ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានផ្ញើលិខិត ៣ ច្បាប់ផ្សេងគ្នា ទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo (សូមអានលំអិត), សមាជិកសភាអាមេរិក លោក Alan Lowenthal (សូមអានលំអីត) និងសមាជិកព្រឹទ្ធសភាអាមេរិក លោក Linsey Graham (សូមអានលំអិត) ពាក់ព័ន្ធនឹងការចាប់ខ្លួនសកម្មជនជាច្រើននាក់ ពីសំណាក់រដ្ឋអំណាចលោក ហ៊ុន សែន នាពេលថ្មីៗនេះ។ ក្នុងលិខិតដែលចុះហត្ថលេខាដោយលោក ទូច វិបុល ប្រធានប្រតិបត្តិនៃចលនានិស្សិតនេះ បានស្នើសុំសហរដ្ឋអាមេរិក ជួយអន្តរាគមន៍ ដើម្បីដោះលែងក្រុមសកម្មជនទាំងនោះ។ លិខិតដដែលនេះ ត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានបញ្ជាក់ខ្លឹមសារសង្កត់ធ្ងន់ថា៖
– ប្រជាពលរដ្ឋខ្មែរ គួរទទួលបាននូវយុត្តិធម៌ ហើយរដ្ឋអំណាចលោក ហ៊ុន សែន ត្រូវទទួលខុសត្រូវចំពោះបទឧក្រិដ្ឋ ដែលខ្លួនបានប្រព្រឹត្តតាំងពីអតីតកាល និងនាពេលថ្មីៗ។
– ប្រជាពលរដ្ឋខ្មែរ គួរទទួលបាននូវប្រជាធិបតេយ្យពិតប្រាកដ មិនមែនក្លែងក្លាយដូចសព្វថ្ងៃ។
– ប្រជាពលរដ្ឋខ្មែរ គួរទទួលបាននូវការយកចិត្តទុកដាក់ ពីសហគមន៍អន្តរជាតិ ដែលគោរពនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១។ មាត្រា ៥(៤) នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ចែងថា «ក្នុងព្រឹត្តិការណ៍នៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ នឹងត្រូវកោះហៅស្ថាប័នសំខាន់ៗនៃអង្គការសហប្រជាជាតិ ដើម្បីដាក់ចេញនូវចំណាត់ការសមស្របនានា ដើម្បីបង្កា និងទប់ស្កាត់នូវការរំលោភលើលិខិតូបករណ៍អន្តរជាតិនានា»។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បន្តថា ក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ សហរដ្ឋអាមេរិក មានតួរនាទីសំខាន់បំផុត ដើម្បីជួយប្រទេសកម្ពុជា ។ ចលនានិស្សិត ក៏បានអំពាវនាវដល់សហរដ្ឋអាមេរិក ថា៖
១- ជួយធ្វើអន្តរាគមន៍ទៅកាន់រដ្ឋអំណាច ហ៊ុន សែន ឱ្យដោះលែងសកម្មជនទាំងអស់ដោយគ្មានលក្ខខណ្ឌ ក្នុងនោះរួមមាន ព្រះភិក្ខុ កើត សារ៉ាយ, យុវជន មាន ព្រហ្មមុន្នី, យុវជន ថា ទ្បាវី, កញ្ញា អេង ម៉ាទ្បៃ, លោក រ៉ុង ឈុន, អ្នកស្រី ឈឿន ដ៉ារ៉ាវី, យុវជន ហ៊ុន វណ្ណៈ, កញ្ញា ស កនិ្នកា, លោក សួង សោភ័ណ្ឌ, លោក ថុន រដ្ឋា, កញ្ញា ភួង រ័ក្សស្មី, កញ្ញា ទ្បុង គុន្ធា និងអ្នកដ៏ទៃទៀត។
២- ចាប់ផ្តើមបង្កើត នូវក្រុមទំនាក់ទំនងកម្ពុជា ដែលរួមមានភាគីនានា មកពីសមាជិកនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដូចជាសហរដ្ឋអាមេរិក, ជប៉ុន, ឥណ្ឌូនេសុី, អូស្ត្រាលី, បារាំង និងអង់គ្លេស រួមជាមួយនឹងដៃគូសក្តានុពលផ្សេងដទៃទៀត ដូចជាប្រទេស អាល្លឺម៉ង់ និងស៊ុយអ៊ែត ដើម្បីការពារសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ សេរីភាពនៃគំនិត និងសេរីភាពនៃការបោះពុម្ពផ្សាយ និងជម្រុញឱ្យមានកំណែទម្រង់ប្រជាធិបតេយ្យនៅកម្ពុជា។
អត្ថបទ៖ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD)



.
.