញ្ហា​គម្លាត​សង្គម» និង «ក្រោក​ឈរ​ដើម្បី​សិទ្ធិ​មនុស្ស»។

រដ្ឋាភិបាលកម្ពុជា គួរ​យក​ឱកាស​នេះ កែ​សម្រួល​នូវ​ភាព​អវិជ្ជមាន​នានា ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​លើស​ កំរិត​ទៅ​លើ​ប្រជា​ពលរដ្ឋ ជាពិសេស​យុវជន​ដែល​គ្រាន់​តែ​ហ្វឹកហាត់​នូវ​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន​ ដែល​ការពារ ដោយ​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​បញ្ចេញ​មតិ និង​ចូលរួម​កិច្ច​ការ​សង្គម និង​នយោបាយ។

​ជាថ្មីម្តងទៀត ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ សូម​អំពាវ​នាវ​ដល់​រដ្ឋាភិបាល និង​តុលាការ​កម្ពុជា​ ទម្លាក់​បទ​ចោទ​នានា​ ទៅ​លើ​ព្រះសង្ឃ និង​យុវជន​ ដែល​កំពុង​ជាប់​ឃុំ​​ឱ្យ​មាន​សេរីភាព​ទ្បើង​វិញ ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ល្អ​ប្រសើរ​ទ្បើង​វិញ។​

អ៊ាប សេង
អនុប្រធានប្រតិបត្តិ

ក្រុមអ្នកតាក់តែងឯកសារ និងសេចក្តីថ្លែងការណ៍នៃ ចលនានិស្សិត
ក្រុមអ្នកតាក់តែងឯកសារ និងសេចក្តីថ្លែងការណ៍នៃ ចលនានិស្សិត

.

.