បញ្ចូលអត្ថបទ៖ ចលនានិស្សិត SMD / 24-2-2021

សូមគោរពជូន
លោក​សមាជិក​សភា អាទ្បែន ទ្បូវែនថល (Congressman Alan Lowenthal) និង លោក​សមាជិក​សភា ស្ទីវ ឆាបុត (Congressman Steve Chabot) ជា​សហ​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​កម្ពុជា​ នៃ​សភា​សហរដ្ឋ​អាមេរិក
(សូម​ទាញ​យក​លិខិត​ជា​ភាសាខ្មែរ “Download” ឬជា​អង់គ្លេស English – “Download”)

លោក​សហប្រធាន ជាទី​គោរព​រាប់អាន

ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ ដែល​ជា​អង្គការ​បណ្ដុំ​បញ្ញវន្ត​ខ្មែរ​ជុំវិញ​ពិភពលោក និង​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាសុីន​តុន​ឌីសុី នៃ​សហរដ្ឋ​អាមេរិក ធ្វើ​កិច្ច​ការ​តស៊ូ​មតិ​លើ​គោល​នយោបាយ និង​ទំនាក់​ទំនង​អន្តរជាតិ​ ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​​សេរីភាព​ប្រជា​​ធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​។ យើងខ្ញុំ មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​​សិទ្ធិ​​មនុស្ស ​និង​​ប្រជា​ធិបតេយ្យ នៅ​ក្នុង​តំបន់​អាស៊ាន ​ជាក់​ស្តែង ចរន្ត​នៃ​ការ​វិល​ត្រឡប់​មក​វិញ​ដ៏​សម្បើម នៃ​អំណាច​ក្រុម​​យោធា​និយម​​នៅ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា, នៅ​ព្រះរាជា​ណាចក្រ​ថៃ និង​នៅ​ប្រទេស​ភូមា​ ចុង​ក្រោយ​នេះ។ 

នយោបាយ​រដ្ឋប្រហារ​អចិន្ត្រៃយ៍​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​កម្ពុជា និង អំណាច​ក្បត់​ឆន្ទៈ​រាស្ត្រ​នៅ​ថៃ នៃ​លោក ប្រាយុត ចាន់អូចា ដែល​មាន​បែប​ផែន​ស្រដៀង​គ្នា​នឹង​កម្ពុជា​ដែរ ព្រម​ទាំង​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​ភូមា ​ដោយ​ឧត្តម​សេនីយ៍ មិន អូងហ្លាំង ថ្មីៗ​នេះ ស្ដែង​អំពី​ទំនោរ ចរន្ត​នៃ​ការ​ពង្រីក​កម្លាំង​កុម្មុយនិស្ដ​នៅ​អាស៊ាន​ ជា​និន្នាការ​បញ្ច្រាស​នឹង​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​នៃ​ប្រទេស​នីមួយៗ ដែល​កំពុង​បង្ហាញ​ការ​តវ៉ា​ប្រឆាំង​យ៉ាង​ប្ដូរ​ផ្ដាច់​បំផុត ដើម្បី​រក​ផ្លូវ​ផ្លាស់​ប្ដូរ​ទៅ​កាន់​ប្រជា​ធិបតេយ្យ។ អំណាច​បំពាន​ឆន្ទៈ​រាស្ត្រ​ទាំង​អស់​នេះ រំលោភ​ទាំង​ងងើល​លើ​លក្ខន្តិកៈ​នៃ​សមាគម​អាស៊ាន, សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ, ធម្មនុញ្ញ​អង្គការ​សហ​ប្រជា​ជាតិ និង​​សណ្តាប់​ធ្នាប់​អន្តរជាតិ​សេរី​និយម​​បើក​ចំហ និង​ឈរ​លើ​គោល​ការណ៍​នីតិរដ្ឋ ដែល​សហរដ្ឋ​អាមេរិក ជា​អ្នក​ផ្តួច​ផ្តើម​បង្កើត​ទ្បើង នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទី២។

