អត្ថបទចលនានិស្សិត SMD
12th-7-2021
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (Student Movement for Democracy – SMD) តំណាងដោយ លោក ទូច វិបុល ប្រធានប្រតិបត្តិ ចេញសេចក្តីថ្លែងការណ៍រំលឹកខួប ៥ ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី។ សេចក្តីថ្លែងការណ៍នេះ បានចេញផ្សាយនៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២១។ សូមទាញយកសេចក្តីថ្លែងការណ៍ (Download) ឬអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
សេចក្តីថ្លែងការណ៍
ខួប៥ឆ្នាំនៃឃាតកម្មលោកបណ្ឌិត កែម ឡី
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ពិនិត្យឃើញថា ករណីឃាតកម្មលោកបណ្ឌិត កែម ឡី កាលពី ៥ឆ្នាំមុន នៅពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ មិនទាន់ត្រូវបានវែកមុខចាប់ខ្លួនឃាតកពិត និងអ្នកពាក់ព័ន្ធយកទៅផ្តន្ទាទោស តាមផ្លូវច្បាប់នៅឡើយ។ ដោយសិក្សាលេីពត៌មានច្រើនប្រភព យើងសន្និដ្ឋានថា លោក អឿត អាង (ឬ ជួប សម្លាប់) គឺជាឃាតកសិប្បនិម្មិត។ ការពិតលោក អឿត អាង ក៏ជាជនរងគ្រោះ ដែលអ្នករៀបចំឃាតកម្ម ប្រើប្រាស់តែប៉ុណ្ណោះ។
ចលនានិស្សិតដើម្បីលទ្ធិប្រធិបតេយ្យ នៅតែបន្តទាមទារឲ្យតុលាការកម្ពុជា បង្ហាញរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនច្បាស់លាស់ និងជាសាធារណៈ ទៅតាមអង្គហេតុនៃព្រឹត្តិការណ៍ធ្វើឃាតសម្លាប់លោកបណ្ឌិត កែម ឡី ដើម្បីជម្រះមន្ទិលសង្ស័យពីមជ្ឈដ្ឋាននានា ទាំងជាតិ និងអន្តរជាតិ ដែលចោទប្រកាន់អំពីការពាក់ព័ន្ធរបស់មន្រ្តីជាន់ខ្ពស់ក្នុងជួរអាជ្ញាធររដ្ឋាភិបាល។ ក្នុងគោលដៅស្តារមុខមាត់ប្រព័ន្ធយុត្តិធម៌ និងកិត្តិយសរដ្ឋាភិបាលកម្ពុជា តុលាការត្រូវមានសេចក្តីក្លាហានបង្ហាញអង្គចងចាំ នៃប្រព័ន្ធកាមេរ៉ាសុវត្ថិភាព នៅស្តាម៉ាត (Star Mart) ស្តុបបូគោ (ស្តុបកែមឡី) ខណ្ឌចំការមន រាជធានីភ្នំពេញ រយៈពេល ២៤ម៉ោងពេញ ក្នុងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ចំថ្ងៃឃាតកម្មលោកបណ្ឌិត កែម ឡី។
តុលាការកម្ពុជានៅជំពាក់ពលរដ្ឋខ្មែរទូទៅ និងជាពិសេសក្រុមគ្រួសារជនរងគ្រោះ ដែលកំពុងទ្រហោយំ ចង់បានយុត្តិធម៌ខ្លាំងណាស់។ ដោយហេតុនេះ យើងខ្ញុំក៏សូមទាមទារយ៉ាងទទូចឲ្យតុលាការកម្ពុជា បើកការស៊ើប អង្កេតឡើងវិញលើសំណុំរឿងឃាតកម្ម ឧត្តមសេនីយ៍ ហូ សុខ, ឧត្តមសេនីយ៍ ចៅ សម្បត្តិ, ឧត្តមសេនីយ៍ លី សេងហុង, ឧត្តមសេនីយ៍ ក្រូច យឿម, ឧត្តមសេនីយ៍ ជា ឫទ្ធីឈុត, ឧត្តមសេនីយ៍ ម៉ែន ប៊ុនថន, ព្រះសង្ឃ សំ ប៊ុនធឿន, ទីប្រឹក្សាសម្តេចក្រុមព្រះប្រធានរដ្ឋសភា ឱម រដ្ឋសាឌី, មេដឹកនាំសេរីសហជីពកម្មករ ជា វិជ្ជា, អ្នកដឹកនាំសហជីព រស់ សុវណ្ណារេត, អ្នកដឹកនាំសហជីព ហ៊ី វុទ្ធី, សកម្មជនព្រៃឈើ ឈុត វុទ្ធី, អ្នកកាសែត ឃឹម សំបូរ, អ្នកកាសែត ធន់ ប៊ុនលី, អ្នកកាសែត ជួ ជិតថារិទ្ធ, តារាភាពយន្ត ពិសិដ្ឋ ពីលិកា, និងជនរងគ្រោះផ្សេងៗទៀត ដូចជាករណីតារាភាពយន្ត តាត ម៉ារ៉ារីណា និងតារាចម្រៀង ទូច ស៊ុននិច ដែលកំពុងរស់ក្នុងស្ថានភាពពិការភាពដ៏គួរឲ្យសង្វេកបំផុត។ល។
យើងខ្ញុំយល់ឃើញថា មានតែយុត្តិធម៌ទេ ដែលជាបង្អែកនៃស្ថិរភាពសង្គម និងសន្តិភាព។ ដូច្នេះ ដើម្បីឆ្លុះ បញ្ចាំងអំពីការអះអាងរបស់រដ្ឋាភិបាល ដែលថា កម្ពុជាមានសន្តិភាពនោះ ទាល់តែរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការបច្ចុប្បន្ន ឲ្យឃើញយុត្តិធម៌ជាក់ស្ដែង។ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូមអំពាវនាវដល់តុលាការ និងអាជ្ញាធររដ្ឋាភិបាលកម្ពុជា ត្រូវស្តាប់សំឡេងពលរដ្ឋជាម្ចាស់ប្រទេស និងបំពេញកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់ ឲ្យឆ្លើយតបនឹងសេចក្តីត្រូវការរបស់ពលរដ្ឋខ្មែរ ជាពិសេសក្រុមគ្រួសារជនរងគ្រោះដែលកំពុងទទូចរកយុត្តិធម៌យ៉ាងពិតប្រាកដ។
រដ្ឋធានីវ៉ាស៊ីនតុន ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១
ទូច វិបុល
ប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ
