អត្ថបទដោយ TCD / 30-6-2020

សមាជិកក្បាលម៉ាស៊ីននៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ថ្លែងថា គ្រួសារ​ល្មោភ​អំណាច​ត្រកូលហ៊ុន​ បាន​ចាប់​យក​ប្រទេស​កម្ពុជា ធ្វើជា​កម្មសិទ្ធិ​ផ្តាច់មុខ​ ក្នុងដោះដូរ​អំណាចតំណ​ពូជ​របស់ខ្លួន​​ជាថ្នូរ​​នឹងការ​ធ្វើ​សម្បទានទឹកដី ព្រៃ កោះ ជាមួយ​បរទេស​ឈ្លានពាន​អស់រាប់​ទសវត្ស​មក​ហើយ។

លោក ទូច វិបុល ប្រធានប្រតិបត្តិនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (ដែលហៅកាត់ថា SMD) លើក​ឡើង​ថា «ចលនានិស្សិត SMD កំណើតទី២ មាន​គោលជំហរ​ការពារ​អធិបតេយ្យភាព និង​ទាមទារបូរណភាព​​ទឹកដី ដែល​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចូល​រួម​កាត់​ឲ្យ​ទៅ​ប្រទេសកុម្មុយនិស្ត​វៀតណាម​ កន្លង​មក។ លោកបន្តថា កិច្ចព្រមព្រៀង និង​សន្ធិសញ្ញានានា រវាង​​កម្ពុជា-វៀតណាម គឺសុទ្ធ​សឹង​​​ជាការចូលរួម​​ជួយ​​សម្រួល​ពី លោក ហ៊ុន សែន គ្រប់​បែប​យ៉ាង​ ទើបរបបក្រុងហាណូយ អាច​គ្រប់គ្រង​កោះត្រល់ និង​ចង្កោមកោះ​ក្រចកសេះ មកទល់​នឹង​ពេល​បច្ចុប្បន្ននេះ»។ ការលើកឡើងរបស់លោក ទូច វិបុល នេះ ធ្វើ​ឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន ឌឹខេមបូឌា ឌែលី The Cambodia Daily កាលពីរាត្រីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ កន្លង​ទៅ​នេះ។

ចំណែកលោក អ៊ុំ សំអាន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ ចលនានិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ បាន​​ថ្លែងក្នុង​កម្មវិធី Idea Talk នេះ​ផង​​ដែរ​ថា «ក្រោម​​ការជ្រោម​ជ្រែង​​ពី​រដ្ឋាភិបាល​កុម្មុយនិស្ត​ក្រុងហាណូយ លោក ហ៊ុន សែន បាន​អនុវត្ត​តាម​ការណែនាំ​​របស់​បក្សកុម្មុនិស្ត​​វៀតណាម គ្រប់​បែប​យ៉ាង ​រួម​ទាំង​ការចុះហត្ថលេខាលើ​សន្ធិសញ្ញា និង​​កិច្ច​ព្រមព្រៀង​​ទ្វេភាគី​​នានា រួមមាន​​កិច្ចព្រម​ព្រៀង​ ស្តីពី​ព្រំដែន​ទឹកឆ្នាំ​១៩៨២ កិច្ចព្រមព្រៀង​ស្តីពី​លក្ខិន្តិកៈ​ព្រំដែន​ ឆ្នាំ​​១៩៨៣ និង​សន្ធិសញ្ញា​​កំណត់​ព្រំដែន​រដ្ឋ ឆ្នាំ១៩៨៥ ជាដើម»

ទោះជាយ៉ាងនះក្តី លោក ទូច វិបុល បាន​បញ្ចាក់ថា «នៅថ្ងៃទី​ ១៧ មិថុនា​ ១៩៨៧ សហរដ្ឋ​អាមេរិក បានធ្វើ​សេចក្តី​រាយការណ៍ ក្នុងមហាសន្និបាត​អង្គការសហប្រជាជាតិ (អ.ស.ប) ប្រឆាំង​ជំទាស់​ទៅ​នឹង​កិច្ច​ព្រមព្រៀង​ទ្វេភាគី រវាង​កម្ពុជា-វៀតណាម ផង​ដែរ»។ លោកបន្តថា «ស្របពេលគ្នានោះ ប្រទេសសិង្ហបូរី ថៃ និង អាឡឺម៉ង់ បាន​ដាក់​របាយការណ៍​ទៅកាន់ អង្គការសហប្រជាជាតិ ដោយ​ចាត់​ទុកថា កិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រ ឆ្នាំ១៩៨២ គឹជាការឈ្លានពានអធិបតេយ្យភាព របស់កម្ពុជា ពីសំណាក់​វៀតណាម»

ក្នុងកម្មវិធី Idea Talk ដដែលនេះ អនុប្រធានក្រុមប្រឹក្សាភិបាល នៃ​ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បានទាត់ចោល​ការបកស្រាយរបស់​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន អំពី​បញ្ហា​ព្រំដែនកម្ពុជា​-​វៀតណាម ក្នុងអគារ​ដ្ឋសភា​ជាតិ កាលពីថ្ងៃទី០៩ ខែ​សីហា ​ឆ្នាំ​២០១២ ដែ​ល​ថា កោះត្រល់ បាន​បាត់ទៅជាមួយ​ទឹកដីកូសាំងស៊ីន (កម្ពុជាក្រោម) នៅ​ឆ្នាំ​១៩៤៩ ដោយ​ខ្សែ​បន្ទាត់​ ប្រេវីយេ (Brévié) នោះថា «គ្រាន់តែជាការភូតកុហកប្រជាពលរដ្ឋខ្លួនឯងតែប៉ុណ្ណោះ»

លោក ម៉ែន ណាត ប្រតិកម្មថា «សារាចរណ៍​របស់លោក ប្រេវីយេ (Brévié) អគ្គទេសាភិបាលបារាំង ចុះថ្ងៃទី ៣១ មករា ១៩៣៩ បានបញ្ជាក់យ៉ាងច្បាស់ថា «ការដាក់​កោះត្រល់ និង​ចង្កោមកោះដទៃទៀត ឲ្យ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​ទឹកដី​កូសាំងស៊ីន គឺ​ផ្នែករដ្ឋបាល និងផ្នែកប៉ូលីស តែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត បើផ្អែកលើអំពីច្បាប់សមុទ្រ ឆ្នាំ​១៩៨២ ជំពូកទី២ ផ្នែក២ មាត្រា៣ ចែងថា រាល់រដ្ឋទាំងអស់ មានសិទ្ធិបង្កើតប្រវែង នៃដែនសមុទ្ររបស់ខ្លូន រហូតដល់ដែនកំណត់មិនលើសពីចម្ងាយ ១៩,៣ គីឡូម៉ែត្រ (១២ ម៉ាយល៍) នោះទេ។ ដូច្នេះតាមលក្ខខណ្ឌភូមិសាស្ត្រជាក់ស្ដែង កោះត្រល់ មានរយៈចម្ងាយត្រឹមតែ ១៥ គីឡូម៉ែត្រប៉ុណ្ណោះ ពីខេត្តកំពត នៃ​ប្រទេសកម្ពុជា។ ផ្ទុយទៅវិញបើគិតពីតំបន់ហាទៀង​ ខេត្តកៀនយ៉ាង ប្រទេសវៀតណាម គឺមានរយៈចម្ងាយរហូតដល់ទៅ ៤៥ គីឡូម៉ែត្រឯណោះ»

ចំណែកអ្នកវិភាគនយោបាយសង្គម និង​ជាសមាជិកក្រុមកប្រឹក្សាភិបាល នៃចលនានិស្សិត SMD លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នេះដែរថា «ជំនួញនយោបាយ​ដោះដូរ​អំណាច និង​ការកាត់​ទឹក​ដីខ្មែរ​ ឲ្យ​ទៅរបប​ក្រុងហាណូយ នោះលោក ហ៊ុន សែន បាន​ប្រើស្ទើរ​ពេញមួយជីវិត​នយោបាយរបស់​លោក ក្រោមលេសចរចាទ្វេភាគី ដើម្បីសន្តិភាព និងការពារបូរណភាពទឹកដី»

លោក គឹម សុខ បន្តថា «នៅឆ្នាំ​១៩៨៥ ការដូរមួយកញ្ចាប់​ដែលលោក ហ៊ុន សែន ជូន​ដល់របបឧក្រិដ្ឋកម្មមនុស្សជាតិ ក្រុងហាណូយ ក្រោយពីលោកបានក្លាយជានាយករដ្ឋមន្ត្រី​តាម​ការលើកបន្តុប គឺជា​សាកសពយុវជន​ខ្មែរ​ជាង ២០ ​ម៉ឺននាក់ ដែលរដ្ឋាភិបាលកម្ពុជា បាន​បញ្ជូន​ទៅ​ស្លាប់​ក្នុង «ផែនការ ក៥» របស់​វៀតណាម។ ការបាត់បង់ជីវិត​ក្នុងផែនការនេះ ត្រូវគេចាត់ទុកថា​ ជា​អំពើ​ប្រល័យពូជសាសន៍​ លើកទី២ បន្ទាប់​ពី​របបប្រល័យពូជសាសន៍ ប៉ុល ពត»

លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះ​ព្រំដែន​របស់រដ្ឋាភិបាល ធ្លាប់​បាន​ថ្លែងប្រាប់​បណ្តាញ​សារព័ត៌មាន​ក្នុងស្រុកថា «និយាយឲ្យត្រង់ទៅ យើងមិនចង់បាត់បង់ទេ ប៉ុន្តែវាបានបាត់បង់រួចទៅហើយ។ យើងទៅតុលាការ តើយើងមានលទ្ធភាពឈ្នះឬអត់? យើងទៅតុលាការ លុះត្រាតែយើងសង្ឃឹមឈ្នះ ហើយយើងមានច្បាប់មានអ្វីៗគ្រប់គ្រាន់ យើងអាចទៅ។ ប្រសិនបើយើងទៅចាញ់ យើងមិនចាំបាច់ទៅទេ»។ លោក​បន្ថែមថា «កម្ពុជា​ មិន​ចាំបាច់ស្វែងរកការជួយ​ពីប្រទេស​ហត្ថលេខីនៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស ដើម្បីជួយដោះស្រាយបញ្ហាកោះត្រល់ទេ ពីព្រោះប្រទេ​សហត្ថលេខីទាំងនោះ មិន​មានសមត្ថភាព ជួយ​ដោះស្រាយ​ឡើយ»

លោក Joseph Jules Brévié អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន បានចេញសារាចរ នៅថ្ងៃទី ៣១ មករា ១៩៣៩ ថា «ដែន​កូសាំងស៊ីន​របស់បារាំង ​បាន​គ្រប់​គ្រ​ង​​លើ ​កោះត្រល់ និងចង្កោមកោះ​មួយ​ចំនួន​ តែ​​ផ្នែក​​ប៉ូលីស និងរដ្ឋបាលប៉ុណ្ណោះ»ទោះបីជាបារាំង បានផ្ទេរការគ្រប់គ្រងដែនកូសាំងស៊ីន ឲ្យអណ្ណាម (វៀតណាមសព្វថ្ងៃ) កាលពីថ្ងៃទី៤ ខែ មិថុនា ឆ្នាំ១៩៤៩ ក៏ដោយ ក៏មិនបានភ្ជាប់ កោះត្រល់ ទៅជាមួយឡើយ។ នេះបើតាមការលើកឡើង​របស់ក្រុមវាគ្មិននៃ ចលនិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ នៅក្នុងកម្មវិធី Idea Talk នៃ​សារព័ត៌មាន ឌឹខេមបូឌា ឌែលី The Cambodia Daily។

សម្តេចព្រះ នរោត្តម សីហនុ កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ១៩៦៨ បាន​ទ្បាយ​ព្រះហស្ថ​លេខា​ លេខ ៣៧៨​​/​៦៨​-CE ស្តីអំពីអនុសញ្ញា «ខ្ពង់រាបបាតសមុទ្រ»។ ព្រះអង្គ បាន​បញ្ចាក់​អំពី កោះត្រល់ និងចង្កោមកោះក្រចកសេះ គឺជាកម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា។ លុះនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៤ អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ​បាន​រំឭក​​លោក ហ៊ុន សែន ជាប្រមុខ​រដ្ឋាភិបាល​ថា «គ្មានសម័យណា គ្មាន​មេដឹកនាំ​ណា ដែល​ហ៊ាន​និយាយ​ថា កោះត្រល់ ត្រូវ​បានកាត់​ទៅ​ឲ្យ​វៀតណាម​ទេ»។ ព្រះអង្គមានព្រះ​បន្ទូលថា «កោះត្រល់ ជា​របស់​​កម្ពុជា»

រដ្ឋាភិបាលសម័យសាធារណរដ្ឋខ្មែរលោក លន់ នល់ និងរបបកម្ពុជាប្រជាធិបតេយ្យ (ឬខ្មែរក្រហម) ក៏បញ្ជាក់​ថា «កោះត្រល់ គឺជា​កម្មសិទ្ធិរបស់កម្ពុជា»។ នៅឆ្នាំ​១៩៧៦ កងទ័ពខ្មែរក្រហម ក៏​បាន​ឈរជើង​នៅ​លើ​កោះត្រល់ ផង​ដែរ។

