អត្ថបទដោយចលនានិស្សិត SMD

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នៅថ្ងៃទី០៣ ខែ​សីហា ឆ្នាំ​២០២០ បាន​ប្រតិកម្ម​ធ្ងន់ៗ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា និង​ប្រកាស​ច្រានចោល​ការបម្លែង​ខ្នាត​ផែនទី​ព្រំដែន ១/២៥.០០០ ដែល​ផ្ទុយ​ពីខ្លឹមសារ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិ​ច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ សេចក្តីថ្លែងការណ៍​ដែល​ចុះហត្ថលេខា​ដោយ​ប្រធាន​ប្រតិបត្តិ នៃ​ចលនា​និស្សិតនេះ លោក ទូច វិបុល បាន​ធ្វើ​ការ​ទាមទារ​​​ឲ្យ​មាន​ការ​ចូលរួម​​ពី​​ចម្រុះ​​ភាគីជាតិ និង​​អន្តរជាតិ ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​​ព្រំដែន​​កម្ពុជា ជាមួយ​​ប្រទេស​​វៀតណាម ទាំង​​ករណី​ផែនទី និង​​ការវាស់​កំណត់​លើ​ផែនដី​ជាក់​ស្ដែង។ សូមទាញយក «សេចក្តីថ្លែងការណ៍» ឬអាចអានខ្លឹមទាំងស្រុងខាងក្រោមនេះ។

សេចក្តីថ្លែងការណ៍
ច្រានចោល​ការបម្លែង​ខ្នាត​ផែនទី ១/២៥.០០០ ក្នុង​ការបោះ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ស្ថាន​ភាព​កម្ពុជា​បច្ចុប្បន្ន

ចលនានិស្សិត​ដើម្បីលទ្ធិប្រជាធិបតេយ្យ សូម​ច្រាន​ចោល​ដាច់ខាត នូវ​ការប្រើប្រាស់​ខ្នាត​ផែនទី ១/២៥.០០០ ក្នុង​ស្ថានភាព​បច្ចុប្បន្ន ដែល​ធ្វើទ្បើង​ដោយ​តំណាង​រដ្ឋាភិបាល​វៀត​ណាម លោក Le Hoai Trung អនុរដ្ឋមន្ត្រីក្រសួងការបរទេស និង​តំណាង​រដ្ឋាភិបាល​កម្ពុជា លោក វ៉ា គឹមហុង ប្រធាន​គណ:​កម្មាធិការ​​ចម្រុះ​ព្រំដែន​កម្ពុជា កាលពីថ្ងៃទី​០១ ខែសីហា ឆ្នាំ២០២០។

ទីភ្នាក់ងា​រសារព័ត៌មានវៀតណាម (VNA) ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ រាយការណ៍ថា៖ «ភាគី​​ទាំង​​ពីរ​​បាន​ផ្ទៀង​ផ្ទាត់ ពិនិត្យ និង​ឯកភាព លើផែនទីព្រំដែន​ចំនួន ៥០០​ផ្ទាំង … ដោយ​មាន​ការចុះហត្ថលេខា​ពីតំណាងនៃប្រទេស ទាំងពីរ»។ សេចក្តីរាយការណ៍នេះ បន្ថែម​ថា «ផែនទីទាំងនោះ គឺជាផ្នែក​នៃ​ការកំណត់ព្រំដែន​គោក​ រវាង​វៀតណាម​-​កម្ពុជា ដែល​បាន​​​ចុះហត្ថលេខា ថ្ងៃទី០៥ ខែតុលា ឆ្នាំ​២០១៩ តាម​មូលដ្ឋាននៃ​សន្ធិសញ្ញា​បំពេញបន្ថែម លើសន្ធិសញ្ញា​កំណត់ព្រំដែនរ​ដ្ឋ ឆ្នាំ១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម ឆ្នាំ​២០០៥»