នៅ​ចំពោះ​មុខ​ការ​រីក​រាល​ដាល​នៃ​អំណាច​ផ្តាច់ការ​ក្នុង​តំបន់​អាស៊ាន យើង​ខ្ញុំ​មើល​ឃើញ​ថា គឺ​ជា​ការ​​ចាំបាច់​ខ្លាំង​ណាស់ ដែល​គួរ​តម្រូវ​ឱ្យ​ប្រទេស​លោក​សេរី​ប្រជា​ធិបតេយ្យ ជាពិសេស​សហរដ្ឋ​អាមេិក ពិនិត្យ​ទ្បើង​វិញ​ នូវ​តួនាទី​អាទិភាព​របស់​ខ្លួន​ ជា​វិធាន​បន្ទាន់ ក្នុង​កិច្ច​អន្តរាគមន៍ តទល់​នឹង​ពួក​មេដឹកនាំ​យោធា​ផ្ដាច់ការ​ទាំង​នេះ ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស ​និង​ប្រជា​ធិបតេយ្យ​ ក្នុង​ន័យ​សកល។ គណៈ​កម្មាធិការ​កិច្ច​ការ​កម្ពុជា នៃ​សភា​សហរដ្ឋ​អាមេរិក (CCC) ដែល​បង្កើត​ឆ្នាំ​២០១៦ ក្នុង​ទិស​ដៅ​តាម​ដាន​មើល​ស្ថានការណ៍​នយោបាយ​កម្ពុជា និង​កិច្ច​ទំនាក់​ទំនង​ជាមួយ​អាស៊ាន​នោះ ពេល​​នេះ​គួរ​តែ​ដល់​ពេល​វេលា​ដើរ​តួនាទី​កាន់​តែ​ស្វាហាប់​ ក្នុង​ការ​ជម្រុញ​រដ្ឋបាល​ប្រធានាធិបតី ចូ បៃឌិន ឲ្យ​ធ្វើ​កិច្ច​សហការ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​នានា ដើម្បី​ពន្លឿន​ កិច្ច​អន្តរា​គមន៍ និង​បង្កើន​ទម្ងន់​សម្ពាធ​ឲ្យ​ចំ​ស្ថាន​ការណ៍ សង្កត់​ដង្ហើម​អំណាច​ពួក​យោធា​ផ្ដាច់ការ ​តាម​តួនាទី ​ជា​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក។ 

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ យល់​ឃើញ​ថា គឺ​ជា​ករណី​ដែល​ត្រូវ​ធ្វើ​វិធាន​ការ​​អន្តរាគមន៍​ជាក់​ស្ដែង និង​ជា​បន្ទាន់ ឆ្លើយ​តប​នឹង​ទង្វើ​ប្លន់​អំណាច​របស់​ពួក​យោធា​ភូមា ដែល​ប្រើ​វិធី​​ចាប់​ឃុំ​ខ្លួន លោកស្រី អូង សាន ស៊ូឃ្យី និង​មន្ត្រី​ជាន់​ខ្ពស់​ប្រមាណ​​ជិត ២០០​នាក់ នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ ហើយ​និង​អំពើ​ហិង្សា​សម្លាប់​ជីវិត​បាតុករ​យ៉ាង​តិច ៣ នាក់ និង​បាន​បង្ក​ឲ្យ​របួស​លើស​ពី ៣០ នាក់ ព្រម​ទាំង​ការ​ប្លន់​អំណាច​នៅ​ថៃ និង​នៅ​កម្ពុជា ដោយ​ការ​ជាន់​ឈ្លី​ឆន្ទៈ​ប្រជា​ពលរដ្ឋ។ នៅ​កម្ពុជា នយោបាយ អំណាច​រដ្ឋប្រហារ​អចិន្ត្រៃយ៍​របស់​លោក ហ៊ុន សែន ដំណាក់​កាល​ចុង​ក្រោយ​នេះ ប្រព្រឹត្ត​ឡើង​ដោយ​ការ​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ការ​រំលាយ​គណបក្ស​ប្រឆាំង​នេះ ការ​បិទ​សិទ្ធិ នយោបាយ​មន្ត្រី​ជាន់​ខ្ពស់ ​នៃ​គណបក្ស​នេះ​ ១១៨ នាក់ ការ​ប្លន់​យក​អាសនៈ​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​/​តំណាង​រាស្ត្រ​​ជាង ៥០០០ កន្លែង និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សកម្មជន​ប្រជា​ធិបតេយ្យ និង​ប្រជា​ពលរដ្ឋ​ ហើយ​​នៅ​​តែ​អូស​បន្លាយ​​​ស្ថាន​ភាព​​សម្លាប់​​ប្រជា​ធិបតេយ្យ​​កម្ពុជា​​ដ៏ក្មេង​ខ្ចី​ជាង​​ ៣ ​​ឆ្នាំ​​មក​​ហេីយ​ ដោយ​​គ្មាន​​ពន្លឺ​​ដំណោះ​​ស្រាយ​។ 