សន្ធិសញ្ញា និងកិច្ចព្រមព្រៀង នាឆ្នាំ១៩៧៩, ឆ្នាំ១៩៨២, ១៩៨៣ និងឆ្នាំ​១៩៨៥ រវាងវៀតណាម-កម្ពុជា ធ្វើឡើងនៅក្រោមការត្រួតត្រារបស់កងទ័ពវៀតណាមនោះ ត្រូវបានដាក់ជា«មោឃភាព»ទាំងអស់ ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ឯកសារទី២ នៃកិច្ចព្រមព្រៀងនេះ ក្នុងមាត្រា១ ត្រង់ចំណុច «២-ឃ.» ចែងថា «បញ្ចប់​សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទាំងឡាយ ដែលមិនស្របអធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាពមិន​អាច រំលោភបាននៃដែនដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់ខ្លួន»

សៀវភៅ​ព្រំដែន​​របស់​លោក ស៊ាន ប៉េងសែ បាន​សរសេរ​ថា​ សន្ធិសញ្ញា​ទាំង​នោះ ​រួម​មានសន្ធិសញ្ញា ឆ្នាំ​១៩៨២ ១៩៨៣ និង​ឆ្នាំ​​១៩៨៥ ដែល​​រដ្ឋាភិបាល​កម្ពុជា ពេល​នោះ ​ជា​រដ្ឋាភិបាល​មិន​​ទាន់​​ស្រប​ច្បាប់ ហើយ​​មិន​​ទាន់​​ទទួល​ស្គាល់​​ដោយ​​អង្គការ​សហប្រជាជាតិ ព្រោះ​​ជា​រដ្ឋាភិបាល​ ដែល​​លើក​បន្តុប​​ដោយ​​ក្រុម​​យោធា​វៀតណាម បាន​​ចុះ​សន្ធិសញ្ញា​ព្រំ​ដែន​គោក និង​​ព្រំ​ដែន​​ទឹក ​ជាមួយ​រដ្ឋាភិបាល​​ទីក្រុង​ហាណូយ ទាំង​​ខុស​ច្បាប់។ ដោយសារ​សន្ធិសញ្ញា​ទាំង​នេះ ​ជា​សន្ធិសញ្ញា​ខុស​ច្បាប់ ទើបនៅ​ឆ្នាំ​ ​២០០៥ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បាន​​ធ្វើ​សន្ធិសញ្ញា​​មួយ​​ទៀត ​ដែល​មាន​ឈ្មោះ​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម ​ជា​សន្ធិសញ្ញា​មួយ​ដើម្បី​ឧបកិច្ច​ឲ្យ​សន្ធិសញ្ញា​​ខុស​ច្បាប់​​ទាំង​ឡាយ​ រវាង​កម្ពុជា និង​វៀតណាម ក្លាយ​​ជា​​សន្ធិសញ្ញា​​ស្រប​ច្បាប់ឡើងវិញ។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០២០ ថា «រដ្ឋាភិបាលលោក ហ៊ុន សែន ខកខានប្រកាស «ដាក់មោឃភាព» ជាផ្លូវការនូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀង​ឆ្នាំ​១៩៧៩, ១៩៨២, ១៩៨៣ និងឆ្នាំ១៩៨៥ ហើយអនុម័តសន្ធិញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ និងឆ្នាំ២០១៩ ដែលបានរំលោភទាំងស្រុង លើកិច្ចព្រមព្រៀងទីក្រុងបារីស៍ ឆ្នាំ១៩៩១ និង​រដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មាត្រា១៥០ ថ្មី (មាត្រា១៣១ ចាស់) ចែងថា «ច្បាប់ និងសេចក្ដីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត»»

លោក ទូច វិបុល ទាមទារឲ្យលោក ហ៊ុន សែន ចេញសេចក្តីថ្លែងការណ៍​ជាសាធារណៈ ដើម្បី​ទប់ស្កាត់ និងបញ្ឈប់​ការអភិវឌ្ឍនានា របស់វៀតណាម លើកោះត្រល់ និងចង្កោមកោះក្រចកសេះ ជាបន្ទាន់​ ហើយរដ្ឋាភិបាល​​កម្ពុជា ត្រូវស្នើច្បាប់​ទៅសភាជាតិ ដើម្បី​ធ្វើ​មោឃភាព​រាល់សន្ធិសញ្ញា ​និង​កិច្ចព្រមព្រៀង​ជាមួយ​វៀតណាម​ ចោល​ទាំងអស់។