យើងខ្ញុំសូមបង្ហាញអំពីកំហុសនៃការបម្លែងខ្នាតផែនទី ទៅជា ១/២៥.០០០ នេះ ដូចខាងក្រោម ៖

ទី១- ផែនទីខ្នាត ១/២៥.០០០ ផ្ទុយពីខ្លឹមសាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា២ នៃ​ជំពូក​ទី១ អំពី​អធិបតេយ្យ ចែងថា «បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាត ក្នុងព្រំដែន របស់ខ្លួន ដែលមានកំណត់ក្នុងផែនទី ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួល​ស្គាល់ជាអន្តរជាតិ នៅចន្លោះ ននឆ្នាំ១៩៦៣-១៩៦៩»

ទី២- រឿងបម្លែងមាត្រដ្ឋានផែនទី គឺជាកិច្ចការបច្ចេកទេស ដែលមានលក្ខណៈសុក្រឹត និង​អាច​ទទួល​យក​បាន លុះត្រា​តែមាន​ការចូលរួម​ពីភាគីពាក់ព័ន្ធ​ប្រវត្តិផែនទី នៃក្រុមភូមិសាស្ត្រ​ឥណ្ឌូចិន-បារាំង ដូចជា​ប្រទេស​បារាំង មន្ត្រី ជំនាញបច្ចេកទេស​នៃ​អង្គការ​សហប្រជាជាតិ និង​ភាគីទំនាស់​ទាំងពីរ គឺកម្ពុជា និង​វៀតណាម។ ករណីផែនទីនេះ ពុំអាច​គប់គិត​​សម្រេច​ធ្វើស្ងាត់ៗ ត្រឹម​ទ្វេភាគី តែ​រវាង​កម្ពុជា និង​វៀតណាម ហើយ​បោះពុម្ព​នៅប្រទេស​​ដាណឺម៉ាក ឬ​ប្រទេស​ណា​មួយ ស្រេច​តែ​នឹង​ចិត្តនោះ​ទេ ពីព្រោះ ៖

  • កិច្ចព្រមព្រៀងក្រុងប៉ារីស៍ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានដាក់ជា​«មោឃភាព» ​អស់​​ហើយ​​នូវ​​សន្និសញ្ញា និងកិច្ចព្រមព្រៀងឆ្នាំ១៩៧៩ ១៩៨២ ១៩៨៣ និងឆ្នាំ​១៩៨៥។
  • សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងឆ្នាំ២០១៩ ដែលជាមូលដ្ឋានសហប្រតិបត្តិការ រវាងរដ្ឋាភិបាល​​​កម្ពុជា​​បច្ចុប្បន្ន និងវៀតណាម ក៏ជាការបំពានរដ្ឋធម្មនុញ្ញកម្ពុជា និង​​កិច្ច​ព្រម​ព្រៀង​ក្រុង​​ប៉ារីស៍ ដែលវៀតណាម​ ជាប្រទេស​ហត្ថលេខី​ដែរ។

ទី៣- រដ្ឋាភិបាលកម្ពុជានៃ លោក ហ៊ុន សែន ពុំមានលក្ខខណ្ឌ​ប្រតិបត្តិ​តម្លា ក្នុង​​ការ​បោះ​បង្គោល​​ព្រំដែន ​ជាមួយ​ប្រទេស​ជិតខាង ជាពិសេស​ការធ្វើ​ជាមួយ​​ប្រទេស​​វៀតណាម ចំនួន ៣១៥ បង្គោល (៨៤ ភាគរយ) ដែល​មិន​អាច​ជម្រះ​សេចក្ដី​មន្ទិល​សង្ស័យ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​​​ជាម្ចាស់​​ទឹកដី​​បាន​​ឡើយ។ លក្ខខណ្ឌប្រតិបត្តិ​កន្លង​មក និងបច្ចុប្បន្ន មាន​ចរិត​បិទ​បាំង​​ការពិត ពីប្រជាពលរដ្ឋ​ខ្មែរ ពីព្រោះ ៖

  • ពុំបានបើកចំហ​ឲ្យមាន​ការចូល​រួម​ពីចម្រុះ​ភាគី​ជាតិ ដូចជា​គណបក្សប្រឆាំង សង្គម​​ស៊ីវិល អ្នកជំនាញ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស និង​តំណាង​ព្រះមហាក្សត្រ ដែល​ជា​ទីទុកចិត្ត​​របស់​ប្រជាពលរដ្ឋ​ខ្មែរ។
  • ពុំបានបើកចំហឲ្យមានការចូលរួមពីចម្រុះភាគីអន្តរជាតិ ដូចជា​អ្នក​ជំនាញ​ផែនទី នៃ​អង្គការ​សហប្រជា​ជាតិ ឬតំណាង​សហប្រធាន​នៃ​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស៍ ជាពិសេស​អ្នកបច្ចេកទេស​ផែនទី នៃ​ប្រទេស​បារាំង ដែល​ជាម្ចាស់​គំនូស​ផែនទី​ដើម​ នៃ​​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ជិតខាង។
  • កាន់​តែមិន​អាច​ទទួលយកបាន​ទៀតនោះ ត្រង់ថា រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​តែ​ធ្វើទុក្ខ​បុក​ម្នេញ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ឡាយណា ដែលចង់​ដឹង​ការពិត​ អំពី​រឿង​ផែន​ដីព្រំដែន ជា​ឧទាហរណ៍ជាក់​ស្ដែង ការចាប់​ឃុំខ្លួន លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្មីៗ​នេះ ស្រប​ពេលអាជ្ញាធរ នៃ​ប្រទេស​វៀតណាម​ហ៊ាន​បើក​ចំហ ឲ្យ​ពលរដ្ឋ​វៀតណាម ដឹងឮ និង​ចុះ​ទៅ​មើល​ដល់បង្គោល​ព្រំដែន។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ មើលឃើញថា ការបម្លែង​ខ្នាត​​ផែនទី ទៅ​​ជា ១/២៥.០០០ នេះ ទាំង​ខុស​ប្រក្រតី និង​ខុសកាលៈទេសៈ​ជាតិ គឺជា​ការធ្វើ​​សម្បទាន​​ថ្មី​បន្ថែម​​ទៀត ឲ្យ​វៀតណាម ស្ងាត់ៗ និងមិន​ស្មោះត្រង់ ជាមួយ​ប្រជាជាតិ​ខ្មែរ។ យើង​​ខ្ញុំសូម​ប្រឆាំង​​ដាច់ខាត ចំពោះ​ការគប់គិត​បម្លែង​ខ្នាតផែនទី​នេះ ស្រប​ពេល​រដ្ឋាភិបាល​កម្ពុជា នៅក្រោម​ឥទ្ធិពលមេដឹកនាំ​បក្ស​កុម្មុសនិស្ដ​វៀតណាម ទាំងនយោបាយ និងការទូត ហើយកម្ពុជា ពុំទាន់មាន តុល្យភាព​យោធា​ជាមួយ​វៀតណាម​នៅ​ឡើយ។

សម្រាប់ស្ថានភាពកម្ពុជាបច្ចុប្បន្ន ដែល​ចាញ់ប្រៀប​ប្រទេស​វៀតណាម​យ៉ាង​​ធំធេង​​លើ​គ្រប់​​វិស័យ ចលនា និស្សិត​ដើម្បីលទ្ធិប្រជាធិបតេយ្យ សូមទាមទារ​​ឲ្យមាន​ការចូលរួម​​ពី​​ចម្រុះ​ភាគីជាតិ និង​អន្តរជាតិ ក្នុងការ​ដោះ​ស្រាយ​​បញ្ហា​ព្រំដែន​​កម្ពុជា ជាមួយ​​ប្រទេស​​វៀតណាម ទាំង​​ករណី​ផែនទី និង​​ការវាស់​​កំណត់​​លើ​ផែនដី​​ជាក់​ស្ដែង។

រដ្ឋធានីវ៉ាសុីតុន ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០

ប្រធានប្រតិបត្តិ
(ហត្ថលេខា)
ទូច វិបុល

Photo 1999 & 2016 - Mr Touch Vibol
Photo 1999 & 2016 – Mr Touch Vibol

​.

.