វា​គឺ​ជា​មេរៀន​អាក្រក់​ណាស់ នៅ​ពេល​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ ប៉ុន្តែ​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​ជា​មេក្លោង​នៃ​អំពើ​រំលោភ​រដ្ឋធម្មនុញ្ញ និង​ក្បត់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ បែរ​ជា​ប្រឈម​នឹង​ប្រតិកម្ម​សម្ពាធ​ស្រាល​ពេក និង​យឺត​យូរ​ ពី​សហ​គមន៍​អន្តរជាតិ សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​អង្គការ​សហ​ប្រជា​ជាតិ​នោះ មេរៀន​នេះ​ក៏​បាន​បង្រៀន​ពួក​យោធា​ថៃ ឲ្យ​គឃ្លើន មិន​ញញើត​នឹង​ការ​រំលាយ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​ដែរ។ ហេតុ​ដូច្នេះ ​ចំណាត់ការ​យឺត​យ៉ាវ​លើ​របប​យោធា​ភូមា ក៏​អាច​នឹង​ក្លាយ​ជា​គំរូ​លើក​ទឹកចិត្ត​ពួក​ផ្ដាច់កា​រនៅ​ប្រទេស​ផ្សេងៗ​ទៀត ​ឲ្យ​ហ៊ាន​ពង្រីក​ឥទ្ធិពល​អំណាច​យោធា​របស់​ខ្លួន និង​រឹត​តែ​រុញ​ស្ថានភាព​អាស៊ាន ឲ្យ​ឧបទ្រព​ដ៏​រាល​ដាល។

ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ យល់​ឃើញ​ថា ការ​បន្ធូរ​ដៃ​ឲ្យ​ពួក​យោធា​មួយ​ថ្ងៃ ពួក​គេ​អាច​ពង្រឹង​អំណាច​​បាន​រឹង​មាំ​មួយ​កម្រិត, បើ​បន្ធូរ​ដៃ​ឲ្យ​ពួក​យោធា​មួយ​ឆ្នាំ ពួក​គេ​អាច​សម្លឹង​ឃើញ​ក្រឡា បន្ត​ប្លន់​អំណាច​បាន​យូរ​ឆ្នាំ, ប៉ុន្តែ​បើ​បន្ធូរ​ឲ្យ​ពួក​យោធា​ដល់​ច្រើន​ឆ្នាំ មេដឹកនាំ​យោធា​អាច​រក​ឃើញ​ផ្លូវ​ក្ដោប​ក្ដាប់​ប្រទេស​នោះ​ច្រើន​អាណត្តិ ឬ​មួយ​ជីវិត ​ដោយ​ល្បិច​ល្បែង​រដ្ឋប្រហារ​អចិន្ត្រៃយ៍ ដូច​ឃើញ​នៅ​កម្ពុជា ដែ​លលោក ហ៊ុន សែន ចាត់​ទុក​ប្រទេស​កម្ពុជា​ ជា​ទ្រព្យ​សម្បត្តិ​កម្មសិទ្ធិ​របស់​គ្រួសារ​ខ្លួន ​ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ ក្លាយ​ជា​ឧបករណ៍​រស់​សម្រាប់​តែ​កំដរ​អំណាច​ និង​ភាព​ស្ដុកស្ដម្ភ​នៃ​គ្រួសារ​របស់​គាត់​ប៉ុណ្ណោះ។ សហរដ្ឋ​អាមេរិក គួរ​តែ​ពិចារណា​អំពី​ស្ថានភាព​នេះ ហើយ​យើង​ខ្ញុំ​ជឿ​ជាក់​ថា ​សហរដ្ឋ​អាមេរិក​ អាច​ជួយ​ពលរដ្ឋ​រងគ្រោះ​ក្រោម​អំណាច​ជនផ្ដាច់ការ​ទាំង​ឡាយ ឲ្យ​រួច​ផុត​ពី​ចំណង​រំលោភ​បំពាន​គ្រប់​ទម្រង់​បាន។​

 រដ្ឋធានីវ៉ាសុីនតុន ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១

ទូច វិបុល
ប្រធានប្រតិបត្តិ​ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ

.