បញ្ចូលអត្ថបទ៖ ចលនានិស្សិត SMD / 24-2-2021
សូមគោរពជូន
លោកសមាជិកសភា អាទ្បែន ទ្បូវែនថល (Congressman Alan Lowenthal) និង លោកសមាជិកសភា ស្ទីវ ឆាបុត (Congressman Steve Chabot) ជាសហប្រធានគណៈកម្មាធិការកិច្ចការកម្ពុជា នៃសភាសហរដ្ឋអាមេរិក
(សូមទាញយកលិខិតជាភាសាខ្មែរ “Download” ឬជាអង់គ្លេស English – “Download”)
លោកសហប្រធាន ជាទីគោរពរាប់អាន
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលជាអង្គការបណ្ដុំបញ្ញវន្តខ្មែរជុំវិញពិភពលោក និងមានមូលដ្ឋាននៅរដ្ឋធានីវ៉ាសុីនតុនឌីសុី នៃសហរដ្ឋអាមេរិក ធ្វើកិច្ចការតស៊ូមតិលើគោលនយោបាយ និងទំនាក់ទំនងអន្តរជាតិ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ យើងខ្ញុំ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការធ្លាក់ចុះនៃវិស័យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅក្នុងតំបន់អាស៊ាន ជាក់ស្តែង ចរន្តនៃការវិលត្រឡប់មកវិញដ៏សម្បើម នៃអំណាចក្រុមយោធានិយមនៅព្រះរាជាណាចក្រកម្ពុជា, នៅព្រះរាជាណាចក្រថៃ និងនៅប្រទេសភូមា ចុងក្រោយនេះ។
នយោបាយរដ្ឋប្រហារអចិន្ត្រៃយ៍ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសកម្ពុជា និង អំណាចក្បត់ឆន្ទៈរាស្ត្រនៅថៃ នៃលោក ប្រាយុត ចាន់អូចា ដែលមានបែបផែនស្រដៀងគ្នានឹងកម្ពុជាដែរ ព្រមទាំងរដ្ឋប្រហារយោធានៅប្រទេសភូមា ដោយឧត្តមសេនីយ៍ មិន អូងហ្លាំង ថ្មីៗនេះ ស្ដែងអំពីទំនោរ ចរន្តនៃការពង្រីកកម្លាំងកុម្មុយនិស្ដនៅអាស៊ាន ជានិន្នាការបញ្ច្រាសនឹងបំណងប្រាថ្នារបស់ពលរដ្ឋនៃប្រទេសនីមួយៗ ដែលកំពុងបង្ហាញការតវ៉ាប្រឆាំងយ៉ាងប្ដូរផ្ដាច់បំផុត ដើម្បីរកផ្លូវផ្លាស់ប្ដូរទៅកាន់ប្រជាធិបតេយ្យ។ អំណាចបំពានឆន្ទៈរាស្ត្រទាំងអស់នេះ រំលោភទាំងងងើលលើលក្ខន្តិកៈនៃសមាគមអាស៊ាន, សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ, ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិសេរីនិយមបើកចំហ និងឈរលើគោលការណ៍នីតិរដ្ឋ ដែលសហរដ្ឋអាមេរិក ជាអ្នកផ្តួចផ្តើមបង្កើតទ្បើង នៅក្រោយសង្គ្រាមលោកលើកទី២។
នៅចំពោះមុខការរីករាលដាលនៃអំណាចផ្តាច់ការក្នុងតំបន់អាស៊ាន យើងខ្ញុំមើលឃើញថា គឺជាការចាំបាច់ខ្លាំងណាស់ ដែលគួរតម្រូវឱ្យប្រទេសលោកសេរីប្រជាធិបតេយ្យ ជាពិសេសសហរដ្ឋអាមេិក ពិនិត្យទ្បើងវិញ នូវតួនាទីអាទិភាពរបស់ខ្លួន ជាវិធានបន្ទាន់ ក្នុងកិច្ចអន្តរាគមន៍ តទល់នឹងពួកមេដឹកនាំយោធាផ្ដាច់ការទាំងនេះ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក្នុងន័យសកល។ គណៈកម្មាធិការកិច្ចការកម្ពុជា នៃសភាសហរដ្ឋអាមេរិក (CCC) ដែលបង្កើតឆ្នាំ២០១៦ ក្នុងទិសដៅតាមដានមើលស្ថានការណ៍នយោបាយកម្ពុជា និងកិច្ចទំនាក់ទំនងជាមួយអាស៊ាននោះ ពេលនេះគួរតែដល់ពេលវេលាដើរតួនាទីកាន់តែស្វាហាប់ ក្នុងការជម្រុញរដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ឲ្យធ្វើកិច្ចសហការជាមួយសម្ព័ន្ធមិត្ត និងដៃគូនានា ដើម្បីពន្លឿន កិច្ចអន្តរាគមន៍ និងបង្កើនទម្ងន់សម្ពាធឲ្យចំស្ថានការណ៍ សង្កត់ដង្ហើមអំណាចពួកយោធាផ្ដាច់ការ តាមតួនាទី ជាអន្តរជាតិរបស់សហរដ្ឋអាមេរិក។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ យល់ឃើញថា គឺជាករណីដែលត្រូវធ្វើវិធានការអន្តរាគមន៍ជាក់ស្ដែង និងជាបន្ទាន់ ឆ្លើយតបនឹងទង្វើប្លន់អំណាចរបស់ពួកយោធាភូមា ដែលប្រើវិធីចាប់ឃុំខ្លួន លោកស្រី អូង សាន ស៊ូឃ្យី និងមន្ត្រីជាន់ខ្ពស់ប្រមាណជិត ២០០នាក់ នៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ហើយនិងអំពើហិង្សាសម្លាប់ជីវិតបាតុករយ៉ាងតិច ៣ នាក់ និងបានបង្កឲ្យរបួសលើសពី ៣០ នាក់ ព្រមទាំងការប្លន់អំណាចនៅថៃ និងនៅកម្ពុជា ដោយការជាន់ឈ្លីឆន្ទៈប្រជាពលរដ្ឋ។ នៅកម្ពុជា នយោបាយ អំណាចរដ្ឋប្រហារអចិន្ត្រៃយ៍របស់លោក ហ៊ុន សែន ដំណាក់កាលចុងក្រោយនេះ ប្រព្រឹត្តឡើងដោយការចាប់ឃុំខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ការរំលាយគណបក្សប្រឆាំងនេះ ការបិទសិទ្ធិ នយោបាយមន្ត្រីជាន់ខ្ពស់ នៃគណបក្សនេះ ១១៨ នាក់ ការប្លន់យកអាសនៈក្រុមប្រឹក្សាឃុំ/សង្កាត់/តំណាងរាស្ត្រជាង ៥០០០ កន្លែង និងការធ្វើទុក្ខបុកម្នេញសកម្មជនប្រជាធិបតេយ្យ និងប្រជាពលរដ្ឋ ហើយនៅតែអូសបន្លាយស្ថានភាពសម្លាប់ប្រជាធិបតេយ្យកម្ពុជាដ៏ក្មេងខ្ចីជាង ៣ ឆ្នាំមកហេីយ ដោយគ្មានពន្លឺដំណោះស្រាយ។
វាគឺជាមេរៀនអាក្រក់ណាស់ នៅពេលមានការរំលាយគណបក្សសង្គ្រោះជាតិកម្ពុជា ប៉ុន្តែរដ្ឋាភិបាល លោក ហ៊ុន សែន ដែលជាមេក្លោងនៃអំពើរំលោភរដ្ឋធម្មនុញ្ញ និងក្បត់ឆន្ទៈពលរដ្ឋខ្មែរ បែរជាប្រឈមនឹងប្រតិកម្មសម្ពាធស្រាលពេក និងយឺតយូរ ពីសហគមន៍អន្តរជាតិ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិនោះ មេរៀននេះក៏បានបង្រៀនពួកយោធាថៃ ឲ្យគឃ្លើន មិនញញើតនឹងការរំលាយគណបក្សប្រឆាំងនៅប្រទេសថៃដែរ។ ហេតុដូច្នេះ ចំណាត់ការយឺតយ៉ាវលើរបបយោធាភូមា ក៏អាចនឹងក្លាយជាគំរូលើកទឹកចិត្តពួកផ្ដាច់ការនៅប្រទេសផ្សេងៗទៀត ឲ្យហ៊ានពង្រីកឥទ្ធិពលអំណាចយោធារបស់ខ្លួន និងរឹតតែរុញស្ថានភាពអាស៊ាន ឲ្យឧបទ្រពដ៏រាលដាល។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ យល់ឃើញថា ការបន្ធូរដៃឲ្យពួកយោធាមួយថ្ងៃ ពួកគេអាចពង្រឹងអំណាចបានរឹងមាំមួយកម្រិត, បើបន្ធូរដៃឲ្យពួកយោធាមួយឆ្នាំ ពួកគេអាចសម្លឹងឃើញក្រឡា បន្តប្លន់អំណាចបានយូរឆ្នាំ, ប៉ុន្តែបើបន្ធូរឲ្យពួកយោធាដល់ច្រើនឆ្នាំ មេដឹកនាំយោធាអាចរកឃើញផ្លូវក្ដោបក្ដាប់ប្រទេសនោះច្រើនអាណត្តិ ឬមួយជីវិត ដោយល្បិចល្បែងរដ្ឋប្រហារអចិន្ត្រៃយ៍ ដូចឃើញនៅកម្ពុជា ដែលលោក ហ៊ុន សែន ចាត់ទុកប្រទេសកម្ពុជា ជាទ្រព្យសម្បត្តិកម្មសិទ្ធិរបស់គ្រួសារខ្លួន ហើយប្រជាពលរដ្ឋខ្មែរ ក្លាយជាឧបករណ៍រស់សម្រាប់តែកំដរអំណាច និងភាពស្ដុកស្ដម្ភនៃគ្រួសាររបស់គាត់ប៉ុណ្ណោះ។ សហរដ្ឋអាមេរិក គួរតែពិចារណាអំពីស្ថានភាពនេះ ហើយយើងខ្ញុំជឿជាក់ថា សហរដ្ឋអាមេរិក អាចជួយពលរដ្ឋរងគ្រោះក្រោមអំណាចជនផ្ដាច់ការទាំងឡាយ ឲ្យរួចផុតពីចំណងរំលោភបំពានគ្រប់ទម្រង់បាន។
រដ្ឋធានីវ៉ាសុីនតុន ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១
ទូច វិបុល
ប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ

.