សូមអាន ឬ​ទាញយក​លិខិត​ជាភាសា​ខ្មែរ (Khmer) និងជាភាសា​អង់គ្លេស (English)

VOD (Khmer News)
ដោយលោក ញឹម សុខន / 24-2-2021

ចលនា​និស្សិត​ដើម្បី​​លទ្ធិ​ប្រជា​ធិបតេយ្យ ដែល​​មាន​​មូលដ្ឋាន​​នៅ​​ក្រៅប្រទេស បាន​​ស្នើ​​ទៅ​​ក្រសួង​​ការបរទេស​​សហរដ្ឋ​អាមេរិក​ មាន​​វិធានការ​​បន្ទាន់​​ក្នុង​​ការ​​ដោះ​ស្រាយ​​វិបត្តិ​​នយោបាយ ​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា ថៃ និង​​ភូមា ដើម្បី​​លើក​កម្ពស់​​សិទ្ធិ​មនុស្ស និង​​លទ្ធិ​ប្រជា​ធិបតេយ្យ។

ការ​ស្នើ​នេះ ធ្វើ​ឡើង​​តាម​រយៈ​​លិខិត​​មួយ​​ច្បាប់​ ផ្ញើ​​ទៅ​កាន់​​រដ្ឋមន្ត្រី​​ក្រសួង​​ការ​បរទេស​​សហរដ្ឋ​អាមេរិក លោក អេន​ថូ​នី ប្លី​ងខេន (Antony J. Blinken​) ចុះ​​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២១។

តាម​រយៈ​​លិខិត​​នោះ ប្រធាន​ប្រតិបត្តិ​​ចលនា​​និស្សិត​​ដើម្បី​​លទ្ធិ​ប្រជា​ធិបតេយ្យ លោក ទូច វិបុល បាន​​លើក​ឡើង​​ពី​ការ​​ព្រួយ​បារម្ភ​​ចំពោះ​​ការ​​ធ្លាក់​ចុះ​ ​នូវ​​វិស័យ​​សិទ្ធិ​មនុស្ស និង​​ប្រជា​ធិបតេយ្យ​​នៅ​ក្នុង​​តំបន់​​អាស៊ាន និង​​ចរន្ត​​នៃ​​ការ​​វិល​ត្រឡប់​​មក​វិញ​​នៃ​​អំណាច​​ក្រុម​​យោធា​និយម​នៅ​ ភូមា ថៃ និង ​កម្ពុជា ក្នុង​រយៈ​​កាល​​ចុង​ក្រោយ​​នេះ។

លោក​​បន្ត​ថា សម្រាប់​​កម្ពុជា វា​​ជា​​មេរៀន​​អាក្រក់​​មួយ​នៅ​ពេល​​ដែល​​មាន​ការ​​រំលាយ​​អតីត​​គណបក្ស​​សង្គ្រោះ​​ជាតិ និង​​មាន​ការ​​ចាប់​ខ្លួន​​មេដឹកនាំ​​អតីត​​បក្ស​​ប្រឆាំង​​មួយ​​នេះ ប៉ុន្តែ​​បែរ​ជា​​រដ្ឋាភិបាល​​ប្រឈម​​នឹង​​សម្ពាធ​​ស្រាល ហើយ​​យឺត​យូរ​ពី​​សហគមន៍​​អន្តរ​ជាតិ​ រួម​​ទាំង​​សហរដ្ឋ​អាមេរិក​​ ទៅ​វិញ។ 

ករណីនេះ លោក​​បាន​​ស្នើ​​ដល់​​សហរដ្ឋ​អាមេរិក ជួយ​​អន្តរាគមន៍​​ជា​បន្ទាន់ ដើម្បី​​ទប់​ស្កាត់​​វិបត្តិ​​នយោបាយ​​ដែល​​កំពុង​​កើត​មាន​​ក្នុង​​ប្រទេស​​កម្ពុជា ថៃ និង​​ភូមា ដើម្បី​​លើក​​កម្ពស់​​សិទ្ធិ​មនុស្ស និង​​​ប្រជា​ធិបតេយ្យ។ 

មន្ត្រីព័ត៌មាន​​នៃ​​ស្ថានទូត​​​សហរដ្ឋ​អាមេរិក​​ប្រចាំ​​នៅ​​កម្ពុជា លោក Chad Roedemeier​ មាន​ប្រសាសន៍​ថា ​លោក​នឹង​សិក្សា​លើ​សំណើ​នេះ ​ខណៈ​ស្ថានទូត​នៅ​មិន​ទាន់​ស្គាល់​ចលនា​​និស្សិត​​ដើម្បី​​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ឡើយ។

