សូមអាន ឬទាញយកលិខិតជាភាសាខ្មែរ (Khmer) និងជាភាសាអង់គ្លេស (English) ។
VOD (Khmer News)
ដោយលោក ញឹម សុខន / 24-2-2021
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅក្រៅប្រទេស បានស្នើទៅក្រសួងការបរទេសសហរដ្ឋអាមេរិក មានវិធានការបន្ទាន់ក្នុងការដោះស្រាយវិបត្តិនយោបាយ នៅក្នុងប្រទេសកម្ពុជា ថៃ និងភូមា ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ការស្នើនេះ ធ្វើឡើងតាមរយៈលិខិតមួយច្បាប់ ផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អេនថូនី ប្លីងខេន (Antony J. Blinken) ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
តាមរយៈលិខិតនោះ ប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានលើកឡើងពីការព្រួយបារម្ភចំពោះការធ្លាក់ចុះ នូវវិស័យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងតំបន់អាស៊ាន និងចរន្តនៃការវិលត្រឡប់មកវិញនៃអំណាចក្រុមយោធានិយមនៅ ភូមា ថៃ និង កម្ពុជា ក្នុងរយៈកាលចុងក្រោយនេះ។
លោកបន្តថា សម្រាប់កម្ពុជា វាជាមេរៀនអាក្រក់មួយនៅពេលដែលមានការរំលាយអតីតគណបក្សសង្គ្រោះជាតិ និងមានការចាប់ខ្លួនមេដឹកនាំអតីតបក្សប្រឆាំងមួយនេះ ប៉ុន្តែបែរជារដ្ឋាភិបាលប្រឈមនឹងសម្ពាធស្រាល ហើយយឺតយូរពីសហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក ទៅវិញ។
ករណីនេះ លោកបានស្នើដល់សហរដ្ឋអាមេរិក ជួយអន្តរាគមន៍ជាបន្ទាន់ ដើម្បីទប់ស្កាត់វិបត្តិនយោបាយដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា ថៃ និងភូមា ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
មន្ត្រីព័ត៌មាននៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Chad Roedemeier មានប្រសាសន៍ថា លោកនឹងសិក្សាលើសំណើនេះ ខណៈស្ថានទូតនៅមិនទាន់ស្គាល់ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យនៅឡើយ។
វីអូឌី មិនទាន់អាចសុំការអត្ថធិប្បាយពីប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ គិតត្រឹមរសៀលថ្ងៃពុធនេះ ដោយទូរសព្ទចូល គ្មានអ្នកទទួល។
ប៉ុន្តែអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល លោក កត្តា អ៊ន បានច្រានចោលការលើកឡើងនេះ។ លោកថា រដ្ឋាភិបាលកម្ពុជា កើតចេញពីការបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញ ខុសពីមេដឹកនាំប្រទេសពីរទៀត ដែលឡើងកាន់អំណាច ដោយការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត។
មួយវិញទៀត លោកថា មនុស្សមួយក្រុមដែលធ្វើលិខិតស្នើនេះ ក៏មិនអាចទៅបង្ខំប្រទេសមួយ ឱ្យមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសមួយទៀតនោះដែរ។
លោកថា៖ «ការដែលទាញកម្ពុជាទៅនឹងបរិបទនេះ ជាការវាយតម្លៃមិនត្រឹមត្រូវសោះ ចំពោះប្រទេសជាតិខ្លួនឯង ដែលជាការមើលស្រាលទៅនឹងឆន្ទៈប្រជាពលរដ្ឋនៅកម្ពុជា ហើយខ្ញុំយល់ថា សហរដ្ឋអាមេរិក នឹងមិនពិចារណាលើសំណើបែបនេះទេ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា និយាយថា ការដាក់លិខិតទៅមេដឹកនាំអាមេរិកនេះ បង្ហាញថា ពលរដ្ឋខ្មែរមួយចំនួននៅក្រៅប្រទេស កំពុងឈឺឆ្អាលពីប្រជាធិបតេយ្យនៅកម្ពុជា។
លោកបន្តថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) មានគោលនយោបាយយកចិត្តទុកដាក់ពីការជំរុញដំណើរការប្រជាធិបតេយ្យលើក្របខណ្ឌអន្តរជាតិ ឆ្ពោះមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិច រួមមាន មីយ៉ាន់មា និងកម្ពុជា ជាដើម ដែលករណីនេះ លោកថា ស្ថានភាពនយោបាយនៅកម្ពុជា អាចនឹងប្រសើរជាងមុន។
លោកថា៖ «លោក ចូ បៃឌិន លោកបានដាក់យន្តការតាមដានការវិវត្តប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ឬភូមា ហ្នឹងហើយ ដូច្នេះកម្ពុជាក៏ជាសមាជិកមួយរបស់អាស៊ាន ហើយសហរដ្ឋអាមេរិក ក៏ធ្លាប់ជាហត្ថលេខីនៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរ។ ដូច្នេះអ្វីដែលលោក ទូច វិបុល ដាក់ទៅលោក ចូ បៃឌិន វាអាចបង្កើតការទាក់ទាញច្រើនជាងមុន ហើយវាអាចជំរុញឱ្យរដ្ឋាភិបាលថ្មី របស់លោក ចូ បៃឌិន នឹងយកចិត្តទុកដាក់ពីប្រជាធិបតេយ្យ នៅកម្ពុជាហ្នឹងខ្លាំងជាងមុន»។
អតីតគណបក្សសង្គ្រោះជាតិ មុនតុលាការរំលាយ ទទួលបានសំឡេងឆ្នោតជាង ៣ លានសំឡេង (៣ .៥៦.៨២៤នាក់) ស្មើនឹងជាង ៤៣ ភាគរយ និងមានអាសនៈឃុំ-សង្កាត់ ចំនួន ៥០០៧ និងតំណែងប្រធានក្រុមប្រឹក្សា ចំនួន ៤៨៩ នាក់។
បច្ចុប្បន្ន លោក កឹម សុខា ដែលជាប្រធានអតីតគណបក្សនេះ ត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយជាង ៣ ឆ្នាំមកហើយ គិតពីថ្ងៃចាប់ខ្លួន អំឡុងខែកញ្ញា ឆ្នាំ ២០១៧ ដោយចោទថា «ឃុបឃិតជាមួយបរទេស ចង់ផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន»។
ប៉ុន្តែអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាននិយាយក្នុងសេចក្តីថ្លែងការណ៍ កាលពីចុងខែកញ្ញាឆ្នាំមុនថា សំណុំរឿងចោទប្រកាន់លើលោក កឹម សុខា ជារឿងនយោបាយ ដែលក្លាយទៅជាគំរូអាក្រក់មួយ ឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់មិនត្រឹមត្រូវទៅលើគូប្រជែងនយោបាយ៕

.