អត្ថបទសារព័ត៌មាន The Cambodia Daily / 07th-01-2021

មន្ត្រីជាន់ខ្ពស់​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ SMD លើក​ឡើង​ថា ល្មម​​ដល់​ពេល​ដែល​ឥស្សរជន​យោបាយ​ទាំង​អស់​​របស់​ខ្មែរ​ រួម​មាន លោក ហ៊ុន សែន លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​នាំ​គ្នា​បង្កើត​ដំណោះ​ស្រាយ​ស្តង់ដា​នៃ ​ការ​ ផ្សះ​ផ្សា​ផ្ទៃក្នុង​ជាតិ​ជាក់​លាក់​មួយ។ ការ​ធ្វើ​ដូច​នេះ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ឯកភាព​ជាតិ និង​ជា​ការ​ផ្សះ​ផ្សា​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​ឆ្នាំ​២០២១ នេះ។

ប្រធានប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស លោក ទូច វិបុល បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២១ ថា​ភាគី​ជម្លោះ​នយោបាយ​ខ្មែរ គួរ​ដាក់​ចេញ​​«សៀវភៅស» អំពី​គោល​ការណ៍​ផ្សះផ្សា​ផ្ទៃ​ក្នុង​ជាតិ ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​នីមួយៗ ដើម្បី​ជា​បង្អែក​ ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ប្រឈម​មុខ​យ៉ាង​ធ្ងន់ធ្ងរ​របស់​ប្រជា​ជាតិ​ខ្មែរ ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

លោកថា «សៀវភៅស» របស់​ភាគី​ទាំង​បី ត្រូវ​តែ​ចែង​អំពីបទបញ្ជា លក្ខខណ្ឌ និង​ការ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ពន្លត់​វិបត្តិ​នយោបាយ​ដ៏​រ៉ាំរ៉ៃ​រវាង ខ្មែរ និង​ខ្មែរ ដែល​ជា​មធ្យោបាយ ឈាន​ទៅ​រក​ការ​បញ្ចប់​គំនុំ​សងសឹក​នឹង​គ្នា​ថែម​ទៀត​ផង។

ជាងនេះ​ទៀត សៀវភៅស នេះ​ត្រូវ​ចែង​ពី​ក្រមសីលធម៌​នយោបាយ​ ក្នុង​ការ​ផ្ញើសារ​ទាំង​ការ​និយាយ និង​សរសេរ​អត្ថបទ​នានា ក៏ដូច​ជា​ការ​ប្រតិបត្តិ​ការងារ​ទាំង​អស់​ឲ្យ​បាន​ច្បាស់​លាស់​ផង​ដែរ។

លោក ទូច វិបុល មាន​ជំនឿ​ថា គ្រប់​លក្ខខណ្ឌ​ដែល​បាន​ចែង​ក្នុង «សៀវភៅស» ដែល​ភាគី​គណបក្ស​នយោបាយ​ខ្មែរ​ បាន​បង្ហាញ​នូវ​គោល​ការណ៍ និង​ឆន្ទៈ​ច្បាស់​លាស់ អំពី​​បែបបទ​ផ្សះផ្សា​ជាតិ នឹង​ក្លាយ​ទៅ​ជា​សេចក្ដី​សច្ចា​ប្រណិធាន​ជា​ចំហ​ របស់​ក្រុម​អ្នក​នយោបាយ​ទាំង​នោះ នៅ​ចំពោះ​មុខ​ពលរដ្ឋ​ខ្មែរ អង្គការ​សង្គមស៊ីវិល សមាគមជាតិ និង​អន្តរជាតិ។

បញ្ហានេះ ពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល សមាគមជាតិ និងអន្តរជាតិ នឹង​ដើរតួនាទី​ជា​សាក្សី​ដ៏​មាន​ឥទ្ធិពល​ ដើម្បី​ដាក់​សម្ពាធ​លើ​ភាគី​នយោបាយ​ណា ដែល​មិន​គោរព​តាម​គោលការណ៍​ដែល​ពួកគេ​បាន​បង្កើត​ឡើង​ ក្នុងសៀវភៅសនោះ។

ប្រភពដដែល​​បន្ត​ថា សៀវភៅស នេះ ជា​សេចក្ដី​សង្ឃឹម​យ៉ាង​មុតមាំថា ភាគី​ទាំង​អស់​ នឹង​ពិចារណា​ប្រតិបត្តិ​តាម​ផែនទី​បង្ហាញ​ផ្លូវ​នេះ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ដំណោះ​ស្រាយ​វិបត្តិ​ជាតិ​ខ្មែរ ប្រកប​ដោយ​ការ​ជឿ​ទុកចិត្ត​គ្នា ក្នុង​រង្វង់​ផ្ទៃក្នុង​ជាតិ។ លោក​ថា ការ​រួមគ្នា​ ប្រតិបត្តិ​តាម​គន្លង​ផ្លូវ​នេះ គឺជា​ពរជ័យ​ប្រវត្តិសាស្ត្រ ក្នុង​ឆ្នាំថ្មី ឆ្នាំ​សកល ២០២១ សម្រាប់​បម្រើ​ពលរដ្ឋខ្មែ​រទូទៅ។

ការអំពាវនាវ​នេះធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​លើក​ឡើង​ដោយ​បដិសេធ នឹង​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មួរ សុខហួរ ដែល​អះអាង​ថា នឹង​រក​ការចរចា​ដើម្បី​ផ្សះផ្សា​ជាតិ​ជាមួយ​នឹង​រូប​លោក នៅ​ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០២១។ {ប៉ុន្តែ​គម្រោង​មាតុភូមិ​និវត្តន៍​របស់​អ្នកស្រី ត្រូវ​បាន​ប្រកាស​លើក​ពេល ទៅ​ថ្ងៃទី​១៥ ខែ​មករា វិញ}។

កាលពីថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០ កន្លងទៅ​ លោក ហ៊ុន សែន បាន​ប្រតិកម្ម​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស ស្តីពី​ការ​បិទ​បញ្ចប់​ព្រឹត្តការណ៍​សហគមន៍ ថ្ងៃ​២៨ វិច្ឆិកា {ជំងឺ​កូវីដ​១៩} ថា លោក​នឹង​មិន​ចរចា​ជាមួយ​អ្នក​នយោបាយ​ណា​ទេ ព្រោះ​លោក​មិន​មាន​ជម្លោះ​ជាមួយ​អ្នក​ទាំង​នោះ​ឡើយ តែផ្ទុយ​ទៅវិញ​អ្នក​ទាំង​នោះ មាន​ជម្លោះ​ជាមួយ​ផ្លូវ​ច្បាប់​តែ​ប៉ុណ្ណោះ។

លោកបញ្ជាក់ថា បើ​ចង់​ពិភាក្សា​គ្នា​ដើម្បី​រក​ដំណោះ​ស្រាយ អ្នក​ទាំង​នោះ​ត្រូវ​ទៅ​ទទួល​ទោស​ ចំពោះ​មុខ​ច្បាប់​ជា​មុន​សិន​ ត្បិត​ពួក​គេ​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​មាន​បំណង​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។ ដូច្នេះ​ពួក​គេ ​ត្រូវ​ដោះ​ស្រាយ​តាម​ផ្លូវ​តុលាការ​សិន ទើប​អាច​និយាយ​គ្នា​បាន​តាម​ក្រោយ។

ទាក់ទិន​នឹង​បញ្ហានេះ អ្នកវិភាគ​នយោបាយ​សង្គម អះអាង​ថា ជម្លោះ​នយោបាយ​នៅ​កម្ពុជា មិន​ទាន់​រក​ទីបញ្ចប់​ឃើញ​នៅ​ឡើយ​ទេ ចាប់​តាំង​ពី​បង្កើត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ ឆ្នាំ​១៩៩១ និង​ការ​បង្កើត​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ មក។ បើទោះបី​ជា​ជម្លោះ​ដោយ​ការ​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ បាន​ស្រាក​ស្រាន​ទៅ​ហើយ​ក្តី តែ​ជម្លោះ​ដោយ​ការ​ប្រើ​ឧបករណ៍​ផ្លូវ​ច្បាប់​របស់​អ្នក​មាន​អំណាច នៅ​តែ​ពុះ​កញ្ជ្រោល​យ៉ាង​ខ្លាំង​ក្លា​នៅ​ឡើយ។

ពួកគេ រិះគន់ថា គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​រំលាយ​យ៉ាង​អយុត្តិធម៌ ដែល​បាន​សម្លាប់ រដ្ឋធម្មនុញ្ញ និង​ប្រជា​ធិបតេយ្យ ក្រោម​ស្ថាប័ន​សមត្ថកិច្ច​អាជ្ញា នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ការ​ប្រើ​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវ​ច្បាប់ កាល​ពី​ចុង​ឆ្នាំ ២០១៧។ ករណី​នេះ ជា​វិបត្តិ​ជាតិ និង​ទុក្ខវេទនា​នៃ​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​ធ្ងន់​ធ្ងរ​ហួស​ប្រមាណ ដែល​បាន​បន្ត​ដល់​សព្វថ្ងៃ​នេះ។

អគ្គលេខា​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត សាម អ៊ិន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា ការ​លើក​ឡើង​របស់​ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ប្រទេស គឺ​ជា​កាយវិការ​ប្រឹងប្រែង​ដ៏​ល្អ ក្នុង​ការ​កសាង​នយោបាយ​ផ្សះ​ផ្សា​ជាតិ​ ដ៏​សម​ស្រប​មួយ​នៅ​កម្ពុជា ខណៈ​គណបក្ស GDP របស់​លោក ក៏​បាន​ចែង​អំពី​គោល​នយោបាយ​បង្រួប​បង្រួម​ជាតិ ក្នុង​ សៀវភៅ​បៃតង របស់​ខ្លួន​ផង​ដែរ។

ចំណែក​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក លោក សឹង សែនករុណា អះ​អាង​ថា​ លោក​គាំទ្រ​ពេញ​ទំហឹង​ ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់ ចលនា​និ​ស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ SMD  ត្បិត​អង្គការ​សង្គម​​ស៊ីវិល សមាគមន៍​ជាតិ និង​អន្តរជាតិ​ ក៏​ធ្លាប់​ផ្តល់​អនុសាសន៍​ដល់​ឥស្សរជន​នយោបាយ​ទាំង​នោះ ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ដែរ។

លោក បញ្ជាក់​ថា ក្រុម​អ្នក​នយោបាយ​ទាំង​នោះ គួរ​តែ​ជជែក​គ្នា​ដោយ​ស្មោះត្រង់ និង​តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ​ជា​ធំ​ ក្នុង​នាម​ជា​ខ្មែរ​អ្នក​ស្នេហា​ជាតិ និង​ជា​អ្នក​គិត​គូរ​ផល​ប្រយោជន៍​ជាតិ​ដូចគ្នា ដើម្បី​រក​ការ​ឯកភាព​ជាតិ​ពិត​ប្រាកដ​ ត្បិត​វាសនា​នៃ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី របស់​កម្ពុជា កំពុង​ត្រូវ​ការ​ពួក​គេ ជួយ​ស្រោច​ស្រង់​យ៉ាង​ខ្លាំង និង​ជា​បន្ទាន់៕

.

.