ចំណែកលោក ម៉ែន ណាត លើកឡើងថា «ក្រុមចលនានិស្សិត​ កំពុងផ្ទៀង​ផ្ទាត់​ឯកសារផ្លូវ​ច្បាប់ សេចក្តីថ្លែងការណ៍ កំណត់ទូត​ កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា សារាចរនានា​ ដើម្បី​ដាក់ញតិ​ជូន​ទៅប្រទេស​ ដែលជាហត្ថលេខីនៃ កិច្ចព្រមព្រៀងសិន្តភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១ និង​ដាក់ជូនអង្គការសហប្រជាជាតិ (អ.ស.ប.) ដើម្បីបញ្ជាក់ថា ប្រទេសវៀតណាម កំពុងប្រព្រឹត្តបទឧក្រិដ្ឋកម្ម លើ​អធិបតេយ្យភាព​របស់​កម្ពុជា​ យ៉ាងធ្ងន់ធ្ងរ»

លោក គឹម សុខ រំលឹកថា «តវ៉ា​ជាមួយវៀតណាម​ ទោះតាមផ្លូវច្បាប់ ឬការបង្ហាញកម្លាំងទ័ពក៏​ដោយ​ក៏មិន​គួរ​ឲ្យបារម្ភ​ដែរ​ តែការសាងមិត្តភាព​ម៉ឺនឆ្នាំ ដែលវៀតណាម តែង​តែបញ្ជូនជនជាតិរបស់គេ មក​តាមសារាចរ​ណែរនាំ​ (ឲ្យផ្តល់ដីធ្លី ទីជម្រក ឧបថ្ថម្ភ ផ្តល់អត្តសញ្ញាណប័ណ្ណ ថែរក្សា និងផ្គត់ផ្គង់) របស់​លោក ហ៊ុន សែន ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ​១៩៨៦ ដែលនៅមានសុពលភាពរហូតដល់សព្វថ្ងៃនេះ ទើប​ជាបញ្ហាគួរ​ឲ្យបារម្ភខ្លាំងបំផុត»។ លោកបញ្ជាក់ថា សម័យស្តេចជ័យជេដ្ឋាទី២ គ្រាន់​តែឲ្យ​ដី វៀតណាម ខ្ចីប៉ុណ្ណោះ តែសម័យលោក ហ៊ុន សែន ហៅវៀតណាម ឲ្យចូលស្រុកខ្មែរហើយ កាត់ដី​ឲ្យជនជាតិ​ឈ្លានពានទាំង​នោះទៀត។

ក្រុមចលនានិស្សិតអះអាងថា បើលោក ហ៊ុន សែន ​មិនធ្វើមោឃភាព កិច្ចព្រមព្រៀង សន្ធិសញ្ញា សារាចរខុស​ច្បាប់​នានា​ ដែល​បាន​ចុះហត្ថលេខា​ ជាមួយ​ភាគីវៀតណាមទេ ប្រជាពលរដ្ឋ​នឹង​ធ្វើ​មោឃភាព​អំណាច​លោក​ ហ៊ុន សែន ជាក់​ជា​ពុំខាន៕

អត្ថបទទាក់ទង៖
– ចលនានិស្សិត៖ វៀតណាម​ត្រូវ​​បញ្ឈប់​ជាបន្ទាន់ អាជីវកម្ម​​ ​​ពាណិជ្ជកម្ម និង​ការសាង​សង់​នៅ​​លើ ​កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ
– ក្រុមវាគ្មិន៖ កោះត្រល់ និងចង្កោម​កោះ​ក្រចក​សេះ នៅ​តែ​ជា​របស់​ខ្មែរ បើ​តាម​ឯកសារ​ផ្លូវ​ច្បាប់
ចលនា​​និស្សិត ​ចង់ឃើញអ្នកនយោបាយ​ ដោះ​ស្រាយបញ្ហា​ជាតិ​​រួម​គ្នា ទាម​ទារ​​ឱ្យ​​វៀតណាម ​ប្រគល់​​​ទឹកដី​​ដែល​​ខ្លួន​​ឈ្លាន​ពាន ​មកវិញ

.