អត្ថបទសារព័ត៌មាន The Cambodia Daily / 07th-01-2021
មន្ត្រីជាន់ខ្ពស់នៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ SMD លើកឡើងថា ល្មមដល់ពេលដែលឥស្សរជនយោបាយទាំងអស់របស់ខ្មែរ រួមមាន លោក ហ៊ុន សែន លោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវនាំគ្នាបង្កើតដំណោះស្រាយស្តង់ដានៃ ការ ផ្សះផ្សាផ្ទៃក្នុងជាតិជាក់លាក់មួយ។ ការធ្វើដូចនេះ ដើម្បីឆ្ពោះទៅរកការឯកភាពជាតិ និងជាការផ្សះផ្សាគ្រប់ជ្រុងជ្រោយសម្រាប់ឆ្នាំ២០២១ នេះ។
ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅក្រៅប្រទេស លោក ទូច វិបុល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ថាភាគីជម្លោះនយោបាយខ្មែរ គួរដាក់ចេញ«សៀវភៅស» អំពីគោលការណ៍ផ្សះផ្សាផ្ទៃក្នុងជាតិ ដែលបង្កើតឡើងដោយគណបក្សនីមួយៗ ដើម្បីជាបង្អែក ក្នុងការដោះស្រាយវិបត្តិនយោបាយប្រឈមមុខយ៉ាងធ្ងន់ធ្ងររបស់ប្រជាជាតិខ្មែរ ក្នុងពេលបច្ចុប្បន្ននេះ។
លោកថា «សៀវភៅស» របស់ភាគីទាំងបី ត្រូវតែចែងអំពីបទបញ្ជា លក្ខខណ្ឌ និងការសម្បទានឲ្យគ្នាទៅវិញទៅមក ដើម្បីពន្លត់វិបត្តិនយោបាយដ៏រ៉ាំរ៉ៃរវាង ខ្មែរ និងខ្មែរ ដែលជាមធ្យោបាយ ឈានទៅរកការបញ្ចប់គំនុំសងសឹកនឹងគ្នាថែមទៀតផង។
ជាងនេះទៀត សៀវភៅស នេះត្រូវចែងពីក្រមសីលធម៌នយោបាយ ក្នុងការផ្ញើសារទាំងការនិយាយ និងសរសេរអត្ថបទនានា ក៏ដូចជាការប្រតិបត្តិការងារទាំងអស់ឲ្យបានច្បាស់លាស់ផងដែរ។
លោក ទូច វិបុល មានជំនឿថា គ្រប់លក្ខខណ្ឌដែលបានចែងក្នុង «សៀវភៅស» ដែលភាគីគណបក្សនយោបាយខ្មែរ បានបង្ហាញនូវគោលការណ៍ និងឆន្ទៈច្បាស់លាស់ អំពីបែបបទផ្សះផ្សាជាតិ នឹងក្លាយទៅជាសេចក្ដីសច្ចាប្រណិធានជាចំហ របស់ក្រុមអ្នកនយោបាយទាំងនោះ នៅចំពោះមុខពលរដ្ឋខ្មែរ អង្គការសង្គមស៊ីវិល សមាគមជាតិ និងអន្តរជាតិ។
បញ្ហានេះ ពលរដ្ឋ អង្គការសង្គមស៊ីវិល សមាគមជាតិ និងអន្តរជាតិ នឹងដើរតួនាទីជាសាក្សីដ៏មានឥទ្ធិពល ដើម្បីដាក់សម្ពាធលើភាគីនយោបាយណា ដែលមិនគោរពតាមគោលការណ៍ដែលពួកគេបានបង្កើតឡើង ក្នុងសៀវភៅសនោះ។
ប្រភពដដែលបន្តថា សៀវភៅស នេះ ជាសេចក្ដីសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងអស់ នឹងពិចារណាប្រតិបត្តិតាមផែនទីបង្ហាញផ្លូវនេះ ដើម្បីឆ្ពោះទៅកាន់ដំណោះស្រាយវិបត្តិជាតិខ្មែរ ប្រកបដោយការជឿទុកចិត្តគ្នា ក្នុងរង្វង់ផ្ទៃក្នុងជាតិ។ លោកថា ការរួមគ្នា ប្រតិបត្តិតាមគន្លងផ្លូវនេះ គឺជាពរជ័យប្រវត្តិសាស្ត្រ ក្នុងឆ្នាំថ្មី ឆ្នាំសកល ២០២១ សម្រាប់បម្រើពលរដ្ឋខ្មែរទូទៅ។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានលើកឡើងដោយបដិសេធ នឹងការធ្វើមាតុភូមិនិវត្តន៍របស់អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ អ្នកស្រី មួរ សុខហួរ ដែលអះអាងថា នឹងរកការចរចាដើម្បីផ្សះផ្សាជាតិជាមួយនឹងរូបលោក នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។ {ប៉ុន្តែគម្រោងមាតុភូមិនិវត្តន៍របស់អ្នកស្រី ត្រូវបានប្រកាសលើកពេល ទៅថ្ងៃទី១៥ ខែមករា វិញ}។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ លោក ហ៊ុន សែន បានប្រតិកម្មក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស ស្តីពីការបិទបញ្ចប់ព្រឹត្តការណ៍សហគមន៍ ថ្ងៃ២៨ វិច្ឆិកា {ជំងឺកូវីដ១៩} ថា លោកនឹងមិនចរចាជាមួយអ្នកនយោបាយណាទេ ព្រោះលោកមិនមានជម្លោះជាមួយអ្នកទាំងនោះឡើយ តែផ្ទុយទៅវិញអ្នកទាំងនោះ មានជម្លោះជាមួយផ្លូវច្បាប់តែប៉ុណ្ណោះ។