​វីអូឌី មិន​ទាន់​អាច​សុំ​ការ​អត្ថធិប្បាយ​ពីប្​រធាន​​ក្រុម​​អង្គភាព​​អ្នក​នាំពាក្យ​​រដ្ឋាភិបាល ​លោក ផៃ ស៊ី​ផាន បាន​ទេ ​គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ ដោយ​ទូរសព្ទ​ចូល គ្មាន​អ្នក​ទទួល។ 

ប៉ុន្តែ​អ្នកនាំពាក្យ​​គណៈ​ក​ម្មាធិការ​​សិទ្ធិ​មនុស្ស​​កម្ពុជា​​របស់​​​​​​​​​រដ្ឋាភិបាល លោក កត្តា អ៊ន បាន​​ច្រាន​ចោល​​ការ​​លើក​​​ឡើង​​នេះ។ លោក​​ថា រដ្ឋាភិបាល​​កម្ពុជា កើត​​​ចេញ​​ពី​​​ការ​​បោះ​​ឆ្នោត​​​ស្រប​​តាម​​​រដ្ឋធម្មនុញ្ញ ​​ខុស​​ពី​​​មេដឹកនាំ​​​ប្រទេ​ស​​​ពីរ​​​ទៀត​ ដែល​​​ឡើង​​​កាន់​​អំណាច ​​ដោយ​ការ​​​​ធ្វើ​​រដ្ឋ​ប្រហារ​ទម្លាក់​​រដ្ឋាភិបាល​​ជាប់​ឆ្នោត។

មួយវិញទៀត លោក​​ថា មនុស្ស​​​មួយ​ក្រុម​​ដែល​​ធ្វើ​​លិខិត​ស្នើ​​នេះ ក៏​​​មិន​​​អាច​​​ទៅ​​​បង្ខំ​​​ប្រទេស​​​មួយ ឱ្យ​​មក​​​ជ្រៀត​​ជ្រែក​​​កិច្ច​ការ​​​ផ្ទៃ​ក្នុង​​​​​នៃ​​​ប្រទេស​​មួយ​ទៀត​​នោះ​​ដែរ។

លោក​ថា៖ «ការ​ដែល​​ទាញ​​កម្ពុជា​​ទៅ​​នឹង​​បរិបទ​​នេះ ជា​​ការ​វាយ​តម្លៃ​​មិន​​ត្រឹម​ត្រូវ​​សោះ ចំពោះ​​ប្រទេស​ជាតិ​​ខ្លួន​ឯង ​ដែល​​ជា​​ការ​​មើល​ស្រាល​​ទៅ​​នឹង​​ឆន្ទៈ​​ប្រជា​ពលរដ្ឋ​​នៅ​​កម្ពុជា ហើយ​​ខ្ញុំ​​យល់​ថា សហរដ្ឋអាមេរិក​ នឹង​មិន​​ពិចារណា​​លើ​​សំ​ណើ​បែប​នេះ​​​ទេ»

សាស្ត្រា​ចារ្យ​​វិទ្យាសាស្ត្រ​​នយោបាយ លោក ឯម សុវណ្ណ​រ៉ា និយាយ​​ថា ការ​​ដាក់​​លិខិត​​ទៅ​​មេដឹកនាំ​​អាមេរិក​​នេះ បង្ហាញ​ថា​ ពលរដ្ឋ​ខ្មែរ​​មួយ​ចំនួន​នៅ​​ក្រៅ​ប្រទេស កំពុង​​ឈឺ​ឆ្អាល​​ពី​​ប្រជា​ធិបតេយ្យ​​នៅ​​កម្ពុជា។

លោក​​បន្ត​ថា រដ្ឋបាល​​ប្រធានាធិបតី​​អាមេរិក លោក ចូ បៃ​ឌិន (Joe Biden) មាន​​គោល​នយោបាយ​​យក​ចិត្ត​​ទុក​ដាក់​​ពី​​ការ​ជំរុញ​​ដំណើរ​ការ​​ប្រជា​ធិបតេយ្យ​​លើ​​ក្រប​ខណ្ឌ​​អន្តរជាតិ ឆ្ពោះ​​មក​កាន់​​តំបន់​​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច រួមមាន មី​យ៉ាន់​មា និង​​កម្ពុជា ​ជា​ដើម ដែល​​ករណី​នេះ លោក​​ថា ស្ថានភាព​​នយោបាយ​​នៅ​​កម្ពុជា អាច​​នឹង​​ប្រសើរ​​ជាង​​មុន។

លោក​ថា៖ «លោក ចូ បៃ​ឌិន លោក​​បាន​​ដាក់​​យន្តការ​​តាម​ដាន​​ការ​វិវត្ត​ប្រជា​ធិបតេយ្យ​​នៅ​​មីយ៉ាន់ម៉ា ឬភូមា​ ហ្នឹង​ហើយ ​ដូច្នេះ​​កម្ពុជា​​ក៏​​​ជា​ស​មា​ជិ​ក​មួយ​​របស់​​អាស៊ាន ហើយ​​សហរដ្ឋ​អាមេរិក ក៏​​ធ្លាប់​​ជា​​ហត្ថលេខី​​នៃ ​កិច្ច​​ព្រម​ព្រៀង​​សន្តិភាព​​ទីក្រុង​​ប៉ារីស​​ដែរ។ ដូច្នេះ​​អ្វី​​ដែល​​លោក ទូច វិបុល ដាក់​​ទៅ​លោក ចូ បៃ​ឌិន វា​​អាច​ប​ង្កើត​​ការ​​ទាក់​ទាញ​​ច្រើន​ជាង​​មុន ​ហើយ​​​វា​​អាច​​​ជំរុញ​​ឱ្យ​​រដ្ឋាភិបាល​​ថ្មី​ របស់​លោក ចូ បៃ​ឌិន នឹង​យក​ចិត្ត​​ទុក​ដាក់​​ពី​​ប្រជា​ធិបតេយ្យ​ នៅ​​កម្ពុជា​​ហ្នឹង​ខ្លាំង​​ជាង​​មុន»

អតីត​គ​ណបក្ស​​សង្គ្រោះ​​ជាតិ មុន​​តុលាការ​​រំលាយ ទទួល​​បាន​​សំឡេង​ឆ្នោត​​ជាង ៣ លាន​សំឡេង (៣ .៥៦.៨២៤​នាក់​) ស្មើ​នឹង​​ជាង ៤៣ ភាគ​រយ និង​​មាន​​អាសនៈ​​ឃុំ​​-​សង្កាត់ ​ចំនួន ៥០០៧ និង​​តំណែង​​​ប្រធាន​​ក្រុមប្រឹក្សា ចំនួន ៤៨៩ នាក់។

បច្ចុប្បន្ន លោក កឹម សុខា ដែល​​ជា​​ប្រធាន​​អតីត​​គ​ណបក្ស​​នេះ ត្រូវ​​បាន​​តុលាការ​​ដក​សិទ្ធិ​​ធ្វើ​នយោបាយ​​ជាង ៣ ឆ្នាំ​​មក​​ហើយ គិត​​​ពី​ថ្ងៃ​​ចាប់​ខ្លួន អំឡុង​​ខែ​កញ្ញា ឆ្នាំ​ ២០១៧ ដោយ​​ចោទ​​ថា «ឃុប​ឃិត​ជាមួយ​​បរទេស​ ​ចង់​​ផ្តួល​​រំលំ​​រដ្ឋាភិបាល​​បច្ចុប្បន្ន»។

ប៉ុន្តែ​អ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​​អង្គការ​សហ​ប្រជាជាតិ អ្នកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) បាន​​និយា​យ​​​ក្នុង​​សេចក្តី​​ថ្លែងការណ៍​ កាល​ពី​​ចុង​ខែ​​កញ្ញា​ឆ្នាំ​មុន​​ថា សំណុំ​រឿង​​ចោទ​ប្រកាន់​​លើ​​​​​​​​​​​លោក កឹម សុខា ជា​​រឿង​​​​នយោបាយ ដែល​​ក្លាយ​ទៅ​ជា​គំរូ​​អាក្រក់​​មួយ ​ឆ្លុះ​បញ្ចាំង​​ពី​ការ​អនុវត្ត​​ច្បាប់​​មិន​​ត្រឹម​​ត្រូវ​​ទៅ​លើ​​គូ​ប្រជែង​​នយោបាយ​៕

.