លោកបញ្ជាក់ថា បើចង់ពិភាក្សាគ្នាដើម្បីរកដំណោះស្រាយ អ្នកទាំងនោះត្រូវទៅទទួលទោស ចំពោះមុខច្បាប់ជាមុនសិន ត្បិតពួកគេបានប្រព្រឹត្តផ្ទុយនឹងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក។ ដូច្នេះពួកគេ ត្រូវដោះស្រាយតាមផ្លូវតុលាការសិន ទើបអាចនិយាយគ្នាបានតាមក្រោយ។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគនយោបាយសង្គម អះអាងថា ជម្លោះនយោបាយនៅកម្ពុជា មិនទាន់រកទីបញ្ចប់ឃើញនៅឡើយទេ ចាប់តាំងពីបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ និងការបង្កើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មក។ បើទោះបីជាជម្លោះដោយការប្រើកងកម្លាំងប្រដាប់អាវុធ បានស្រាកស្រានទៅហើយក្តី តែជម្លោះដោយការប្រើឧបករណ៍ផ្លូវច្បាប់របស់អ្នកមានអំណាច នៅតែពុះកញ្ជ្រោលយ៉ាងខ្លាំងក្លានៅឡើយ។
ពួកគេ រិះគន់ថា គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយយ៉ាងអយុត្តិធម៌ ដែលបានសម្លាប់ រដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យ ក្រោមស្ថាប័នសមត្ថកិច្ចអាជ្ញា នៃគណបក្សប្រជាជនកម្ពុជា ដោយការប្រើយុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ កាលពីចុងឆ្នាំ ២០១៧។ ករណីនេះ ជាវិបត្តិជាតិ និងទុក្ខវេទនានៃប្រជាពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរហួសប្រមាណ ដែលបានបន្តដល់សព្វថ្ងៃនេះ។
អគ្គលេខាបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បណ្ឌិត សាម អ៊ិន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការលើកឡើងរបស់ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេស គឺជាកាយវិការប្រឹងប្រែងដ៏ល្អ ក្នុងការកសាងនយោបាយផ្សះផ្សាជាតិ ដ៏សមស្របមួយនៅកម្ពុជា ខណៈគណបក្ស GDP របស់លោក ក៏បានចែងអំពីគោលនយោបាយបង្រួបបង្រួមជាតិ ក្នុង សៀវភៅបៃតង របស់ខ្លួនផងដែរ។
ចំណែកមន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក លោក សឹង សែនករុណា អះអាងថា លោកគាំទ្រពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ SMD ត្បិតអង្គការសង្គមស៊ីវិល សមាគមន៍ជាតិ និងអន្តរជាតិ ក៏ធ្លាប់ផ្តល់អនុសាសន៍ដល់ឥស្សរជននយោបាយទាំងនោះ ជាច្រើនលើកច្រើនសារមកហើយដែរ។
លោក បញ្ជាក់ថា ក្រុមអ្នកនយោបាយទាំងនោះ គួរតែជជែកគ្នាដោយស្មោះត្រង់ និងតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ក្នុងនាមជាខ្មែរអ្នកស្នេហាជាតិ និងជាអ្នកគិតគូរផលប្រយោជន៍ជាតិដូចគ្នា ដើម្បីរកការឯកភាពជាតិពិតប្រាកដ ត្បិតវាសនានៃអធិបតេយ្យជាតិ និងបូរណភាពទឹកដី របស់កម្ពុជា កំពុងត្រូវការពួកគេ ជួយស្រោចស្រង់យ៉ាងខ្លាំង និងជាបន្ទាន់៕

.
.